មនុស្ស​ស្លាប់​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន​បន្ត​កើត​មាន ខណៈ​គ្រឿង​ញៀន​ចាប់​បាន​កើនឡើង​រាល់​ឆ្នាំ

រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

ភ្នំពេញ — ស្ទើ​តែ​រៀងរាល់​ថ្ងៃ គេ​តែង​ឃើញ​នៅ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​រាយការណ៍​ពីការប្រើ​ហិង្សា និង​ការ​សម្លាប់​មនុស្ស​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន។​

កាលពី​ថ្ងៃទី ​៤​ ខែមករា ឆ្នាំ​ ២០២៣​ យុវជន​ប្រើប្រាស់​គ្រឿង​ញៀន​ម្នាក់​បាន​អារ​កសម្លាប់ខ្លួនឯង​នឹង​កាំបិត​កាប់​ដំទ្បូង​បណ្តាល​ឱ្យដាច់​បំពង់​ក​ស្លាប់​ ក្នុង​ឃុំ​បាសាក់ ស្រុក​រុក្ខគិរី ខេត្ត​បាត់ដំបង។​ ហើយ​កាលពី​ថ្ងៃទី ​៤ កក្កដា ឆ្នាំ ២០២២ ​យុវជន​ញៀន​ថ្នាំ​ម្នាក់ទៀត​បាន​វាយ​សម្លាប់​ម្តាយ​បង្កើត​របស់​ខ្លួន​នឹង​ញញួ​រទម្ងន់​ ៥គីឡូក្រាម​ ខណៈ​ស្ត្រី​រងគ្រោះ​កំពុងដាំបាយ​នៅ​គេហដ្ឋាន​ស្ថិតក្នុង​ស្រុក​ស៊ីធរ​កណ្តាល​ ខេត្តកណ្តាល។

នេះ​ជា​ករណី​ពីរ​ក្នុង​ចំណោម​ករណី​ជាច្រើន​ទៀត​ដែល​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​បាន​សម្លាប់​ខ្លួន​ឯង និង​សម្លាប់​សាច់​ញាតិ និង​អ្នក​ដទៃ ក្រោម​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន។ ​អ្នក​ជំនាញអះអាង​ថា គ្រឿង​ញៀន​ធ្វើ​ឱ្យ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​ប្រើប្រាស់ ដែល​ជា​ហេតុ​ធ្វើឱ្យ​ពួកគេ​ប្រព្រឹត្ត​សកម្មភាព​គ្រោះថ្នាក់​និង​បទ​ឧក្រិដ្ឋ​ផ្សេងៗ។​

លោក​វេជ្ជបណ្ឌិត​ យឹម សុបុត្រា ​ឯកទេស​វិកលវិទ្យា និង​ជា​ប្រធាន​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​ និង​ការ​បំពាន​គ្រឿង​ញៀន​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត ​លើក​ឡើង​ថា ​ជាទូទៅ​គ្រឿង​ញៀន​ធ្វើ​ឱ្យប៉ះពាល់​ទៅលើ​អារម្មណ៍ ការ​គិត និង​អាកប្បកិរិយារបស់​អ្នក​ប្រើប្រាស់ ទៅតាម​ប្រភេទ​នៃ​គ្រឿង​ញៀន​នីមួយៗ។​

លោក​បន្ថែម​ថា ការ​ប្រើប្រាស់​គ្រឿង​ញៀន​ដែល​ឈាន​ដល់​ការ​សម្លាប់​ខ្លួន​ឯង ឬ​សម្លាប់​អ្នកដទៃ គឺ​បណ្តាល​មកពី​ឥទ្ធិពល​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន​ក្នុង​រយៈពេល និង​កម្រិត​ណា​មួយ​ទៅតាម​បុគ្គល​ម្នាក់ ដោយក្លាយ​ជាករណីមមាល ឬ​វិកលចរិក ​ដែលជា​ការ​ឮ ឬ​មើល​ឃើញ​អ្វី​ដែលមិនមែន​ជា​ការពិត។​

លោក​ថ្លែង​ថា៖ «នៅពេល​ដែល​គាត់​ញៀន មាន​ពីរ។ ជួនកាល​កំពុង​ប្រើ​ទៅ​គាត់​ឱ្យ​ទៅជា​មមាល​ឮ ឬ​ក៏​មមាលឃើញ​ ដែល​ភាសា​បច្ចេកទេស​យើង​ហៅ​ថា auditory hallucination ជា​សញ្ញា​វិកលចរិក​ចេញ​មក។ ដល់​អ៊ីចឹង​គាត់​អាច​ធ្វើ​សកម្មភាព​ទៅ​តាម​សំឡេង​ហ្នឹង។ បើ​និយាយ​មែន​ទែន យើង​ប្រើ​ពាក្យថា ​វិកល​ចរិក​ដោយសារ​គ្រឿង​ញៀន​ហ្នឹង​ឯងង។ គាត់​ធ្វើ​តាម​សំឡេង។ សំឡេង​បញ្ជាឱ្យ​គាត់​ធ្វើ​នេះ​ធ្វើ​នោះ ឱ្យ​លោត​ពី​លើ​អគារ ឱ្យ​ចងក​អីៗ​ ដែល​យើង​ធ្លាប់ឃើញ​ហ្នឹង ពេល​ខ្លះ​គឺ​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន​ទេ មិនមែន​ក្រោមបញ្ហាបាក់ទឹក​ចិត្ត ជំងឺ​ផ្លូវ​ចិត្តទេ»។

វេជ្ជបណ្ឌិតជំនាញ​សុខភាព​ផ្លូវ​ចិត្ត​រូប​នេះ​បញ្ជាក់​ថា ការ​ព្យាបាល​ជន​ញៀន​គ្រឿង​ញៀន​ត្រូវ​ធ្វើ​ឡើង​ដោយ​ត្រូវ​ស្វែង​រក​ពី​ឬសគល់​នៃការ​ប្រើប្រាស់​គ្រឿង​ញៀន ប្រសិន​បើ​ជន​នោះប្រើគ្រឿង​ញៀន​ដោយ​សារ​មានបញ្ហា​ផ្លូវ​ចិត្ត។​ ក្នុង​ករណី​ដែលជន​នោះជា​អ្នកញៀន​គ្រឿង​ញៀន គឺ​ត្រូវ​ព្យាបាល​តាម​រោគ​សញ្ញា។ ហើយ​ក្នុង​ករណី​ដែល​ជន​នោះប្រើប្រាស់​ហេរ៉ូអ៊ីន ឬ​អាភៀន ​នោះ​អ្នក​ជំនាញ​នឹង​ប្រើ Methadone ដើម្បី​ព្យាបាល។​

រូបឯកសារ៖ មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

ចាប់តាំងពីឆ្នាំ​ ២០១៧ ​មក ចំនួន​គ្រឿង​ញៀន​ដែល​អាជ្ញាធរ​រឹបអូស​បាន​ បាន​កើនឡើង​ជា​រៀង​រាល់​ឆ្នាំ។ ក្នុង​ឆ្នាំ ​២០១៧ អាជ្ញាធរ​ចាប់​បាន​គ្រឿង​ញៀន​ ២៩៦​ គីឡូក្រាម ឆ្នាំ​ ២០១៨ ចាប់យក​បាន ៤៧២,៥៣ គីឡូក្រាម ឆ្នាំ ២០១៩ ចាប់​យក​បាន​ ៧៥០គីឡូក្រាម ឆ្នាំ ២០២០ ចាប់យក​បាន​ ៣,៨៧៦គីឡូក្រាម​ ឆ្នាំ​ ២០២១ ចាប់យកបាន ៤,៦៨៩ គីឡូក្រាម និង​ឆ្នាំ​ ២០២២ ចាប់​យក​បាន​ចំនួន​១៤,៩១៩ គីឡូក្រាម។​

លោក មាស វិរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លើកឡើង​ថា បច្ចុប្បន្ន នេះ ការ​ផលិត​គ្រឿង​ញៀន​សំយោគ​មានការ​កើនឡើងនៅ​កម្ពុជា​ ដោយសារ​តែក្រុម​ឧក្រិដ្ឋជនផ្លាស់ប្តូរ​ពីការ​ផលិត​គ្រឿង​ញៀន​ធម្មជាតិ និង​ពាក់កណ្តាល​សំយោគ ទៅ​ជា​សារធាតុ​ញៀនសំយោគ​សុទ្ធសាធ។

លោក​ថ្លែង​ថា៖ «ឥឡូវ​ហ្នឹង​ឥរិយាបថ​របស់​ក្រុមឧក្រិដ្ឋជន គេ​ផ្លាស់​ប្តូរ​ពី​ការ​ផលិត​គ្រឿង​ញៀន​ធម្មជាតិ និង​ពាក់​កណ្តាល​សំយោគ មក​ជា​ការ​ផលិត​សារធាតុ​ញៀន​សំយោគ​សុទ្ធ​សាធ។ សារធាតុ​ញៀន​សំយោគ​ហ្នឹងវា​ផលិត​ចេញ​ពី​សារធាតុ​គីមី​ផ្សំ អ៊ីចឹង​វា​មិន​រើស​ទីកន្លែង មិន​រើស​ភូមិសាស្រ្ត ហើយ​វា​ចំណាយពេល​ខ្លី និង​ងាយ​ស្រូល​ក្នុង​ការ​ផលិត»។​

លោក​បន្ត​ថា រដ្ឋាភិបាល​បាន​និង​កំពុង​បង្កើន​យុទ្ធនាការ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព ការ​បង្កើន​ការអនុវត្ត​ការប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀនខុសច្បាប់​ និង​ការ​បង្កើត​គោលនយោបាយ​ភូមិឃុំ​ស គ្មាន​គ្រឿង​ញៀន​នៅតាម​បណ្តាខេត្ត​ជាប់​ព្រំ​ដែន​ចំនួន​ ១៧។

លោក​ មាស វិរិទ្ធ ថ្លែង​ថា៖ «ត្រូវ​ធ្វើ​ជាមួយ​ប្រទេសជាដៃគូ​យើង កម្ពុជា​វៀតណាម កម្ពុជា​ឡាវ និង​កម្ពុជា​ថៃ។​ យើង​ជ្រើស​រើសភូមិ​ហ្នឹង​ទៅ ដើម្បី​ឱ្យ​ក្លាយទៅជា​ចលនា​មួយ​មាន​ការ​ចូលរួម​សហការ​ទាំងអស់​គ្នា​ដើម្បី​ទប់​ស្កាត់ ជាពិសេស​ការ​ទប់​ស្កាត់ការ​ប្រើប្រាស់​គ្រឿង​ញៀន​នៅក្នុងមូលដ្ឋាន​ផង​នៃ​ប្រទេស​ទាំងពីរ​ និង​ទប់​ស្កាត់​ការ​ចរាចរណ៍​គ្រឿង​ញៀន​ឆ្លង​កាត់ព្រំ​ដែន​ផង»។

បើទោះបី​ជា​មាន​ការ​ចាប់​ខ្លួន​អ្នក​ជួញ​ដូរ និង​រកឃើញ​ថាអ្នក​ប្រើប្រាស់​គ្រឿង​ញៀនរាប់​ពាន់​នាក់​ក្តី​ ក៏ មិនមាន​ការ​បញ្ជាក់​អំពី​ចំនួន​ករណី​អ្នក​ប្រើប្រាស់គ្រឿង​ញៀន​ដែល​បាន​សម្លាប់​ខ្លួន​ឯង និង​អ្នកដទៃ​នោះ​ទេ។

លោក មាស វិរិទ្ធ ​បញ្ជាក់ថា​ អ្នក​ប្រើប្រាស់គ្រឿង​ញៀន​នា​ពេល​បច្ចុប្បន្ន​មាន​ចំនួន​ជាង​ ២ម៉ឺននាក់​ដែល​កំណត់បាន​ដោយ​អាជ្ញាធរ ដែល​ភាគ​ច្រើន​អាយុ​ចន្លោះ​ពី​ ១៨ ឆ្នាំ ទៅ​ ៣៥ ឆ្នាំ។ ចំណែក​មណ្ឌល​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នកញៀន​គ្រឿង​ញៀនមាន​ចំនួន ៤៧២កន្លែង ​រួមមាន​ មជ្ឈមណ្ឌល​បណ្តោះ​អាសន្នរដ្ឋ ឯកជន និងអង្គការ កន្លែង​ផ្តល់​សេវា​សុខាភិបាលតាម​មូលដ្ឋាន​ ​ មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត ក្រុង​-ស្រុក និង​មណ្ឌល​សុខភាព។​

បើតាមការិយាល័យអង្គការ​សហប្រជាជាតិ​សម្រាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ក្នុងឆ្នាំ​ ២០១៨ អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាង​ ១៧.០០០ នាក់​បាន​ធ្វើ​អន្តរកម្ម​ជាមួយ​អាជ្ញាធរ ប៉ុន្តែតិចជាង​ ៥.០០០ នាក់​ ​បានចូល​មណ្ឌល​ព្យាបាល​គ្រឿងញៀន ដោយ​ក្នុង​នោះមាន​ជាង ៤.០០០ ​នាក់​ត្រូវ​បាន​រកឃើញ​ថាបាន​ប្រើប្រាស់​មេតំហ្វេតាមីន។ ក្នុង​ឆ្នាំ​ដដែល ៨៤ ភាគរយ​នៃ​អ្នក​ដែល​បាន​ចូល​ទៅមជ្ឈមណ្ឌលព្យាបាល​គ្រឿង​ញៀន​មាន​អាយុ​ចន្លោះ​ពី ១៨ឆ្នាំ ទៅ ៣៥ ឆ្នាំ។

មេតំហ្វេតាមីន​គឺជាផ្នែកមួយ​នៃ​គ្រឿង​ញៀនលើកកម្លាំង​ប្រភេទ​អំហ្វេតាមីន (ATS)។ វា​ជា​គ្រឿង​ញៀន​ប្រភេទ​សំយោគ​ដែល​ជា​ធម្មតា​ផលិត​នៅ​មន្ទីរ​ពិសោធន៍គ្រឿង​ញៀន​លួច​លាក់។ វា​មាន​រូបរាង​ជាម្សៅ គ្រាប់​ ដុំគ្រីស្តាល់​ដែល​មើល​ទៅ​ដូច​អម្បែង​កែវ​ថ្លា។

អ្នក​ដែល​ប្រើប្រាស់​មេតំហ្វេតាមីន​ក្នុង​កម្រិត​ច្រើន​ អាច​ធ្វើ​ឱ្យ​មិនចង់​សម្រាក ឆាប់ខឹង​មួរម៉ៅ និង​ស្លន់ស្លោ​ដោយ​គ្មាន​មូល​ហេតុ។ ការ​ប្រើក្នុង​កម្រិត​ខ្ពស់​បំផុតអាច​ធ្វើ​ឱ្យ​ប្រកាច់ រញីរញ័រ និង​ស្លាប់​ដោយសារ​ស្ទះ​ដង្ហើម ដាច់​សសៃឈាម​ក្នុង​ខួរ​ក្បាល ឬគាំង​បេះដូង។​

បើតាម UNODC កម្ពុជា​ស្ថិត​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ជា​ប្រភពផ្គត់ផ្គង់ជា​សាកល​ កន្លែង​ឆ្លងកាត់ និង​តំបន់​គោលដៅ​មួយ​សម្រាប់​ការ​ជួញដូរមនុស្ស។ តំបន់​អាស៊ី​អាគ្នេយ៍​ក៏​ជា​ប្រភព​ធំបំផុត​ទី​ពីរ​សម្រាប់​ថ្នាំ​ញៀន​ហេរ៉ូអ៊ីន និង​ជា​កន្លែង​ចម្បងមួយ​សម្រាប់​ការ​ផលិត​ និង​ជួញដូរ​ថ្នាំ​ញៀន​អំហ្វេ​តាមីន (ATS)​ ផងដែរ។ ហើយ​ប្រទេស​កម្ពុជា​បាន​ក្លាយជា​ប្រទេស​ឆ្លងកាត់​ដ៏​សំខាន់​សម្រាប់​ការជួញដូរ​គ្រឿង​ញៀន។ ចំនួន​អ្នក​ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជាពិសេសថ្នាំញៀនប្រភេទ​អំហ្វេតាមីន (ATS) បាន​កើន​ឡើង​យ៉ាង​ខ្លាំង។

នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត លើកឡើង​ថា ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំង​ ដោយ​សារ​គ្រឿង​ញៀនដែល​រឹបអូស​បាន​មាន​ចំនួន​ច្រើន​ខ្លាំង ស្របពេល​ដែល​ចំនួនអ្នក​ប្រើប្រាស់​ និង​ជួញ​ដូរ​ក៏​មិនថម​ថយ។

លោកបន្ត​ថា ការ​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿង​ញៀន បាន​និង​កំពុង​រីករាលដាល​ទៅ​តាម​ជនបទ និង​តំបន់​ដាច់​ស្រយាល ខណៈដែល​គ្រឿង​ញៀន​ធ្វើ​ឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​សង្គម និងសុខភាព​របស់​អ្នកប្រើ។​

លោក​ថ្លែងថា៖ «បញ្ហា​គ្រឿង​ញៀននេះ ឬក៏​អ្នកប្រើប្រាស់​គ្រឿង​ញៀន​នេះ យូរ​ទៅគឺ​បង្ក​ឱ្យ​ប៉ះពាល់​សុខភាពធ្ងន់ធ្ងរ បានន័យ​ថា​ ទៅជា​មនុស្ស​បាត់បង់​ស្មារតី អាច​នឹង​ប្រព្រឹត្តអំពើ​ខុសច្បាប់ផ្សេងៗ ឬក៏​អាច​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​អី​ជាដើម​ ដោយសារ​តែ​ក្លាយ​ទៅជា​មនុស្ស​មួយ​ផ្សេង​ដែល​បាត់បង់​ស្មារតី យើង​ហៅ​ថា​ការ​ប៉ះ​ពាល់​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ឬក៏​បាត់​បង់​ការចងចាំ»។

លោក អំ សំអាត ដែល​ជា​នាយក​រង​ទទួល​បន្ទុក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បន្ថែម​ថា​ ដើម្បី​ឱ្យ​ការ​ទប់​ស្កាត់ និង​បង្ក្រាប​គ្រឿង​ញៀន​មាន​ប្រសិទ្ធភាព​ លុះ​ត្រា​តែមន្រ្តី​និង​អាជ្ញាធរទាំង​អស់​ត្រូវនៅឱ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ​លុប​បំបាត់​អំពើ​ពុករលួយ​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន​ ​ត្រូវ​មាន​ឆន្ទៈ​ខ្ពស់​ក្នុងការ​អនុវត្ត​ច្បាប់ដោយ​មិនមាន​ការ​យោគយល់​ ត្រួត​ពិនិត្យ​ទីតាំង​ដែល​មានការ​សង្ស័យជាប្រចាំ​ ​ត្រូវ​មានកិច្ច​សហប្រតិបត្តិការ​ជាមួយប្រទេស​ជិត​ខាង​ដើម្បី​ទប់​ស្កាត់​ការ​ហូរ​ចូល​ទាំង​គ្រឿង​ញៀន និង​សារធាតុ​ផ្សំ​ផ្សេងៗ និង​សហការ​ក្នុងការកំណត់​មុខ​សញ្ញា​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន។

ទន្ទឹម​នឹង​ការ​កើនឡើង​ចំនួន​គ្រឿង​ញៀន​ដែល​ចាប់​បាន​ជារៀង​រាល់ឆ្នាំ ការ​ជួញដូរ និង​ការ​ផលិត​គ្រឿងញៀន​ទ្រង់​ទ្រាយ​ធំ​នៅ​កម្ពុជា ក៏​មានការ​កើនឡើង​ផង​ដែរ ដែល​ភាគ​ច្រើន​ជនល្មើស​ជា​ជន​ជាតិចិន។​

រូបឯកសារ៖ មន្ត្រីកម្ពុជាត្រៀមដុតបំផ្លាញគ្រឿងញៀនខុសច្បាស់ដែលរឹបអូសបាន នាទិវាអន្តរជាតិរបស់អង្គការសហប្រជាជាតិដើម្បីប្រឆាំងនឹងគ្រឿងញៀននិងការជួញដូរគ្រឿងញៀន នៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១។

កាលពី​ខែ​សីហា ឆ្នាំ ២០២២ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​និង​ចាប់ខ្លួន​ជនជាតិ​ចិន​ ៥ នាក់ និង​ដកហូត​បាន​គ្រឿង​ញៀនជាង ៩០០ គីឡូក្រាម នៅ​ខេត្តព្រះសីហនុ។ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​មួយនៅ​រាជធានី​ភ្នំពេញ ដោយ​ចាប់​បាន​ក្រុម​ជនល្មើស​ចំនួន​ ៩ នាក់ និង​រឹបអូស​គ្រឿងញៀន​ក្នុង​ទម្ងន់ ៣៤៧​ គីឡូក្រាម​ពី​ពួកគេ។

ហើយ​កាលពី​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ ២០២១ សមត្ថកិច្ច​ក៏​បាន​បង្ក្រាប​ករណី​លួច​ផលិត​គ្រឿងញៀន​ក្នុង​រោងចក្រមួយ​នៅស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ​ដោយ​រក​ឃើញគ្រឿងញៀន​ជាង​ ២ តោន (២,២៣៧ គីឡូក្រាម) និង​សារធាតុគីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ជាង​ ៨៤ តោន និង​ចាប់​បាន​ជនល្មើស​ជា​ជនជាតិ​ចិនជាង​ ១០នាក់។

ក្នុង​របាយការណ៍​របស់​ UNODC ស្តី​អំពី​គ្រឿង​ញៀន​សំយោគនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ ការអភិវឌ្ឍន៍ និងបញ្ហាប្រឈមចុងក្រោយបំផុត បញ្ជាក់ថា បរិមាណ​សារធាតុគីមីដែល​ប្រើប្រាស់​ក្នុង​ការផលិត​គ្រឿង​ញៀន​សំយោគ​ខុសច្បាប់ ដែល​រឹបអូស​បាន​នៅ​ទីតាំង​ក្នុង​ប្រទេស​កម្ពុជា បាន​កើនឡើង​ជា​លំដាប់​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ។ ​នៅ​ក្នុង​ខែ​មករា ឆ្នាំ​២០២២​ សារធាតុ​គីមី​ចំនួន ១៦៥ តោន​ត្រូវ​បាន​រឹបអូស​នៅ​ឃ្លាំង​ចំនួនបី​ក្នុង​ប្រទេស​កម្ពុជា រួមមាន​អាស៊ីតអាសេទិក (acetic anhydride) ចំនួន​២,៧​តោន អាស៊ីតអ៊ីដ្រូក្លរីក (hydrochloric) ចំនួន​ ២៩,១​តោន និង ថូលីន (toluene) ចំនួន​ ៣២,៤​តោន ព្រមទាំង​សារធាតុ​គីមី​ដែល​មិន​អាច​គ្រប់គ្រង​បាន​ដូចជា ស៊ីក្លូហ្សេន (cyclohexane) ចំនួន​ ៣,៩​តោន រួម​នឹង​សារធាតុ​គីមី​ផ្សេង​ទៀត​ដែ​លអាច​ប្រើ​ក្នុង​ការផលិត​ថ្នាំញៀន​សំយោគ​ខុសច្បាប់។

លោក Jeremy Douglas អ្នកតំណាង​ប្រចាំ​តំបន់​ការិយាល័យ​អង្គការ​សហប្រជាជាតិ​សម្រាប់​ត្រួត​ពិនិត្យ​គ្រឿងញៀន និង​បទឧក្រិដ្ឋ (UNODC) ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក ប្រាប់ VOA ថា សារធាតុ​គីមី​ដែល​រឹបអូស​បាន​ក្នុងករណីផលិត​ធំៗ​នៅ​កម្ពុជា មានប្រភព​មកពីជាង​ ១០ ប្រទេស​ដែល​ប្រភពធំ​ជាងគេ​គឺ​ចិន និង​ឥណ្ឌា។

លោក​ Douglas បន្ថែម​ថា ជាទូទៅ​សារធាតុ​គីមី​ទាំងនោះ​ត្រូវ​បាន​នាំ​ចូល​ដើម្បី​ប្រើប្រាស់​ក្នុង​ឧស្សាហកម្ម​ច្រើន​ប្រភេទ ដូចជាផលិត​ផល​កែច្នៃ ការជីក​យក​រ៉ែ និង​កសិកម្ម​ជាដើម។ ប៉ុន្តែកង្វះ​ការ​គ្រប់គ្រង និង​អំពើ​ពុករលួយក្នុងវិស័យ​ឧស្សាហកម្ម និង​តាមព្រំ​ដែន ជាមូលហេតុ​អាច​ឱ្យ​ឧក្រិដ្ឋជន​នាំ​ចូល​ដើម្បី​ផលិត​ជាគ្រឿងញៀន។​

លោក Douglas បន្ថែមដោយ​លើកឡើង​ពី​វិធី​ដែល​រដ្ឋាភិបាល​គួរ​មានការ​ទប់​ស្កាត់ យ៉ាង​ដូច្នេះ​ថា៖ «កម្ពុជាត្រូវកែ​លម្អ​បទប្បញ្ញត្តិ​នៃ​ការនាំ​ចូល​សារធាតុ​គីមី ក៏​ដូចជា​ការចែក​ចាយ និង​ការគ្រប់គ្រង​ក្នុងស្រុក។ លើក​ទឹក​ចិត្ត​ប្រទេស​ជិត​ខាង​ឱ្យ​ធ្វើដូចគ្នា និង​ធ្វើការ​ជាមួយ UNODC និង​ដៃគូ​អាស៊ី​លើ​យុទ្ធសាស្ត្រ​ក្នុង​តំបន់»។

​របាយការណ៍របស់​ UNODC ស្តី​អំពី​គ្រឿង​ញៀន​សំយោគ​នៅ​អាស៊ីបូព៌ា និង​អាស៊ីអាគ្នេយ៍បញ្ជាក់​ថា ចាប់ពីឆ្នាំ​ ២០១៥​ ការផលិត​មេតំហ្វេ​តាមីន​ខុស​ច្បាប់​នៅ​អាស៊ីបូព៌ា និង​អាស៊ី​អាគ្នេយ៍​បាន​ប្រមូល​ផ្តុំ​កាន់តែ​ច្រើន​ឡើង​នៅ​តំបន់​ទន្លេ​មេគង្គ​ក្រោម ដែល​ភាគច្រើន​នៅក្នុង​រដ្ឋ​មួយ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។ ហើយ​ក្រុម​ឧក្រិដ្ឋករ​បាន​ដាក់​គោលដៅ​កាន់​តែ​ខ្លាំង​ឡើង​ចំពោះ​ប្រទេស​កម្ពុជា​សម្រាប់​ការ​ផលិត​គ្រឿង​ញៀន​សំយោគ។

លោក អំ សំអាត សង្កត់​ធ្ងន់​ថា ប្រសិនបើ​ការ​ប្រើប្រាស់ និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​កម្ពុជា​នៅតែបន្ត​កើនឡើង នោះ​នឹង​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ធនធាន​មនុស្ស និង​សង្គម​ជាតិ​នា​ពេល​អនាគត។

លោក​ថ្លែង​ថា៖ «បញ្ហា​គ្រឿង​ញៀន​នេះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់សម្រាប់​សង្គម​ជាតិ បំផ្លាញ​សង្គម​ជាតិ​យើង ជាពិសេស​គឺ​បំផ្លាញ​ធនធាន​មនុស្ស​ក្នុង​ស្រទាប់​យុវជន​ដែល​ជាទំពាំង​ស្នង​ឬស្សី ក្នុង​ការ​អភិវឌ្ឍ និង​កសាង​ប្រទេស​ជាតិ​យើងតទៅថ្ងៃក្រោយ»៕