ប្រជា​នេសាទ​នៅ​ខេត្ត​បាត់ដំបង​មាន​ចម្ងល់​អំពី​ទិន្នន័យ​ជលផល ខណៈ​បរិមាណ​ត្រី​ធ្លាក់​ចុះ​ជា​បន្ត​បន្ទាប់

អ្នកនេសាទ​នៅ​ភូមិបាក់​ព្រា នាំ​ត្រី​ដែល​ពួកគេ​បាន​នេសាទ​រួច យក​មក​លក់​នៅ​ឯ​ផ្ទះ​របស់​ឈ្មួញ​ទិញ​ដូរ​ត្រី នៅ​ភូមិបាក់ព្រា​ ឃុំ​ព្រៃចាស់​ ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង នៅ​ថ្ងៃ​ទី២៦ ខែកញ្ញា ឆ្នាំ២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

កាល​ពី​លោក​ ពុធ ថាវី ​ជា​យុវវ័យ​អាយុ​២០​ឆ្នាំ អ្នក​នេសាទ​រូប​នេះ​ និង​បង​ប្អូន​៨​នាក់​ទៀត ​ទៅ​រក​ត្រី​បាន​លើស​ ២០០ ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ​ ដោយ​ប្រើ​ទូក​ម៉ាស៊ីន​ ៣ ​គ្រឿង​បរ​តាម​ដង​ស្ទឹង​សង្កែ​ ដៃ​បឹង​ទន្លេសាប​នៃ​ខេត្ត​បាត់ដំបង។​

ប៉ុន្តែ​ឥឡូវ​នេះ​ លោក ថាវី​ អាយុ​៣៨​ឆ្នាំ​ រៀប​រាប់​ថា​ ពួក​គេ​រក​ត្រី​បាន​ប្រមាណ ​៦០ ​គីឡូក្រាម ​ស្ទើរ​តែ​មិន​បាន​ពេញ​មួយ​ទូក​ផង​ បើ​ទោះ​បី​ជា​ពួក​គេ​បរ​ទូក​ទៅ ​៣ ​គ្រឿង​ដដែល។ ដូច​នេះ​បង​ប្រុស​របស់​លោក​ពីរ​នាក់ ​ក៏​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ភូមិ​បាក់ព្រា ​ដែល​ជា​ភូមិ​កំណើត ​ទៅ​រកស៊ី​លក់​ដូរ​នៅ​ស្រុក​បាណន់ ​ក្នុង​ខេត្ត​បាត់ដំបង។​ ភូមិ​បាក់ព្រា​នេះ​ហើយ​ ដែល​គេ​ស្គាល់​តាម​រយៈ​បទ​ចម្រៀង ​«កូន​ស្រី​អ្នកនេសាទ»​ របស់​អ្នកស្រី​ រស់ ​សេរីសុទ្ធា​ នៅ​អំឡុង​ទសវត្សរ៍​១៩៧០។​

នា​រសៀល​មួយ​ ក្រោយ​ហូប​បាយ​ថ្ងៃ​ត្រង់​រួច លោក​ ពុធ ថាវី​ វ័យ​ ៣៨ឆ្នាំ​ ​អង្គុយ​មាត់​ទ្វារ​ផ្ទះ​ ជជែក​កំដរម្តាយមីង​របស់​លោក​ ដែល​កំពុង​អង្គុយ​ដេរ​ប៉ះ​សំណាញ់​ ​ត្រី​ក្បែរ​នោះ។ ថត នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០២១។ (ខាន់​សុគុំមនោ/វីអូអេ)

ឥឡូវ​នេះ​ លោក​ ថាវី​ និយាយ​ថា​ កូន​អ្នក​នេសាទ​រួម​ទាំង​បង​ប្អូន​លោក​ផង ​មាន​ទំនោរ​បោះ​បង់​របរ​នេសាទ​នេះ ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ក្រុង​វិញ។​

លោក​ ថាវី​ និយាយ​ថា៖ ​«វ័យ​កាន់​តែ​ចាស់ ​ ត្រី​កាន់​តែ​អត់»។

លោក​បន្ត​ថា៖​ «អូ!​ ត្រី​ឥឡូវ​នេះ​ ខុស​គ្នា​ជាង​ពី​មុន​ឆ្ងាយ​ណាស់!​ ត្រី​មិន​សូវ​មាន​ទេ!​ ខុស​គ្នា​ជាង​ពាក់​កណ្តាល»។

បទ​ពិសោធន៍​របស់​ថាវី ​ឆ្លុះ​បញ្ចាំង​ក្រុម​គ្រួសារ​អ្នក​នេសាទ​ផ្សេង​ទៀត​ដែល​អាស្រ័យ​ផល​ពី​បឹង​ទន្លេសាប​ និង​ទន្លេ​មេគង្គ។​ ពួកគេ​ ធ្លាប់​បាន​លើក​ឡើង​អំពី​ការ​ថយ​ចុះ​បរិមាណ​ត្រី​ជា​បន្ត​បន្ទាប់​ច្រើន​ឆ្នាំ​មក​ហើយ។​ ពួក​គេ​ថា​ ការ​ថយ​ចុះ​បរិមាណ​ត្រី​នេះ​បង្ខំ​ឱ្យ​មនុស្ស​ជា​ច្រើន​ធ្វើ​ចំណាក​ស្រុក​ទៅ​ស៊ី​ឈ្នួល​ធ្វើ​ស្រែ​ចម្ការ​ម្តង​ម្កាល​ ឬ​ក៏​លែង​ប្រកប​របរ​នេសាទ​ទាំង​ស្រុង​ក៏​មាន។ ​ការ​អង្កេត​ទិន្នន័យ​ដែល​មាន​ បាន​បញ្ជាក់​ថា​ ចំនួន​អ្នក​នេសាទ​ ថយ​ចុះ​នៅ​ទូទាំង​កម្ពុជា។​

ប៉ុន្តែ​ សូចនាករ​ផ្សេង​ទៀត​បង្ហាញ​ពី​និន្នាការ​ថា​ ចំនួន​ផល​នេសាទ​ត្រី​ទឹកសាប​សរុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​កំណើន​ទ្វេ​ដង​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។​

វីអូអេ​សង្កេត​ទិន្នន័យ​របស់​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ និង​រដ្ឋបាល​ជល​ផល​ និង​បាន​សម្ភាស​អ្នក​ជំនាញ​ខាង​ជលផល​ មន្ត្រី​រដ្ឋាភិបាល ​និង​គ្រួសារ​អ្នក​នេសាទ​ ដើម្បី​ពន្យល់​អំពី​អ្វី​ដែល​កំពុង​កើត​ឡើង​ក្នុង​វិស័យ​នេះ។

ខណៈ​អ្នក​ជំនាញ​មួយ​ចំនួន ​មាន​មន្ទិល​ចំពោះ​តួលេខ​សរុប​នៃ​ផល​នេសាទ​ត្រី​នោះ​ អ្នក​ស្រាវជ្រាវ​ម្នាក់​បាន​និយាយ​ថា​ និន្នាការ​ទាំង​ពីរ​នេះ ​អាច​ទៅ​រួច​ដោយ​សារ​បច្ចុប្បន្ន​ មាន​ការ​នេសាទ​ហួស​ប្រមាណ​ និង​ការ​បំផ្លិច​បំផ្លាញ​ព្រៃលិច​ទឹក​ជា​ដើម។​

លោក Jean Christopher-Diepart ​ជា​អ្នក​ស្រាវជ្រាវ​ខាង​ក្សេត្រ​សាស្រ្ត ​និង​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​កសិកម្ម​នៅ​ក្នុង​តំបន់​មេគង្គ​ និង​បាន​សិក្សា​អំពី​កំណែ​ទម្រង់​ជលផល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បោះ​ពុម្ព​ផ្សាយ​កាល​ពី​ឆ្នាំ​២០១៦។ លោក​និយាយ​ថា៖ ​«ផល​នេសាទ​ ត្រី​អាច​កើន​ឡើង​ ក៏​ប៉ុន្តែ​ផល​ស្តុក​ត្រី ​ឬ​បរិមាណ​ត្រី​នៅ​ក្នុង​ស្តុក​សម្រាប់​ពេល​ជាក់​លាក់​ណា​មួយ​ នៅ​ក្នុង​ប្រព័ន្ធ​អាច​ធ្លាក់​ចុះ»។​

លោក​ពន្យល់​ទៀត​ថា៖​ «ពួកគេ​ អាច​បង្កើន​ការ​នេសាទ​ត្រី ​ប៉ុន្តែ ​ការ​កើន​របៀប​នេះ​មិន​មាន​ចីរភាព​ទេ។ ​ត្រី​ដែល​ពួក​គាត់​នេសាទ​បាន​ គឺ​បាត់​ពី​ប្រព័ន្ធ។​ ពួកវា ​មិន​អាច​បន្ត​ពូជ​បាន​ទៀត​ទេ»។​

«ជម្រក​ចុង​ក្រោយ​របស់​ត្រី»​

កម្ពុជា ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​មួយ​មាន​ផល​នេសាទ​ចម្រុះ​បំផុត​ក្នុង​ពិភព​លោក​ដោយ​សារ​ប្រព័ន្ធ​អេកូឡូស៊ី​ពិសេស​មួយ​នៃ​ទន្លេមេគង្គ​ និង​បឹង​ទន្លេសាប។​ ជា​រៀង​រាល់ឆ្នាំ​ ទឹក​ជន់​ពី​ទន្លេ​មេគង្គ​បាន​ហូរ​ចាក់​ទៅ​បឹង​ទន្លេសាប ដែល​ជន់​លិច​ផ្ទៃ​ដី​ទំនាប​រាប់​ពាន់​ហិកតា ​និង​ផ្តល់​ជម្រក ​និង​ចំណី​ដ៏​ល្អ​សម្រាប់​ត្រី។ ​នៅ​រដូវ​វស្សា កម្រិត​ទឹក​ឡើង​ខ្ពស់​នេះ​ ជន់​ដល់​តំបន់​នានា​ទល់​ប្រទេស​វៀតណាម។ ចំណែក​ក្នុង​រដូវ​ប្រាំង​ពេល​ទឹក​ស្រក វា​ហូរ​ចាក់​ពី​បឹង​ទន្លេសាប​បញ្ច្រាស​ទៅ​ទន្លេ​មេគង្គ​វិញ ​ដោយ​នាំ​ត្រី​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ផ្លាស់ទី​ត្រឡប់​ទៅ​ក្នុង​អាង​ទឹក​ទន្លេ​វិញ។​ នា​ពេល​នោះ​ហើយ​ដែល​រដូវ​នេសាទ​ចាប់​ផ្តើម។​

ប្រព័ន្ធ​អេកូឡូស៊ី​ដែល​កើត​ឡើង​ដោយ​ធម្មជាតិ​នេះ​ បាន​ហុច​ផល​មក​ដល់​ក្រុម​គ្រួសារ​អ្នក​នេសាទ​តាំង​ពី​ក្នុង​ប្រវត្តិ​សាស្ត្រ​រហូត​ដល់​ជំនាន់​ក្រុម​គ្រូសារ​លោក ​ពុធ ថាវី ​និង​ប្រជា​នេសាទ​ផ្សេង​ទៀត។​

ប្រជាជន​កម្ពុជា​ ស្ថិត​ក្នុង​ចំណោម​អ្នក​បរិភោគ​ត្រី​ទឹកសាប​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​ ដោយ​ម្នាក់ៗ​បរិភោគ​ត្រី​ប្រហែល ​៤០​ គីឡូ​ក្រាម​ក្នុង​មួយ​ឆ្នាំៗ ស្មើ​នឹង​៧០%​នៃ​ការ​ទទួល​ទាន​ប្រូតេអ៊ីន​ពី​សាច់​សត្វ។​ នេះ​ បើតា​ម​អង្គការ​ស្បៀង​អាហារ ​និង​កសិកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ។​

តួលេខ​ផ្លូវការ​បាន​បង្ហាញថា​ ផល​នេសាទ​ត្រី​នៅ​កម្ពុជា​គួរ​តែ​មាន​លក្ខណៈ​សម្បូរ​នៅ​ឡើយ​សម្រាប់​គ្រួសារ​អ្នក​នេសាទ។​ ទិន្នន័យ​ពី​អង្គការ​ស្បៀង​អាហារ​ និង​កសិកម្ម​ដែល​ប្រមូល​ដោយ​រដ្ឋបាល​ជលផល​នៅ​ថ្នាក់​ស្រុក ​និង​ខេត្ត​ឲ្យ​ដឹង​ថា​ ទិន្នផល​នេសាទ​ទឹកសាប​នៅ​កម្ពុជា​ កើន​ឡើង​ទ្វេ​ដង​ក្នុង​អំឡុង​ពេល​២០​ឆ្នាំ​ចុង​ក្រោយ ​គឺ​កើន​ពី​ប្រហែល​២៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០០០​ ដល់​ជាង​កន្លះ​លាន​តោន​នៅ​ឆ្នាំ​២០១៨។​

មន្ត្រី​កម្ពុជា​ឲ្យ​ដឹង​ថា​ និន្នាការ​កើន​នេះ​បង្ហាញ​ថា​ ការ​នេសាទ​ទឹកសាប​នៅ​កម្ពុជា ​កំពុង​ដំណើរ​ការ​ល្អ ​ដោយ​សារ​ការ​គ្រប់គ្រង​ល្អ​ ហើយ​មាន​ការ​ចូល​រួម​ពី​ប្រជា​នេសាទ​ក្នុង​ការ​គោរព​ច្បាប់ ​និង​បទ​ប្បញ្ញត្តិ។​

ប៉ុន្តែ ​តួ​លេខ​ចុង​ក្រោយ​របស់​រដ្ឋបាល​ជលផល​ បង្ហាញ​ថា​ ផល​នេសាទ​ថយ​មក​នៅ​ត្រឹម​ប្រមាណ​ ៤១៣.០០០​ តោន​នៅ​ឆ្នាំ​២០២០។​

លោក ​ហុង ហ៊ី​ ប្រធាន​នាយក​ដ្ឋាន​កិច្ចការ​រដ្ឋបាល ​និង​នីតិ​កម្ម​នៃ​រដ្ឋបាល​ជលផល​បាន​ពន្យល់​ថា​ ផល​នេសាទ​ថយ​ចុះ​នេះ​ អាច​បណ្តាល​មក​ពី​កម្រិត​ទឹក​ទាប​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​តិច​ជាង​ធម្មតា​នៅ​អាង​ទន្លេ​មេគង្គ។​

លោក ​ Zeb Hogan ​ជា​ជីវវិទូ​នៅ​សកល​វិទ្យាល័យ​ Nevada ​ទីក្រុង​ Reno ​សហ​រដ្ឋ​អាមេរិក​ដែល​សិក្សា​អំពី​ត្រី​ និង​ជា​ផលិតករ​កម្មវិធី​ទូរទស្សន៍​ «Monster Fish»​ ​ផ្សាយ​ក្នុង​កម្មវិធី​ឯកសារ​សត្វ​ NatGeo Wild។ ​លោក​និយាយ​ថា​ គ្រោះ​រាំង​ស្ងួត ​និង​កម្រិត​ទឹក​ទាប​ធ្វើឱ្យ​បឹង​ទន្លេសាប​ មិន​អាច​ពង្រីក​ផ្ទៃទឹក​ធំធេង​ដូច​ពី​មុន​ទេ។​

លោក​ថា៖​ «ក្នុង​រយៈ​ពេល​៣ ​ទៅ​៥​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​មិន​ឃើញ​មាន​ទឹក​ជន់​ធំ​មក​ទៀង​ទាត់ដែល​ជួយ​ដល់​ការ​នេសាទ​ និង​ប្រព័ន្ធ​អេកូឡូស៊ី​ឡើយ»។​

សូម្បី​តែ​ទិន្នន័យ​ផ្លូវ​ការ​ ក៏​បង្ហាញ​ដែរ​ពី​ផល​វិបាក​រយៈ​ពេល​វែង​នៃ​កម្រិត​ទឹក​ទាប។ ​ ទិន្នន័យ​ប្រចាំ​ឆ្នាំ​មួយ​ផ្សេង​ទៀត​របស់​រដ្ឋបាល​ជលផល​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្ពស់​ទឹក​ និង​ផល​នេសាទ។ ទិន្នន័យ​នេះ​ បង្ហាញ​ថា​ ក្នុង​អំឡុងពេល​កម្ពស់​ទឹក​ទាប​ ដូច​ជា​កាល​មាន​គ្រោះ​រាំង​ស្ងួត​ក្នុង​ឆ្នាំ​២០១៩​ជា​ដើម​ មាន​ភ្លៀង​ធ្លាក់​មក​យឺតប្រមាណ​ជាង​២​ខែ ផលនេសាទ​បាន​តិច​ជាង​មុនៗ​ ហើយ​ពូជ​ត្រី​ក៏​មិន​សូវ​ចម្រុះ​ដែរ។​នេះ បើ​តាម​ការ​សិក្សា​ដែល​ធ្វើ​ឡើង​នៅ​តំបន់​ដាយត្រី​នៅ​លើ​ទន្លេសាប។ ​លទ្ធផល​បង្ហាញ​ទៀត​ថា​ ៩០%​ នៃ​ត្រី​ដែល​គេ​នេសាទ​បាន​ មាន​ត្រឹម​តែ​១០​ប្រភេទ​(ពូជ)​ប៉ុណ្ណោះ។​

ការ​ធ្លាក់​ចុះ​នៃ​ភាព​ចម្រុះ​ពូជ​ត្រី ​ក៏​ត្រូវ​បាន​កត់​សម្គាល់​ដោយ​អ្នក​នេសាទ​ផង​ដែរ។​


ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោក​ ថាវី​ ចាប់​ផ្ដើម​សង្កេត​ឃើញ​ថា ​លែង​ឃើញ​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​លោក​ធ្លាប់​ឃើញ​នៅ​តំបន់​លោក​កាល​ពី​លោក​នៅ​ក្មេង។

លោក​និយាយ​ថា៖​ «លែង​ឃើញ​មុខ​ត្រី​ដៀប​ហើយ!​ ត្រី​ដៀប​ ត្រី​ឆ្តោរ​អី ​[ស្ទើរតែ] ​លែង​ឃើញ​ហើយ។​ ឆ្នាំ​មុនៗ​ អី​ឃើញ​ បណ្តើរ​(កូន)​ខ្លះ។ ​ឆ្នាំ​នេះ​ បាត់​ឈឹង! ត្រី​កញ្ជោន​ ត្រី​អី​ហ្នឹង​ ពី​មុន​មាន​ឥឡូវ​ដូច​អស់​រលីង។ ​[កាល​មុន] ​សម្បូរ​ … ​តែ​កាល​ណា​សណ្តក​ទឹក វា​[ហែល]​ លីលើៗ ​យក​កាំបិត​កាប់​ក៏​បាន​ហូប​ដែរ​ ត្រី​ដៀប។ [ឥឡូវ]​ មាន​តែ​ត្រី​នុយ​ កំភ្លាញ ​កញ្ចុះ... តូចៗ»។​

លោក​ Zeb Hogan ​បាន​បញ្ជាក់​ថា ការ​នេសាទ​នៅ​កម្ពុជា​បច្ចុប្បន្ន​ ពឹង​ផ្អែក​ខ្លាំង​លើ​ប្រភេទ​ត្រី​តូចៗ​ ដូច​ជា​ត្រី​រៀល​ជា​ដើម​ដែល​ជា​ប្រភេទ​ត្រី​តូច​…​ធន់​នឹង​ការ​នេសាទ​ខ្លាំង​ហួស​ប្រមាណ។​

លោក​និយាយ​ថា៖​ «ចំនួន​ត្រី​ធំ ​បាន​ធ្លាក់​ចុះ ប៉ុន្តែ​ចំនួន​ត្រី​រៀល​នៅ​តែ​មាន​ស្ថិរ​ភាព​ធម្មតា»​ . ..។​ ត្រី​រៀល ​និង​ត្រី​តូចៗ​ផ្សេង​ទៀត​នេះ​ហើយ​ ជា​អ្នក​ទ្រទ្រង់​នូវ​ទិន្នផល​ត្រី​ដែល​ប្រមូល​បាន​ពី​កម្ពុជា​សព្វ​ថ្ងៃ​នេះ»។​

លោក​បន្ត​ទៀត​ថា៖ ​«កម្ពុជា​ជា​ជម្រក​ចុង​ក្រោយ​សម្រាប់​ត្រី​ទាំង​នោះ​ [ពិសេស​ប្រភេទ​ត្រី​ធំៗ​ និង​បម្លាស់​ទី]​ ហើយ​ក៏​ជា​តំបន់​ដ៏​សំខាន់​បំផុត​សម្រាប់​ការ​នេសាទ​ប្រចាំ​តំបន់​មេគង្គ​ទាំង​មូល​ និង​អាស៊ី​អាគ្នេយ៍​ផង​ដែរ»។​

ប៉ុន្តែ​លោក​ថា៖​ «ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​កាន់​តែ​ច្រើន​ វា​កាន់​តែ​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​អ្វី​ដែល​យើង​កំពុង​ប្រឈម»។​

«នៅ​ទី​នេះ ​និយាយ​ឲ្យ​ចំ​សង្ឃឹម​តែ​ទឹក​ទេ»​

អ្នកស្រី ភាវ សុរិយា វ័យ​៥២ឆ្នាំ​ ជា​ឈ្មួញ​ទិញ​ដូរ​ត្រី​មួយរូប​នៅ​ភូមិបាក់​ព្រា និង​ជាម្តាយ​មាន​កូន​៥នាក់ នៅ​ភូមិបាក់ព្រា​ ឃុំ​ព្រៃចាស់​ ស្រុក​ឯកភ្នំ ខេត្ត​បាត់​ដំបង ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០២១។ (ខាន់​សុគុំមនោ/វីអូអេ)

អ្នក​ស្រី ​ភាវ​ សូរិយា ​អាយុ​៥២​ឆ្នាំ រស់​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង​ ជា​ឈ្មួញ​ទិញ​ដូរ​ត្រី​ ក្រោយ​ពី​អ្នក​ស្រី​ឈប់​ទៅ​នេសាទ​ តាំង​ពី​ឆ្នាំ​១៩៩៥។ ​ស្វាមី​របស់​អ្នកស្រី​ លោក ​ទុង យុត ​វ័យ​៥៧​ឆ្នាំ​ ​ចេញ​ទៅ​នេសាទ​ម្តង​ម្កាល។​ ផ្ទះ​ពួក​គេ​សង់​ពី​ឈើលាប​ពណ៌​ផ្ទៃ​មេឃ ហើយ​បណ្តែត​លើ​ផ្ទៃ​ទឹក មើល​ទៅ​ហាក់​ដូច​ជា​កំពង់​មួយ​ប្រចាំ​ភូមិ​ដែល​អ្នក​នេសាទ​រាល់​គ្នា​មក​ដាក់​ត្រី​ចុះ​ដើម្បី​លក់។ ​ផ្ទះ​នេះ​ នៅ​ជាប់​ផ្ទះ​ឯ​ទៀត​ ដែល​នៅ​ត្រៀប​ត្រា​ជាជួរៗ​នៅ​ក្នុង​ភូមិ​បាក់ព្រា។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «មើល​ទៅ ​សព្វ​ឆ្នាំ​ដែល​យើង​រស់​នៅ​ពី​មុន​ណាំ៎​ ទឹក​ត្រឹម​[ខែ]​ប៉ុណ្ណេះ​ លិច​អស់​បាត់​ហើយ!​ ឆ្នាំ​នេះ ​មើល​ទៅ​ ...យូរ...ចង់​ដាច់​បាយ​មួយ។ ​ហើយ​ក៏​មាន​បញ្ហា​នេះ​ទៀត​ទៅ​ ​ក៏​យ៉ាប់​ទៅៗ​ហើយ»។​

កាល​មុន​ អ្នកស្រី​ថា​ សមាជិក​គ្រួសារ​អ្នកស្រី​ ដែល​មាន​កូនៗ​៥​នាក់ ​រក​ចំណូល​ជាង​៤០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ ​ ប៉ុន្តែ​ឥឡូវ​នេះ​ បើ​បាន​ត្រឹម​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​មុខ​របរ​ទិញ​ដូរត្រី​នេះ​ អ្នកស្រី​ក៏​សប្បាយ​ចិត្ត​ដែរ។

បង​ប្អូន​ជីដូន​មួយ​របស់​អ្នកស្រី​ និង​ក្រុម​គ្រួសារ​ពួកគេ​ឈប់​នេសាទ ​ហើយ​ចាក​ចេញ​ពី​ភូមិ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ។​ ប៉ុន្តែ​អ្នកស្រី​ សូរិយា​ នៅ​បន្ត​រស់​នៅ​ក្នុង​ភូមិ ​និង​ដឹក​ត្រី​ទៅ​លក់​បន្ត​តាម​ផ្សារ​ឯ​ទីក្រុង​បាត់ដំបង។​

ទោះ​មិន​ទៅ​នេសាទ​ដោយ​ផ្ទាល់​អ្នកស្រី​ ភាវ សូរិយា​ ប្រាប់​វីអូអេ​ថា៖​ «នៅ​ទី​នេះ​ និយាយ​ឲ្យ​ចំ​ណា៎​ សង្ឃឹម​តែ​ទឹក​ទេ។ ​តែ​អត់​ទឹក​ហើយ ​គឺ​វេទនា​ហើយ!​ ចុះ​មាន​ធ្វើ​ស្រែ​ធ្វើ​អី​កើត?»​

អ្នកស្រី ផល ផានី អាយុ ២៥ឆ្នាំ និងប្តី គឺ លោក​ ពៅ សិទ្ធិ​ អាយុ​ ៣០​ឆ្នាំ​ ជា​អ្នកនេសាទ​ នៅ​ភូមិ​ព្រែកត្រប់​ ឃុំព្រែក​នរិន្ទ​ ស្រុកឯក​ភ្នំ​ ខេត្ត​បាត់ដំបង។ ថត នៅ​ថ្ងៃទី២៦ ខែ​កញ្ញា​ ឆ្នាំ​២០២១។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នក​ភូមិ​ដែល​រស់​នៅ​តាម​វាល​ទំនាប ​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​បញ្ហា​នានា ​ដែល​កើត​ឡើង​នៅ​លើ​ទន្លេ​របស់​ពួកគេ។ ​អ្នកស្រី​ ផល ផានី ​អាយុ​២៥​ឆ្នាំ​ និង​ប្តី​ គឺ​លោក​ ពៅ សិទ្ធិ​ អាយុ​ ៣០​ឆ្នាំ​ ធ្លាប់​ទៅ​រក​ត្រី​ជាមួយ​គ្នា​តាំង​ពី​ពួកគេ​នៅ​វ័យ​ជំទង់​ នៅ​ភូមិ​ព្រែកត្រប់​ក្បែរ​ភូមិ​បាក់ព្រា។ ​អ្នក​ទាំង​ពីរ ​បាន​ប្រាក់​ពី​ការ​លក់​ត្រី ​យក​ទៅ​បណ្តាក់​ទុន​បន្ត​លើ​ការងារ​កសិកម្ម​ នា​រដូវ​បន្ទាប់។​ ពួកគេ​ ក៏​ដាំ​សណ្តែក​បណ្តុះ ​ពោត​ ឪឡឹក​ និង​ល្ពៅ។​ ពួក​គេ​ថា ​ឆ្នាំ​នេះ​ ពួក​គេ​ស្ទើរ​តែ​មិន​អាច​រក​អ្វី​បាន ​ក្រៅ​ពី​រក​ខ្យង។​

អ្នកស្រី​ ផានី​ ដែល​មាន​កូន​ប្រុស​មួយ​ អាយុ​៧​ឆ្នាំ​ និង​កំពុង​ពពោះ​កូន​ម្នាក់​ទៀត ​បាន​ និយាយ​ថា ​ឆ្នាំ​នេះ ​បើ​ទឹក​ស្រក​ហើយ​ពុំ​អាច​រក​ចំណូល​គ្រប់​គ្រាន់​ពី​ផល​នេសាទ​ អ្នកស្រី​នឹង​ខ្ចី​ប្រាក់​គេ​ ដើម្បី​ធ្វើ​ចម្ការ។​

អ្នកស្រី​ ផានី ​ឲ្យ​ដឹង​ថា​ ជាទូទៅ​ អ្នក​ស្រី​ចំណាយ​អស់​ប្រាក់​ប្រមាណ​៤​ម៉ឺន​រៀល​ ដើម្បី​ទៅ​រក​ត្រី​ម្តងៗ ​ដែល​រួម​មាន​ការ​ទិញ​ប្រេង​ឥន្ទនៈ​ និង​នុយ​ត្រី​ជា​ដើម​ ហើយ​យប់​ខ្លះ​ អ្នកស្រី​ និង​ស្វាមី​រក​ត្រី​ក៏​មិន​បាន​ ហើយ​បាត់​ទាំង​នុយ​ថែម​ទៀត។​

អ្នកស្រី​និយាយ​ថា៖​ «វា​អត់​សម្បូរ​សប្បាយ ​ដូច​អង្កាល់​ពេល​ [ឪ]​ពុក​គាត់​រក។​ កាល​ហ្នឹង​សម្បូរ​ត្រី​…​សម្បួរ​អី​រក​ ​ដល់​មក​ស៊េរី​ពួក​ខ្ញុំ​អញ្ចេះ​ ចេះ​តែ​ខើច​ទៅៗ​រហូត»។​

អ្នកស្រី​និយាយ​ទៀត​ថា៖​ «ជីវភាព​យើង​អ្នក​ស្រុក​ស្រែ​ តែ​ប៉ុណ្ណឹង​ឯង។ យើង​បាន​ពី​ត្រី​យក​ទៅ​ទប់​ចម្ការ​អ៊ីចឹង​ទៅ! មិន​មែន​ថា​ រក​ត្រី​រួច​យក​លុយ​ហ្នឹង​ទុក​ដេក​ស៊ី​…​ អត់​កើត​ទេ! បាន​ពី​ត្រី​យក​លុយ​ទៅ​ទិញ​ពូជ​គេ ​ទម្លាក់​នឹង​ចម្ការ.... ​បាន​ពី​ចម្ការ​សង​គេ​ ​សល់​តិច​តួច ​បង្វិល​លិច​បង្វិល​កើត»។​

លោក ​ជុច ផល​ វ័យ​៥៩​ឆ្នាំ​ ដែល​ជា​ឪពុក​របស់​ផានី ​និង​កំពុង​អង្គុយ​ក្បែរ​នោះ​ បន្ទរ​ថា៖​ «ពី​ដើម ​យើង​បង់​សំណាញ់​ តែ​ពីរ​សំណាញ់​បាន​មួយ​ទូក។ ​ ឥឡូវ​នេះ​ មួយ​យប់​វាល់​ព្រឹក​ រក​តែ​១០​គីឡូ​[ក្រាម]​ មិន​បាន​ផង។ ​ខុស​គ្នា​ប៉ុន​ណា?»

ដើម្បី​ទប់​ទល់​ជីវភាព ​ស្វែង​រក​ដំណោះ​ស្រាយ​ពី​វិបត្តិ​សេដ្ឋកិច្ច​នេះ អ្នកស្រី​ ផានី ​និង​ស្វាមី​ បាន​ទៅ​ប្រទេស​ថៃ​ ក្នុង​ឆ្នាំ​២០១៦ ​ធ្វើ​ការងារ​សំណង់។​ ពួកគេ​បាន​ស្នាក់​នៅ​ទីនោះ ​រយៈ​ពេល​បី​ឆ្នាំ។​ ​ឥឡូវ​នេះ ​ពួក​គាត់​មិន​អាច​ទៅ​ថៃ​បាន​ទេ ​ដោយ​សារ​ជំងឺ​កូវីដ១៩ ​រាត​ត្បាត។​

អ្នក​ភូមិ​ផង​របង​ជា​មួយ​ ដែល​ធំ​ដឹង​ក្តី​ឡើង​ វ័យ​ស្របាល​នឹង​អ្នកស្រី​ផានី ​បាន​ចាក​ចេញ​ពី​ភូមិ​កំណើត​អស់​ជា​ច្រើន​នាក់ ​ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ភ្នំពេញ​ ឬ​ប៉ោយប៉ែត ​ឬ​ទីក្រុង​ផ្សេង​ទៀត។​ អ្នកស្រី​ ផានី ​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ ក៏​មាន​៦​នាក់​ ក្នុង​ចំណោម​១០​នាក់​ បាន​ចាក​ចេញ​ពី​ភូមិ។​ ​

ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​លាត​ត្រដាង​និន្នាការ​ដូច្នេះ​ដែរ។ ​នៅ​ឆ្នាំ​២០០៩​យ៉ាង​ហោច​ណាស់​ មាន​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​គ្រួសារ​សរុប​ទូទាំង​ប្រទេស​កម្ពុជា​ប្រកប​របរ​នេសាទ​ ដើម្បី​រក​ប្រាក់​ចំណូល។ ​ប៉ុន្តែ​ មួយ​ទសវត្សរ៍​ក្រោយនេះ​ ​តួ​លេខ​នេះ​ បាន​ធ្លាក់​ចុះ​ដល់​ប្រហែល​មួយ​ភាគ​បី។ ​នេះ​ បើ​តាម​របាយ​ការណ៍​អង្កេត​សេដ្ឋ​កិច្ច សង្គម​កិច្ច​កម្ពុជា។ ​ការ​ធ្លាក់​ចុះ​ចំនួន​គ្រួសារ​ប្រកប​របរ​នេសាទ​នេះ​ បាន​កើត​ឡើង​គ្រប់​តំបន់​នេសាទ​ទឹកសាប។​ តួយ៉ាង​តំបន់​ទន្លេសាប​ បង្ហាញ​ថា​ ចំនួន​គ្រួសារ​នេសាទ ​បាន​ថយ​ចុះ​១៧% ​ក្នុង​រយៈ​ពេល​ដដែល​នេះ។​

លោក​ ហុង ហ៊ី ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​រដ្ឋបាល​ និង​នីតិកម្ម​នៃ​រដ្ឋបាល​ជលផល ​ថ្លែង​កាល​ពី​ចុង​ខែ​តុលា ​ឆ្នាំ​២០២១​ ថា៖​ «ដូចថា​... ​ប្រជា​នេសាទ​មាន​ចំនួន​មិន​ច្រើន​ទេ​ឥឡូវ​ហ្នឹង​នោះ ​ ដោយ​សារ​ការ​នេសាទ​វា​មិន​សូវ​បាន។ ​វា​ ថយ​ចុះ​ហ្នឹង​ណា៎។​គាត់ ​ត្រូវ​បង្វែរ​មុខ​របរ​អ្វី​ផ្សេង​មួយ​ចំនួន​ហើយ»។​

លោក​បន្ត​ថា៖​ «ឥឡូវ​ក្មួយៗ​ក្មេងៗ ​ទៅ​ធ្វើការ​រោងចក្រ។​ កាល​ពី​មុន​ គេ​ធ្វើការ​ជាមួយ​ឪពុក​ម្តាយ​ជាមួយ​អី​ច្រើន​ ដល់​ពេល​ឥឡូវ​ គ្នា​មាន​រោងចក្រ​អី​ធ្វើ​ គ្នា​មក​ធ្វើ​ច្រើន​ហើយ​ស្រួល​ជាង​…​ បាន​នៅ​រោងចក្រ​ នៅ​លើ​គោក​…​ អត់​ក្តៅ​ អត់​ហត់​ខ្មៅ ​ … ​ខ្មៅ​មុខ​…​ ខ្មៅ​មុខខ្មៅ​មាត់​អស់​នៅ​ទន្លេ ​…​នៅ​នេសាទ​ហ្នឹង»។

អត្ថបទ​ស្រាវជ្រាវ​មួយ​បោះ​ពុម្ព​ផ្សាយ​កាលពី​ឆ្នាំ​២០២០​ ជា​ភាសា​អង់គ្លេស​ ស្តី​អំពី៖ ​«ការ​រាប់​ចំនួន​ត្រី៖​ កំណើន​នៃ​ការ​មើល​ឃើញ​អំពី​ស្ថាន​ភាព​អ្នក​នេសាទ​ខ្នាត​តូច​នៅ​ក្នុង​ផែនការ​ជាតិ​កម្ពុជា»​ ​ឲ្យ​ដឹង​ថា​ គេ​នឹង​ពិបាក​ដោះ​ស្រាយ​បញ្ហា​សេដ្ឋកិច្ច​សង្គម​ ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​អ្នក​នេសាទ​លក្ខណៈ​គ្រួសារ​ និង​ខ្នាត​តូច​នេះ​ ​លុះត្រា​គេ​មាន​ទិន្នន័យ​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​យល់​ច្បាស់​អំពី​ស្ថាន​ភាព​ទាំង​នោះ។​

អត្ថបទ​សិក្សា​ស្រាវ​ជ្រាវ​នេះ​បញ្ជាក់​ថា៖​ «នេះ​មាន​ន័យ​ថា​ ពួកគេ​មិន​ត្រូវ​បាន​គេ​គិតគូរ​ឱ្យ​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេនៅ​ក្នុង​ដំណើរ​ការ​សម្រេច​ចិត្ត​ ហើយ​ជា​លទ្ធផល​ធនធាន​ និង​ការ​វិនិយោគ​ជារឿយៗ​ មិន​អាច​ទៅ​ដល់​ពួក​គេ​ផ្ទាល់​ដែល​ជា​អ្នក​ត្រូវ​ការ​វា​បំផុត​នោះ​ទេ»។​

កន្លង​មក​ អ្នក​នេសាទ​ខ្នាតតូច​បាន​ប្រឈម​នឹង​បញ្ហា​លំបាក​ជា​យូរ​ណាស់​មក​ហើយ​ខណៈ​មាន​កំណើន​ខ្លាំង​នៃ​ការ​នេសាទ​បែប​ពាណិជ្ជ​កម្ម​ដោយ​ឈ្មួញធំ​ៗ។ ​ក៏​ប៉ុន្តែ​ នៅ​ឆ្នាំ​២០០១​ និង​២០១២​ ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែទ​ម្រង់​ជលផល​ចំនួន​ពីរ​ដង​ដែល​ផ្ទេរ​សិទ្ធិ​នេសាទ​ឱ្យ​ប្រជា​នេសាទ​ខ្នាត​តូច​ និង​សហគមន៍​នេសាទ​ ដោយ​លុប​ចោល​ឡូត៍​នេសាទ​បែប​ពាណិជ្ជ​កម្ម។​

លោក​ Jean Christopher-Diepart​ ដែល​ជា​អ្នក​ស្រាវជ្រាវ​ក្សេត្រ​សាស្ត្រ​នៅ​ក្នុង​តំបន់​មេគង្គ ​មាន​ប្រសាសន៍​ថា​ ទោះយ៉ាង​ណា​ មាន​កត្តា​ជា​ច្រើន​ទៀត​ប៉ះពាល់​ដល់​វិស័យ​នេសាទ​នៅ​កម្ពុជា​ ហើយ​បញ្ហា​ទាំង​នេះ​ស្មុគ​ស្មាញ​ពេក​សម្រាប់​សហគមន៍​ដោះស្រាយ។ ​ម៉្យាង​វិញ​ទៀត​ លោក​ថា ​វិស័យ​ជល​ផល​នៅ​កម្ពុជា​ រង​ផល​ប៉ះពាល់​ដោយ​ទំនប់​វារី​អគ្គិសនី ​ដែល​ប៉ះពាល់​ដល់​លំហូរ​ទឹក​ និង​រាំង​ខ្ទប់​ដី​ល្បាប់​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ត្រី​ និង​ជីវ​ចម្រុះ​នានា។​

លោក​ប្រាប់​វីអូអេ​ថា​ កម្ពុជា​ ក៏ប្រឈម​នឹង​បញ្ហា​ក្នុង​ស្រុក​របស់​ខ្លួន​ដូចជា៖ ការ​នេសាទ​ហួស​ប្រមាណ​ កង្វះ​ការ​អនុវត្ត​ច្បាប់​ស្តីពី​បទ​ល្មើស​ជលផល​ ការ​បំផ្លិច​បំផ្លាញ​ព្រៃលិច​ទឹក​ដោយ​សារ​ការ​ពង្រីក​ផ្ទៃដី​កសិកម្ម​ ហើយ​លោក​ថា​ ក្រុម​សហគមន៍​គ្មាន​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​ទប់​ទល់​បញ្ហា​ទាំង​នោះ​ទេ។​

នៅ​ឆ្នាំ​២០១៩​ កម្ពុជា​បាន​ប្រកាស​ថា​ នឹង​មិន​មាន​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​តាម​ដង​ទន្លេ​មេគង្គ​រហូត​ដល់​ឆ្នាំ​២០៣០ ​ជា​ព័ត៌មាន​ដែល​អ្នក​ជំនាញ​ជាច្រើន ​សាទរ។​ ពួក​គេ​យល់​ថា​ ការ​ផ្អាក​នេះ​ ទំនង​ដោយ​សារ​បារម្ភ​ពី​ការ​ប្រឈម​នូវ​ការ​ខ្វះ​ខាត​ទឹក​ដែល​មិន​អាច​បង្កើត​ថាម​ពល​អគ្គិសនី​ដូច​រំពឹង​ទុក ​និង​ផល​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​វិស័យ​ជល​ផល ​និង​អេកូឡូស៊ី​នៃ​ទន្លេ។​

ការ​ចិញ្ចឹមត្រី​ដូចជា​គណនី​សន្សំ​ប្រាក់​របស់​អ្នក​នេសាទ​

ដំណោះ​ស្រាយ​មួយ​ដែល​អាច​ឆ្លើយ​តប​បញ្ហា​សេដ្ឋកិច្ច​របស់​ពួក​គេ​ គឺ​អ្នក​នេសាទ​ខ្លះ​ងាក​ទៅ​ចិញ្ចឹម​ត្រី​ ឬ​ហៅ​ថា «វារី​វប្បកម្ម»។ ​អង្គការ​ស្បៀង​អាហារ ​និង​កសិកម្ម ​ឱ្យ​ដឹង​ថា ចាប់ពី​ឆ្នាំ​២០១៤ ​ដល់​ឆ្នាំ​២០១៩ ​ផលិត​ផល​វារី​វប្បកម្ម​សរុប​ បាន​កើន​ឡើង​បី​ដង​ ដល់​ជាង​៣០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ។​

លោក​ ហុង ហ៊ី ​មន្រ្តី​នៃ​រដ្ឋបាល​ជលផល​និយាយ​ថា៖​ «ច្បាស់​ហើយ​ ពិភព​លោក​មិន​អាច​ពឹង​ពាក់​តែ​ធម្មជាតិ​បាន​ទាំង​អស់​ទេ​ ព្រោះ​មនុស្ស​កើន។ ​មច្ឆា​ជាតិ​ជា​អាហារ​មួយ​ដែល​តាម​ការ​ណែនាំ​ពី​អ្នក​វិទ្យាសាស្ត្រ​ ​អ្នក​សុខភាព​សាធាណៈ ​សុខាភិបាល​អី​ថា​អាហារ​ត្រី​ហ្នឹង​វា​ជា​អាហារ​សុខភាព​ល្អ​ជាង​គេ អ៊ីចឹង​វា​ត្រូវ​ការ​កាន់​តែ​ច្រើន។ ​អ៊ីចឹង​មនុស្ស​កើន​អី​កើន​អ៊ីចឹង​ធម្មជាតិ​ មិន​អាច​ទ្រទ្រង់​បាន​ទេ​ ​មាន​តែ​ការ​ចិញ្ចឹម»។​

អ្នកស្រី​ ពុធ រីណា អាយុ​៣៥​ឆ្នាំ ជា​ប្អូន​ស្រី​ម្នាក់​របស់​ថាវី ដែលសម្រេច​ចិត្ត​ប្តូរ​មុខ​របរពី​នេសាទ​ត្រីទឹក​សាប​ ទៅរកស៊ីចិញ្ចឹម​ត្រីវិញ​ ឬហៅ​ថា​ធ្វើ​វារី​រប្បកម្ម​។ អ្នកស្រី ចាប់ផ្តើម​របរ​នេះ​ពី​ឆ្នាំ​២០១៥។ ថត នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​ ឆ្នាំ​២០២១។ (ខាន់​សុគុំមនោ/វីអូអេ)

នៅ​ក្នុង​ភូមិ​បាក់ព្រា ​អ្នកស្រី​ ពុធ រីណា ​អាយុ​៣៥​ឆ្នាំ ​ជា​ប្អូន​ស្រី​របស់​អ្នកស្រី ​ថាវី ​បាន​សម្រេច​ចិត្ត​ចិញ្ចឹម​ត្រី។ ​អ្នកស្រី​ថា​ ការ​វិនិយោគ​លើ​វារី​វប្បកម្ម ​មិន​ដូច​ការ​នេសាទ​ដែល​ធ្លាប់​តែ​ដាក់​ត្រី​ចុះ​ពី​ទូក ​ថ្លឹង​លើ​ជញ្ជីង​ មើល​គីឡូ ​ហើយ​ដូរ​យ​ក​លុយ​ភ្លាមៗ​តែ​ម្តង​នោះទេ​។ ​

អ្នក​ស្រី​ តែង​រាប់​ម្រាម​ដៃ​ពេល​និយាយ​ដូច​ជា​គេ​គណនា​លេខ​ ហើយ​អ្នកស្រី​គិត​មួយ​សន្ទុះ​រក​នឹក​ពាក្យ​សមរម្យ​មក​ពិពណ៌នា។​ អ្នកស្រី​ថា​ ធ្វើ​វារី​វប្បកម្ម ​ដូច​ជា​បង្កើត​គណនី​សន្សំ​មួយ​ដូច្នោះ​ដែរ។​

អ្នកស្រី​និយាយថា​៖​ «ចា៎​...​បើ​យើង​រក​មក​ ហើយយើង​អត់​ចិញ្ចឹម​ត្រី​ អ៊ីចឹង​ទៅ​ ​យើង​រក​បាន​នុយ​ [ត្រី​តូចៗ] មក​លក់​ឲ្យ​គេ​អស់​ វា​អត់​សូវ​សល់​លុយ​ អ៊ីចឹង​ណា៎​ ហើយ​ដល់​យើង​ដាក់​ត្រី​ទៅ ​ យើង​រក​បាន​នុយ​មក​ យើង​ដាក់​ឲ្យ​ត្រី​យើង​ស៊ី»។​

រហូត​មក​ដល់​ពេល​នេះ ​ ការ​ចិញ្ចឹម​ត្រី​ បាន​ធ្វើ​ឱ្យ​បង​ប្អូន​បង្កើត​របស់​ពួកគេ​ខ្លះ​ចិញ្ចឹម​ជីវិត​បាន​ដោយ​មិន​បាច់​ចំណាក​ស្រុក។ ​អ្នក​ផ្សេង​ទៀត​ដែល​វីអូអេ​បាន​សម្ភាស ​អះអាង​ថា​ ពួកគេ​មិន​ជោគ​ជ័យ​លើ​វារី​វប្បកម្ម​ទេ។​ អ្នក​ខ្លះ​ឈប់​ ហើយ​អ្នក​ខ្លះ​ទៀត​ មិន​មាន​លទ្ធភាព​ចាប់​ផ្តើម។​

អ្នកស្រី​ ភាវ សូរិយា​ ដែល​ធ្លាប់​ទិញ​កូនត្រី​មក​ចិញ្ចឹម​ក្នុង​បែរ​ក្រោម​ផ្ទះ បាន​ផ្អាក​របរ​ចិញ្ចឹម​ត្រី​នេះ ​កាល​ពី​២​ឆ្នាំ​មុន ​ព្រោះ​អ្នកស្រី​ខាត​ខ្លាំង​ពេក។ ​អ្នកស្រី​ថា​ ​នុយ​ត្រី​កាន់តែ​ថ្លៃ ​ព្រោះ​ត្រី​មិន​សម្បូរ​ដូច​មុន​ ហើយ​ត្រី​របស់​អ្នកស្រី​មួយ​ចំនួន​ឈឺ ​ឆ្លង​ទៅ​ត្រី​ផ្សេង​ទៀត ​...​ងាប់​ទាំង​អស់។ ទាំង​អ្នកស្រី ​រីណា​ និងអ្នកស្រី ​សូរិយា​ ត្អូញ​ត្អែរ​ដែរ​ថា​ ​តម្លៃ​ត្រី​ចិញ្ចឹម​ជា​ទូទៅ​មាន​តម្លៃ​ថោក​ជាង​ពាក់​កណ្តាល​នៃ​ត្រី​ធម្មជាតិ។​

អ្នកស្រី​និយាយ​ថា៖​ «ហើយ​កូនត្រី​ ១​សុទ្ធ​តែ​១០០ ​[រៀល] ​ហើយ​យើង​ដាក់​ម្តង​៤ ​ឬ​៥​ម៉ឺន​ក្បាល ​ស្មើ​៤​ ឬ​៥​រយ​លាន​រៀល។ ​ចុះ​នៅ​ថ្នាំ​វា?​ ចំណីវា? អស់​ដើមច្រើន​ណាស់!​ ​ចិញ្ចឹម​ត្រី​ដេក​មិន​លក់​ទេ! ​យ៉ាប់​ថែ​ជាង​កូន​ទៀត!​ ឈប់​ចិញ្ចឹម​ទៅ​ ​វា​អត់​សូវ​ឈឺ​ចាប់»។​

វិស័យ​វារី​វប្បកម្ម​នៅ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ប្រកួត​ប្រជែង​នៅ​ឡើយ។​

លោក​ ហុង ហ៊ី ​មន្រ្តី​នៃ​រដ្ឋបាល​ជលផល ​ថ្លែង​ថា៖​ ​«ទី១​ចំណេះ​ដឹង​យើង​នៅ​ក្នុង​កម្រិត​ដែល​យើង​នៅ​ត្រូវ​រៀន​សូត្រ​បន្ត។ ​ទី២​ ហេដ្ឋា​រចនា​សម្ព័ន្ធ​យើង​មិន​ទាន់​ប្រកួត​ប្រជែង​នឹង​គេ​បាន។​ ទី៣ ​ធនធាន​មួយ​ចំនួន​ ដូច​ជា​ចំណី​ត្រី​ ពិសេស​ចំណី​ត្រី​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ហ្នឹង​តែ​ម្តង ​មិន​អាច​ប្រកួត​ប្រជែង​នឹង​គេ​បាន។​ តែ​យើង​ទើប​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្តិច​ម្តងៗ»។​

ដើម្បី​វិនិយោគ​លើ​វារី​វប្បកម្ម​ លោក​ Jean Christopher-Diepart ​អ្នក​ស្រាវជ្រាវ​ខាង​ក្សេត្រ​សាស្រ្ត​នៅ​ក្នុង​តំបន់​មេគង្គ ​បាន​ផ្តល់​អនុសាសន៍​ឱ្យ​មាន​ការ​គាំទ្រ​ដល់​ក្រុម​សហគមន៍​នេសាទ​កម្ពុជា​ដែល​បង្កើត​ស្រាប់​ មាន​ប្រមាណ​ ៥១៦​ សហគមន៍​ដើម្បី ពង្រឹង​ជំនាញ​វារី​វប្បកម្ម​នេះ។​

ខណៈ​ផល​ប៉ះពាល់​បរិស្ថាន​ពី​ការ​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ មិន​ត្រូវ​បាន​សិក្សា​ហ្មត់​ចត់​នៅ​ឡើយ​ អ្នក​ជំនាញ​យល់​ថា ​វា​ជា​មធ្យោបាយ​វិជ្ជមាន​មួយ​ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​ស្បៀង​អាហារ​នេះ​ដែល​ផ្តល់​ប្រូតេអ៊ីន។​

នៅ​ពេល​រសៀល​បន្តិច​ក្រោយ​ពី​ហូប​បាយ​ថ្ងៃ​ត្រង់​រួច​លោក​ ពុធ ថាវី ​មក​អង្គុយ​មាត់​ទ្វារ​ផ្ទះ​ក្បែរ​ជជែក​កំដរ​ម្តាយ​មីង​របស់​លោក ​ដែល​កំពុង​អង្គុយ​ដេរ​ប៉ះ​សំណាញ់​ត្រី។ ​ អ្នកស្រី​ ទាវ​ សាវ៉ាត ​ជា​ម្តាយ​មីង​រៀប​រាប់​ថា​ អ្នកស្រី​បាន​ស្គាល់​ត្រី​ច្រើន​ប្រភេទ ពិសេស​បាន​ឃើញប្រ​ភេទ​ត្រី​ដែល​អ្នក​ខ្លះ​មិន​ដែល​បាន​ប្រទះ​ក្នុង​ជីវិត​របស់​ពួក​គេ។​

លោក ​ថាវី​ និយាយ​ថា​ លោក​មិន​ហ៊ាន​គិត​ទៅ​ដល់​អនាគត​ទេ​ មិន​ដឹង​ថា​ វា​នឹង​ទៅ​ជា​យ៉ាង​ដូច​ម្តេច​ទេ ​នៅ​ពេល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ប្រភេទ​ត្រី​មួយ​ចំនួន​ហាក់​ដូច​ជា​បាត់​ស្រមោល​ពី​ក្រសែ​ភ្នែក​លោក​នៅ​តំបន់​ដែល​លោក​រស់​នៅ​ និង​ប្រកប​របរ​នេសាទ៕​

អត្ថបទ​នេះ​ រាយ​ការណ៍​ក្រោម​កម្មវិធី Mekong Data Journalism Fellowship ​ដែល​រៀបចំ​ដោយ​ Earth Journalism Network​ របស់​ Internews'​ និង​ ស្ថាប័ន​ស្រាវជ្រាវ​ The East-West Center។

អាន​អត្ថបទ​នេះ​ជា​ភាសា​អង់គ្លេស​ https://www.voacambodia.com/a/cambodia-s-fish-catch-numbers-don-t-add-up-for-fishers/6354788.html