សង្គម​ស៊ីវិល​សុំ​ EU ​កុំ​​ទិញ​ឈើ​វៀតណាម​ដែល​លួច​ពី​កម្ពុជា

រូបឯកសារ៖​​ ​ជន​ជាតិ​ដើម​ភាគ​តិច​កញ្ជក់​ម្នាក់ ឈរ​នៅ​ក្បែរ​គល់​ឈើ​ ដែល​ត្រូវ​បាន​លួច​កាត់​នៅ​ក្នុង​ព្រៃ​សហគមន៍​ នៅ​ក្នុង​​ភូមិ​កាណាត​ធំ ស្រុកអណ្តូង​មាស​ ខេត្ត​រតនគិរី​ កាល​ពី​ថ្ងៃ​ទី​២ ខែ​ធ្នូ​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)

ក្រុមអង្គការ​សង្គមស៊ីវិល​ចំនួន​ប្រាំពីរ​នៅ​ក្នុងប្រទេស​កម្ពុជា​ ​បានស្នើ​សហភាព​អឺរ៉ុប​ ​ផ្អាក​កិច្ច​សហការ​ជាមួយ​វៀតណាម​ក្នុង​ការនាំ​ឈើ​ចេញ​ពី​ប្រទេស​វៀតណាមដែល​ហៅ​ថា«កិច្ច​ព្រម​ព្រៀង​ដៃ​គូស្ម័គ្រចិត្ត»​ ​ហៅកាត់​ថា (VPA)​ ​រវាង​ប្រទេស​វៀតណាម​ ​និង​សហគមន៍​អឺរ៉ុប​ ដោយ​បារម្ភ​ពី​ វិនាស​កម្ម​ដែល​អាច​កើតមាន​បន្ថែម​ទៀត​ទៅ​លើ​ធនធានព្រៃ​ឈើរបស់​កម្ពុជា។​ ​នេះបើ​តាម​ ​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំងនោះ។​

សេចក្តី​ថ្លែង​ការណ៍​ដែល​បាន​ផ្ញើជូន​ទៅសហភាព​អឺរ៉ុបកាលពីថ្ងៃ​១០ ខែ​តុលា​ ​បាន​បញ្ជាក់​ឲ្យដឹងថា​ នៅក្នុង​ខែតុលា​ ឆ្នាំ​២០១៨នេះ​ សហគមន៍​អឺរ៉ុប គ្រោង​នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដៃគូស្ម័គ្រ​ចិត្ត​នេះ​ ​ជាមួយ​វៀតណាម​ក្រោម​ដំណើរការ​នៃវិធាន​គ្រប់គ្រង​ព្រៃ​ឈើ​ និង​ការអនុវត្តន៍​ច្បាប់​ការ​គ្រប់​គ្រង​ និង​អាជីវកម្ម​ឈើ​របស់​សហគមន៍​អឺរ៉ុប​ ​(The EUTR and FLEG/T)។​ ​ទោះបី​ជា​យ៉ាងណា​ក៏​ដោយ ​មាន​ការ​ខ្វះចន្លោះ​ជា​ច្រើន​នៅក្នុងកិច្ចព្រមព្រៀង​នោះ​ ដែលក្នុងនោះ​ គឺមាន​លំហូរ​ឈើ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់​ចូលទៅ​ទីផ្សារ​វៀតណាម​ ​ពីប្រទេសជិត​ខាង​នានា​ ក្នុងចំណោម​នោះ​ ភាគច្រើន​មក​ពី​កម្ពុជា​តែម្តង។​

ក្រុមអង្គការ​សង្គមស៊ីវិលទាំងប្រាំពីរ ដែលមួយចំនួន​កំពុង​ធ្វើការតស៊ូមតិ​ការពារ​ធនធាន​ព្រៃឈើ​នៅ​កម្ពុជា បាន​ពណ៌នា​នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់ពួកគេ​ចុះថ្ងៃ​ទី​១០​ ​ខែតុលា​ថា​ ​ឧស្សាហកម្មកែ​ច្នៃ​ឈើ​ខ្នាត​ធំ​របស់​វៀតណាម​កំពុងកំណត់​ទិសដៅ​ធនធាន​ព្រៃ​ឈើ​ដ៏សម្បូរបែប​របស់ចាប់​តាំង​ពី​សម័យ​សង្គ្រាម​ជាច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល បានបញ្ជាក់ទៀត​ថា​ លំហូរ​ឈើ​ដ៏ធំធេង​ ដែល​ភាគច្រើនកើតចេញ​ពី​ការ​បំពាន​ច្បាប់​ និងបទ​បញ្ជា​របស់​កម្ពុជា​នេះ​ ត្រូវបាន​ចងក្រង​ទុក​ជាឯកសារ​ ជាច្រើន​លើក​ច្រើន​សារ។ ការ​វិវត្តន៍​ថ្មីៗ​នៃ​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​នៅក្នុងប្រទេស​ឡាវ​ បានបង្កើន​សម្ពាធ​របស់​វៀតណាម​មក​លើ​ព្រៃ​ឈើ​កម្ពុជា​កាន់​តែ​ច្រើន​ថែមទៀត​។ ឈ្មួញ​ឈើ​វៀតណាម​កំពុងតែ​សកម្ម​ក្នុងការ​បំផ្លាញ​រចនា​សម្ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​ ដោយសូកប៉ាន់​មន្ត្រី​រដ្ឋនៅគ្រប់​កម្រិត​នៅតាម​បណ្តាខេត្ត​នានា​ដើម្បី​រក​ស៊ី​ឈើ​ដែល​មាន​តម្លៃ​ទាំងនេះ​ ក្រៅពីក្របខណ្ឌច្បាប់។

សេចក្តី​ថ្លែងការណ៍​របស់​ក្រុមអង្គការ​ស៊ីវិល​បាន​បញ្ជាក់​ថា៖​

​«ជា​រឿយៗ​ ​ប្រជាជន​ជនជាតិដើម​ភាគតិច​ត្រូវបាន​គេបង្ខិត​បង្ខំ​ និង​ធ្វើ​បាប​ឲ្យ​យល់​ព្រម​លក់​ដីព្រៃ​ដូន​តា​របស់​ពួកគេ​ដោយតម្លៃ​តិចតួច»។​

លោក​ ​អ៊ូច ឡេង​ ​អ្នកឃ្លាំ​មើលការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ​និង​ជា​ប្រធាន​ អង្គការ​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស ​(CHRTF) បានប្រាប់​ ​VOA​ ​នៅថ្ងៃ​ច័ន្ទនេះថា​ លោកបាន​ស្នើ​ដល់​ភាគីសហគមន៍​អឺរ៉ុប​ និង​ភាគីវៀតណាម​ជាច្រើនដងមកហើយ​អំពីភាពមិនប្រក្រតីនៃការ​នាំឈើ​ពីកម្ពុជា​ទៅ​វៀត​ណាម​ នៅមុន​ភាគីទាំងពីរគ្រោងចុះកិច្ច​ព្រមព្រៀង​ VPA ​នៅថ្ងៃទី​១៨​ ខែ​តុលា​ខាង​មុខនេះ។

រូបឯកសារ៖​ លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការពិសេស​សិទ្ធិមនុស្ស​កម្ពុជា និង​ជា​ជ័យ​លាភី​ពានរង្វាន់​វីរជន​បរិស្ថាន Goldman Environmental Prize ប្រចាំ​ឆ្នាំ​២០១៦ បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក សាយ មុន្នី ក្នុង​បន្ទប់​ផ្សាយ​របស់​ VOA ក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៦ អំពី​ទទួល​បាន​ពាន​រង្វាន់​ដ៏​ធំ​បំផុត​លើ​ពិភពលោក​ សម្រាប់​សកម្មជន​បរិស្ថាន​ ការពារ​ធនធានធម្មជាតិ​នេះ។​ (VOA)

លោក​មាន​ប្រសាសន៍ថា​ ប្រសិនបើ​សហភាព​អឺរ៉ុប​គឃ្លើន​ចុះកិច្ចព្រម​ព្រៀងនេះ​ជាមួយ​ភាគី​ វៀតណាម​មែននោះ​ នោះលោក​នឹងប្រមូល​ការគាំទ្រ​ជា​លក្ខណៈអន្តរជាតិ​ដាក់​សម្ពាធ​លើ​សហភាព​អឺរ៉ុប​ និង​វៀតណាម​ ឲ្យ​មាន​ការកែ​លម្អ​កិច្ចព្រមព្រៀង​នោះ។​

«ខ្ញុំ​នឹង​តស៊ូក្រាញ​ននៀល​រហូតដល់​សហគមន៍​អឺរ៉ុប ​គាត់ធ្វើ​ការ​ផ្លាស់​ប្តូរចិត្ត​ហើយ​ទោះបី​យ៉ាងណា​ ទោះបី​ជា​សហគមន៍​អឺរ៉ុប​គាត់​បាន​ចុះហត្ថលេខា​យ៉ាងណាក៏ដោយ​ ក៏យើង​អាច​នឹង​គៀងគរ​ពិភព​លោក​ទាំងអស់​ ដើម្បី​ស្តីបន្ទោស​ទៅសហគមន៍​អឺរ៉ុប​ដែល​គាត់​ធ្វើការ​ ការពារ​ព្រៃ​ឈើ​ក៏ដូច​ជា​បរិស្ថាន​ សំឡឹងមើល​ឃើញ​តែ​ផលប្រយោជន៍​រាប់​កោដិ​ដុល្លារ​ពីព្រៃ​ឈើ ដែល​សុំឲ្យគាត់​ផ្លាស់​ប្តូរ​ចិត្ត​ ព្រោះថា​ អ្វីដែល​យើង​រកឃើញ​ គឺ​ថា​ បើមិនមាន​អ្នកទិញទេ​ ក៏អត់​មានអ្នកលក់​ ហើយ​ក៏អត់​មាន​ អ្នកកាប់​ដែរ មកពីអាអ្នកទិញ​ហ្នឹង​ហើយ​ បាន​ធ្វើ​ឲ្យមាន​ វិនាសកម្ម​ព្រៃ​ឈើ​នៅក្នុងប្រទេស​កម្ពុជា​»។

លោក​អ៊ូច ឡេង​ អះអាង​ថា​ លោក​ និង​អង្គការសង្គមស៊ីវិល​ ក៏ដូច​ជា​អាជ្ញាធរកម្ពុជា និង​អ្នកកាសែត មាន​ភស្តុតាង​គ្រ​ប់​គ្រាន់​បញ្ជក់​ថា​ មានការ​រត់ពន្ធ​ឈើ​ពីកម្ពុជា​ទៅវៀតណាម។​

លោក​និយាយ​បន្ថែម​ថា៖​

«អ្នកកាសែត​ក្នុងស្រុក​ក៏មានភស្តុតាង​ អ្នកកាសែត​អន្តរជាតិ​ក៏មាន​ភស្តុតាង​ មន្ត្រី​រដ្ឋាភិបាល​ក៏មាន​ភស្តុតាង​ មន្ត្រីកងរាជអាវុធហត្ថ​របស់​ឯកឧត្តម​សៅ​ សុខា​ ក៏គាត់​មាន​ភស្តុតាង​ មន្ត្រី​ ឯកឧត្តម​ សម្តេច​ក្រឡាហោម​ ក៏លោកមាន​ភស្តុតាង​ ដែលលោកបាននិយាយ​កន្លងមកហើយ បើលោក​អត់​មាន​ភស្តុតាង​លោក​ក៏លោក​អត់​បាន​ អត់​ហ៊ាន​និយាយដែរ​ គឺយើង​មាន​ភស្តុតាង​គ្រប់​គ្រាន់​អំពីការ​រត់ពន្ធ​ឈើ​ទៅប្រទេស​វៀតណាម»។​

កាលពីថ្ងៃ​ទី​២៥​ ខែកញ្ញា​ លោក​ស ខេង​ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃបានប្រាប់ក្រុមមន្ត្រី​លោក ក្នុងពិធី​ជួបជុំ​មួយនៅខេត្ត​បាត់​ដំបងថា​ មានភស្តុតាង​បញ្ជា​ក់​ពីការ​បំផ្លាញឈើ​ ដែល​ភស្តុតាង​ត្រូវបាន​ប្រមូល​ពីប្រព័ន្ធ​ផ្កាយរណប។​

លោក​មាន​ប្រសាសន៍ថា៖

«ទាក់ទងនឹង​ការ​គេ​ថតពីផ្កាយរណប​ អត់មាន​លាក់​អី​ជិត​ទេ​ គេ live ​[ផ្សាយបន្តផ្ទាល់] ​ឲ្យយើង​មើល​ហ្មង ​អាដឹកឈើ​ទៅណា​ ចេញទៅណាៗអី​ គេlive ​ឲ្យយើង​មើល​ហ្មង​ ហើយតាម​ដឹង​ដូច​ជា​មណ្ឌ​ល​គិរី​ ឥឡូវ​សុំផ្តាំ​ទៅ​អភិបាល​ខេត្តមណ្ឌល​គិរី​សុំ​ឲ្យមើល​ បើមិនមើល​ទេ​ ចៅហ្វាយ​ខេត្តហ្នឹង​ក៏មាន​រឿង​ដែរ​ មិនត្រឹម​តែ​មើល​ទេ​ ដោះស្រាយ»។​

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គមស៊ីវិល​ទាំងប្រាំពីរ​ដែលបានផ្ញើទៅកាន់​សហភាព​អឺរ៉ុប​ និង​វៀតណាម​ផងនោះ​ បានបន្តឲ្យដឹងថា​ «អភិបាល​កិច្ច​ទន់​ខ្សោយ​ និងការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាប្រព័ន្ធ​ នៅតែ​ជា​ឧបសគ្គ​ដ៏ចម្បង​មួយ​នៅក្នុងការ​លើក​ស្ទួយ​ការគ្រប់​គ្រង​ព្រៃ​ឈើ​នេះ​ដដែល»។

លោក​ ​កែវ អូម៉ាលីស្ស​ ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​ច័ន្ទ​ ​ថា​មានការ​ឆកល្វែង​នៅ​តាម​ពំ្រដែន​ ​ដែល​បង្កឲ្យ​មានការរត់ពន្ធព្រៃ​ឈើ​ ពីកម្ពុជាទៅ​ប្រទេស​វៀតណាម។​ ​លោក​ឲ្យដឹងថា​ នៅ​ថ្ងៃ​អង្គារ​ស្អែកនេះ​ នឹងមានការ​ជួបប្រជុំ​ជាមួយ​ប្រតិភូ​វៀតណាម​ទទួលបន្ទុក​ព្រៃឈើ​ ដើម្បី​ពិភាក្សាអំពី​បទល្មើស​ព្រៃ​ឈើនេះ។​

«​ថ្ងៃស្អែក​ហ្នឹង​ ​គឺប្រហែល​ខ្ញុំត្រូវ​ជួបជាមួយ​ប្រតិភូ​ខាង​វៀតណាម​ហើយ​ ប៉ុន្តែគេអត់​ទាន់​ដឹងថា​ ម៉ោង​ប៉ុន្មាន​ ហើយ​យើងក៏​ ក៏នឹង​ពិភាក្សា​ជាមួយ​ខាង​ភាគីប្រតិភូ​វៀតណាម​ដែរ​ ដើម្បីធ្វើម៉េច​ រួម​គ្នា​ទប់​ស្កាត់​កុំ​ឲ្យមាន​លំហូរ​ឈើ​ ខុស​ច្បាប់​ នៅតាម​ព្រំដែន​ហ្នឹង​បាទ»។​

លោក​ ​កែវ អូម៉ាលីស្ស​ ​បាន​ឲ្យដឹង​ទៀតថា​ លោកមិនទាន់ឃើញលិខិត​របស់​ក្រុមអង្គការ​សង្គម​ស៊ីវិល​ដែលបាន​ដាក់​ជូនសហភាពអឺរ៉ុបនោះទេ​។ ប៉ុន្តែលោកថា​ សហភាព​អឺរ៉ុប​មាន​តួនាទីមួយក្នុង​ការ​រួម​ចំណែក​ជួយទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើទាំង​នៅកម្ពុជា​ និង​វៀតណាម។​

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​ស្ថានទូត​សហភាពអឺរ៉ុប​ប្រចាំ​នៅកម្ពុជា​ ​តែមិនទាន់មានការ​ឆ្លើយ​តប​មកទល់នឹង​ល្ងាចថ្ងៃ​ច័ន្ទ។​

ក្រុមអង្គការ​សង្គមស៊ីវិល​ដែលបាន​ផ្ញើ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ទៅ​ស្ថានទូត​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​បញ្ជាក់​បន្ថែម​ថា​សហភាព​អឺរ៉ុប ​មាន​មោទនភាព​ក្នុង​ការ​លើកកម្ពស់​បទដ្ឋាន​អន្តរជាតិ​នៅក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​របស់ខ្លួន។​ ​VPA ជាមួយវៀតណាម នៅមានការខ្វះខាត​បទប្បញ្ញត្តិ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ ​ដែលអ្នកសង្កេតការណ៍​ចាត់ទុកថា​មាន​សារៈ​សំខាន់សម្រាប់​ ​VPA​ ​ដើម្បីបំពេញ​គោលបំ​ណង​របស់​ខ្លួន។​

ពួកគេ​បាន​លើកឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ថា៖ «​ការទទួលយកនូវ​លំហូរឈើ​ខុស​ច្បាប់ជាបន្ត​បន្ទាប់ ពីកម្ពុជា​បាន​ដាក់​ការប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ស្ថិត​ក្នុង​ការ​សង្ស័យ​ និង​លទ្ធភាព​នៃ​ការបង្កើត VPA ដោយ​ខ្លួនឯង»។​

ក្រុម​អង្គការ​សង្គម​ស៊ីវិលបាន​សង្កត់​ធ្ងន់ថា​ ពាណិជ្ជកម្ម​ឆ្លងដែន​រវាង​ប្រទេស​កម្ពុជា ​និង​វៀតណាម មិនមែន​ជា​បញ្ហា​បច្ចេកទេស​ដែល​ត្រូវ​ទុក​ឱ្យ​មន្រ្តី ​ព្រៃឈើ​ធ្វើការ​នោះ​ទេ។ វា​គឺជា​ការលួច​ទ្រព្យ សម្បត្តិ​របស់​រដ្ឋ​ទ្រង់​ទ្រាយ​ធំ​ ដែល​មាន​តម្លៃ​រាប់រយលានអឺរ៉ូ​ជារៀង ​រាល់ឆ្នាំ។ ហើយ ក៏មិនមែនជា​បទល្មើស​ដែល​គ្មាន​ជនរងគ្រោះនោះដែរ។ ក្រៅពី​ការធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់​ស្រយ៉ាល ​នៃ​ប្រទេសកម្ពុជា​ កាន់តែក្រ​ទៅៗ​នោះ ​ឧទ្យានុរក្ស​ខ្លះ ​អ្នកអភិរក្ស​ខ្លះ​ និង​អ្នកកាសែត​ជាច្រើន​នាក់ ត្រូវ​បាន​ ​សម្លាប់​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ​ទាក់ទង​ទៅនឹង​ការជួញដូរ​ខុស​ច្បាប់​នេះទៀត​សោត​។

ក្រុម​អង្គការ​សង្គម​ស៊ីវិលដដែល​ បានលើកជាអនុសាសន៍ថា​ ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ VPA ​«គួរតែ​ត្រូវបាន​ពន្យារពេល»។ វាគួរតែ​ដាក់​លក្ខខណ្ឌ​លើប្រទេស​វៀតណាម​ ដោយប្រកាស​ឲ្យ​ផ្អាក​ការ​នាំឈើចេញ​ទាំងអស់​ ពីព្រៃ​ធម្មជាតិ​នៃប្រ​ទេស​កម្ពុជា​ រហូតមកដល់​មានការ​កំណត់​តួនាទី​លើប្រព័ន្ធ​ធានារ៉ាប់រង​ឈើស្រប​ច្បាប់​ (TLAS)​ នានា​ ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​កិច្ចព្រម​ព្រៀងVPA ​នេះ​ ឲ្យបាន​ច្បាស់​លាស់​ជាមុនសិន។​

អង្គការ​ឃ្លាំមើល​ព្រៃឈើ​ ​Forest Trends​ ​បាន​ផ្សព្វផ្សាយ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ថា​ ​ទិន្នន័យ​របស់​គយ​វៀតណាម​បង្ហាញ​អំពី​ការ​កើន​ឡើង​ដ៏​គួរឲ្យ​កត់​សម្គាល់​អំពី​ការ​នាំ​ចូល​ឈើហុប​ ​និង​ឈើ​អារ​ពី​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​ ​២០១៧។​

ទិន្នន័យ​ដែល​ចងក្រង​ដោយ​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ ​Forest Trends​ ​នោះ​បាន​បង្ហាញ​ថា​ ​ឈើ​ប្រ​មាណ​ជាង១៦ម៉ឺន​ ​(១៦៣.០៧១)​ ​ម៉ែត្រគូប​របស់​កម្ពុជា​ ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ​ ​២០១៧ ពោល​គឺ​មានការ​កើនឡើង​ចំនួន​១៧​ភាគរយ​ លើស​ពីឆ្នាំ​មុន ហើយ​តម្លៃ​នៃ​ការនាំ​ចេញ​ ​បាន​កើនឡើង​ដល់​ ​២១​ភាគរយ​ ​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជា​ ​៤០លាន​ដុល្លារ​អាមេរិក៕