ភ្នំពេញ៖ សាលាដំបូងខេត្តព្រះសីហនុបានដោះលែងសេដ្ឋីជាតិរុស្ស៊ីអ្នកដែលមានរឿងចម្រូងចម្រាស់ក្នុងការបង្ខំកម្មករនាវាឲ្យលោតទឹកសមុទ្រកាលពីខែធ្នូឲ្យស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃពុធនេះ។ នេះបើយោងតាមមេធាវីនិងអ្នកបកប្រែភាសា។
លោក ប៉ូឡុនស្គី សេហ្គេ (Polonsky Sergei) អាយុ៤១ឆ្នាំដែលជាម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានពស់និងមានសណ្ឋាគារនៅកោះដែកគោលត្រូវដោះលែងកាលពីវេលាម៉ោង១១និង៣០នាទីតាមសំណើរបស់មេធាវីគឺលោកឡុង សាលុច្ស។
លោកឡុង សាលុច្សបញ្ជាក់ថាការដោះលែងដោយសំអាងថាករណីបទល្មើសកូនក្តីរបស់លោកជាករណីមជ្ឈិមហើយកូនក្តីរបស់លោកមានមុខរបរច្បាស់លាស់។
«គេសម្រេចឲ្យគាត់នៅក្រៅឃុំជាបណ្តោះអាសន្ន។ វាមានមូលហេតុដែលថាវាជាបទល្មើសមជ្ឈិម មិនធ្ងន់ធ្ងរដូចបទឧក្រិដ្ឋ។ ហើយគាត់មានមុខរបរច្បាស់លាស់របស់គាត់»។
លោកប៉ូឡុនស្គី សេហ្គេ ព្រមទាំងជនជាតិរុស្ស៊ីពីរនាក់ទៀតត្រូវចាប់ខ្លួននៅកណ្តាលសមុទ្រកាលពីថ្ងៃទី៣០ខែធ្នូ ឆ្នាំមុនបន្ទាប់ពីពួកគេបានចាប់បង្ខាំងបុគ្គលិកនាវារបស់ខ្លួនចំនួន៦នាក់ នៅក្នុងបន្ទប់ទឹកដោយប្រើកាំបិតចុងស្រួចភ្ជុងករួចបង្ខំឲ្យពួកគេលោតទឹកសមុទ្រ។
ហេតុការណ៍នេះបានកើតមានឡើងនៅចំណុចកោះដំឡូងហើយក្រោយពីកើតហេតុរួចមកជនជាតិ រុស្ស៊ីទាំងបីនាក់ក៏បើកនាវាចេញដំណើរចោលជនរងគ្រោះ។
ប៉ូឡុនស្គី សេហ្គេ (Polonsky Sergei)ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់និងប្រើអំពើហិង្សា។ ចំណែកជនជាតិរុស្ស៊ីពីរនាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទឃុបឃិតនិងផ្សំគំនិត។
ជនជាតិរុស្ស៊ីពីរនាក់ទៀតត្រូវដោះលែងឲ្យនៅក្រៅឃុំកាលពីពេលថ្មីៗមុននេះ។
លោកតឹល សាមុតអ្នកបកប្រែភាសារុស្ស៊ីនិយាយថាមហាសេដ្ឋីជនជាតិរុស្ស៊ីសម្តែងក្តីរីករាយប៉ុន្តែមិនបាននិយាយអ្វីក្រៅពីនោះទេ។
«ពីព្រឹកម៉ិញគាត់អត់បាននិយាយអីទេពីព្រោះគាត់ហាក់ដូចជាមានអារម្មណ៍សប្បាយរំភើបពេក។ គាត់គ្រាន់តែចាប់ឱបខ្ញុំតែប៉ុណ្ណឹងហើយបានចាប់ដៃលោកមេធាវី»។
ចៅក្រមនិងព្រះរាជអាជ្ញាដែលកាន់សំណុំរឿងសេដ្ឋីរុស្ស៊ីនេះមិនអាចទាក់ទងបានទេដោយសារតែទូរស័ព្ទរបស់ពួកអស់លោករោទិ៍ដោយគ្មានអ្នកទទួល។
យ៉ាងណាក៏ដោយមេធាវីលោកឡុង សាលុច្សនិយាយថាសំណុំរឿងកូនក្តីរបស់លោកកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយនិងមិនទាន់មានការកំណត់ពីកាលបរិច្ឆេទសវនាការទេ។
លោកតឹល សាមុត ឲ្យដឹងថាសេដ្ឋីរូបនោះបានត្រឡប់ទៅដល់កោះដែកគោលហើយនៅរសៀលថ្ងៃពុធនេះ៕