គណបក្សគ្រប់គ្រងអំណាច និងគណបក្សប្រឆាំងកំពុងខំប្រឹងប្រែងធើ្វយុទ្ធនាការឃោសនាទាក់ទាញអ្នកបោះឆ្នោតរបស់គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សនរោត្ត រណឫទិ្ធ ដែលមិនបានចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភានេះ។
នៅក្នុងអាណតិ្តទី២ គណបក្សហ៊្វុនស៊ិនប៉ិចមានសមាជិកព្រឹទ្ធសភាចំនួន១០រូប (មុនការបែកបាក់គ្នា) គណបក្សសម រង្ស៊ី ចំនួន២រូប និងគណបក្សប្រជាជនកម្ពុជាចំនួន៤៥រូប។
អ្នកមានសិទិ្ធបោះឆ្នោតព្រឹទ្ធសភាគឺសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាង១០០០០នាក់ ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន៦១ រួមមានពីររូបតែងតាំងដោយព្រះមហាក្សត្រ និងពីររូបទៀតតែងតាំងដោយរដ្ឋសភា។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសម រង្ស៊ី ដែលបានចូលរួមក្នុងការបោះឆ្នោតព្រឹទ្ធសភា មានពេលឃោសនាចំនួន២១ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែមករា។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថែ្លងថា គណបក្សសម រង្ស៊ីបានប្រើយុទ្ធសាស្រ្តប្រមូលផ្តុំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅតាមការិយាល័យគណបក្សរៀងៗខ្លួន ដើម្បីសម្តែងភាពស្មោះត្រង់ចំពោះគណបក្ស និងម្ចាស់ឆ្នោត ដោយគ្មានការដង្ហែរក្បួនឃោសនាជាទ្រង់ទ្រាយធំនោះទេ។
«ការចំណាយលើការឃោសនាទ្រង់ទ្រាយធំគឺជាការចំណាយ ដ៏គ្មានប្រយោជន៍។ គណបក្ស សម រង្ស៊ី សន្សំសំចៃធនធានថវិកាសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ ហើយយើងចាប់ដំណើរការឃោសនាក្នុងទ្រង់ទ្រាយថ្នាក់ខេត្ត ថ្នាក់ស្រុកនិងថ្នាក់ឃុំ។ យើងជួបតែអង្គបោះឆ្នោតរបស់គណបក្ស ដើម្បីពង្រឹង ហើយរួមគ្នាសម្តែងឆន្ទៈស្មោះត្រង់ជាមួយម្ចាស់ឆ្នោតដែលបានបោះឆ្នោតឲ្យគាត់ធើ្វជាក្រុមប្រឹក្សាឃុំ សង្កាត់ ក្លាយទៅជាអង្គបោះឆ្នោត ដើម្បីបោះឆ្នោតព្រឹទ្ធសភា។
«យើងមិនធើ្វការឃោសនាហែក្បួនទ្រង់ទ្រាយធំតាមខេត្ត តាមស្រុក និងតាមក្រុងនោះទេ»។
លោកអ៊ក គឹមហ៊ាន ប្រធាននាយកដ្ឋានបូកសរុបប្រចាំទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជាបានដង្ហែក្បួនឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនៅថៃ្ងដំបូង ចំថៃ្ង៧ មករា ហើយថ្ងៃបន្ទាប់មក ធើ្វការឃោសនាតាមមូលដ្ឋានរៀងៗខ្លួន។
លោកទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាបានធើ្វសកម្មភាពដង្ហែក្បួនឃោសនាទ្រង់ទ្រាយធំៗ ច្រើនជាងគណបក្សសម រង្ស៊ី។
លោកយឹម សុវណ្ណបានត្អូញត្អែរថា គណបក្សសម រង្ស៊ីបានប្រឈមនឹងភាពយឺតយ៉ាវនៃការចុះឈ្មោះអ្នកបោះឆ្នោតរបស់គណបក្ស សម រង្ស៊ី១០ទៅ២០នាក់នាក់ ហើយមានការផ្លាស់ប្តូរ និងការទិញទឹកចិត្តកើតមានស្ទើរគ្រប់ខេត្ត ក្រុង។
លោកយឹម សុវណ្ណបានលើកឡើងថា មនុស្សរបស់គណបក្សប្រជាជនកម្ពុជាព្យាយាមទិញទឹកចិត្តអ្នកបោះឆ្នោតរបស់គណបក្សសម រង្ស៊ី ដើម្បីបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។
«ពេលវេលានេះគឺជាពេលវេលានៃការតស៊ូរវាងអ្នកដែលព្យាយាមទិញសន្លឹកឆ្នោតគឺគណបក្សកាន់អំណាចជាមួយនឹងអង្គបោះឆ្នោតនៃគណបក្សសម រង្ស៊ី។ គណបក្សសម រង្ស៊ីគ្មានជំនឿលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូល កាត់សេចក្តីអំពីជម្លោះបោះឆ្នោតទេ។ យើងរិះរកមធ្យោបាយដោយខ្លួនឯង ដើម្បីការពារសន្លឹកឆ្នោត និងឆន្ទៈប្រជាពលរដ្ឋដោយខ្លួនឯង»។
លោកអ៊ក គឹមហ៊ាន ប្រធាននាយកដ្ឋានបូកសរុបប្រចាំទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា បានបដិសេធការចោទប្រកាន់នេះ។
«វាមិនមែនជាការទិញទឹកចិត្តទេ។ អាហ្នឹងជាការឃោសនាកម្មវិធីនយោបាយរបស់គេ។ ជួនកាល សមាជិកគណបក្សសម រង្ស៊ី ឃើញកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាល្អ គេអាចបោះឆ្នោតឲ្យដែរ។ បើថា ទិញទឹកចិត្ត គ្មានទេ។ ខាងខ្ញុំគ្មានប្រាក់ទិញទេ។ បើសិនជាបង្កើតការទិញទឹកចិត្តនោះ គណបក្សប្រជាជនកម្ពុជាប្រហែលទិញទឹកចិត្តមិនឈ្នះខាងគណបក្សសម រង្ស៊ីទេ»។
ទោះបីជាយ៉ាងនេះក្តី លោកទេព នីថាបានថ្លែងថា លោកមិនទាន់បានទទួលពាក្សបណ្តឹងអំពីការទិញទឹកចិត្តពីគណបក្សនយោបាយណាមួយនៅឡើយទេ។
«ជាទូទៅ ពុំទាន់មានភស្តុតាងអំពីបញ្ហានេះទេ។ ហើយករណីមានបណ្តឹង គ.ជ.ប.នឹងស្រាវជ្រាវ ដើម្បីដោះស្រាយទៅតាមច្បាប់ និងនីតិវិធី»។
ការបោះឆ្នោតព្រឹទ្ធសភានឹងធើ្វឡើងនៅថ្ងៃទី២៩ ខែមករាខាងមុននេះ។