គណបក្សរាជានិយមចំនួនពីរគឺគណបក្សនរោត្តម រណឫទ្ធិនិងគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃព្រហស្បតិ៍នេះបានចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពគ្នាឡើងវិញបន្ទាប់ពីបានខ្វែងគំនិតខាងផ្លូវនយោបាយអស់រយៈពេលជាងប្រាំមួយឆ្នាំ។
ការសម្រេចចងសម្ព័ន្ធគ្នាឡើងវិញរវាងគណបក្សរាជានិយមទាំងពីរនេះបានធ្វើឡើងនៅឯវិមានសន្តិភាពដែលជាអគាររបស់រដ្ឋាភិបាលក្រោមការសម្របសម្រួលពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខាងគណបក្សប្រជាជនកម្ពុជា។
ការសម្របសម្រួលនេះបានធ្វើឡើងនៅក្នុងពេលដែលគណបក្សនយោបាយកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតបានពាក់កណ្តាលផ្លូវសម្រាប់ការចូលរួមប្រកួតប្រជែងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ខាងមុននេះ។បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយគ្នាដែលធ្វើឡើងដោយគណបក្សនរោត្តម រណឫទ្ធិដែលតំណាងដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងលោកញ៉ឹក ប៊ុនឆៃ ខាងភាគីគណបក្សហ៊្វុនស៊ិនប៉ិចរួចមក ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិបានមានព្រះបន្ទូលប្រាប់ក្រុមអ្នកកាសែតនៅឯអគារវិមានសន្តិភាពថា គណបក្សទាំងពីរបន្ទាប់ពីចុះកិច្ចព្រមព្រៀងនឹងឈានទៅដល់ការបង្កើតគណបក្សថ្មីមួយខាងមុខនេះ ដោយដាក់ឈ្មោះថាគណបក្សហ៊្វុនស៊ិនប៉ិច។ ព្រះអង្គបានមានបន្ទូលថាគណបក្សហ៊្វុនស៊ិនប៉ិចថ្មី នឹងត្រូវបង្កើតឡើងក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សម្រាប់ការចូលរួមការបោះឆ្នោតជាសកលនៅក្នុងឆ្នាំ២០១៣។
ព្រះអង្គបានបញ្ជាក់ថាគណបក្សហ៊្វុនស៊ិនប៉ិចថ្មី គ្រោងនឹងធ្វើសមាជនៅពេលខាងមុខ ដោយសម្រេចគាំទ្រព្រះអង្គជាប្រធានគណបក្ស ហើយលោកញឹក ប៊ុនឆៃ ជាអនុប្រធានគណបក្ស។
«ដែលមានការបង្រួបបង្រួមគិតពីខ្លួនឯងឲ្យខ្លាំងជាកម្លាំងជាតិជាមុនសិន។ ក៏ប៉ុន្តែសូមរំលឹកជូន ដោយសារតែរឿងយើងបែកបាក់គ្នាហ្នឹងហើយ បានមានឈាមរាជានិយមខ្លះ អញ្ជើញទៅគណបក្សប្រជាជន អញ្ជើញទៅគណបក្សសម រង្ស៊ី អញ្ជើញទៅគណបក្សកឹម សុខា។ ដូច្នេះទិសដៅរបស់ខ្ញុំ មិនមែនទៅធ្វើឲ្យគណបក្សណាខ្សោយទេ។ ទិសដៅរបស់ខ្ញុំថ្ងៃនេះ ដែលជាប្រវត្តិសាស្ត្រ គឺធ្វើម៉េចពង្រឹងឡើងវិញនូវកម្លាំងរាជានិយម»។
បន្ទាប់ពីមានបក្សប្រហារក្នុងគណបក្សហ៊្វុនស៊ិនប៉ិច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០០៦ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានភៀសព្រះកាយចេញពីប្រទេសកម្ពុជា រហូតឈានទៅដល់បង្កើតគណបក្សថ្មីមួយដោយដាក់ឈ្មោះព្រះអង្គផ្ទាល់ខ្លួនឯង គឺគណបក្សនរោត្តម រណឫទ្ធិ។
លោកញ៉ឹក ប៊ុនឆៃ ប្រធានប្រតិបត្តិគណបក្សហ៊្វុនស៊ិនប៉ិច បានមានប្រសាសន៍ថាលោកមានការសប្បាយរីករាយ ដោយបានឃើញគណបក្សរាជានិយមទាំងពីរបានរួបរួមគ្នានៅក្នុងរង្វង់គ្រួសារតែមួយ។ លោកបានមានប្រសាសន៍ថាគណបក្សទាំងពីរ នឹងមិនបែកគ្នាទេ នៅពេលអនាគត។
«ការបែកបាក់ហ្នឹង យើងវាឃើញគ្នាហើយថាជូរចត់ណាស់។ ហើយរាជានិយម វាចុះខ្សោយ។ យើងខ្ញុំរីករាយណាស់ ដែលថ្ងៃនេះអ្នករាជានិយមបានរួបរួមគ្នាជាកម្លាំងមួយធំ។ ជាចំណែករួបរួមនៅក្នុងសង្គមជាតិ ដើម្បីយើងធ្វើយ៉ាងណាឲ្យឱកាសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន»។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមួយរូបបានយល់ឃើញថា ការរួបរួមគ្នារវាងគណបក្សទាំងពីរ ដោយសារតែគណបក្សប្រជាជនកម្ពុជាចង់ឃើញគណបក្សទាំងពីររស់នៅក្រោមដំបូលឆ័ត្ររបស់ខ្លួន។ លោកបានបញ្ជាក់ថាគណបក្សទាំងពីរ នឹងមិនទទួលបានសំឡេងការគាំទ្រពីប្រជាពលរដ្ឋទេ បើទោះបីជាមានការរួបរួមគ្នាក៏ដោយ។
«បើតាមប្រវត្តិពីមុនៗ មកហ្នឹងបក្សហ្នឹង ដូចជាវាសនាក៏មិនជាល្អ ដូចហែកមេឃឡើងវិញដែរ។ ព្រោះអាចប្រជាជនគាត់យល់ថា វាដដែលៗ ហើយគាត់ថាបោះឆ្នោតខាតតែសំឡេង។ ដូច្នេះបោះឆ្នោតឲ្យគណបក្សកាន់អំណាចតែម្តងទៅ»។
លោកកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានមានប្រសាសន៍ថា នេះគឺជាកលល្បិចមួយរបស់គណបក្សប្រជាជនកម្ពុជាដែលគេត្រូវការគណបក្សរាជានិមយទាំងពីរ ឲ្យជួយបំបែកសំឡេងនៅក្នុងមូលដ្ឋាន។
«ជម្រើសរបស់គាត់គឺមានតែមួយទេ រវាងហ៊្វុនស៊ិនប៉ិច ហើយរណឫទ្ធិ មានតែថយខ្លួនឲ្យឆ្ងាយពីគណបក្សប្រជាជនកម្ពុជាមករួមជាមួយអ្នកដែលប្រឆាំងនិងអ្នកដែលប្រជាធិបតេយ្យទាំងអស់គ្នានេះ។ អាហ្នឹងទើបគាត់មានវាសនាអនាគតនយោបាយទៅមុខទៀត។ ហើយបើសិនជាគាត់ទៅជ្រកក្រោមដំបូលគេ ត្រឹមបម្រើយុទ្ធសាស្ត្រគេ គឺអត់មានអីដែលត្រូវជីវិតនយោបាយតទៅទៀតទេ»។
គណបក្សនរោត្តម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលកើតចេញពីរាជានិយមតែមួយបានថយចុះសំឡេងពី ៥៨អាសនៈ កាលពីឆ្នាំ១៩៩៣ មកនៅត្រឹមតែ ២អាសនៈដូចគ្នាតែប៉ុណ្ណោះកាលពីឆ្នាំ២០០៨ បន្ទាប់ពីគណបក្សទាំងពីរបានពុះបំបែកចេញជាពីរ៕