ដាំណាំពោត សណ្ដែក នឹងផ្តល់ផលល្អប្រសើរសម្រាប់រដូវប្រមូលផលកសិកម្មឆ្នាំ ២០១២។ នេះគឺជាទំនាយបានមកពីការផ្សងតាមរបៀបប្រពៃណីបុរាណនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅកាលពីព្រឹកថ្ងៃពុធនេះ។ ក៏ប៉ុន្ដែមិនមានការទស្សទាយពីផលស្រូវនោះទេ។
លោក កង កេន ដែលជាអាចារ្យព្រហ្មប្រឡោហិត បានប្រកាសនៅទីបញ្ចប់នៃព្រះរាជពិធីច្រត់ព្រះនង្គ័លលើវាលព្រះមេរុ ខាងជើងជាប់ព្រះបរមរាជវាំងក្រុងភ្នំពេញ ដោយផ្អែកតាមការបរិភោគចំណីរបស់ឧសភរាជ។
http://www.voanews.com/templates/widgetDisplay.html?id=150858755&player=article
«ពោតក្នុងឆ្នាំនេះទទួលផលបានល្អប្រសើរ។ សណ្ដែកទទួលផលបានល្អ។ ក្នុងឱកាសនេះដែលគោ ឧសភរាជ បានបរិភោគស្មៅបានសេចក្ដីថា ឆ្នាំនេះកម្លាំងអូសទាញទាំងអស់មានគោក្របី និងសេះត្រូវជួបប្រទះនឹងជំងឺបៀតបៀនបន្តិចបន្តួច»។
ព្រះរាជពិធីច្រត់ព្រះនង្គ័លធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៤រោច ខែពិសាខ ឬត្រូវនឹងខែឧសភា ដើម្បីជានិមិត្តរូបនៃការចាប់ផ្តើមការភ្ជួររាស់ដាស់ដីធ្វើស្រែចម្ការរបស់ប្រជាកសិករខ្មែរ និងសម្រាប់ទស្សទាយទុកពីទិន្នផលដំណាំកសិកម្មប្រចាំឆ្នាំ។ ការទស្សទាយតាមរយៈការផ្សងឲ្យឧសភារាជបរិភោគចំណីចំនួនប្រាំពីរមុខ មានពោត សណ្ដែក ល្ង ស្រូវ ទឹក ស្រា និងស្មៅ។ ប្រសិនបើគោស៊ីស្រូវច្រើនទំនាយថា ប្រជាកសិករនឹងប្រមូលផលស្រូវបានបរិបូណ៌។
ក្រោមព្រះរាជាធិបតីរបស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ស្ដេចនាគក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំនេះ តំណាងដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ និងព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ចាន់ស៊ីដា ជាព្រះនាងមេហួ។ ស្តេចនាគ និងព្រះនាងមេហួ ត្រូវភ្ជួរនិងសាបស្រូវលើព្រះស្រែចំនួនបីជុំ រួចទើបលែងឧសភារាជចំនួនពីរក្បាលឲ្យស៊ីចំណីទាំងប្រាំពីរមុខ ដែលគេដំកល់លើជើងពានរួចជាស្រេច។ ឧសភរាជមិនបានបរិភោគចំណីផ្សេងក្រៅពីស្មៅ ពោត និងសណ្ដែកនោះទេ។
អ្នកស្រី ប្រែង រាប អាយុ៧៨ឆ្នាំ មកពីស្រុកបាភ្នំ ខេត្ពព្រៃវែង។ អ្នកស្រីបានមកទស្សនាព្រះរាជពិធីជាប្រពៃណីនេះជាលើកទី១។ អ្នកស្រីខ្វាយខ្វល់ពីទិន្នផលស្រូវនៅពេលដែលគោឧសភរាជ មិនបានស៊ីស្រូវដែលគាត់គិតថា វាអាចជាប្រថ្នូលមួយមិនល្អសម្រាប់ផលស្រូវឆ្នាំនេះ។
«ខ្ញុំធ្វើតែស្រែអត់មានចម្ការពោត សណ្ដែកអ្វីហ្នឹងគេទេ។ ហើយដល់ពេលគោមិនស៊ីស្រូវអញ្ចឹង ព្រួយបារម្ភដែរ។ កន្លងមកដូចជាត្រូវៗ ហើយខ្ញុំជឿដែរ»។
លោកនាយករដ្ឋមន្ដ្រីកម្ពុជា ហ៊ុន សែន ធ្លាប់បានរិះគន់លើការទស្សទាយមិនសុក្រិត ដោយព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ហើយលោកមិនបានមានវត្តមានក្នុងពិធីនេះទេ។
លោកអាចារ្យព្រហ្មប្រឡោហិត កង កេន បានបញ្ជាក់ក្នុងពិធីច្រត់ព្រះនង្គ័លនេះថា ការទស្សទាយនេះគ្រាន់តែជាការផ្សងប្រថ្នូលតាមទម្លាប់ព្រះរាជប្រពៃណីយ៍ពីបុរាណតែប៉ុណ្ណោះ ប៉ុន្ដែជាមួយគ្នានេះព្រះរាជពិធីនេះក៏ជាសារមួយដល់ប្រជាកសិករថា រដូវបង្កបង្កើនផលបានមកដល់ហើយ៕