វ៉ាស៊ីនតោន៖ ប៉ុន្មានថ្ងៃក្រោយពីក្រសួងការបរទេសស.រ.អា.បានដាក់ប្រទេសកម្ពុជាស្ថិតក្នុងប្រទេសដែលមានបញ្ហារំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនោះ ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិមួយចំនួនបានព្រមានថា ការមិនព្រមកែទម្រង់បញ្ហារំលោភសិទ្ធិមនុស្សនឹងប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីស្ថានភាពសិទ្ធិមនុស្សពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្រសួងការបរទេសស.រ.អា.បាននិយាយថា បញ្ហារំលោភសិទ្ធិមនុស្សកើតចេញពីប្រព័ន្ធតុលាការដែលស្ថិតនៅក្រោមសម្ពាធនយោបាយ អំពើពុករលួយ ការសម្លាប់ក្រៅច្បាប់ ការរិតត្បិតសេរីភាពបញ្ចេញមតិ ការរិតត្បិតសិទ្ធិជួបប្រជុំតវ៉ា ការរិតត្បិតមន្ត្រីសង្គមស៊ីវិល ការចាប់ខ្លួនដោយខុសច្បាប់ ការជម្រិតយកចម្លើយក្នុងបន្ទប់ឃុំឃាំង ការមិនដាក់ទោសទណ្ឌដល់អ្នកប្រព្រឹត្តខុសឬ និទណ្ឌភាពជាដើម។
«ប្រព័ន្ធយុត្តិធម៌ ដែលទន់ខ្សោយ ហើយដែលពេលខ្លះខកខានមិនកាត់ទោសដោយយុត្តិធម៌ ត្រឹមត្រូវ ឬតាមច្បាប់នីតិវិធីនោះ បានបន្តធ្វើឲ្យកើតមានបញ្ហាដល់សិទ្ធិមនុស្ស»។
របាយការណ៍នោះបាននិយាយថា គណបក្សប្រជាជនកម្ពុជាគ្រប់គ្រងអំណាច និងកាន់កាប់ស្ថាប័នទាំងបីគឺនីតិបញត្តិ នីតិប្រតិបត្តិ តុលាការ និងស្ថាប័នជាតិដទៃទៀត ដែលអំណាចភាគច្រើនប្រមូលផ្តុំនៅលើដៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ប្រព័ន្ធតុលាការស្ថិតនៅក្រោមឥទ្ធិពលនយោបាយ និងពុករលួយ ដោយសារតែខ្វះធនធានហិរញ្ញវត្ថុ និងធនធានមនុស្សបន្ថែមលើការសម្លាប់ក្រៅច្បាប់ ការរំលោភបំពានដីធ្លី ការចាប់ខ្លួនដោយសេរី និងខុសច្បាប់ ការរិតត្បិតសេរីភាពបញ្ចេញមតិ ការរិតត្បិតសិទ្ធិប្រមូលផ្តុំដោយការដាក់ទោសព្រហ្មទណ្ឌរឿងផ្តល់ព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ និងបទញុះញង់ជាដើម។ ក្រៅពីនេះមានការជម្រិតយកចម្លើយដោយមន្ត្រីសន្តិសុខក្នុងបន្ទប់ឃុំឃាំង ការរំលោភ និងជួញដូរស្ត្រី និងកុមារ បញ្ហាខ្វះការអប់រំ ការកើតមានអំពើហិង្សាក្នុងគ្រួសារនិងបញ្ហានិទណ្ឌភាពជាដើម។
របាយការណ៍ដដែលបានលើកយកករណីសម្លាប់អ្នកការពារបរិស្ថានម្នាក់គឺលោកឈុត វុទ្ធី ការសម្លាប់កុមារីនៅខេត្តក្រចេះពេលមានការតវ៉ារឿងដីធ្លី ការបាញ់កម្មករបីនាក់នៅស្រុកបាវិត ខេត្តស្វាយរៀងដែលគេសង្ស័យថាប្រព្រឹត្តដោយលោកឈូក បណ្ឌិត អភិបាលស្រុកជាដើម។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចាត់ទុកថា របាយ ការណ៍សិទ្ធិមនុស្សរបស់ស.រ.អា.ជារឿងសំខាន់បំផុតមួយដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់។ លោកថ្លែងថា ការកែប្រែ ឬមិនកែប្រែគឺអាស្រ័យទៅលើឆន្ទៈរបស់រដ្ឋាភិបាលផងនិងឆន្ទៈរបស់ប្រជាពលរដ្ឋផង។
«តែបើរដ្ឋាភិបាលអត់ចង់ធ្វើទេ អាហ្នឹងសេ្រចទៅលើប្រជាពលរដ្ឋក្នុងការបង្ហាញនូវឆន្ទៈប្រាប់ទៅអ្នកនយោបាយថា ខ្លួនចង់បានប្រព័ន្ធយុត្តិធម៌មួយដែលត្រឹមត្រូវ ដែលជួយការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋ ដូចជាដីធ្លី ហើយចង់បានអំពើយុត្តិធម៌នៅក្នុងសង្គមរបស់យើង ជាទូទៅ។ អាហ្នឹងជារឿងដែលសំខាន់បំផុត»។
លោកអ៊ូ វីរៈដែលអះអាងថា អ្វីដែលអង្គការលោកលើកឡើងក្តី អង្គការផ្សេងទៀតលើកឡើងក្តីនិងស.រ.អា.លើកឡើងក្តីគឺមិនមែនជាការស្តីបន្ទោសដល់រដ្ឋាភិបាលទេ តែជាការចង់ឃើញកំណែទម្រង់បញ្ហារំលោភសិទ្ធិមនុស្សដែលរដ្ឋាភិបាលអាចធ្វើបាន ហើយមានមិត្តជាច្រើនរង់ចាំជួយ។
លោកអំ សំអាត ប្រធានក្រុមស៊ើបអង្កេតនៃអង្គការលីកាដូ បានអះអាងថា របាយការណ៍នេះបានឆ្លុះបញ្ចាំងការណ៍ពិតមួយចំនួនស្តីពីបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ជាពិសេសបញ្ហាតុលាការ ដែលស្ថិតនៅក្រោមឥទ្ធិពលមន្ត្រីមានអំណាច។
«អញ្ចឹងហើយរបាយការណ៍ទាំងអស់នេះយើងគិតថា រាជរដ្ឋាភិបាលគួរតែ ពិចារណា ហើយរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងឡើងវិញដើម្បីកុំឲ្យមានការរិះគន់ ឬការចោទប្រកាន់ពីសំណាក់មតិអន្តរជាតិ ជាបន្តទៅទៀត»។
ក្រុមមន្ត្រីសិទ្ធិមនុស្សបានអះអាងថា ការរិៈគន់ពីអន្តរជាតិច្រើន ហើយការមិនអើពើរបស់រដ្ឋាភិបាលក្នុងការកែទម្រង់នោះ នឹងនាំឲ្យមានការប៉ះពាល់ដល់វិនិយោគទុន ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ប៉ះពាល់ដល់ជំនួយ ដូចជាការប្រកាសបង្កកជំនួយកន្លងទៅដោយធនាគារពិភពលោក ហើយនឹងធ្វើឲ្យមានការដាក់ចំណាត់ថ្នាក់ទាបសម្រាប់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
របាយការណ៍សិទ្ធិមនុស្សរបស់ក្រសួងការបរទេសស.រ.អា.បានបញ្ជាក់ទៀតថា គណបក្សប្រជាជនគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ហើយគ្មានបំណងឲ្យគណបក្សជំទាស់ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទេ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបន្តនិយាយបង្ខូចកេរ្តិ៍ឈ្មោះលោកសម រង្ស៉ីជាសាធារណៈ។ អង្គការជាតិ អន្តរជាតិប្រឈមមុខនឹងការគម្រាមកំហែងនិងចំណាត់ការផ្លូវច្បាប់ ហើយនឹងការរំខានដោយការិយាធិបតេយ្យ ដែលជាការរារាំងដល់ការជួបប្រជុំ។
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យមួយរូបនៃទីស្តីការ គណៈរដ្ឋមន្ត្រី បានអះអាងថា របាយការណ៍សិទ្ធិមនុស្សរបស់ស.រ.អា.នេះឆ្លុះបញ្ចាំងពីអតីតកាលជាជាងអ្វីដែលរដ្ឋាភិបាលបានធ្វើឲ្យរីកចម្រើន។
«របាយការណ៍ហ្នឹងគ្រាន់តែជាការលើកឡើងនៃការចាប់អារម្មណ៍ នៃការយកចិត្តទុកដាក់របស់ស.រ.អា.ដែលជាដៃគូអភិវឌ្ឍជាមួយនឹងកម្ពុជា។ នេះជាចំណុចដែលយើងឃើញ។ ប៉ុន្តែរបាយការណ៍ទាំងអស់ហ្នឹងគ្រាន់តែបង្ហាញពីការដែលគេមើលឃើញទេ។ គេមិនបានបង្ហាញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំដែលធ្វើឲ្យមានការផ្លាស់ប្តូរនៃអ្វីដែលគេបានឃើញទេ។ ដូច្នេះអ្វីដែលជាការផ្លាស់ប្តូរ របាយការណ៍ហ្នឹងតាមអត់ទាន់សភាពការណ៍ទេ។ ដូច្នេះអ្វីដែលគេដាក់ក្នុងរបាយការណ៍ហ្នឹងជាអ្វីដែលកន្លងមកហើយ»។
លោកអះអាងថា កម្ពុជាមានការប្រឹងប្រែងច្រើន ដូចជាការចាប់ខ្លួនមន្ត្រីតុលាការដាក់គុក និងការកែទម្រង់ផ្នែកប្រព័ន្ធតុលាការដទៃទៀតដែលគេមិនបានដឹង។ ដោយឡែកលោកផៃ ស៊ីផានបានបញ្ជាក់ថា វប្បធម៌នៃការគោរពសិទ្ធិមនុស្សត្រូវការពេលវេលា ត្រូវការការយល់ដឹងច្បាប់ ត្រូវការការអនុវត្តន៍ច្បាប់ និងការចូលរួមប្រតិបត្តិច្បាប់។
ក៏ប៉ុន្តែចំពោះលោកប្រេដ៍ អាដាំ (Brad Adams) នាយកអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បានអះអាងថា រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈស៊ើបអង្កេតរកយុត្តិធម៌តាមរបាយការណ៍របស់អង្គការស្ថាប័ននានាដែលបានចងក្រងដោយមានព័ត៌មានច្បាស់លាស់ជាមុនសិន មុនពេលបដិសេធ។ ការស៊ើបអង្កេត និងការទាមទារឲ្យត្រួតពិនិត្យរបាយការណ៍នានាគឺដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានជំនឿចិត្ត។
«ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទសកម្ពុជានៅតែទន់ខ្សោយយ៉ាងខ្លាំងនៅឡើយ។ មានបញ្ហាសំខាន់ជាច្រើនពាក់ព័ន្ធនឹងការគ្រប់គ្រងប្រព័ន្ធតុលាការដែលរងឥទ្ធិពលនយោបាយយ៉ាងខ្លាំងក្លា។ នៅពេលរដ្ឋាភិបាល ជាពិសេស នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចង់ចាប់នរណាម្នាក់ អាជ្ញាធរត្រូវតែធ្វើតាម ហើយបើសិនជាគេចង់ដាក់ទោសនរណាម្នាក់ ដូចជាលោកម៉ម សូណង់ដូ ឬពលរដ្ឋដែលពាក់ព័ន្ធការតវ៉ានៅបឹងកក់ តុលាការធ្វើបានយ៉ាងងាយតាមអ្វីដែលអ្នកនយោបាយប្រាប់ឲ្យធ្វើ»។
លោកបានរិៈគន់របាយការណ៍ក្រសួងការបរទេសស.រ.អា.ត្រង់ចំណុចមួយចំនួន ដែលលោកចាត់ទុកថា ជារឿងមិនគ្រប់គ្រាន់។
«របាយការណ៍ក្រសួងការបរទេសល្អហើយ តែហាក់ដូចជាមិនយោគយល់ដល់រដ្ឋាភិបាលកម្ពុជាលើបញ្ហាមួយចំនួន។ របាយការណ៍នេះបាននិយាយថា ការបោះឆ្នោតឆ្នាំ២០០៨មិនល្អ មិនតាមបទដ្ឋានអន្តរជាតិ តែមានលក្ខណៈប្រសើរជាងឆ្នាំមុន។ ការណ៍ពិតមន្ត្រីសហភាពអឺរ៉ុប ដែលខ្ញុំបានជួប និយាយថា ការបោះឆ្នោតឆ្នាំមុនជាការបោះឆ្នោតដ៏អាក្រក់។ ដូច្នេះហើយបានជាក្នុងការបោះឆ្នោតឆ្នាំ២១០៣ សហភាពអឺរ៉ុបមិនបញ្ជូនប្រតិភូសង្កេតការណ៍បោះឆ្នោតមកកម្ពុជា»។
លោកបានបន្ថែមថា ក្រសួងការបរទេសធ្វើសេចក្តីសន្និដ្ឋានលឿនពេកដែលថា ឃាដកម្មលើលោកឈុត វុទ្ធីមិនមែនជាឧក្រិដ្ឋកម្មគិតទុកជាមុនហើយមិនពាក់ពន្ធនឹងរឿងនយោបាយ នៅពេលសំណុំរឿងនេះស្ថិតនៅក្រោមការសង្ស័យនៅឡើយ ហើយគួរស.រ.អា.ប្រើភាសាខ្លាំងជាងរបាយការណ៍លើកនេះទាក់ទងនឹងការចេញសាលក្រមតុលាការដែលចៅក្រមសម្រេចមុនការកាត់ទោសនោះ។ ដោយឡែកក្រសួងការបរទេសស.រ.អា.គួរទាមទារឲ្យមានការដោះលែងលោកប៊ន សំណាង លោកសុខ សំអឿន ឃាដករសប្បនិម្មិត និងឲ្យរដ្ឋាភិបាលស្វែងរកឃាដករពិត ដែលបានបាញ់សម្លាប់លោកជា វិជ្ជា មេដឹកនាំសហជីពដ៏ល្បីល្បាញកាលពីឆ្នាំ២០០៤។ ស.រ.អា.មិនគួរផ្លាស់ប្តូរជំហរទេ។
លោកប្រេដ៍ អាដាំបានអះអាងថា កម្ពុជាអាចកែប្រែស្ថានភាពសិទ្ធិមនុស្សបាន ក្នុងរយៈពេលតែមួយយប់ទេ គឺចាប់ផ្តើមពីការធានាឯករាជ្យភាពរបស់តុលាការ មន្ត្រីតុលាការមិនត្រូវជាសាមាជិកគណបក្សនយោបាយហើយផ្តល់ប្រាក់ខែដល់មន្ត្រីតុលាការឲ្យបានសមរម្យដើម្បីឲ្យរួចពីការហ៊ុំព័ទ្ធដោយអំពើពុករលួយ។ រដ្ឋាភិបាលត្រូវបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ហើយការផ្តល់ដីសម្បទានណាមួយត្រូវតែមានការចូលរួមត្រួតពិនិត្យដោយគណៈកម្មាការឯករាជ្យដែលមានសិទ្ធិអំណាចបដិសេធកុងត្រាបាន។ នេះប្រសិនបើជាដីប្រជាពលរដ្ឋរស់នៅទីនោះ។ ជាចុងក្រោយគឺដាក់ទោសដល់អ្នកប្រព្រឹត្តល្មើស និងបញ្ឈប់ការការពារដល់ជនណាដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬត្រូវកាត់ទោសឲ្យមានយុត្តិធម៌ដើម្បីឲ្យពលរដ្ឋមានជំនឿថាអ្នកមានអំណាចមិនការពារអ្នកប្រព្រឹត្តបទឧក្រិដ្ឋ៕