ក្រុមអ្នករិះគន់ចាត់ទុកថា ជាសកម្មភាពរបស់រដ្ឋាភិបាលចង់បង្ក្រាបក្រុមអ្នកជំទាស់នោះ ក្រុមអង្គការធ្វើកិច្ចការផ្នែកការពារសិទ្ធិសេរីភាពក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងកន្លែងផ្សេងទៀតបានព្រមានថា ការកាត់ទោសលោកម៉ម សូណង់ដូនេះជាការបំបាត់ស្មារតីក្រុមអ្នករិះគន់រដ្ឋាភិបាល។
វ៉ាស៊ីនតោន៖ ភ្លាមៗក្រោយពីនាយកស្ថានីយ៍វិទ្យុសម្បុកឃ្មុំគឺលោកម៉ម សូណង់ដូត្រូវតុលាការកាត់ទោសកាលពីថ្ងៃច័ន្ទ ឲ្យជាប់គុក២០ឆ្នាំពីបទបង្កើតអបគមន៍នៅខេត្តក្រចេះ ហើយដែលក្រុមអ្នករិះគន់ចាត់ទុកថា ជាសកម្មភាពរបស់រដ្ឋាភិបាលចង់បង្ក្រាបក្រុមអ្នកជំទាស់នោះ ក្រុមអង្គការធ្វើកិច្ចការផ្នែកការពារសិទ្ធិសេរីភាពក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងកន្លែងផ្សេងទៀតបានព្រមានថា ការកាត់ទោសលោកម៉ម សូណង់ដូនេះជាការបំបាត់ស្មារតីក្រុមអ្នករិះគន់រដ្ឋាភិបាល។
លោកប៉ប ឌីតហ្ស (Bob Dietz) អ្នកសម្របសម្រួលកម្មវិធីកិច្ចការអាស៊ីនៃអង្គការសារព័ត៌មានមួយក្នុងប្រទេសអាមេរិក(Committee to Protect Journalists) បានអះអាងថា ការដាក់ទោសលោកម៉ម សូណង់ដូនេះគឺបង្ហាញឲ្យឃើញថា គ្មានសេរីភាពសារព័ត៌មានទេ នៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
«នេះគឺជារឿងពុះកញ្ជ្រោលពិតប្រាកដ។ ខ្ញុំមានន័យថា វាជាការបង្ហាញយ៉ាងពិតថា រដ្ឋាភិបាលពិតជាតាំងចិត្តបំបាត់សំឡេងអ្នកណាម្នាក់ដែលរិះគន់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងរដ្ឋបាលរបស់គាត់»។
លោកបានបន្ថែមថា៖
«ខ្ញុំគិតថា តាមការបញ្ជាក់ អ្វីគ្រប់យ៉ាងគឺជាការគំរាមកំហែងទាក់ទងនឹងអ្នកកាសែតគ្រប់កន្លែងក្នុងប្រទេសកម្ពុជាដែលថា ពួកមិនមានសេរីភាពក្នុងការនិយាយស្តីយ៉ាងពិតប្រាកដ»។
លោកម៉ម សូណង់ដូ ជាប្រធានវិទ្យុសម្បុកឃ្មុំ និងជាប្រធានចលនាប្រជាធិបតេយ្យ ត្រូវចាប់ឃុំខ្លួនកាលពីពាក់កណ្តាលខែកក្កដាទាក់ទងនឹងការឆ្លើយដាក់របស់ក្រុមមួយដែលបានជួយប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅស្រុកឆ្លូង ខេត្តក្រចេះ តែត្រូវរដ្ឋាភិបាលចោទថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ។ ក្រុមមន្ត្រីបានអះអាងថា ការកាត់លោកម៉ម សូណង់ដូ គឺធ្វើទៅតាមនីតិវិធីច្បាប់ តែក្រុមអ្នករិះគន់ខ្លះបានចាត់ទុកថា នេះជាការធ្វើឲ្យសេរីភាពសារព័ត៌មានកាន់តែធ្លាក់ចុះ។
លោកស្រីកាលីន កាលីកា (Karin Deutch Karleakar) អ្នកស្រាវជ្រាវជាន់ខ្ពស់ និងជានាយកគ្រប់គ្រងនៃអង្គការការពារសិទ្ធិមនុស្សនិងសិទ្ធិសេរីភាពដ៏ធំរបស់ស.រ.អា. ហៅថា Freedom House បានអះអាងស្រដៀងគ្នាដែរថា ការកាត់ទោសលោកម៉ម សូណង់ដូដ៏ធ្ងន់នេះនឹងធ្វើឲ្យកម្ពុជាកាន់តែធ្លាក់ចុះខាងសេរីភាពព័ត៌មាន ដែលកំពុងតែធ្លាក់ចុះស្រាប់។
«រឿងនេះកំពុងដំណើរការតាមនិន្នាការដែលយើងបានកត់សម្គាល់ តែជាការណ៍ពិត វាជាករណីធ្ងន់ធ្ងរណាស់ ហើយយើងសុំឲ្យរដ្ឋាភិបាលគិតពិចារណាឡើងវិញពី វិធីដែលរដ្ឋាភិបាលព្យាយាមកាត់ទោសពលរដ្ឋតាមរបៀបចោទប្រកាន់ដូច្នោះ។ ខ្ញុំមានន័យថា ជាការណ៍ពិតណាស់ថា វាមិនបញ្ជូនសារដ៏ល្អអំពីការអនុវត្តច្បាប់ក្នុងប្រទេសកម្ពុជា អំពីសមត្ថភាពដើម្បីបង្ហាញខ្លួនឯងនិងអំពីលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាទេ។ ដូច្នេះខ្ញុំគិតថា វាបានបញ្ជូនជាសញ្ញាអវិជ្ជាមានច្រើនណាស់»។
លោកស្រី កាលីន កាលីកាបានអះអាងដែរថា៖
«ដូច្នេះខ្ញុំគិតថា រឿងនេះនឹងបញ្ជូនសញ្ញាមួយ ហើយជាការប៉ះពាល់ដ៏ភ័យខ្លាចមួយផងដែរ ដល់អ្នកផ្សេងទៀត ដែលជាទូទៅគឺអ្នកណាម្នាក់ដូចលោកម៉ម សូណង់ដូនេះ អាចត្រូវគេកាត់ទោស ដូចគ្នានឹងការកាត់ទោសមិនសមហេតុផលនេះ។ លោកអ្នកដឹងទេថា វាពិតជារឿងគំរាមកំហែងដល់អ្នកផ្សេងទៀតដែលគិតអំពីការរិះគន់បែបប្រឆាំងនឹងរដ្ឋាភិបាលនោះ»។
ទោះជាយ៉ាងណាក៏ដោយ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានច្រាន ចោលការចោទប្រកាន់នានា ដោយថ្លែងថា រដ្ឋាភិបាលគ្រាន់តែជាដើមបណ្តឹងប៉ុណ្ណោះ។ លោកថ្លែងថា ការកាត់ទោសនេះគឺជារឿងដែលពិបាកយកច្បាប់ នីតិរដ្ឋនៅប្រទេសដទៃឬ ស.រ.អា.មកប្រៀបធៀប។
«អាហ្នឹងជាគុណភាពជាក់ស្តែងនៅហ្នឹងកន្លែង ជាច្បាប់ដែនដី ជាគុណភាពជាក់ស្តែងនៅហ្នឹងកន្លែងដែលទាំងអស់គ្នាត្រូវតែគោរពនូវអធិបតេយ្យភាពនេះ»។
លោកផៃ ស៊ីផានអះអាងថា មេធាវីលោកម៉ម សូណង់ដូនៅមានឱកាសតវ៉ា ដោះបន្ទុកនៅតុលាការពីរថ្នាក់ទៀត។
ប្រទេសកម្ពុជា ដូចជាប្រទេសភូមា កូរ៉េខាងជើង ចិន ឡាវ វៀតណាមដែរ ត្រូវអង្គការFreedom House ចាត់ទុកថា ជាប្រទេសមិនមានសេរីភាពសារព័ត៌មានទេ កាលពីឆ្នាំ២០១២។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកការពារសិទ្ធិសេរីភាពបញ្ចេញមតិក្នុងប្រទេស អាមេរិកបានអះអាងថា ក្រុមប្រទេសអ្នកផ្តល់ជំនួយត្រូវតែនិយាយជាមួយរដ្ឋាភិបាលកម្ពុជាអំពីរឿងលោកម៉ម សូណង់ដូនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៃអង្គការការពារបរិស្ថានអន្តរជាតិរបស់ប្រទេស អង់គ្លេស ហៅថា Global Witness អ្នកធ្វើយុទ្ធនាការម្នាក់គឺលោកJosie Cohen បានអះអាងថា ការកាត់ទោសលោកម៉ម សូណង់ដូនេះគឺជាឧទារហរណ៍មួយនៃការបង្រ្កាបរបស់រដ្ឋាភិបាលចំពោះអ្នកណាដែលហ៊ាននិយាយពីរឿងរំលោភបំពានដីធ្លីក្នុងប្រទេសកម្ពុជា។
«ក្រុមប្រទេសផ្តល់ជំនួយសម្រាប់កម្ពុជាត្រូវតែថ្កោលទោសការកាត់ទោសលោកម៉ម សូណង់ដូ ហើយទាមទារឲ្យរដ្ឋាភិបាលបញ្ចប់ប្រព័ន្ធរបស់ខ្លួន ដែលបំបាត់សំឡេងអ្នកដែលហ៊ាននិយាយតវ៉ាដើម្បីផលប្រយោជន៍មនុស្សរាប់ពាន់នាក់ ដែលត្រូវបណ្តេញចេញពីដីរបស់ពួកគេ»។
លោកហង្ស សេរីឧត្តម អ្នកសារព័ត៌មានខ្មែរ និងលោកឈុត វុទ្ធី សកម្មជនឆ្នើមផ្នែកការពារធនធានធម្មជាតិ ត្រូវឃាដករបាញ់សម្លាប់ជាបន្តបន្ទាប់ថ្មីៗនេះ ក្នុងពេលបំពេញមុខងាររបស់ពួកគេ។
ផ្ទៃដីកម្ពុជាជាង២លានហិចតា ដែលត្រូវគេដឹងថា រដ្ឋាភិបាលបានផ្តល់ជាសម្បទានឲ្យក្រុមហ៊ុនឯកជនជាច្រើនសម្រាប់អ្វី ដែលរដ្ឋាភិបាលអះអាងថា ជាការវិនិយោគ ការអភិវឌ្ឍន៍។ តែសម្បទាននៅកន្លែងជាច្រើនត្រូវប៉ះដល់ដីប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមិនពេញចិត្តនឹងរដ្ឋាភិបាល មុនការបោះឆ្នោតឆ្នាំ២០១៣៕