វ៉ាស៊ីនតោន៖ លោក ចាន់ សាវ៉េត សកម្មជនសិទ្ធិមនុស្សដ៏ឆ្នើមនៃអង្គការសិទ្ធិមនុស្សអាដហុកត្រូវតុលាការក្រុងភ្នំពេញកោះហៅឲ្យចូលខ្លួនបំភ្លឺនៅថ្ងៃសុក្រទី២៤ ខែសីហាពីបទចោទថាបានជួយដល់ ក្រុមអបគមន៍ដីធ្លីក្នុងខេត្តក្រចេះកាលពីខែមេសាដែលរដ្ឋាភិបាលបានចាត់វិធានការក្តៅនោះ។
លោកបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំនឹងទៅចូលរួមព្រោះខ្ញុំមិនដឹងថាខ្ញុំបានប្រព្រឹត្តនូវអំពើអ្វីផង។ រឿងនេះជាកិច្ចការងារសង្គមហើយក្នុងនាមខ្ញុំជាអ្នកធ្វើកិច្ចការក្នុងវិស័យសិទ្ធិមនុស្សរឿងចាំបាច់ត្រូវតែទៅបង្ហាញខ្លួនដើម្បីឆ្លើយបំភ្លឺជាមួយនឹងតុលាការ»។
លោកចាន់ សាវ៉េតបានអះអាងបន្ថែមថាលោកមិនបានដឹងពីបទចោទដែលព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញបានចោទប្រកាន់នោះទេ ហើយក៏មិនបានទទួលការកោះហៅមកសាកសួរពីព្រះរាជអាជ្ញាដែរ។
«រឿងបទចោទប្រកាន់ខ្ញុំអត់បានដឹងថាគេចោទពីបទអីពិតប្រាកដទេ គ្រាន់តែប្រពន្ធខ្ញុំគាត់បានប្រាប់ខ្ញុំថាពីបទផ្តល់មធ្យោបាយឲ្យចារីទាក់ទងរឿងករណីខេត្តក្រចេះអញ្ចឹងទៅ ហើយខ្ញុំក៏វាអត់ទាន់ដឹងច្បាស់ថាតើដីការហ្នឹងយ៉ាងម៉េចអីដែរបាទ»។
បើតាមដីការបង្គាប់ឲ្យចូលខ្លួនរបស់លោកចៅក្រមស៊ើបសួរ ឆែ វីរៈកាលពីថ្ងៃ៩ ខែសីហា បានបញ្ជាក់ថាលោក ចាន់ សាវ៉េតអាយុ ៤៤ឆ្នាំជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការអាដហុកត្រូវចូលខ្លួនមកតុលាការនៅម៉ោង៨:៣០នាទីព្រឹកដើម្បីសួរចម្លើយពីបទទាក់ទងនឹងការផ្តល់ជំនួយដល់ចារីប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែឧសភាឆ្នាំ ២០១២តាមបញ្ញត្តិមាត្រា៥៤៤នៃក្រមព្រហ្មទណ្ឌ។ ច្បាប់នេះអាចដាក់ទោសទណ្ឌក្នុងពន្ធនាគារពី១ឆ្នាំដល់៣ឆ្នាំ ប្រសិនបើរកឃើញថាមានទោសមែន។
តុលាការពុំបញ្ជាក់ថាការផ្តល់ចារីឬជនល្មើសមួយណាទេ ហើយក៏ក្នុងករណីអ្វីដែរក្នុងដីការនោះ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីសប្តាហ៍ថ្មីៗនេះបានថ្លែងជាសាធារណៈថាក្រុមរបស់ប៊ុន រដ្ឋាបានមកស្នាក់នៅ២យប់ក្នុងផ្ទះមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយ ហើយមន្ត្រីនោះបានផ្តល់លុយ៣០ម៉ឺនរៀលទៀតមុនចេញទៅប្រទេសថៃ។
លោក អំ សំអាតប្រធានក្រុមអ្នកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានអះអាងថាករណីលោក ចាន់ សាវ៉េតមានជាប់ពាក់ព័ន្ធនឹងអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី។ លោកថ្លែងថាអង្គការសិទ្ធិមនុស្សតែងតែធ្វើការតាមច្បាប់និងគោលការណ៍របស់ខ្លួនដោយការបើកទ្វាររហូតក្នុងការពិគ្រោះយោបល់ ផ្តល់សេវាផ្លូវច្បាប់សុំកិច្ចអន្តរាគមន៍ដល់ជនរងគ្រោះ ហើយនឹងការផ្តល់ថ្លៃបាយ ទឹកជាដើមដោយមិនដឹងថា នរណាជាជនល្មើស ជាឧក្រិដ្ឋជនទេ។
«ហើយដូចរឿងលោក សាវ៉េតខ្ញុំគិតថាប្រហែលជាគាត់មិនបានដឹងថានរណា មួយ ជាជនល្មើសឬជាជនសង្ស័យទេ។ ហើយមួយទៀតអ្នកដែលចូលមកគាត់អាចប្រើឈ្មោះផ្សេងទៅដែលធ្វើឲ្យយើងមិនបានដឹងព្រោះយើងមិនបានស្គាល់មុខនិងមិនបានឃើញដីការចាប់ខ្លួនឬក៏លិខិតអ្វីផ្សេងៗដែលពាក់ព័ន្ធទេ។ អញ្ចឹងជាគោលការណ៍យើងតែងតែជួយទៅ»។
លោក អំ សំអាតអះអាងថាបើសិនជាអង្គការសិទ្ធិមនុស្សដឹងថាជនណាមួយជា ឧក្រិដ្ឋជន ក្រុមអង្គការនឹងសហការជាមួយអាជ្ញាធរដើម្បីនាំខ្លួនដូចករណីមួយ ដែលទើបបាន ធ្វើនៅអង្គការលីកាដូចំពោះឧក្រិដ្ឋជនឈ្មោះយមរាជដែល ពាក់ព័ន្ធនឹងបទឧក្រិដ្ឋជាច្រើននោះ។
លោក បណ្ឌិត ឡៅម៉ុង ហៃអ្នកវិភាគឯករាជ្យម្នាក់បានអះអាងតុលាការកម្ពុជាមើលហាក់ដូចជាឆាប់ចោទប្រកាន់ពីបទឧក្រិដ្ឋ ចាប់ចងភ្លាមៗដែលលោកថា មានជាប់ឥទ្ធិពលនយោបាយ។
«ពីរហ្នឹងវាទៅសមប្រកបជាមួយគ្នាតែម្តង។ ដូចជាទៅដល់ការស៊ើប កោះហៅ ដល់ការចាប់ចងជាបណ្តើរៗ។ ហើយបើចេះតែធ្វើអញ្ចឹងទៅគេហៅថាបង្កើតបរិយាកាសភ័យខ្លាច»។
លោក សុខ សំអឿននាយកក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានអះអាងថា លោកចាន់ សាវ៉េតមានទោសបានប្រសិនបើលោកជួយជនណាម្នាក់ពេល មានដីការចាប់ខ្លួន ឬពេលអាជ្ញាធរតាមចាប់ខ្លួន។
«ចំពោះរឿងហ្នឹងឧបមាថាគាត់ជួយប្រជាពលរដ្ឋ រឿងបាតុកម្មដែលគាត់ភ័យ គាត់រត់ ហើយបើសិនយើងអត់ជួយទៀត ថ្ងៃក្រោយប្រជាពលរដ្ឋតែលតោល ទៀតហើយ។ បើអញ្ចឹងថ្ងៃក្រោយទៅ ក្រុមសិទ្ធិមនុស្សម៉េចនឹងហ៊ានជួយ ប្រជាពលរដ្ឋទៀត?» ។
ការចោទប្រកាន់រឿងអបគមន៍ដីធ្លីនេះបានធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំ FM 105 មេហ្គាហឺត ដោយសារការឆ្លើយដាក់ថាលោកមានការពាក់ព័ន្ធជាមួយផែនការអបគមន៍ផ្តួលរំលំរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោក ម៉ម សូណង់ដូប្រកែកពីការពាក់ព័ន្ធ ហើយលោក ប៊ុន រដ្ឋាដែលជាមេដឹកនាំពលរដ្ឋធ្វើបាតុកម្មរឿងកម្មសិទ្ធិដីធ្លី នៅក្នុងស្រុកឆ្លូង ខេត្តក្រចេះក៏បានបដិសេដដែរក្រៅពីអះអាងថាលោកគ្មាន ជាប់ទាក់ទិននឹងអង្គការក្រៅរដ្ឋាភិបាលណាទេនៅពេលទាក់ទងជាមួយវីអូអេ ជាបន្តបន្ទាប់ពីកន្លែងដែលលោកលាក់ខ្លួន៕