មេធាវីការពារក្តីលោក ចាន់ សាវ៉េត ដែលជាមន្ត្រីការពាររំលោភសិទ្ឋិមនុស្សដ៏លេចធ្លោមួយដែលកំពុងមានរឿងក្តីក្តាំក្នុងតុលាការនៅថ្ងៃពុធនេះបាននិយាយថា កូនក្តីរបស់លោកបានចេញពីកម្ពុជាហើយដោយសារតែមានបេសកម្មចាំបាច់នៅឯក្រៅប្រទេស។
ការចាកចេញរបស់លោកចាន់ សាវ៉េត នៅពេលដែលដំណើរការសាកសួរកំពុងខិតជិតចូលមកដល់។ ក៏ប៉ុន្តែមេធាវីរូបនេះបានអះអាងថា កូនក្តីរបស់លោកនឹងបង្ហាញមុខក្នុងតុលាការតាមដិកាកោះរបស់តុលាការនៅថ្ងៃសុក្រខាងមុខនេះ។
លោកចាន់ សាវ៉េត ប្រធានក្រុមស៊ើបអង្កេតរបស់អង្កការសិទ្ឋិមនុស្សអាដហុកត្រូវបានតុលាការក្រុងភ្នំពេញចេញដិកាកោះឲ្យចូលបំភ្លឺក្នុងតុលាការក្រុងភ្នំពេញនៅថ្ងៃទី២៤ខែសីហាខាងមុខនេះពីបទ «ផ្តល់ជំនួយដល់ចារី» តាមមាត្រា៥៤៤នៃក្រមព្រហ្មទណ្ឌ។ ប្រសិនណាបើតុលាការរកឃើញថា មានទោស លោកចាន់ សាវ៉េត នឹងប្រឈមនឹងការជាប់ពន្ឋនាគារពី១ឆ្នាំដល់៣ឆ្នាំ។
ចំណាត់ការរបស់តុលាការបានកើតឡើង៤៨ម៉ោងបន្ទាប់ពីការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីដើមខែ សីហាដោយចោទប្រកាន់មិនបង្ហាញអត្តសញ្ញាណថា មានមន្ត្រីសិទ្ឋិមនុស្សម្នាក់បានផ្តល់ជួយជនសង្ស័យដែលរដ្ឋាភិបាលកំពុងស្វែងរកចាប់ខ្លួនចំនួន៣សែនរៀល។
លោក សំ សុខគង់ មេធាវីការពារក្តីមួយរូបក្នុងចំណោមមេធាវីការពារក្តីចំនួនបួនរូបបាននិយាយថាលោកចាន់ សាវ៉េតពេលនេះកំពុងមានបេសកម្មនៅឯក្រៅប្រទេស។ លោកបាននិយាយថា បេសកម្មនេះមិនជះឥទ្ឋិពលដល់ដំណើរការណ៍ស៊ើបអង្កេតរបស់តុលាការទេ។ លោកបានអះអាងថា កូនក្តីរបស់លោកនឹងមកបង្ហាញខ្លួនតាមកាលកំណត់។
«តាមការកោះហៅរបស់តុលាការមានន័យថាកូនក្តីរបស់ខ្ញុំត្រូវតែចូលរួមបំភ្លឺដើម្បីបញ្ជាក់ការណ៍ពិតដល់តុលាការទៅតាមដិការរបស់តុលាការ។ ហើយខ្ញុំសង្ឃឹមថា គាត់ចងមកបំភ្លឺដើម្បីបង្ហាញការណ៍ពិតដើម្បីយុត្តិធម៌គាត់ និងមកឲ្យទាន់មុនថ្ងៃ២៤ហ្នឹង»។
លោក ឆែ វីះ ចៅក្រមស៊ើបសួរនៃសាលាដំបូងក្រុងភ្នំពេញដែលបានចេញដិកាកោះហៅលោកចាន់ សាវ៉េតនៅថ្ងៃពុធនេះមិនអាចស្នើសុំសេចក្តីអត្ថាធិប្បាយបានទេ។ ក៏ប៉ុន្តែបើតាមការបញ្ជាក់ លោកមេធាវីការពារក្តីសំ សុខគង់បាននិយាយថា ប្រសិនណាបើលោកចាន់សាវ៉េតមិនបានចូលមកបំភ្លឺតាមការកំណត់ តុលាការនឹងចេញដិការកោះហៅលើកទី២បន្តទៀត។
យោងតាមច្បាប់ ប្រសិនណាបើជនសង្ស័យខកខានមិនបានមកបង្ហាញខ្លួនក្នុងតុលាការចំនួនពីរលើកទើបចុងក្រោយតុលាការចេញដិកាបង្គាប់ឲ្យចាប់ខ្លួន។
ក្រុមសង្គមស៊ីវិលកាលពីសប្តាហ៍មុនបានអំពាវនាវដល់តុលាការឲ្យស្ថិតនៅឯករាជ្យក្នុង ចំណាត់ការ របស់ខ្លួន និងទទូចដល់ស្ថាប័ននីតិប្រតិបត្តិមិនត្រូវលូកដៃក្នុងចំណាត់ការនេះ ហើយពួកគេសង្ឃឹមថាតុលាការនឹងជម្រះបទចោទចំពោះសំណុំរឿងលោក ចាន់សាវ៉េតទៅតាមគតិយុត្ត។
ការចោទប្រកាន់រឿងការតវ៉ារំលោភកាន់កាប់ដីធ្លីឬអប្បគមន៍ដីធ្លីជាពាក្យរបស់អាជ្ញាធរ នោះ កើតឡើងនៅក្នុងស្រុកឆ្លូង ខេត្តក្រចេះកាលពី ខែមេសា។ ការតវ៉ានោះបានធ្វើឲ្យ កុមារីម្នាក់អាយុ១៤ឆ្នាំឈ្មោះហេង ចាន់ថាបានស្លាប់ដោយសារការបាញ់ ប្រហារពីអាជ្ញាធរ។
ជាមួយ គ្នានេះដែរ ការចោទប្រកាន់រឿងពាក្យអបគមន៍នេះបានធ្វើឲ្យមានការចាប់ខ្លួនលោក ម៉ម សូណង់ដូនាយកស្ថានីយវិទ្យុសំបុកឃ្មុំ FM 105 មេហ្គាហឺត ដោយសារការឆ្លើយដាក់ថា លោកមានការពាក់ព័ន្ធជាមួយផែនការបង្កើតតំបន់អបគមន៍ដើម្បីផ្តួលរំលំ រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន៕