ថវិកា​កែ​សម្រួល​ថ្មី​របស់​សាលាក្តី​ខ្មែរ​ក្រហម​ត្រូវ​បាន​អនុម័ត

លោក​នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​

ភ្នំពេញ៖ ក្រុម​ប្រទេស​ផ្តល់​ជំនួយ​បាន​អនុម័ត​គម្រោង​ថវិកា​កែ​សម្រួល​ថ្មី​ចំនួន ៣៥,៣៧​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការកាត់ទោស​អតីត​មេដឹកនាំ​កំពូល​ខ្មែរក្រហម​ចំនួន​បីនាក់​នៅឆ្នាំ​២០១៣​នេះ។
​គម្រោង​ទឹក​ប្រាក់​នេះ​បង្ហាញ​ពី​ការ​កាត់​បន្ថយ​ចំនួន​ជាង​៥​លាន​ដុល្លារ​អាមេរិក​ពី​គម្រោង​ដើម។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​នៅថ្ងៃ​អង្គារ​នេះ។
លោក​នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​បញ្ជាក់​ថា​ការ​អនុម័ត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​២១ ខែកុម្ភៈ ហើយ​មក​ទល់​ពេល​នេះ​តុលាការ​នៅ​រង់​ចាំ​ការ​ទម្លាក់​លុយ​ជាក់​ស្តែង​ពី​ប្រទេស​ម្ចាស់​ជំនួយ។
«ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​តុលាការ ហើយ​ក៏​ជា​ការ​បញ្ជាក់​មួយ​ថា ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​បានយល់​ស្រប​ចំពោះ​សំណើ​ទាំង​ប៉ុន្មាន​របស់តុលការ។ ហើយ​អ្វី​ដែល​យើង​បន្ត​រង់​ចាំ​តទៅ​ទៀត​នោះ​គឺ​ការ​សន្យា​ពី​ប្រទេស​ម្ចាស់​ជំនួយ​ដែល​យើង​រំពឹង​ថា នឹង​ធ្លាក់​មក​បន្ត​បន្ទាប់​នៅ​ពេល​ខាង​មុខ»។
ការ​អនុម័ត​គម្រោង​ថវិកា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ភាគី​កម្ពុជា​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​ប្រឈម​នឹង​កង្វះ​ថវិកា​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​កម្ពុជា​ចំនួន​ជិត​២៨០​នាក់​មិន​បាន​ទទួល​ប្រាក់​ខែ​អស់រយៈ​ពេល​បី​ខែ​មក​ហើយ។
ក្នុង​ចំណោម​គម្រោង​ថវិកា​ទាំង​២៦​លាន​ដុល្លារ​អាមេរិក ភាគី​ជាតិ​នឹង​ទទួល​បាន​៩,៣៧លាន​ដុល្លារ​និង​ភាគី​អន្តរជាតិ​នឹង​ទទួល​បាន​៣៥,៣៧​លាន​ដុល្លារ។
លោកឡាស អលសិន (Lars Olsen) អ្នក​នាំ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ខាង​ភាគី​អន្តរជាតិ​មាន​ប្រសាសន៍​ថា គម្រោង​ថវិកា​ដែល​ត្រូវ​បាន​អនុម័ត​នេះ​គឺ​ជា​ឧបករណ៍​ដល់​ការ​រៃ​អង្គាស​ថវិកា​ក្នុង​ចំណោម​ប្រទេស​ម្ចាស់​ជំនួយ។
«មាន​ន័យ​ថា ក្នុង​ពេល​នេះ​យើង​ដឹង​ច្បាស់​អំពី​ការចំណាយ​ដែល​យើង​អាច​រំពឹង​ថា នឹង​បាន​ក្នុង​ឆ្នាំ​នេះ​ហើយ​ក៏​មាន​ន័យថា គម្រោង​នេះ​នឹង​ត្រូវ​ប្រើ​ក្នុង​ការ​រៃ​អង្គាស​មូលនិធិ​ចាំបាច់​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​នៃ​ក្រុម​ប្រទេស​ដែល​ចាប់​អារម្មណ៍​នឹង​សាលាក្តី​ខ្មែរ​ក្រហម​ពីព្រោះ​ថា​ទាំងអស់​គ្នា​ដឹង ហើយ​ឥឡូវ​នេះ​នូវ​ទំហំ​ទឹក​ប្រាក់​សម្រាប់​ដំណើរ​ការ​កាត់​ទោស​នៅ​ឆ្នាំ​២០១៣»។
​លោក ក្រាញ់ តូ​នី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្តីទី នៃ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ស្វាគមន៍​ចំពោះ​ការ​អនុម័ត​លើ​គម្រោង​ថវិកា​ថ្មីនេះ។
លោក​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ដោយ​ទទូច​ដល់​សហគមន៍​ម្ចាស់​ជំនួយ​អន្តរជាតិ ឲ្យ​ផ្តល់​ជំនួយ​ជា​ចាំបាច់​ដោយសារ​ភាគី​ជាតិ​មិន​ទទួល​បាន​ការ​សន្យា​ថវិកា​ថ្មី​នៅ​ឡើយ​ទេ​សម្រាប់​ឆ្នាំ​២០១៣​នេះ។
សូមបញ្ជាក់ថា​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​កាត់ទោស​ជនជាប់​ចោទ​បី​នាក់​ក្នុង​សំណុំ​រឿង​០០២​ដែល​សុទ្ធ​សឹង​ជា​មេ​ដឹកនាំ​កំពូល​ខ្ពស់​បំផុត​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរ​ក្រហម។ ក្នុង​នោះ​មាន​នួន ជា អតីត​ប្រធាន​សភា​ដែល​គេ​ស្គាល់​ថា ជា​មេ​មនោគមវិជ្ជា​នៃ​របបកុម្មុយនិស្ត​ដាច់​ខាត​នេះ ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ និងអៀង សារី អតីត​ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ការបរ​ទេស​ខ្មែរ​ក្រហម៕