អ្នក​ស្រាវជ្រាវ​សាកសួរ​ឌុច​ស្វែង​រក​អត្តសញ្ញាណ​ជន​បស្ចិម​ប្រទេស​ពីរនាក់

សារមន្ទីទួលស្លែង

ជន​បរទេស​ពីរនាក់​នោះ​មាន​នៅ​ក្នុង​រូបថត​អ្នក​ទោស​ជាង​១.៤០០​នាក់​ដែល​ស្រ្តី មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ដើម​ខែ​សីហា​ ឆ្នាំ​នេះ​។
វ៉ាស៊ីនតោន៖​ ការ​ស្រាវជ្រាវ​ដើម្បី​កំណត់​អត្ត​សញ្ញាណ​ជន​បស្ចិម​ប្រទេស​ពីរនាក់​បាន​បាត់​ពន្លឺ​បន្តិច​បន្ទាប់​ពីអតីត​មេគុកទួលស្លែង​ កាំង​ ហ្កេកអ៊ាវ​ ហៅ​ឌុចមិន​បាន​បង្ហាញ​ព័ត៌មាន​បន្តិច​បន្តួចណាមួយ​ឡើយ​ចំពោះ​ការខិត​ខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​កំណត់អត្តសញ្ញាណ​របស់​ជន​ទាំងពីរ​នាក់​ដែល​គេ​ជឿ​ថា​បាន​ស្លាប់​ក្នុង​គុក​ទួលស្លែង​ហៅ​មន្ទីរ​ស២១។

ជន​បរទេស​ពីរនាក់​នោះ​មាន​នៅ​ក្នុង​រូបថត​អ្នក​ទោស​ជាង​១.៤០០​នាក់​ដែល​ស្រ្តី មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​បាន​ប្រគល់​ជូន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​ដើម​ខែ​សីហា​ ឆ្នាំ​នេះ​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​យល់​ថា​ជារូបថត​យក​ចេញ​ពី​គុក​ទួលស្លែង​របស់​របប​ខ្មែរ​ក្រហម។
នៅក្នុង​បទ​សម្ភាស​រយៈ​ពេល​ពីរម៉ោង​កាលពីថ្ងៃ​អង្គារ​ជាមួយ​នឹង​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ ឌុច​អះអាង​ថា​មាន​ជន​បស្ចិម​ប្រទេស​តែ​បួន​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​សម្លាប់​ក្រោម​ការ​គ្រប់​គ្រង​របស់​គាត់។

នាង​ ស៊ីរិ សាវីណា អ្នក​ដឹកនាំ​ក្រុម​ស្រាវជ្រាវ​ដែលបាន​ចូល​សម្ភាស​ឌុច​បាន​ប្រាប់​វីអូអេ​នា​ពេល​ក្រោយ​មក​ថា៖
«ខ្ញុំ​បាន​ទៅ​ជួប​ឌុច​ហើយ​សម្ភាស​គាត់​គឺ​គោល​បំណង​ចង់​ឱ្យ​គាត់​ជួយ​បញ្ជាក់​អំពី​អត្ត​សញ្ញាណ​របស់​រូបថត​ពីរសន្លឹក​ដែល​យើង​សង្ស័យ​ថា​ជា​រូបថត​របស់អ្នក​ទោស​ជា​ជន​ជាតិ​ស្បែក​ស​ អ្នក​ទោស​បរទេស​ហើយ​រូបថត​នេះ​យើង​ទើប​ទទួល​បាន​ថ្មីៗ​កាលពី​ដើម​ខែ​សីហា​នេះហើយ​ឌុច​គាត់​អត់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នក​ទាំង​ពីរ​ហ្នឹង​ទេ​ពីព្រោះ​គាត់​ថា​ជនបរទេស​ដែល​មក​ដល់​មន្ទីរ​ស២១​ហ្នឹង​គឺ​មាន​តែ​បួន​នាក់​ទេហើយ​ពីរ​នាក់​ហ្នឹង​ប្រហែល​ជា​មិន​មែន​នៅ​ស២១​ទេ»។

ក្រុម​អ្នកស្រាវជ្រាវ​ជឿថា​មាន​ជន​បស្ចិមប្រទេស​ចំនួន​១១​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​មន្ទីរ​ស២១​ ក្នុង​នោះ​រួមទាំង​ជន​ជាតិ​បារាំង​ម្នាក់​ឈ្មោះ អង់ដ្រេ ហ្កាស្តុង​ កួរទីញ៉េ។

ក្រុម​អ្នក​ស្រាវជ្រាវ​ទើប​បាន​ជួប​ប្រទះ​ប្រវត្តិរូប​និង​រូបថត​លោក​កួទីញ៉េ​ដោយ​ចៃដន្យ​ក្នុង​សំណុំ​ឯកសារ​នៅ​ឯ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​កាលពី​សប្តាហ៍​មុន។ លោក កួទីញ៉េ​ជា​អតីត​បុគ្គលិក​ស្ថានទូត​បារាំង​មាន​ឱពុក​បារាំង​និង​ម្តាយ​ខ្មែរ។​ លោក​បាន​រៀបការ​ជាមួយ​នឹង​ស្រ្តី​កម្ពុជា​ម្នាក់​ដោយ​មាន​កូន​ប្រុស​មួយ​និង​ស្រី​មួយមុន​ពេល​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​ខេត្ត​សៀម​រាប​ក្នុង​ឆ្នាំ​១៩៧៦​ ដោយ​ចោទ​ថា​មាន​ជាប់ខ្សែ​រយៈ​ជា​បណ្តាញ​យក​ការណ៍​សម្ងាត់​អាមេរិកាំងហៅ​ថា​សេអ៊ីអា។

ឌុច​បាន​ស្គាល់​អ្នកទោសឈ្មោះ​កួទីញ៉េ​ប៉ុន្តែ​បញ្ជាក់ថា​អ្នក​ទោស​រូប​នោះ មិន​ត្រូវ​មន្ទីរ​ស២១ ចាត់​ទុក​ថា​ជា​ក្រុម​បស្ចិមប្រទេស​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​នាង​សាវីណា។

«ទាក់​ទង​នឹង​កួទីញ៉េ​ហ្នឹង​នៅ​ពេល​ដែល​ខ្ញុំ​បង្ហាញ​រូបថត​និង​ប្រវត្តិរូប​សង្ខេប​របស់​ជន​ជាតិ​បារាំង​ម្នាក់​ហ្នឹង​គាត់​បាន​មើល​ហើយ​គាត់​បាន​អាន​ពី មួយ​ចំណុច​ទៅ មួយ​ចំណុច​។ ហើយ​គាត់​មើល​ទៅ គាត់​ថា​ដោយ​សារ​ថា​កួទីញ៉េ​មាន​ម្តាយ​ជា​ជន​ជាតិ​ខ្មែរ​។ អឹចឹង​នៅ​ស២១​ប្រហែល​ជា​គេ​មិន​ចាត់​ទុក​គាត់​ថា​ជា​ជន​ជាតិ​បារាំង​ទេពីព្រោះ គាត់​លាយ​ជន​ជាតិ​ខ្មែរ​ហើយ​គាត់​រស់​នៅ ស្រុក​ខ្មែរនិង​ត្រូវ​គេ​ចាប់​ពី​ស្រុក​ខ្មែរ​ខុស​ពី​បួននាក់​ខាងដើម​ដែល​គាត់​ចាត់​ទុក​ថា​ជា​ជន​បស្ចិម​ប្រទេស»។

ស្ថិតក្នុង​សម្លៀក​បំពាក់​អាវយឺត​ដៃ​ខ្លី​និង​ខោ​បារាំង​ជើង​វែង​ពណ៍​ខ្មៅ​ ឌុច​មើល​ដោយ​ពិនិត្យ​ពិច័យ​នូវ​សំណុំ​ឯកសារ​ដែល​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ឱ្យ​គាត់​មើល។​ នេះ​បើ​តាម​រូបភាព​របស់​មជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា​ដែល​វីអូអេ​បាន​ទទួល។

នេះ​ជា​ការ​ផ្តល់​បទសម្ភាស​លើក​ទីមួយ​របស់​ឌុចដល់​ក្រុម​អ្នក​ស្រាវជ្រាវ​នៃមជ្ឈមណ្ឌល​ឯកសារ​កម្ពុជាក្រោយ​ពី តុលាការ​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់​ទោស​គាត់ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត​។

សម្រាប់​នាង​ ស៊ីរិ សាវីណា​នេះ​ជា​បទ​ពិសោធ​ទីមួយហើយ​ក្នុង​នាម​ជា​អ្នក​ស្រាវ​ជ្រាវ​វ័យ​ក្មេង​ដែល​បានកើតក្រោយ​ពី​របបខ្មែរ​ក្រហម​ដួល​រលំ​ដែល​ត្រូវ​មក​ប្រឈម​សួរ​រក​ព័ត៌មាន​ពី​អតីត​មេ​ឃាតករ​រូបនេះហើយ​នាង​សង្កេត​ឃើញ​ថា​ឌុច​ហាក់​ដូច​ជា​មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ឆ្លើយ​សំណួរ​បើ​ទោះ​បី​ជា​ទាក់​ទង​នឹង​ជន​បរទេស​ពីរនាក់​នេះ​និង​បញ្ហា​ដទៃ​ផ្សេងទៀត។​

«គាត់​ព្យាយាម​ការពារ​ខ្លួន​គាត់​ដែរ​នៅ​ពេល​ខ្លះ​។ នៅ មាន​អារម្មណ៍​អញ្ចឹងហើយ​គាត់​ប្រយ័ត្ន​ពាក្យ​សម្តី របស់​គាត់​មិន​ឱ្យ​និយាយ​ទៅ​លើស​លស់​ឬ​ក៏​ខ្វះ​អីហើយ​ខ្ញុំ​ជឿថា​ពេល​ដែល​ខ្ញុំ​ជួប​គាត់​អញ្ចឹង​គាត់​មិន​ទុក​ចិត្ត​ខ្ញុំ​១០០​ភាគរយ​ទេ​ពីព្រោះ​គាត់​ជួប​ខ្ញុំ​លើក​ដំបូង​ទីមួយហើយ​ទីពីរ​ទៀត​ខ្ញុំ​មក​សួរ​នាំ​គាត់​ក្នុង​នាម​ជា​អ្នក​ស្រាវជ្រាវ​ក៏ ពិតមែនក៏​ប៉ុន្តែ​គាត់​នៅ​តែ​ខ្លាច​មាន​បន្ទុក​ច្បាប់​អី្វមួយ​ធ្លាក់​ទៅលើ​គាត់»។​

នាយកមជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​លោក ឆាង យុ​ បាន​បញ្ជាក់​តាម​សារ​អេឡិកត្រូនិក​ឱ្យ​វីអូអេ​ដឹង​ថាលោក​សម្រេច​បញ្ជូន​បុគ្គលិក​គាត់​ពីរនាក់​ដែល​សុទ្ធ​តែ​អ្នក​ដែល​កើត​ក្រោយ​របប​ខ្មែរ​ក្រហមហើយ​ដោយសារ​ពួកគេ​មាន​ទឹកចិត្ត​ចង់​ស្វែងយល់​ថា​ហេតុ​អ្វី​បាន​ជា​របប​ខ្មែរ​ក្រហម​ប្រព្រឹត្តនូវ​អំពើ​ឃោរឃៅដូចនេះ មកលើ​ប្រជាពលរដ្ឋ​ខ្លួន​ឯងនិង​អ្នក​ដទៃ។
លោក​ឆាង យុ​បញ្ជាក់​បន្ថែម​ថា​សម្រាប់​រូបលោក​ដែល​រស់​រាន​មាន​ជីវិត​រួចផុត​ពី​របបនោះ​គឺ​គាត់​គ្មាន​អ្វី​ដែល​ជឿ​អ្វី​ដែល​មេខ្មែរ​ក្រហម​និយាយ​ចេញ​មកទេ។ ​
​បើ​ទោះ បី​ជា​ឌុច​មិន​បាន​បង្ហាញ​ពន្លឺ​អ្វីដើម្បី ជាជំនួ​យ​ក្នុង​ការ​កំណត់​អត្តសញ្ញាណជនបរទេស​ទាំង​ពីរ​ក៏​អ្នក​ស្រាវជ្រាវ​កំពុង​ព្យា​យាម​កំណត់​ថា​តើ​ក្នុង​ចំណោម​នោះ មានជន​ជាតិ​អាមេរិកាំង​ម្នាក់ដែល​ខ្មែរក្រហម​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​១៩៧៨​ឬទេ។
មាន​អ្នកទោស​ជាង​១២.០០០​ត្រូវ​បាន​សម្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ស២១​ក្រោម​ការ​គ្រប់​គ្រង​របស់​ឌុច៕​