ការប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​មិន​បាន​ប្រសើរឡើង

ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ទទួល​ស្គាល់​ស្ថានភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​ ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ដោយ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់​ថ្នាក់​ទី២ (Tier 2) នៅក្នុង​របាយការណ៍​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​រឆ្នាំ២០១៨​នេះ ឬ Trafficking in Persons Report។ (រូបថត Screenshot ពីគេហទំព័រ​ក្រសួងការបរទេស​អាមេរិក)

ប្រទេស​កម្ពុជា​នៅតែ​ជា​ប្រភព ជាកន្លែង​ឆ្លងកាត់​និង​ជាទីដៅ​នៃ​ការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​និង​ធ្វើការ​ដោយ​បង្ខំ​លើ​បុរស ស្ត្រី​និង​កុមារ​ក្នុង​រយៈពេល​៥ឆ្នាំកន្លង​​មក​នេះ។

ការទប់ស្កាត់​ការជួញដូរ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​មិន​មាន​ស្ថានភាព​ប្រសើរឡើង​ទេក្នុង​រយៈ​ពេល​បីឆ្នាំ​ជាប់​ៗ​គ្នា​ចាប់តាំងពីឆ្នាំ​២០១៦​មកដោយស្ថិតនៅ​ចំណាត់​ថ្នាក់​ទី២​ដដែល ហើយ​អំពើ​ពុករលួយ​នៅបន្ត​រារាំង​ដល់​ការអនុវត្តច្បាប់​ ការដាក់​ទោសជនល្មើស​និងការ​ផ្តល់សេវាដល់ជនរងគ្រោះ។

​របាយការណ៍​ស្តីពី​ការជួញដូរ​មនុស្ស​ឆ្នាំ​២០១៨ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិកកាលពីថ្ងៃ​ព្រហស្បតិ៍​បានបញ្ជាក់​បន្ថែមថា៖​

«រដ្ឋាភិបាល​កម្ពុជាមិនបំពេញ​បាន​តាម​ស្តង់ដា​អប្បបរមា​សម្រាប់​លុប​បំបាត់​ការជួញ​ដូរ​មនុស្ស​ទេ ប៉ុន្តែ​បាន​ខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ច្រើន​ដែរ‍»។

​រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​តាម​រយៈ​ការកាត់ទោស​ឈ្មួញ​ ធ្វើ​មាតុភូមិ​និវត្តន៍ពលរដ្ឋ​រងគ្រោះ​ពីការជួញដូរ​ទៅបរទេស និង​ពង្រឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ផ្សព្វផ្សាយ​ពី​ការកេងប្រវ័ញ្ច​ផ្លូវភេទ​កុមារជាដើម។

ប៉ុន្តែប្រទេស​កម្ពុជា​នៅតែ​ជា​ប្រភព ជាកន្លែង​ឆ្លងកាត់​និង​ជាទីដៅ​នៃ​ការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​និង​ធ្វើការ​ដោយ​បង្ខំ​លើ​បុរស ស្ត្រី​និង​កុមារ​ក្នុង​រយៈពេល​៥ឆ្នាំកន្លងមក​នេះ។ ពលរដ្ឋ​កម្ពុជា​មាន​ក្មេង​និង​ចាស់​បាន​ទៅធ្វើការ​នៅប្រទេស​ដទៃ​ក្នុង​តំបន់​និង​មានការកើនឡើង​ខ្លាំងនៅ​តំបន់​មជ្ឈិម​បូព៌ា​ដោយ​ត្រូវ​ធ្វើការ​ធ្ងន់ធ្ងរ​ដោយ​បង្ខំ​នៅ​លើ​ទូកនេសាទ នៅផ្នែកកសិកម្ម សំណង់ រោងចក្រ​និង​ការងារ​តាម​ផ្ទះ​ហើយ​ពួកគេ​ខ្លះ​រងគ្រោះ​ផ្លូវ​ភេទ។

ក្នុង​ឆ្នាំ​២០១៧​ មាន​ជនរងគ្រោះ​កម្ពុជា​ចំនួន​៩៨៦​នាក់​ត្រូវ​បាន​ក្រសួងការបរទេស​កម្ពុជា​ជួយធ្វើ​មាតុភូមិ​និវត្ត​ន៍ដែល​ភាគច្រើន​មក​ពី​ប្រទេស​ម៉ាឡេស៊ី​ ថៃ​ ​វៀតណាម​និង​ចិន។ ​ចំនួននេះច្រើន​ជាង​ឆ្នាំ​២០១៦​ដែលមានតែ​៨១៥នាក់​ប៉ុណ្ណោះ។ រីឯ​ក្រសួង​សង្គមកិច្ច​បាន​ជួយធ្វើ​មាតុភូមិនិវត្តន៍ពលរដ្ឋ​កម្ពុជា​ចំនួន​២៤៣នាក់​ដែរ។ ​នេះបើតាម​ការបញ្ជាក់​ក្នុង​របាយការណ៍​។

ក្រសួងការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ​«ក្នុង​ពេល​ដែល​រដ្ឋាភិបាល​នៅ​មិន​ទាន់​មានវិធានការ​ត្រួតពិនិត្យនិង​ទទួលខុសត្រូវ​ឱ្យ​បាន​គ្រប់​គ្រាន់​ក្រុមឈ្មួញ​ទុច្ចរិត​បាន​បង្ខំ​ឱ្យ​បុរស ស្រ្តី និង​កុមារនៅ​ទូទាំងប្រទេស​ធ្វើ​ការ​ធ្ងន់ធ្ងរ​ដើម្បី​សង​ បំណុល​ហើយ​ពួកគេ​ទទួល​បាន​អន្តរាគមន៍​តិចតួចប៉ុណ្ណោះពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ហើយ​ជួន​កាល​អាជ្ញាធរ​ជាអ្នក​បើកដៃ​ឱ្យ​ផងដែរ‍»។

បុរសកម្ពុជា​គឺជា​អ្នកត្រូវការសេវាផ្លូវភេទ​កុមារ​ដ៏ធំជាងគេបំផុត​ហើយ​ក៏​មាន​ក្រុមបុរស​មក​ពី​ប្រទេស​ដទៃទៀត​នៅ​អាស៊ី​និង​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ អូស្ត្រាលី និង​អាហ្វ្រិក​ខាងត្បូង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា​ដើម្បី​ស្វែង​រក​សេវាផ្លូវភេទ​កុមារ​ផង​ដែរ។ នេះ​បើតាមការ​បញ្ជាក់​របស់​របាយការណ៍៕