កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធានអាស៊ាន​ដោយ​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ក្រោម​គោលការណ៍​កុងសង់ស៊ីស​និង​មិន​លម្អៀង​ទៅ​មហាអំណាច​

រូបឯកសារ៖ នៅ​ក្នុង​រូបថត​កាល​ពី​ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បង្ហាញ​ពី​ទង់ជាតិ​របស់​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៣ ក្នុង​ប្រទេស​សិង្ហបុរី។

«កម្ពុជា​ពេញចិត្ត​ថែ​បំប៉ន​អាស៊ាន​ក្នុង​នាម​ជា​អង្គការ​ដែល​មាន​ទស្សនៈ​សម្លឹង​ឆ្ពោះ​ទៅ​ពិភព​ខាង​ក្រៅ»។ នេះ​ជា​ការ​គូសបញ្ជាក់​របស់មេដឹកនាំ​ប្រទេស​កម្ពុជា​ដែល​នឹង​ត្រូវ​ធ្វើ​ជាប្រធាន​ប្តូរវេន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា ​អាស៊ាន ​នៅ​ឆ្នាំ​២០២២​ខាងមុខ។

ក្នុងសារ​អបអរ​នៃ​ខួប​លើកទី​៥៤ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​អាស៊ាន​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន​សែន​ បាន​ថ្លែង​ថា​មិន​ដល់​៥ខែ​ទៀត​ទេ​ដែល​កម្ពុជា​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​លើក​ទី​៣ ដែល​ធ្វើឡើង​ក្នុង​រយៈពេល​១០ឆ្នាំ​ម្តង។

បើតាម​សារលិខិត​៤​ទំព័រចុះ​នៅ​ថ្ងៃទី​៦ខែសីហា​លោក ហ៊ុន​ សែន​ បាន​លើកឡើង​ថា​ក្នុង​អំឡុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ «កម្ពុជា​នឹង​បន្ត​ខិតខំ​ប្រឹង​ប្រែង​លើក​កម្ពស់​យន្តការ​ដែល​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​សកម្មភាព​រួមគ្នា​ជាក់​ស្តែង​ដោយ​ឈរ​ជា​មូលដ្ឋាន​ភាព​បើក​ចំហ​ស្មោះត្រង់​ សុចរិត​ សុឆន្ទៈ​សាមគ្គីភាព​ និង​ភាព​សុខ​ដុមរមនា​នៅ​ក្នុង​អាស៊ាន​ដើម្បីដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បញ្ហា​ប្រឈម​រួម»​ដែលតំបន់​ទាំង​មូល​កំពុង​ជួប​ប្រទះ។

លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថា៖ «ក្នុង​ឆ្នាំ​នេះ​ប្រទេស​ព្រុយណេ​ដែល​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​មាន​ឆន្ទៈជំរុញ​ដំណើរ​ការ​អាស៊ាន​ឆ្ពោះ​ទៅមុខ​បន្ថែម​ទៀត​ក្រោម​មូលបទ​ 'យើង​យក​ចិត្ត​ទុក​ដាក់​យើង​ត្រៀម​លក្ខណៈ​ យើង​រីកចម្រើន'​ដែល​ស័ក្តិសម​បំផុត​ជាមួយ​នឹង​បញ្ហា​ប្រឈម​ដ៏ស្រួច​ស្រាល់​ផ្នែក​ភូមិ​សាស្ត្រនយោបាយ​និង​សេដ្ឋកិច្ច​សង្គម​នាពេល​បច្ចុប្បន្ន​ដើម្បី​ឈាន​ឆ្ពោះ​ទៅរក​ការ​សម្រេច​ទស្សនៈវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥»។

លោកនាយករដ្ឋមន្ត្រី​បន្ថែម​ថា៖ «កម្ពុជា​មាន​គោល​បំណង​ជំរុញ​ដំណើរការ​កសាង​សហគមន៍​អាស៊ានដោយ​ផ្តោត​លើក​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ដែលបាន​ឯកភាព​រួចហើយ»។

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ​និងអ្នក​សង្កេត​ការណ៍​នយោបាយ​កម្ពុជា​ខ្លះ​បាន​លើកឡើង​ថា​មាន​បញ្ហា​ជា​ច្រើន​ដែលកម្ពុជានឹង​ត្រូវប្រឈម​ក្នុងពេល​ប្រទេស​នេះ​ធ្វើ​ជា​ប្រធាន​អាស៊ាន។ ពួកគេ​និយាយ​ថា​ការ​ប្រជែង​ឥទ្ធិពល​រវាង​អាមេរិក​និង​ចិន​ក្នុង​តំបន់​អាស៊ី វិបត្តិ​នយោបាយ​នៅប្រទេស​មីយ៉ាន់ម៉ា និង​បញ្ហា​ប្រឈមមួយ​ចំនួន​ទៀត​ដូច​ជា​កិច្ចការពារ​សន្តិសុខ​ក្នុង​តំបន់​និង​បញ្ហា​នយោបាយ​អាច​ស្ថិតក្នុង​ការ​ពិភាក្សា​របស់​ប្រទេស​សមាជិក​អាស៊ាន​ដែល​មិន​ទាន់​ស្រាល​ខ្លួននៅ​ឡើយ​ពី​វាយប្រហារ​របស់ជំងឺកូវីដ​១៩។

ប្រធាន​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​លោក ​ឈាង​ វណ្ណារិទ្ធ​ បញ្ជាក់​ប្រាប់​វីអូអេនៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «វា​ជា​ការ​លំបាក​មួយ​ក៏ដូច​ជា​ការ​ប្រឈម​មួយ​ដែរ​ដោយ​សារ​អាមេរិក​កំពុង​តែ​ប្រើយុទ្ធ​សាស្ត្រ​encircle [ឡោមព័ទ្ធ​ចិន ] នៅ​ក្នុងតំបន់ហើយ​ចិន​ក៏​កំពុង​តែ​រើ​បម្រាស​ហ្នឹង​ដែរ​ហើយ​បញ្ចេញ​នូវ​ហៅ​ថា​ឥទ្ធិពលរបស់​ខ្លួន​ដែរ។ អីចឹង​ ការ​ប្រកួតប្រជែង​អំណាច​រវាង​អាមេរិក​និង​ចិន​ នៅបន្ត​ស្មុគស្មាញ​ហើយ​អាច​នឹង​ជាបញ្ហា​យូរ​អង្វែង​មួយ​ចំពោះ​តំបន់​អីចឹង​ ប្រទេស​បណ្តា​អាស៊ាន​រួមទាំង​កម្ពុជា​ហ្នឹង​ខំប្រឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ពង្រឹង​នូវ​សាមគ្គី​នៅ​ក្នុង​គ្រួសារ​អាស៊ាន​ដើម្បី​កុំ​ឲ្យ​ការ​ប្រកួតប្រជែង​អំណាច​ហ្នឹង​ធ្វើ​ឲ្យ​អង្គការ​មួយ​ហ្នឹង​បែកបាក់​គ្នា»។​ ​

លោក​បន្ថែម​ថា៖ «បញ្ហា​កូវីដ​ក៏​ជាបញ្ហា​មួយ​កំពុង​តែ​គំរាមកំហែង​តំបន់​ដែរ​ទាំង​សន្តិសុខ​សុខាភិបាល​និង​សន្តិ​សុខសេដ្ឋកិច្ច​សង្គមហ្នឹង។ អីចឹង​អាហ្នឹង​ជា​ការ​ប្រឈម​តែ​យើង​ប្រើ​យន្តការ​ពហុភាគី​ក្នុង​ក្របខណ្ឌ​អាស៊ាន​ហ្នឹង​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព​ស្វែង​រក​នូវ​ដូច​ថា​ចំណុច​រួម​នៅ​ក្នុង​អាស៊ាន​ដើម្បី​ស្តារ​សេដ្ឋកិច្ច​សង្គម​ក្រោយ​សម័យ​កូវីដ»។

អ្នក​ជំនាញ​កិច្ច​ការ​អន្តរជាតិ​រូបនេះ​បកស្រាយ​បន្ត​ទៀត​ថាក្នុង​ចំណុច​កណ្តាល​នៃ​ការ​ប្រកួតប្រជែង​ឥទ្ធិពល​រវាង​សហរដ្ឋ​អាមេរិក​និងប្រទេស​ចិន​នោះ​កម្ពុជា​នឹង​គ្មាន​ជម្រើស​ណាផ្សេងទេ​ក្រៅ​តែពីការ​បន្ត​ការពារ​ផល​ប្រយោជន៍​ប្រទេស​សមាជិក​អាស៊ាន និង​បន្ត​រក​ផ្លូវ​កណ្តាល​ដើម្បី​ការពារ​ប្រយោជន៍​ប្រទេស​ខ្លួន​ឯងផងដែរ។

រូប​ឯកសារ៖ ​សកម្មភាព​ប្រទេស​ចិន​បូម​ខ្សាច់​នៅ​តំបន់កោះ​ផ្កាថ្ម​ Mischief Reef នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥។ បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​ចំណុច​ខ្វែង​គំនិតខ្លាំង​មួយ​រវាង​អាមេរិក​និង​ចិន។ (Reuters)

លោក​ ឈាង​ វណ្ណារិទ្ធ​ បញ្ជាក់បន្ថែម​ថា៖ «អីចឹង​ការចោទ​ ការ​អី​ វាជារឿង​ធម្មតា។ អ្នកខ្លះ​គាត់​ចោទ​វៀតណាម​ទៅ​អាមេរិក​ចឹង​ទៅ​ចោទ​ថា​ខ្មែរ​ ឬក៏​ឡាវ​ភូមា​អីហ្នឹង​ ទៅ​ចិន​ចឹង​ទៅ​ហ្នឹង​ហើយ។ អីចឹង​វា​ perception [ការយល់​ឃើញ​] របស់​គេ​ក៏ប៉ុន្តែ​ផល​ប្រយោជន៍​ជាតិ​ជាស្នូល​អត់​មាន​ពីណា​ទៅ​ចង់​ងាក​ដាច់​ពី​ខាង​ណាមួយ​ទេ»។

ប្រធានវិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​លោក​ ប៉ា ចន្ទរឿន​ យល់​ថា កម្ពុជា​អាច​ទទួល​បាន​ទាំង​«លាភ​និង​គ្រោះ»​នៅ​ពេល​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ចំពេល​ជម្លោះ​នយោបាយ​ក្នុងប្រទេស​មិនទាន់​ត្រូវបាន​បញ្ចប់​នៅ​ឡើយ។

បើតាម​លោក​ ប៉ា ចន្ទរឿន «លាភ»​ដែល​កម្ពុជា​អាច​នឹង​ទទួលបាន​នោះ​គឺ​ភាព​ជា​អ្នកដឹកនាំ​របស់​កម្ពុជា​ក្នុង​ការ​ការពារ​ផលប្រយោជន៍​អាស៊ាន​និង​ការ​ដោះស្រាយ​បញ្ហាផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក។ ចំណែក​ឯ«គ្រោះ»​នោះ​គឺ​សំដៅ​ដល់​ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុងនៅ​កម្ពុជាខ្លួន​ឯង។

លោកប្រាប់​វីអូអេ​ថា៖ «ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ដែរ កម្ពុជា​ក៏អាច​ប្រឈម​មុខ​នឹង​គ្រោះ​ជាច្រើន​ដែល​នៅក្នុង​នោះ​យើង​អាច​មើល​ឃើញ​បន្ទុក​ធំ​មួយ​ចំនួន​ដូច​ជា​ទីមួយ​គឺ​បញ្ហា​ជម្លោះ​នយោបាយ​នៅ​កម្ពុជា​ខ្លួន​ឯង​ផ្ទៃ​ក្នុង​ប្រទេសហ្នឹងមិន​ទាន់​បាន​ដោះស្រាយ​ឲ្យ​ស្រេចបាច់នៅ​ឡើយពីរ រឿង​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ហ្នឹង​ក៏​នៅ​ជាបញ្ហា​ធំ​ដែលមិន​ទាន់​បាន​ដោះស្រាយ​និង​ធ្វើ​ឲ្យ​មានភាព​ល្អប្រសើរ»។

លោក​បន្ថែម​ថាអម្រែក​ដ៏ធ្ងន់​មួយទៀត​របស់​កម្ពុជា​គឺ​ការ​ធ្វើ​ឲ្យ​មាន​តុល្យការ​នៃ​ទំនាក់​ទំនង​រវាង​អាស៊ាន​និង​ប្រទេស​មហាអំណាច​ធំៗ​រួមមាន​អាមេរិក​និង​ចិន​ដើម្បី​ការពារ​ប្រយោជន៍កម្ពុជា​ផងនិង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​ផង ខណៈ​កម្ពុជាកន្លង​មក​ត្រូវគេមើល​ឃើញ​ថា​មានទំនាក់​ទំនងកាន់​តែជិតស្និទ្ធទៅនឹង​ប្រទេស​ចិន។

រូប​ឯកសារ៖ មន្ត្រីម្នាក់​សម្រួល​ទង់ជាតិប្រទេស​ចិន​នៅ​មុន​ការ​មក​ដល់​របស់នាយក​រដ្ឋមន្ត្រី​ចិន​លោក Wen Jiabao ដើម្បី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​និង​អាស៊ី​បូព៌ា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២។ (Reuters)

​លោក ​ប៉ា ចន្ទរឿន ថ្លែង​ថា៖ «នៅ​ពេល​បច្ចុប្បន្ន​នេះទោះបី​ជា​កម្ពុជាមាន​ទំនាក់​ទំនង​ស្អិត​ល្មួត​ជាមួយ​នឹង​ប្រទេស​ចិន​មួយ​រយៈ​កន្លងមក​ក៏ដោយ​ប៉ុន្តែ​ក្នុង​នាម​ជា​chair [ប្រធាន] ជា​ប្រធាន​របស់​សមាគម​អាស៊ាន​ហ្នឹង​គឺត្រូវ​តែ​ប្រកាន់​តាម​គោល​ការណ៍​របស់​សមាគមនេះ»។

កម្ពុជា​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​លើកចុងក្រោយ​កាលពី​ឆ្នាំ​២០១២ ដោយ​នៅ​ពេល​នោះ​កម្ពុជា​ត្រូវ​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​រាយការណ៍ថា​បាន​ធ្វើ​ឲ្យ​ខកខាន​ដំណើរ​នៃ​ការ​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងដែល​ចិន​ទាម​ទារ​កាន់​កាប់​ស្ទើរ​តែទាំងអស់។

អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ផៃ ស៊ីផាន​ ច្រាន​ចោលមតិ​រិះគន់​ដែល​ថា​កម្ពុជា​លម្អៀង​ទៅ​រក​ចិន​ដោយ​បាន​ពន្យល់​ថា​កម្ពុជា​នឹង​ឈរ​លើ​គោល​ការណ៍​កុង​សង់ស៊ីស (consensus) ឬ​ការ​មូលមតិ​គ្នា​ក្នុង​ការ​ពិភាក្សា​បញ្ហា​ណាមួយ​នៅ​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។

លោក​ ផៃ ស៊ីផាន ថ្លែង​ថា៖ «ពីព្រោះ​អ្វី​ទៅ​ដែល​ជា​អង្គការ​របស់​អាស៊ាន​គឺ​ consensus [ការ​មូលមតិ​គ្នា]​គឺ consensus [ការ​មូលមតិ​គ្នា]​ហើយ​កម្ពុជា​ជាអ្នក​ដើរ​តួ​នៅក្នុង​ការ​រៀប​ចំ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​រក្សាវេទិកា​ជជែក​គ្នា​ឈរ​ទៅ​លើ​បែប​បទ​ការ​ងារ​និងច្បាប់​របស់​អាស៊ាន។ យើង​អត់​មាន​រំលោភ​ទេ​ដូច្នេះ​ការ​ពិភាក្សា​គឺ​ស្ថិត​នៅ​ក្នុង​តម្លាភាព​ហើយ​ស្ថិត​នៅ​ក្នុង​ន័យ​ជា​ភាតរភាព»។​

​ហេតុ​ដូច្នេះ​លោក​ថា​កម្ពុជា​ឬក៏​ជា​អាស៊ាន​នឹង​មិនផ្អែក​លើឥទ្ធិពល​នៃ​មហាអំណាច​ណា​មួយ​នោះ​ទេ។ លោក​ប្រាប់​វីអូអេ​បន្ថែម​ថា៖ «កម្ពុជា​ឬ​ក៏​អាស៊ាន​មិន​ឈរ​ទៅ​លើ​មហាអំណាច​ណាមួយ​នោះ​ទេ​គឺ​មិន​មែន​ស្ថិត​នៅ​ក្រោម​ថាមពល​នៃ​មហាអំណាច​ណា​ទេ គឺ​ស្ថិត​នៅ​ក្នុង​គោលការណ៍​ច្បាប់​របស់​អាស៊ាន​គឺ​ស្ថិរភាព​ សន្តិភាព​ហើយ​និង​ការ​អភិវឌ្ឍ​ដែល​អាស៊ាន​ជ្រើសរើស​យក»៕​