សមយុទ្ធ​រវាង​កម្ពុជា​​ស.រ.អា.​និង​ប្រទេស​ផ្សេង​ទៀត​ចាប់​ផ្តើម

ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​ ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​ លើក​ទីពីរ​ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ធ្វើ​​សមយុទ្ធ​បែបនេះ​នៅ​ក្នុង​ឆ្នាំ​២០១០​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តួចផ្តើម​គំនិត​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​​ពិភពលោក​ ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ

មន្ត្រី​យោធា​កម្ពុជា​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ​បុគ្គលិក​យោធា​ជាង​៤០០​នាក់​ពី​សហរដ្ឋ​អាមេរិក ​ប្រទេសកម្ពុជា ​ប្រទេស​ឥណ្ឌូនេស៊ី ​ប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ម៉ុងហ្គោលី ​បាន​ចាប់​ផ្តើម​រៀបចំ​កិច្ចការ​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ សម្រាប់​ការ​បើក​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជំនាញ​ថែរក្សា​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ។

លំហាត់​យោធា​សម្រាប់​បណ្តុះ​បណ្តាល​ការ​ថែ​រក្សា​សន្តិភាព​ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នេះ​ ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​មូលដ្ឋាន​យោធា​ក្នុង​ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ ​ចាប់​ពីថ្ងៃ​ទី​១៨​ដល់​ថ្ងៃទី​២៧​ខែ​ឧសភានេះ។

លោក​ឧត្តមសេនីយ៍​ត្រី ​កែន សូសាវឿន​ នាយករង​នៃ​នាយកដ្ឋាន​ប្រតិបត្តិការ​សន្តិភាព​នៅ​មជ្ឈមណ្ឌលជាតិ​សម្រាប់​ថែរក្សា​សន្តិភាព ​បានថ្លែង​ប្រាប់​ វីអូអេ​ ខ្មែរ​ ថា​ បុគ្គលិក​យោធា​សហរដ្ឋ​អាមេរិក​ចំនួន​១៣៩​នាក់​ កងទ័ព​កម្ពុជា​ចំនួន​៣៧៣​នាក់ និង​កងទ័ព​ប្រមាណ​៣០​នាក់​ទៀត​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី ​ប្រទេស​ម៉ាឡេស៊ី​ ប្រទេស​ម៉ុងហ្គោលី​ និង​អង្គការ​សហ​ប្រជាជាតិ​ ត្រូវ​ចូលរួម​នៅក្នុង​លំហាត់​នេះ។

«ខ្ញុំ​រើ​អីវ៉ាន់​ចូល​ផ្ទះ​ហើ​យ ​រៀបចំ​ទុកដាក់​ហើយ​ ដល់​ថ្ងៃទី​១៨​ យើ​ង​ធ្វើការ​បើក​ការ​ហ្វឹកហាត់​ជា​ផ្លូវការ»។

លោក​ឧត្តម​សេនីយ៍​ឯក​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ប្រាប់​ វីអូអេ​ ខ្មែរ ​យ៉ាង​ដូច្នេះ​ថា៖

«សមយុទ្ធ​អំពី​ការ​បណ្តុះ​បណ្តាល​ថែរក្សា​សន្តិភាព ​និង​មនុស្ស។​ សំខាន់​យើង​ប្រមូល​ផ្តុំ​បញ្ហា​គ្រប់គ្រង​ ​សន្តិភាព ​និង​មនុស្សធម៌។​ យើង​ប្រឹងប្រែង​អស់​លទ្ធភាព​របស់​យើង​ ហើយ​យើង​មាន​សមត្ថភាព​ធ្វើ​បាន​ប៉ុណ្ណឹង។ វា​ជា​មោទនភាព​ណាស់»។

លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ ​បាន​បញ្ជាក់​ថា​ កងទ័ព​ទាំងអស់​នឹង​ត្រូវ​ហ្វឹកហាត់​រួមគ្នា ​ដើម្បី​ត្រៀមរៀបចំ​សម្រាប់​បេសក​កម្ម​ថែរក្សា​សន្តិភាព​នាពេល​អនាគត​ ហើយ​សមយុទ្ធ​ហ្វឹកហាត់​នេះ​ត្រូវ​ផ្តោត​ទៅ លើ​មុខ​ជំនាញ​សំខាន់ៗ​មួយ​ចំនួន​ គឺ​ការ​បញ្ជាការ​សមរភូមិន្ទ​ វិស្វកម្ម​ទាក់ទង​នឹង​ការ​ជួសជុល​មន្ទីរពេទ្យ​ ផ្ទះ​សម្បែង​ សាលារៀន ​និង​ការ​សង្គ្រោះ​ទាក់ទង​នឹង​មនុស្ស​ធម៌។

លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ​បាន​ថ្លែង​ថា​ សមយុទ្ធ​ថែរក្សា​សន្តិភាព​នេះ ​គឺជា​បទពិសោធន៍​មួយ​ល្អណាស់​សម្រាប់​ប្រទេស​កម្ពុជា ​ហើយ​សមយុទ្ធ​នេះ​បង្ហាញ​នូវ​ការ​រីកចម្រើន​របស់​រដ្ឋាភិបាល​និង ​កង​យោធពល​ខេមរភូមិន្ទ​ និង​បង្ហាញ​នូវ​សន្តិសុខ ​និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

«ខ្ញុំ​គិត​ថា ​ការធ្វើ​សមយុទ្ធ​នេះ​សំខាន់​បំផុត​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កងទ័ព​សហ​រដ្ឋអា​មេរិក ​និង​កង​យោពល​ខេមរ​ភូមិន្ទ។ ​នេះ​បញ្ហា​សំខាន់​ណាស់​គឺ​បង្កើន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក ​និង​កម្ពុជា​ ហើយ​យើង​បានផ្លាស់​ប្តូរ​បទ​ពិសោធន៍​រវាង​គ្នា​ទៅវិញ​ទៅមក»។

ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​ ឆ្មាំ​អង្គរ​ឆ្នាំ​២០១១​ លើក​ទីពីរ​ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ធ្វើ​ សមយុទ្ធ​បែបនេះ​នៅ​ក្នុង​ឆ្នាំ​២០១០​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តួចផ្តើម​គំនិត​ប្រតិបត្តិការ​ថែរក្សា​សន្តិភាព​ ពិភពលោក​ ដែល​គាំទ្រ​ដោយ​សហ​រដ្ឋ​អាមេរិក​ សំដៅ​អភិវឌ្ឍ​សមត្ថភាព​នានា​ផ្នែក​ថែរក្សា​សន្តិភាព​របស់​ប្រទេស​កំពុង​អភិវឌ្ឍ៕