ភ្នំពេញ៖ ក៏ដូចជាប្រជាពលរដ្ឋទូទៅនៅក្នុងប្រទេសកម្ពុជាដែរអ្នកភូមិមួយចំនួនក្នុងស្រុកគងពិសីខេត្តកំពង់ស្ពឺមានចែករំលែកការចូលរួមមរណទុក្ខនិងសេចក្ដីសោកស្តាយរបស់ខ្លួនដល់ការចូលទីវង្គតនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។
ព្រះមហាវីរក្សត្របានចូលទីវង្គតកាលពីវេលាម៉ោង១និង២០នាទីព្រឹកថ្ងៃចន្ទទី១៥ តុលា ឆ្នាំ ២០១២ដោយជំងឺគាំងបេះដូង។
ដើរកោងៗ ដោយមិនកាន់ឈើច្រត់ក្នុងពិធីបុណ្យភ្ជំនៅថ្ងៃចុងក្រោយក្នុងវត្តស្រះព្រះសង្ឃរាជជួន ណាត ខេត្តកំពង់ស្ពឺនៅកាលពីថ្ងៃកន្លងទៅនេះ អ្នកស្រីហ៊យ សៀង គ្រាន់តែឮដំណឹងពីព្រះរាជចូលទិវង្គត អ្នកស្រីហាក់ដូចជាតក់ស្លុត និងស្រក់ទឹកភ្លែកយំក្តុកក្តួលភ្លាមៗដែរ។
«អូ លោកអើយលោក ខ្ញុំអាណិតណាស់។ មកចិត្តល្អណាស់លោកអើយ។ ខ្ញុំនេះហើយដេញឱបគាត់តាំងពីខ្ញុំនៅក្មេងកូនពីរកូនបី។ ឥឡូវស្រាប់តែគាត់សុគតបាត់ទៅ ខ្ញុំអាណិតព្រះអង្គហ្នឹងណាស់កេរអាករដូចជាកេរអាករគាត់ទឹកដីទាំងអស់»។
ក្នុងវ័យ៨៣ឆ្នាំ អ្នកស្រីហ៊យ សៀង មានកូនទាំងអស់១១នាក់។ គាត់ធ្លាប់បានទទួលអំណោយជាញឹកញាប់ពីសម្តេចព្រះនរោត្តម សីហនុ ចាប់តាំងពីគាត់មានកូនទី២រហូតដល់កូនទី១១។ អំណោយទាំងនោះរួមមានក្រមា និងសម្លៀកបំពាក់។ ទទួលអំណោយដោយផ្ទាល់ពីព្រះហស្ថរបស់ព្រះអង្គ បានជួបព្រះភ័ក្ត្រដោយផ្ទាល់ បានទទួលភាពស្និទ្ធស្នាលរវាងក្សត្រដឹកនាំប្រទេសនិងប្រជានុរាស្ដ្រនេះហើយគឺជាអនុស្សាវរីយ៍ដែលធ្វើឲ្យ អ្នកស្រីហ៊យ សៀងរញ្ជួយចិត្ត។
«ខ្ញុំនៅស្រណោះដែលគាត់ចិត្តបាន។ គាត់ដើរផ្តល់ដល់កូនចៅ។ ទៅវត្តណាក៏ខ្ញុំមក វត្តណាក៏ខ្ញុំទៅជួបៗ។ ឮថាសម្តេចយាងមកហើយខ្ញុំទៅចាំទុកហើយ។ ទៅចោលកូនចោលចៅ ដាំបាយទៅចាំមើល។ គាត់ទម្លាក់ខោអាវមកទើលើគុម្ពឬស្សីក៏មានដែរ»។អ្នកស្រីហ៊យ សៀង អាយុ៨៣ឆ្នាំ
អតីតព្រះមហាក្សត្រមានព្រះរាជជំងឺមហារីកជាច្រើនឆ្នាំមកហើយ។ ព្រះអង្គបានយាងទៅព្យាបាលនៅទីក្រុងប៉េកាំងជាប្រចាំ។ ប្រជាពលរដ្ឋមួយចំនួនរំលឹកពីភាពទន់ភ្លន់របស់ព្រះអង្គ។
លោកកែវ ធឿន នៅឃុំរកាកោះ ស្រុកគងពិសី។ លោកនិយាយថា លោកសោកស្តាយ «ភាពស្លូតបូត និងចរិតបុណ្យទាន» របស់អតីតព្រះមហាក្សត្រ។
អ្នកស្រី បាន អិត រស់នៅក្នុងឃុំរកាកោះនេះដែរ៖ «សោកស្តាយដោយគាត់ខំកសាង ខំបម្រើប្រទេសជាតិ»។
បណ្តាញផ្សព្វផ្សាយតាមរលកអាកាសវិទ្យុ និងទូរទស្សន៍របស់រដ្ឋនិងឯកជនបានធ្វើការផ្សព្វផ្សាយពីព្រះរាជសើយទីវង្គតនេះជាបន្តបន្ទាប់។
ការសោយទិវង្គតកើតឡើងចំពេលដែលព្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសប្រាព្ធពិធីបុណ្យភ្ជំបិណ្ឌដែលជាថ្ងៃបង្ហើយនៃពិធីបុណ្យកាន់បិណ្ឌនិងភ្ជំបិណ្ឌរបស់ពេល១៥ថ្ងៃនៅថ្ងៃនេះ។ នៅតាមទីវត្តមួយចំនួនក៏បានប្រកាសផ្សាយបន្ថែមសម្រាប់ជាដំណឹងដល់ពុទ្ធបរិស័ទ។
ព្រះតេជគុណវិសុទ្ធញាណោ ស៊ីន មុនី ជាព្រះចៅអធិការវត្តស្រះសម្តេចសង្ឃរាជជួន ណាត ខេត្តកំពង់ស្ពឺ។
«សោកស្តាយយ៉ាងខ្លាំងចំពោះព្រះរាជបិតាអតីតព្រះមហាក្សត្រខ្មែរដែលព្រះអង្គសោយទិវង្គតហ្នឹង។ព្រះអង្គធា្លប់ជាម្លប់របស់កូនចៅប្រជាពលរដ្ឋជ្រកកោណបានសុខសាន្ត។ ហើយសម្តេចលោកប្រកបដោយទស្សពិតរាជធម៌ លោកជួយរំលែកទុក្ខប្រជាពលរដ្ឋបានច្រើន លោកល្អណាស់»។
ស្ថានទូតប្រចាំក្នុងព្រះរាជាណាចក្រកម្ពុជាមួយចំនួនដូចជាស្ថានទូតអាមេរិក និងស្ថានទូតចិនជាដើមបានចូលរួមមរណទុក្ខនៃសម្តេចឪនរោត្តម សីហនុ ដែលប្រជាពលរដ្ឋកម្ពុជាតែងតែហៅថាជាព្រះបិតាជាតិកម្ពុជានេះ៕