ក្រុមអ្នកភូមិមួយចំនួននៅខេត្តរតនៈគីរីបាននាំគ្នាចូលព្រៃដើម្បីជីករ៉ែមាស បន្ទាប់ពីតម្លៃមាសបានឡើងថ្លៃកប់ពពកនៅក្នុងរយៈពេលថ្មីៗនេះ។ ពួកគេអះអាងថា ពួកគេប្រថុយប្រថានជីករ៉ែដោយដៃនោះគឺដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារក្រីក្ររបស់ពួកគេ។ ប៉ុន្តែក្រុមអ្នកជីករ៉ែទាំងនោះ ងាយរងគ្រោះខ្លាំងណាស់ ដោយសារជម្ងឺគ្រុនចាញ់និងការប៉ះពាល់សារធាតុគីមី។
លោក ផុន ភក្តិ និងសមាជិកមួយចំនួនទៀតក្នុងគ្រួសារបានសម្រេចចិត្តមកជីករ៉ែមាសនៅតំបន់ភ្នំប៉ាង ក្នុងភូមិព្រៃមាស ចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីក្រុងបានលុងនៃខេត្តរតនៈគីរីនេះ បន្ទាប់ពីមាសបានឡើងថ្លៃរហូតដល់ជាង២ពាន់ដុល្លារអាមេរិកក្នុងមួយតម្លឹងនាពេលថ្មីៗនេះ។
លោកនិយាយថា ការជីករ៉ែមាសក្នុងលក្ខណៈតូចតាចនេះអាចរកប្រាក់ចំណូលបានខ្លះដែរសម្រាប់គ្រួសាររបស់លោក។
«ជួនកាលថ្ងៃណាវាត្រូវទៅបាន១ជីអីទៅ។ ថ្ងៃណាអត់ត្រូវ ៤ឬ៥ហ៊ុនអីទៅ។ ថ្ងៃណាធ្លាក់ទៅ ១ហ៊ុនក៏មានដែរ»។
ក្រុមអ្នកជីករ៉ែមាននៅទីនេះ និយាយថា មានអ្នកភូមិរាប់រយគ្រួសារមកពីតំបន់ផ្សេងៗ បាននាំគ្នាមកជីករ៉ែមាសនៅជុំវិញតំបន់ភ្នំប៉ាងនេះ។
ពួកគេអះអាងថា មូលហេតុដែលពួកគេនាំគ្នាមកជីករ៉ែនេះ គឺដើម្បីរកប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារ ដោយសារពួកគេគ្មានដីស្រែចម្ការគ្រប់គ្រាន់សម្រាប់ធ្វើ ដើម្បីទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
លោកហ៊ូ ឈុនមានប្រសាសន៍ថា ជាជាងពឹងផ្អែកតែទៅលើដីស្រែចម្ការទំហំមិនដល់១ហិកតារបស់លោកនៅជិតផ្ទះក្នុងស្រុកអូរយ៉ាដាវនោះ លោកសុខចិត្តនាំកូនក្មួយមកផ្សងព្រេងជីករ៉ែមាសនៅទីនេះវិញ។
«ហេងស៊យ ចេះតែតាមទៅ។ ពេលខ្លះក៏បានច្រើនអញ្ចឹងទៅ។ ជួនក៏បានតិច អត់ទៀងទេរបស់ក្នុងដី»។
ប៉ុន្តែអ្នកជំនាញនិយាយថា ក្រុមអ្នកជីករ៉ែនៅទីនេះភាគច្រើនកំពុងប្រឈមនឹងបញ្ហាសុខភាពដោយសារធូលីដីនិងការប៉ះពាល់សារធាតុបារតដែលគេប្រើសម្រាប់ចាប់យកកម្ទេចមាសជាដើម។
អ្នកជីករ៉ែខ្លួនឯងផ្ទាល់និយាយថា ពួកគេខ្លះក៏កំពុងប្រឈមនឹងជម្ងឺគ្រុនចាញ់ផងដែរ។
«ខែហ្នឹងកំពុងត្រែគ្រុនចាញ់ មានគ្រុនចាញ់ច្រើននៅកន្លែងហ្នឹង»។
ក្រុមអង្គការក្រៅរដ្ឋាភិបាលនិយាយថា អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញគួរចាត់វិធានការបណ្តុះបណ្តាលដល់អ្នកប្រកបអាជីវកម្មជីករ៉ែមាសខ្នាតតូចទាំងនេះ ដើម្បីឲ្យពួកគេអាចការពារសុខភាពនិងសុវត្ថិភាពក្នុងពេលបំពេញការងារឲ្យបានល្អប្រសើរជាងនេះ។
លោកប៉ែន ប៊ុណ្ណារ៍គឺជាអ្នកសម្របសម្រួលនៅសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តនេះ។
«ការធ្វើរ៉ែនេះអាចប៉ះពាល់សារធាតុគីមី អញ្ចឹងវាធ្វើឲ្យប៉ះពាល់សុខភាព។ ដូច្នេះ ស្ថាប័នជំនាញខាងរ៉ែហ្នឹងគួរតែបង្ហាត់បង្ហាញដល់ប្រជាពលរដ្ឋជនជាតិដើមភាគតិចយើងឲ្យបានយល់ពីផលប៉ះពាល់ដែលអាចកើតឡើងពីការធ្វើរ៉ែ»។
ប៉ុន្តែអាជ្ញាធរខេត្តនិងមន្ត្រីជំនាញខាងរ៉ែនេះបាននិយាយថា ការជីករ៉ែរបស់អ្នកភូមិទាំងនេះ គឺជាសកម្មភាពខុសច្បាប់និងបានត្រឹមតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានជុំវិញតំបន់នេះតែប៉ុណ្ណោះ។
ដូច្នេះពួកគេនិយាយថា ប្រជាពលរដ្ឋទាំងនេះគួរតែវិលត្រឡប់ទៅប្រកបរបរកសិកម្ម ធ្វើស្រែចម្ការនៅតាមភូមិស្រុករបស់ពួកគេវិញប្រសើរជាង៕