ភ្នំពេញ៖ មន្ត្រីអនុរក្សពន្ធនាគារមួយរូបត្រូវបានអង្គភាពរបស់ខ្លួនដាក់ពិន័យរដ្ឋបាលក្រោយពីបានថតរូបអ្នកទោសជនជាតិរុស្ស៊ីបីនាក់ក្នុងពន្ធនាគាររួចហើយយកទៅលក់ឱ្យកាសែតបរទេស។នេះបើតាមការបញ្ជាក់ពីមន្ត្រីអនុរក្សពន្ធនាគារនៅថ្ងៃច័ន្ទនេះ។
លោក តាន់ សារ៉េត អនុប្រធានពន្ធនាគារខេត្តព្រះសីហនុនិយាយថាលោកម៉ោក សុផលអាយុ៤៧ឆ្នាំជាប្រធានការិយាល័យមធ្យោបាយត្រូវបានផ្អាកពីការងាររយៈពេលបីខែដោយគ្មានប្រាក់បៀវត្សរ៍បន្ទាប់ពីបានលួចថតរូបជនជាតិរុស្ស៊ីបីនាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារខេត្តដោយគ្មានការអនុញ្ញាត។
លោកបាននិយាយថាលោកសុផលត្រូវបានជួលដោយអ្នកកាសែតរុស្ស៊ីមួយរូបឱ្យថតរូបជាវីដេអូប្រមាណ៥នាទីអំពីស្ថានភាពរស់នៅក្នុងមន្ទីរឃុំឃាំងដែលកំពុងមានការទាក់ទាញពីសារព័ត៌មាននៅក្នុងប្រទេសរុស្ស៊ី។
លោកតាន់ សារ៉េតបាននិយាយថាហេតុការណ៍លួចថតរូបនេះបានកើតមានឡើងកាលពីថ្ងៃសៅរ៍ទី១៩កន្លងទៅនេះហើយរូបភាពនៃសកម្មភាពនេះបានលេចធ្លាយនៅពេលដែលមានការចែកចាយព័ត៌មានតាមរយៈទូរស័ព្ទដៃតៗគ្នារបស់សមត្ថកិច្ចខេត្តព្រះសីហនុ។
លោកបាននិយាយថាដំបូងយើងដាក់ពិន័យតាមរបៀបរដ្ឋបាលសិនហើយលោកកំពុងរង់ចាំសេចក្តីសម្រេចពីនាយកដ្ឋានពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។
«ខ្ញុំឆ្លងទៅថ្នាក់លើ។ថ្នាក់លើដាក់ពិន័យមកយ៉ាងម៉េចមិនទាន់សម្រេចទេ។បាទឥឡូវកំពុងផ្អាកការងារបណ្តោះអាសន្នសិន»។
លោក គុយ ប៊ុនសនអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃច័ន្ទនេះដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
លោក គុយ ប៊ុនសនអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃមិនអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេនៅថ្ងៃច័ន្ទនេះដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
ជនជាតិរុស្ស៊ីទាំងបីនាក់ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារខេត្តព្រះសីហនុរួមមាន លោកប៉ូឡុនស្គី សេហ្គេ (Polonsky Sergei) អាយុ៤១ឆ្នាំ ជាម្ខាស់សណ្ឋាគារនិងភោជនីយដ្ឋានពស់ព្រមទាំងជាម្ខាស់សណ្ឋាគារនៅកោះដែកគោលព្រមទាំងជនជាតិរុស្ស៊ីពីរនាក់ទៀតនៅខេត្តព្រះសីហនុត្រូវចាប់ខ្លួនក្នុងកណ្តាលសមុទ្រកាលពីថ្ងៃទី៣០ខែធ្នូ។ បន្ទាប់ពីពួកគេបានចាប់បង្ខាំងបុគ្គលិកនាវារបស់ខ្លួនចំនួន៦នាក់ នៅក្នុងបន្ទប់ទឹក រួចបង្ខំឲ្យពួកគេលោតទឹកសមុទ្រ។នេះបើតាមរបាយការណ៍របស់សមត្ថកិច្ច។
ហេតុការណ៍នេះបានកើតមានឡើងនៅចំណុចកោះដំឡូងចំងាយប្រមាណ១៥ម៉ែត្រពីកោះ ហើយក្រោយពីកើតហេតុរួចមកជនជាតិ រុស្ស៊ី ទាំងបីនាក់ក៏បើកនាវាចេញដំណើរចោលជនរងគ្រោះ។ នេះបើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ដដែល។
តុលាការខេត្តព្រះសីហនុនៅថ្ងៃពុធសប្តាហ៍មុនបានចាប់ផ្តើមសាកសួរជនជាតិរុស្ស៊ីទាំងបីនាក់ក្រោមបទចោទប្រកាន់ពីបទបង្ខាំងមនុស្សដោយខុសច្បាប់និងប្រើអំពើអំពើហិង្សាទៅលើជនរងគ្រោះជនជាតិខ្មែរចំនួន៦នាក់៕