ប្រជា​សហគមន៍​បង្ក្រាប​បទល្មើស​​ព្រៃឈើ​ដោយ​គ្មាន​សមត្ថកិច្ច​ចូលរួម

ព្រៃឡង់ក្នុង​ប្រទេសកម្ពុជា

យុទ្ធនាការ​ចុះ​បង្ក្រាប​បទល្មើស​នៅ​តំបន់​ព្រៃឡង់​ធ្វើ​ឡើង​ដោយ​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ព្រៃឈើ​បាន​បញ្ចប់​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​និង​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​ ២០០​នាក់។

កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​នេះ​ប្រជា​ពលរដ្ឋ​បួន​ខេត្ត​មក​ពី​ខេត្ត​ក្រចេះ ​ស្ទឹងត្រែង ​កំពង់ធំ ​និង​ព្រះវិហារ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ ​ដោយ​មាន​ការ​ឃ្លាំមើល​ពី​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​យុទ្ធនាការ​រយៈពេល​ប្រាំ​ថ្ងៃ​ដើម្បី​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃឡង់។

រយៈពេល​ប្រាំ​ថ្ងៃ ​បន្ទាប់​ពី​បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ​ក្រុម​ប្រជា​ពលរដ្ឋ​បាន​ដុត​បំផ្លាញ​ឈើ​ខុស​ច្បាប់​ប្រមាណ​ជាង ​៣០០​ ម៉ែត្រ​គូប​និង​បាន​ចុះ​ទៅ​ដល់​គោលដៅ​នៃ​រោងចក្រ​កែច្នៃ​ឈើ ​របស់​លោក ​សេង សារ៉ាវុធ។

លោក ​សេង ​សារ៉ាវុធ ​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ នៅ​ក្រសួង​មហាផ្ទៃ​បាន​ទទួល​អាជ្ញាបណ្ណ​ពី​ក្រសួង​កសិកម្ម ​ក្នុង​ការ​បង្កើត​រោងកច្រ​កែច្នៃ​ឈើ​សម្រាប់​ធ្វើ​គ្រឿង​សង្ហារឹម​ នៅ​ឃុំ​មានរិទ្ធ​ ស្រុក​សណ្តាន់​ ខេត្ត​កំពង់ធំ ​រយៈពេល​ពីរ​ឆ្នាំ ​ពី​ឆ្នាំ​២០១០ ​រហូត​ដល់​ឆ្នាំ​ ២០១១។

លោក ​ចាន់ ​សាវ៉េត ​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិ​មនុស្ស ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​សហគមន៍​ព្រៃឡង់ ​បាន​និយាយ​ថា ​លោក​គ្មាន​បាន​ឃើញ​គ្រឿង​សង្ហារឹម​ណាមួយ ​ត្រូវ​បាន​កែច្នៃ​ នៅ​ក្នុង​រោងចក្រ​កែច្នៃ​ឈើ​ទេ។ ​ក៏ប៉ុន្តែ​ផ្ទុយ​ទៅវិញ ​ប្រជា​ពលរដ្ឋ​បាន​ប្រទះ​ឃើញ​ឈើ​ហុប​ធំ​ៗ​ជា​ច្រើន​ម៉ែត្រ​គូប ​និង​ ម៉ាស៊ីន​អារ​ឈើ​ខ្នាត​ធំ​ចំនួន​បី ​ដែល​ទង្វើ​នេះ​ ខុស​បច្ចេកទេស​ក្នុង​ការ​សុំ​អាជ្ញា​បណ្ណ​បង្កើត​រោងចក្រ​កែច្នៃ​សម្រាប់​ធ្វើ​គ្រឿង​សង្ហារឹម។

យុទ្ធនាការ​ចុះ​បង្ក្រាប​ព្រៃឈើ​របស់​ប្រជា​ពលរដ្ឋ ​នៃ​សហគមន៍​ព្រៃឡង់​នេះ​ មិន​មាន​កិច្ច​សហការណ៍​ណា​មួយ​ពី​សមត្ថកិច្ច​ទេ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។

លោក ​ចាន់ ​សាវ៉េត ​បាន​មាន​ប្រសាសន៍​ថា ​សមត្ថកិច្ច​បាន​ចូលរួម​ដែរ។​ ក៏​ប៉ុន្តែ​បាន​តាម​ឃ្លាំមើល​សកម្មភាព​និង​ថតរូប​ប្រជាជន​នៅ​ពេល​ដែល​ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ​ទៅ​វិញ។

លោក ​ចាន់ ​សាវ៉េត ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ ប្រជា​ពលរដ្ឋ​អាច​ប្រឈម​មុខ​នឹង​ពាក្យ​បណ្តឹង​ តាម​ផ្លូវ​តុលាការ​នៅ​ពេល​ដែល​ពួក​គេ​បញ្ចប់​យុទ្ធនាការ​ទាំង​នេះ។

«យើង​ឃើញ​សកម្មភាព​របស់​អាជ្ញាធរ ​លោក​ហាក់​បី​ដូច​ធ្វើ​ការងារ ​ដូច​ជា​មិនមែន​ធ្វើ​ការងារ​ ដើម្បី​ទៅ​ទប់ស្កាត់ ​ឬ​ ទៅ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទេ។ ​ពីព្រោះ​ពួក​គាត់​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ ដើម្បី​ធ្វើ​ការងារ​នោះ ​គឺ​ទៅ​ដើម្បី​ស្វែងរក​អ្នកណា ​ជា​មេដឹកនាំ​សហគមន៍​អញ្ចឹង។ ​ អ្នកណា​ជា​អ្នក​ខ្លាំង​ពូកែ។​ ហើយ​អ្នក​ណា ​ជា​អ្នក​ដុត​ឈើ ​បំផ្លាញ​ឈើ។​ អ្នកណា​ដុត​ស្ពាន»។

លោក ​ខាំ ​ភឿន ​អភិបាល​ខេត្ត​ក្រចេះ ​មិន​ហ៊ាន​ធ្វើ​សេចក្តី​សន្និដ្ឋាន​ចំពោះ​សកម្មភាព​ប្រជា​ពលរដ្ឋ​បាន​ទេ ​គឺ​អាស្រ័យ​ទៅ​លើ​រដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​នៅ​តាម​មូលដ្ឋាន​តែ​ប៉ុណ្ណោះ។

«ខ្ញុំ​ឥតហ៊ាន​សន្និដ្ឋាន​បាន​ទេ​ពីព្រោះ​សមត្ថកិច្ច​គេ​ហៅ​ទៅ ​មិន​ដឹង​យ៉ាង​ម៉េច​ទេ។ ​ប៉ុន្តែ​ជា​ធម្មតា​ គួរ​សួរ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។ ​ឧបមា​ថា​អញ្ចឹង ​ករណី​ហ្នឹង ​គួរ​ធ្វើ​យ៉ាងម៉េច​ កាលណា​ហៅ​ទៅ ​បើ​ចូលរួម ​គួរតែ​សួរ​យោបល់​ដែរ។ ​តើ​ករណី​ហ្នឹង ​គួរ​តែ​ធ្វើ​យ៉ាង​ម៉េច ​បើ​មាន​អញ្ចឹង? ​ឧបមា​ថា​ ឃើញ​ឈើ​នៅ​គរ​អញ្ចឹង ​គួរ​តែ​ធ្វើ​យ៉ាង​ម៉េច?»

ការ​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ​របស់​ប្រជា​ពលរដ្ឋ​នៃ​សហគមន៍​ព្រៃឡង់​បាន​ធ្វើ​ឡើង​ជា​លើក​ទី​៤​ ហើយ។ ​កន្លង​មក​ប្រជា​ពលរដ្ឋ​បាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ​ដោយ​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ ហើយ​លើក​នេះ ​ពួកគេ​ធ្វើ​ដំណើរ​តាម​ម៉ូតូ​វិញ។

ព្រៃឡង់ ​គឺ​ជា​ព្រៃ​ធម្មជាតិ​ ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ​ជាង​ ៣៦​ ម៉ឺន​ហិកតា។​ ព្រៃឡង់​គ្របដណ្តប់​លើ​ខេត្ត​បួន ​គឺ​ខេត្ត​កំពង់ធំ​ ព្រះវិហារ ​ក្រចេះ ​និង​ស្ទឹងត្រែង។

លោក​ ឆេង ​គឹមស៊ុន ​ប្រធាន​រដ្ឋបាល​ព្រៃឈើ​មិន​អាច​ស្នើសុំ​ទំនាក់ទំនង​ ដើម្បី​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ៕