សកម្មជនព្រៃឈើក្នុងសហគមន៍ព្រៃឡង់និងជនជាតិភាគតិចកម្ពុជាបាននាំយកក្តីកង្វល់របស់ពួកគេមកដល់សហរដ្ឋអាមេរិកដើម្បីសុំឱ្យមានអន្តរាគមន៍ពីសហគមន៍អន្តរជាតិលើការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជានិងផលប៉ះពាល់ដល់ជនជាតិដើមភាគតិចដែលរស់នៅភាគឥសាន្តប្រទេស។
លោកស្រីផូគ ហុងជនជាតិកួយដែលជាអ្នកដឹកនាំក្រុមនោះបានបញ្ជាក់ប្រាប់វីអូអេថាសកម្មភាពកាប់បំផ្លាញព្រៃឈើដោយក្រុមហ៊ុនដែលទទួលបានដីសម្បទានពីរដ្ឋាភិបាលមានទំហំធំនិងបានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងវប្បធម៌របស់ជនជាតិដើម។
«វាប៉ះពាល់ច្រើនមែនទែនហើយក្នុងតំបន់ព្រៃឡង់ជាក់ស្តែងវាបាត់មុខរបររបស់គាត់ប្រចាំថ្ងៃគឺទីមួយជ័រដែលចម្បងបំផុតនិងរុករកអនុផលពីព្រៃឈើរបស់ពួកគាត់ដូចជាការបោចផ្តៅរើសជ័របោចវល្លិអីអញ្ចឹងដែលជាមុខរបររបស់ពួកគាត់ប្រចាំថ្ងៃ។ ជាពិសេសជនជាតិដើមភាគតិច»។
សម្រាប់លោក សាមឿន វុទ្ធី ជនជាតិព្រៅនៅខេត្តស្ទឹងត្រែងយល់ថាដំណើរមកសហរដ្ឋអាមេរិកគឺជាការតស៊ូនឹងគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីដែលបានប៉ះពាល់បរិស្ថានដ៏ល្អរបស់អ្នកស្រុកដើមនិងដើម្បីរក្សាតម្លៃពលរដ្ឋសហគមន៍របស់លោកដែលមិនព្រមធ្វើជាកម្មករក្រុមហ៊ុនដែលមកអភិវឌ្ឍហើយសន្យាផ្តល់ការងារឱ្យនោះទេ។
«ជនជាតិដើមភាគតិចបានមើលឃើញថាការផ្តល់សម្បទានដីធ្វើវិនិយោគហ្នឹងមិនបម្រើដល់ផលប្រយោជន៍សហគមន៍ជនជាតិភាគតិចនៅតំបន់នោះទេព្រោះ ជាប្រពៃណីគាត់មិនចូលចិត្តនៅរបៀបនៃការស៊ីឈ្នួលគេទេដោយសារជាប្រពៃណីគាត់ចង់មានសិទ្ធិសេរីភាពរុករកផលអនុផលព្រៃឈើមកចិញ្ចឹមជីវិត។ គាត់ចង់ទៅធ្វើថ្ងៃណាចង់ទៅថ្ងៃណាបានថ្ងៃនោះជនជាតិភាគតិចរបស់ខ្ញុំមិនត្រូវការការត្រួតត្រានិងបញ្ជាធ្វើនេះធ្វើនោះទេ»។
ជាការផ្តល់កិត្តិយសដល់សកម្មជនទាំងនោះអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានរៀបចំពិធីសំណេះសំណាលមួយក្នុងការិយាល័យរបស់ពួកគេដល់សមាជិកនិងអ្នកគាំទ្រសិទ្ធិមនុស្សនៅរដ្ឋធានីវ៉ាស៊ីនតោន។
កម្មវិធីដូចដែលមាននៅល្ងាចថ្ងៃព្រហស្បតិ៍នេះគឺជាឱកាសមួយផ្តល់ឱ្យសកម្មជនបានលើកឡើងពីក្តីកង្វល់របស់ពួកគេដោយផ្ទាល់ទៅដល់ឆាកអន្តរជាតិឱ្យបានដឹងឮ។
សកម្មជនទាំងនោះ បញ្ជាក់ប្រាប់អ្នកចូលរួមស្តាប់ថាការដោះស្រាយនៅថ្នាក់ជាតិហាក់មិនទទួលលទ្ធផលអ្វីដែលជាទីសង្ឃឹមទេដោយសារមន្ត្រីពាក់ព័ន្ធនានាមិនចាត់ទុកថាវាជាបញ្ហាសំខាន់ដែលគេត្រូវយកចិត្តទុកដាក់ឡើយ។ ពួកគេស្នើឡើងថាមធ្យោបាយល្អគឺនៅមុនរាល់មានការផ្តល់ដីសម្បទានម្តងៗរដ្ឋាភិបាលគួរតែមានការពិគ្រោះពិភាក្សាជាមួយសហគមន៍មូលដ្ឋានពីកន្លែងដែលអាចអភិវឌ្ឍបានជៀសវាងការបំផ្លាញព្រៃនិងតំបន់សក្តិសិទ្ធិរបស់ពួកគាត់។
លោក ព្រហ្ម ស៊ុនណូរ៉ា សកម្មជននៃសមាគមការពារសិទ្ធិមនុស្សមួយនៅសហរដ្ឋអាមេរិកដែលបានមកចូលរួមស្តាប់បទបង្ហាញរបស់សកម្មជនព្រៃឈើទាំងនោះបានលើកសរសើរចំពោះសេចក្តីក្លាហានរបស់ពួកគេ ក្នុងការហ៊ានមកលើកយកក្តីកង្វល់មកដល់ឆាកអន្តរជាតិហើយលោកបានស្នើសុំថាសហគមន៍អន្តរជាតិមិនត្រូវនៅធ្វើគថ្លង់ទៀតទេ។
«យើងកំពុងតែអំពាវនាវសព្វថ្ងៃនេះគឺថាជំរុញខាងរដ្ឋាភិបាលអាមេរិកាំងហើយនឹងអង្គការសហប្រជាជាតិ។ មានតែពីរអង្គការហ្នឹងទេដែលធំដែលអាចយើងជំរុញទៅឱ្យមានប្រសិទ្ធភាពក្នុងការដែលខំប្រឹងប្រែងរក្សាព្រៃឡង់ ថែរក្សាសិទ្ធិមនុស្ស ពីព្រោះនេះគឺជារឿងសិទ្ធិមនុស្សមួយដែរ គឺថាអ្នកដែលនៅកន្លែងព្រៃឡង់ហ្នឹងគឺថាគ្នាខំការពាររបស់គ្នាហើយអ្នកដែលទៅអភិវឌ្ឍហ្នឹងគឺរំលោភសិទ្ធិមនុស្សអ្នកកាន់កាប់ព្រៃឡង់ហ្នឹងគឺជាការរំលោភសិទ្ធិមនុស្ស»។
អង្គការការរស់រាននៃវប្បធម៌ឱ្យដឹងថានៅក្នុងប្រទេសកម្ពុជា មានអ្នកភូមិប្រហែលជា២០០.០០០នាក់ដែលភាគច្រើនជាជនជាតិកួយកំពុងខិតខំប្រឹងប្រែងទប់ស្កាត់ការបំផ្លាញព្រៃឡង់ដែលជាព្រៃដ៏ធំមួយនៅជ្រោយឥណ្ឌូចិន។
លោកស្រី ក្លៅឌៀ វ៉ាន់ដឺម៉េដ អ្នកសម្របសម្រួលកម្មវិធីអាស៊ីអាគ្នេយ៍នៃអង្គការលើកលែងទោសអន្តរជាតិយល់ថារដ្ឋាភិបាលកម្ពុជាត្រូវតែស្វែងរកវិធីល្អក្នុងការជួយដល់សកម្មភាពពួកគេជាជាងបង្រ្កាប។
«អង្គការលើកលែងទោសមានការព្រួយបារម្ភលើបញ្ហានៅទូទាំងប្រទេសកម្ពុជាដែលមានបញ្ហាបណ្តេញមនុស្សចេញដោយបង្ខំនិងបញ្ហាដទៃផ្សេងទៀត ប៉ុន្តែការបណ្តេញមនុស្សចេញដោយបង្ខំគឺជាការរំលោភសិទ្ធិមនុស្សពិតប្រាកដមួយលើច្បាប់សិទ្ធិមនុស្សអន្តរជាតិហើយជាលទ្ធផលអង្គការលើកលែងទោសអន្តរជាតិយល់ឃើញថានោះ ជាបញ្ហាដ៏ធំនៅប្រទេសកម្ពុជាហើយលោកស្រី ហុងគឺជាផ្នែកមួយដែលរងបញ្ហាទាំងអស់នោះ»។
ជាឱកាសដោយកម្រក្រុមសកម្មជនទាំងនោះបាននាំយកក្តីកង្វល់របស់ពួកគេមកឱ្យស្ថានទូតកម្ពុជានៅសហរដ្ឋអាមេរិកបានដឹងផងដែរ។
លោកហែម ហេងឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានបញ្ជាក់ថាប្រាប់តំណាងប្រជាពលរដ្ឋទាំងនោះថាលោកគាំទ្រចំពោះសហគមន៍នានាក្នុងការខិតខំប្រឹងប្រែងការពារព្រៃឈើហើយលោកបានថ្លែងការពាររាជរដ្ឋាភិបាលកម្ពុជាថាកំពុងមានវិធានការទប់ស្កាត់ជនល្មើសបំផ្លាញព្រៃឈើទាំងឡាយ។
«ខ្ញុំជម្រាបបងប្អូនថាមកទីនេះបើបានជាមកហើយយើងដើរជួបជាមួយនឹងអ្នកនេះអ្នកនោះដូច្នេះសូមរក្សាសូមនិយាយនូវការណ៍ពិត គឺមិនមែនរាជរដ្ឋាភិបាលមិនការពារព្រៃឈើទេ រាជរដ្ឋាភិបាលបានចេញលិខិតបទដ្ឋាននានាជាច្រើនដើម្បីការពារព្រៃឈើដូច្នេះការដែលបំផ្លាញព្រៃឈើនោះគឺជាបុគ្គលជាឯកជនហើយរាជរដ្ឋាភិបាលកំពុងតែមានវិធានការដើម្បីនឹងពិនិត្យមើលនូវសម្បទានសេដ្ឋកិច្ចទាំងឡាយដែលមិនអនុវត្តទៅតាមលក្ខន្តិកៈ ដែលបានចុះ ជាមួយនឹងរាជរដ្ឋាភិបាល»។
សកម្មជនទាំងនោះ បានជួបជាមួយនឹងមន្ត្រីអង្គការសហប្រជាជាតិនៅបូរីញ៉ីវយ៉កហើយមានគម្រោងជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ៕