ភ្នំពេញ៖ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការប្រេងកាតរវាងប្រទេសកម្ពុជា និងអ៊ីរ៉ង់ គ្រោងនឹងធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់លោកហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជាទៅកាន់ប្រទេសអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ។ កិច្ចសហប្រតិបត្តិការប្រេងនេះ សំដៅទៅលើការផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស និងចំណេះជំនាញខាងវិស័យប្រេង ជាពិសេសការផ្តល់ជំនួយផ្នែកបច្ចេកទេសដល់កម្ពុជា ពីព្រោះប្រទេសអ៊ីរ៉ង់ជាប្រទេសផលិតប្រេងដ៏ធំនៅលើពិភពលោក ព្រមទាំងបង្ហាញពីសក្តានុពលផ្នែកវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ជាពិសេសសក្តានុពលផ្នែកកសិកម្ម។
ប្រទេសកម្ពុជា និងប្រទេសអ៊ីរ៉ង់គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ប្រេងនៅសប្តាហ៍ក្រោយនេះ ក្នុងដំណើរទស្សនកិច្ចលើកទីមួយរបស់លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង ទៅប្រទេសអ៊ីស្លាមមួយនេះ ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Mahmoud Ahmadinejad។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងលោកហូ វិចិត្រ អនុប្រធានអាជ្ញាធរ ប្រេងកាតជាតិកម្ពុជា ព្រមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានអញ្ជើញទៅទស្សនកិច្ចប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែសីហា នេះបើតាមសេចក្តីថ្លែងការណ៍។
ក្នុងអំឡុងទស្សនកិច្ចនេះ លោកហោ ណាំហុងនឹងជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad និងលោកប្រធានរដ្ឋសភាអ៊ីរ៉ង់ Ali Ardashir Larijani ព្រមទាំងធ្វើការពិភាក្សាទ្វេភាគីជាមួយលោក Manoucehe Mottaki រដ្ឋមន្ត្រីការបរទេស លោក Masoud Mir Kazemi រដ្ឋមន្ត្រីក្រសួងប្រេងកាត និងលោក Mehdi Ghazanfari រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជានិងប្រទេសអ៊ីរ៉ង់និងជំរុញឱ្យមានការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងមន្ត្រីក្រសួងការបរទេស និងមេដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើអនុស្សារណៈយោគយល់ គ្នាស្តីពីកិច្ចសហប្រតិបត្តិការប្រេង។
លោកកុយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា កិច្ចសហប្រតិបត្តិការប្រេងនេះសំដៅទៅលើការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចំណេះជំនាញខាងវិស័យប្រេង ជាពិសេសការផ្តល់ជំនួយផ្នែកបច្ចេកទេស។
លោកកុយ គួងបានបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់អាចផ្តល់បទពិសោធន៍ បច្ចេកទេស និងចំណេះជំនាញ ខាងវិស័យប្រេងផ្សេងៗដល់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាប្រុងនឹងចាប់ផ្តើមដំណើរការអាជីវកម្ម ប្រេងនៅក្នុងឆ្នាំ២០១២ ពីព្រោះប្រទេសអ៊ីរ៉ង់ជាប្រទេសផលិតប្រេងសំខាន់ៗ នៅលើពិភពលោក។
«ដំណើរទស្សនកិច្ចនេះសំដៅពង្រីកទំនាក់ទំនងឱ្យមានភាពកាន់តែទូលំទូលាយក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ការទូត និងប្រេងកាត។ ដំណើរទស្សនកិច្ចនេះសំខាន់ណាស់ដើម្បីបង្ហាញពីសក្តានុពលផ្នែកវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសសក្តានុពលផ្នែកកសិកម្ម»។
លោកស្មាន ទៀត អនុប្រធានគណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភាបានថ្លែងថា ដំណើរទស្សនកិច្ចនេះនឹងផ្តោតលើផលប្រយោជន៍ទ្វេភាគីជាសំខាន់។
«ដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុងនេះ នឹងនាំយកផលប្រយោជន៍រួមមកជូនជាតិ ហើយខ្ញុំគិតថា ពិតជានាំមកនូវផលប្រយោជន៍ដល់សហគមន៍ខ្មែរ-ឥស្លាម»។
លោកសុះ មុះស៊ិន ប្រធានសមាគមនិស្សិតម៉ូស្លីមកម្ពុជា បាននិយាយថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសការធ្វើវិនិយោគ ការធ្វើពាណិជ្ជកម្ម ទំនាក់ទំនងការទូត និងជំនួយផ្សេងៗ។
ប្រទេសគូវ៉ែត ប្រទេសអារ៉ាប់រួម ប្រទេសអារ៉ាប់ប៊ីសាអូឌី ប្រទេសអូម៉ង់ និងប្រទេសកាតា បានទំនាក់ទំនងជាមួយពាណិជ្ជករខ្មែរសម្រាប់ការវិនិយោគវិស័យកសិកម្ម។
លោកកុយ គួងបានថ្លែងថា ប្រទេសកម្ពុជាបានបង្កើតចំណងទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីរ៉ង់ នៅក្នុងឆ្នាំ១៩៩២ ប៉ុន្តែប្រទេសទាំងពីរមិនទាន់បានបង្កើតស្ថានទូតនៅក្នុងប្រទេសរៀងខ្លួនទេ។ ប្រទេសកម្ពុជាបានធ្វើទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់តាមរយៈស្ថានទូតអ៊ីរ៉ង់នៅទីក្រុងហាណូយ។ ប្រទេសអ៊ីរ៉ង់នៅមិនទាន់មានសកម្មភាពវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជាទេ។ លោកMohsen Kohkan ប្រធានក្រុមសភាមិត្តភាពអ៊ីរ៉ង់-កម្ពុជា ដែលបានមកទស្សនកិច្ចនៅកម្ពុជាក្នុងខែមិថុនា បានស្នើសុំកម្ពុជាអនុញ្ញាតឱ្យបង្កើតស្ថានទូតនៅអ៊ីរ៉ង់ ហើយសភាអ៊ីរ៉ង់ជំរុញរដ្ឋាភិបាលរបស់ខ្លួនឱ្យតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា៕