កម្ពុជា​​រៀបចំ​បង្កើត​តុលាការ​អនីតិ​ជន

ក្រុម​មន្ត្រី​តុលាការ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​សម្តែង​ការ​ស្វាគមន៍​ និង​ការ​គាំទ្រ​ដល់​ការ​ផ្តួចផ្តើម​គំនិត​នេះ ​ដោយ​ចាត់ទុក​ថា​ ​ជា​ជំហ៊ាន​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​តុលារការ​ ជំនាញ​សម្រាប់​កាត់ទោស​អនីតិ​ជន​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​កម្ពុជា។

ភ្នំពេញ៖ ប្រទេស​កម្ពុជា​ត្រៀម​រៀបចំ​បង្កើត​តុលាការ​សម្រាប់​កាត់ទោស​អនីតិ​ជន​សំដៅ​ការពារ​សិទ្ធិ​សេរីភាព​ និង​ផលប្រយោជន៍​របស់​អនីតិ​ជន​តាម​ផ្លូវ​ច្បាប់​ ​ខណៈ​ដែល​ការ​រំលោភ​សិទ្ធិ​របស់​អនីតិ​ជន​មាន​ការ​កើន​ឡើង​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ​ក្រុម​មន្ត្រី​តុលាការ​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​សម្តែង​ការ​ស្វាគមន៍​ និង​ការ​គាំទ្រ​ដល់​ការ​ផ្តួចផ្តើម​គំនិត​នេះ ​ដោយ​ចាត់ទុក​ថា​ ​ជា​ជំហ៊ាន​វិជ្ជមាន​ឆ្ពោះ​ទៅ​រក​តុលារការជំនាញ​សម្រាប់​កាត់ទោស​អនីតិ​ជន​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​កម្ពុជា។

ក្រុម​អ្នកជំនាញ​ការ​ច្បាប់បាន​ជួប​ប្រជុំ​គ្នា​ជា​លើក​ទីមួយ​នៅក្នុង​សិក្ខា​សាលា​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី ​រិះរក​មធ្យោបាយ​បង្កើត​តុលាការ​សម្រាប់​កាត់ទោស​ករណី​ព្រហ្ម​ទណ្ឌ​របស់​អនីតិ​ជន ​ក្រោម​អាយុ​១៨ឆ្នាំ។

អ្នក​ចូលរួម​ជាង​៥០នាក់​មកពី​តុលាការ​ខេត្ត ​ក្រុង​ ក្រសួង​យុត្តិធម៌​ ក្រសួង​មហាផ្ទៃ​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ បាន​ចូលរួម​នៅក្នុង​ការពិភាក្សា​អំពី​ការ​បង្កើត​ច្បាប់​ស្តីពី​យុត្តិធម៌​ សម្រាប់​អនីតិ​ជន​ ដែល​ទាក់ទង​នឹង​ករណី​ព្រហ្ម​ទណ្ឌ។

លោក​អង្គ វង្សវឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​បាន​ថ្លែង​បើក​សិក្ខា​សាលា​នេះ​ថា​ ​លោក​សូម​ស្វាគមន៍​ និង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ ​ដែល​នេះ​ជា​ការ​កែ​ទម្រង់​មួយ​នៅក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ដើម្បី​ជួយ​គាំទ្រ​ និង​លើក​ស្ទួយ​ឧត្តម​ប្រយោជន៍រ​បស់​អនីតិ​ជន​ក្នុង​ដំណើរ​ការ​ព្រហ្ម​ទណ្ឌ​ ឱ្យ​ស្រប​តាម​គោល​ការណ៍​នៃ​ច្បាប់​ជាតិ ​និង​លិខិត​បទដ្ឋាន​អន្តរជាតិ ជាពិសេ​សអនុសញ្ញា​ស្តីពី​សិទ្ធិ​របស់​អនីតិ​ជន។

លោក​អង្គ​ វង្សវឌ្ឍនា​បាន​បញ្ជាក់​ថា​ ​ការ​រៀបចំ​តុលាការ​គំរូ​សម្រាប់​អនីតិ​ជន​នៅ​ពេល​នេះ​គឺ​ជា​ប្រការ​មួយ​សម​ស្រប​ ដើម្បី​លុប​បំបាត់​អសីលធម៌​ និង​អគុណធម៌​ ក្នុង​ការ​រំលោភ​ពី​ឪពុក ម្តាយ​ទៅ​លើ​កូន​ និង​ការ​រំលោភ​សេព​សន្ថវៈ​លើ​កុមារ។

« ខ្ញុំ​ជឿជាក់​ថា ​តុលាការ​នេះ​នឹង​មាន​ផលប្រយោជន៍​សំខាន់​ណាស់​ ដើម្បី​បម្រើ​ និង​លើក​ស្ទួយ​សិទ្ធិរបស់​កុមារ​ និង​ទប់ស្កាត់​បាតុភាព​អសីលធម៌​ និង​ខ្វះ​គុណ​ធម៌​ នៅក្នុង​សង្គម​របស់​យើង»។

លោក​ម៉ុង ​មុន្នីសោភា​ ចៅក្រម​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ បាន​ថ្លែង​ថា​ ​គម្រោង​បង្កើត​តុលាការ​សម្រាប់អនីតិ​ជន​ជា​មធ្យោបាយ​មួយ​ដ៏​ប្រសើរ ដើម្បី​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​កុមារ​ទាំង​ជន​រងគ្រោះ​ និង​ជន​ល្មើស។

«នៅពេល​ដែល​មាន​ក្មេង​ជា​ជន​ប្រព្រឹត្ត​បទ​ល្មើស​ ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោយ​សិក្សា​លើ​ក្មេង​ថា​ តើ​ការ​ឆ្លើយ​សារភាព​របស់​គាត់​ហ្នឹង​អាច​ទាក់ទង​នឹង​ការ​ភ័យ​ខ្លាច​ ឬ​ការ​គំរាម​កំហែងពី​ជន​ណា​ម្នាក់ឱ្យ​ឆ្លើយ​ថាអញ្ចឹង ឬ​ឱ្យ​ឆ្លើយ​ទម្លាក់​កំហុស​ទៅលើ​ជន​ណា​ម្នាក់​ផ្សេងទៀត​ នៅពេល​ដែល​គាត់​ជា​ជនរងគ្រោះ។​ អញ្ចឹង​យើង​ត្រូវ​មើល​កាលៈទេសៈ​ទាំងអស់​នេះ​ ដោយ​សិក្សា​ទៅ​លើ​ចិត្ត​សាស្ត្រ ​ពេល​វេលា​ និង​ទី​កន្លែង​ ដើម្បី​ឱ្យ​គាត់​ឆ្លើយ​ដោយ​ភាព​ស្មោះត្រង់​មក​ឱ្យ​យើង»។

លោក​ម៉ុង មុន្នីសោភា​បាន​បញ្ជាក់​ថា ​សាលា​ដំបូង​ខេត្ត​ព្រៃវែង​ទទួល​បាន​ករណី​កុមារ​ជា​ជន​ល្មើស​ ប្រមាណ​២០%​ នៅ​ក្នុង​ឆ្នាំ​២០០៩​ ​ដូច​ជា​ករណី​ចោរកម្ម​ប្លន់​ និង​រំលោភ​សេព​សន្ថវៈ។

លោក​នួន សាធ ​ប្រធាន​ព្រះរាជ​អាជ្ញា​ខេត្ត​បាត់ដំបង ​បាន​បញ្ជាក់​ថា​ ​តុលាការ​ប្រឈម​នឹង​ការ​លំបាក​ មួយ​ចំនួន​ ​ដូចជា​កង្វះ​អ្នក​ជំនាញ​ក្នុង​ការ​សាកសួរ​អនីតិ​ជន​ទាំង​ជន​រងគ្រោះ​ និង​ជនល្មើស​ ដើម្បី​យក​ព័ត៌មាន​ពិត​ ​បន្ទប់​ពន្ធនាគារ​ដែល​មាន​ចំណុះ​អ្នកទោសចំនួន​ច្រើន​ ​និង​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​នៅ​ក្នុង​ពន្ធនាគារ។

«ការ​បង្កើត​តុលាការ​អនីតិ​ជន​នេះ​នឹង​ធ្វើ​ឱ្យ​ដំណើរ​ការ​កាត់ទោស​ជន​រងគ្រោះ​និង​ជនល្មើស​ជា​កុមារ​ កាន់​តែ​ប្រសើរ​ឡើង​ ​ដូចជា​ពាក់ព័ន្ធ​នឹង​នីតិ​វិធី​ស៊ើបសួរ​ ការ​ចោទ​ប្រកាន់​អនីតិ​ជន ​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​រយៈពេល​ខ្លី​បំផុត​ និង​ការ​កោះហៅ។ ​ការ​ពាក់ព័ន្ធ​នឹង​អនីតិ​ជន​ ដូចជា​ឱ្យ​ប្រយោជន៍​គាត់​តាំងពី​ដើម​ទី​ហើយ»។

លោក​នួន សាធ​ បាន​បញ្ជាក់​ថា​ ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ទទួល​បាន​ករណី​កុមារ​ជា​ជន​ល្មើស​ជាង​ ១០%​នៅក្នុង​ឆ្នាំ​២០០៩ ​ ​ដូចជា​ករណី​ចោរកម្ម​ ប្លន់​ និង​រំលោភ​សេព​សន្ថវៈ។

លោក​អ៊ំ សំអាត ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Licadho ​បាន​ថ្លែងថា​ ​ការ​ផ្តួចផ្តើម​ បង្កើត​តុលាការ​សម្រាប់​អនីតិ​ជន​នេះ ​ជា​ជំហ៊ាន​វិជ្ជមាន​ឆ្ពោះ​ទៅរក​ការ​ការពារ​ផល​ប្រយោជន៍​និង​សិទ្ធិ​សេរីភាព​របស់​អនីតិ​ជន​ឱ្យ​បាន​ល្អប្រសើរ​ជាង​បច្ចុប្បន្ន ​និង​មាន​ជំនាញ​ច្បាស់លាស់​ខាង​កិច្ចការ​អនីតិ​ជន​នេះ។

របាយការណ៍​៧ខែ​ដើម​ឆ្នាំ២០១០​របស់​អង្គការ​សិទ្ធិមនុស្ស​ បាន​បញ្ជាក់​ថា​ ​មាន​អនីតិ​ជន​ជា​ជន​រង​ គ្រោះ​ចំនួន​១៦០នាក់​ ដោយ​អំពើ​រំលោភ​សេព​សន្ថវៈ ​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ និង​ពល​កម្ម ​និង​ការ​វាយដំជាដើម​ ​ហើយ​មាន​អនីតិ​ជន​ជា​ជន​ល្មើស​ចំនួន​៧៨៨​នាក់​ ដែល​រួមមាន​៥៣០​នាក់​ជា​ទណ្ឌិត​ និង​២៥៨​នាក់ ​ជា​ជន​សង្ស័យ​នៅក្នុង​ពន្ធនាគារ​ចំនួន​១៨​កន្លែង៕