កម្ពុជា​គ្រោង​នឹង​ដេញ​ចេញ​ជនជាតិ​ចិន​សង្ស័យ​ថា​ជា​ក្រុម​ម៉ាហ្វីយ៉ា

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​ដែល​ចែកចាយ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​បញ្ជាក់​ថា "ក្រសួង​មហាផ្ទៃ​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​ ដោយ​ធ្វើការ​បណ្ដេញឲ្យ​ផុត​ពី​ព្រះរាជា​ណាចក្រ​កម្ពុជា"។

រាជរដ្ឋាភិ​បាល​នៃ​ប្រទេស​កម្ពុជា​បាន​សម្រេច​នៅថ្ងៃសុក្រ​នេះ​បញ្ជូន​ជនជាតិ​ចិន​សរុប​ចំនួន​១៨៧នាក់​ទៅកា​ន់ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ដោយ​ពុំ​ចាំបាច់​ធ្វើការ​កាត់ទោស​ដោយ​តុលាការ​នៅ​កម្ពុជា​នោះ​ទេ។

ជនជាតិ​ចិន​ទាំងនេះ ​ត្រូវក្រុម​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ ក្នុង​ប្រតិបត្តិការ​ឆ្មក់​បង្រ្កាប​ជា​លក្ខណៈ​អន្ដរជាតិ​ព្រមគ្នា​ចំនួន​ប្រាំ​ប្រទេស​នៅថ្ងៃ​តែមួយ​គឺ​នៅក្នុង​ប្រទេស​កម្ពុជា ថៃ​ តៃវ៉ាន់​ ឥណ្ឌូ​ណេស៊ី​ និង​ម៉ា​ឡេស៊ី ​ដែលសរុប​មានជន​ដែល​ត្រូវចាប់​ខ្លួន​បាន​ក្នុង​ប្រទេស​ទាំងប្រាំ​មាន​ចំនួន​៥០០​នាក់។ ពួកគេ​ត្រូវ​ចោទ​ប្រកាន់​ថា​ គឺជា​ក្រុមឧក្រិដ្ឋជនឆ្លងដែន ​ហើយ​បាន​យក​ប្រទេស​កម្ពុជា​ធ្វើជា ​ទីតាំង​ ដើម្បី​ធ្វើការ​គំរាម​ជំរិត​ទារប្រាក់​ដល់​ជន​រងគ្រោះ​នៅ​ក្រៅ​ប្រទេស។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ​ដែល​ចែកចាយ​ដល់​បណ្ដាញ​ផ្សព្វផ្សាយ​នៅថ្ងៃនេះ​បញ្ជាក់​ថា "ក្រសួង​មហាផ្ទៃ​នឹង​អនុវត្ត​ទៅតាម​ច្បាប់​ស្ដីពី​អន្ដោប្រវេសន៍​ ដោយ​ធ្វើការ​បណ្ដេញឲ្យ​ផុត​ពី​ព្រះរាជា​ណាចក្រ​កម្ពុជា"។ ទោះជា​យ៉ាងណា​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​មិន​បាន​បញ្ជាក់​ថា​តើ​ការបណ្ដេញ​ជនជាតិ​ចិន​ទាំងនេះ​នឹង​ធ្វើឡើង​នៅពេល​ណា​នោះ​ទេ។

លោក​ឧត្តមសេនីយ៍​ គាត ច័ន្ទថារិទ្ធ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​មាន​ប្រសាសន៍​ថា​ ការបណ្ដេញចេញ​នឹង​ធ្វើ ឡើង​ក្នុងពេល​ដ៏ខ្លី​បំផុត។

«យើង​នឹង​ធ្វើឲ្យ​បានឆាប់​ ព្រោះ​អីស្ថានការណ៍​អត់​ច្បាស់​ថ្ងៃ​ ខែទៀត ​ប៉ុន្តែ​យើង​ខំប្រឹង​ធ្វើ​ឲ្យ​បាន​ឆាប់»។

ជនជាតិ​ចិន​ភាគច្រើន​ក្នុង​ចំណោម​អ្នក​ជាប់​សង្ស័យ​ទាំង​១៨៧​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​ឃាត់ខ្លួន​នៅ​ខណ្ឌ​ផ្សេងៗគ្នា​ក្នុងរាជធានី​ភ្នំពេញ​ក្រៅ​ពីនោះ​ត្រូវចាប់​ខ្លួន​នៅ​ខេត្តព្រះសីហនុ ​និង​នៅ​ក្រុងបាវិត​ ខេត្ត​ស្វាយរៀង។ ​មានស្ដ្រី​សរុប​ចំនួន៤៩​ នាក់​ក្នុង​ចំណោម​អ្នក​ដែលត្រូវ​ចាប់ខ្លួន​ទាំងអស់។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បង្ហាញ​ថា ​ក្រុមសមត្ថកិច្ច​បាន​រឹបអូស​បាន​ពី​ជនសង្ស័យ​នៅក្នុង​ខេត្ត ក្រុង​នីមួយៗ​នូវ​ឧបករណ៍​ប្រព័ន្ធ​អ៊ីនធឺណិត​ប្រព័ន្ធ​ VoIP។ ប្រព័ន្ធនេះ​ ដែល​ក្រុមមន្ដ្រី​អះអាង​ថា ​ក្រុមជនជាតិ ​ចិន​ទាំងនេះ​ប្រើ​សម្រាប់​ធ្វើការ​ទាក់ទង​និង​ធ្វើការ​គំរាម​នានា។

ក្រៅពី​នោះ​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា ​ប្រតិបត្តិការ​ចាប់ខ្លួន​ជនជាតិ​ចិន​មួយ​ក្រុម​ធំនេះ​ ដោយមាន​ការសហការ​ពី​ក្រសួង​សន្តិសុខ​សាធារណៈ​របស់​ប្រទេស​ចិន។ លោក​ឧត្តមសេនីយ៍​គាត​ ច័ន្ទថារិទ្ធ បញ្ជាក់​ថា​ មាន ​ការសហការ​ល្អ​ជាមួយ​ស្ថានទូត​ចិននៅ​ក្នុង​បញ្ហា​នេះ។

មិន​មាន​ការបង្ហាញ​ប្រតិកម្ម​ណាមួយ​ពី​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ភ្នំពេញ​ទេ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

កាលពី​ឆ្នាំ ​១៩៩៩ ​ក្នុង​ក្របខណ្ឌ​នៃ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​អាជ្ញាធរខ្មែរ​បាន​ចាប់​ប្រមូល​បាន​ជនជាតិ​ចិន​ដីគោក​យ៉ាងតិច​បាន៤០០នាក់​នៅក្នុង​ទីកន្លែង​ផ្សេងៗ​ ក្នុង​រាជធានី​ភ្នំពេញ ​និង​នៅ​ស្រុក​កៀន ស្វាយ​ខេត្ត​កណ្ដាល។ ជនជាតិចិន​ទាំងនោះ​បាន​ឆ្លងកាត់​ប្រទេស​វៀតណាម​ រួចចូលមក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ដោយ​ត្រៀម​ចេញ​ទៅកាន់​ប្រទេស​ទីបី៕