បទចម្រៀង«លាហើយកម្ពុជា»និពន្ធនិងច្រៀងដោយស្នាព្រះហស្តសម្តេចឪ។ ព្រះអង្គបានសោយទីវង្គតអស់រយៈពេល៣ឆ្នាំគិតមកដល់ថ្ងៃព្រហស្បតិ៍ខាងមុខនេះ តែប្រជាពលរដ្ឋកម្ពុជារាប់លាននាក់នៅតែមានភក្តីភាព និងនឹករឭកគោរពស្រឡាញ់អតីតព្រះមហាក្សត្ររបស់ខ្លួនគឺព្រះបាទនរោត្តម សីហនុ ចំពោះការដឹកនាំ និងស្នាព្រះហស្តរបស់ព្រះអង្គសម្រាប់ជនជាតិខ្មែរ រួមទាំងការបង្រួបបង្រួមជាតិ និងការកសាងសន្តិភាពសម្រាប់ប្រទេសដ៏ក្រីក្រនេះ ជាដើម។
លោក ជា សុផាត គឺជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមនោះ។ អស់រយៈពេលជិត៥០ឆ្នាំមកហើយដែលលោក ជា សុផាត នៅតែចងចាំថ្ងៃមួយដែលលោកបានបើកត្រាក់ទ័រជាមួយអតីតព្រះមហាក្សត្រកម្ពុជា សមេ្តចព្រះនរោត្តម សីហនុ ដែលបានចូលទិវង្គតកាលឆ្នាំ២០១២កន្លងទៅ។
បុរសវ័យ៦៨ឆ្នាំរូបនេះបានរំឭកប្រាប់ VOA ថា ពេលនោះលោកជាមន្ត្រីក្រសួងសាធារណការ និងបានឈរបញ្ជាត្រាក់ទ័រថ្វាយអង្គសម្ដេចឪ ដែលជានិមិត្តរូបនៃការសម្ពោធសំណង់ទំនប់ធារាសាស្រ្តនៃទន្លេវ៉ៃកូ ក្នុងខេត្តស្វាយរៀង នាឆ្នាំ១៩៦៦។
«ប្រជាជនមានការគាំទ្រខ្លាំងណាស់លើអង្គសម្ដេចឪ។ ពេលដែលទ្រង់យាងទៅគ្រានោះក្នុងខេត្តស្វាយរៀង មានប៉ុន្មានស្រុក ប្រជាជនគ្រប់ស្រុកចុះទៅជួយធ្វើពលកម្មលើកទំនប់តែម្ដង»។
ព្រះបាទនរោត្តម សីហនុបានសោយទិវង្គតនាថ្ងៃទី១៥ ខែតុលាឆ្នាំ២០១២នាទីក្រុងប៉េកាំង ជាទីដែលព្រះអង្គសម្រាកព្យាបាលព្រះកាយ។ ព្រះសពរបស់ព្រះអង្គត្រូវបានដង្ហែមកកាន់មាតុភូមិវិញក្នុងពេលពីរថ្ងៃក្រោយមក ដោយមានការចូលរួមពីប្រមុខរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ និងប្រជារាស្ត្រច្រើនលាននាក់។
ជារៀងរាល់ឆ្នាំ ក្នុងថ្ងៃទី១៥ខែតុលាមានការបូជា និងការគោរពវិញ្ញាណក្ខន្ធព្រះអង្គទូទាំងប្រទេស និងមានការគោរពបូជាចំពោះរូបសំណាកព្រះអង្គក្បែរវិមានឯករាជ្យ។
កម្រងរូបភាព ព្រះរាជពិធីដង្ហែព្រះបរមសព ព្រះបរមតនកោដ្ឋ (កុម្ភៈ ២០១៣)៖
ដូចគ្នានេះដែរ ប្រទេសកម្ពុជានឹងប្រារព្ធខួបបីឆ្នាំនៃការលាចាកលោករបស់ព្រះបាទនរោត្តម សីហនុ នាថ្ងៃព្រហស្បតិ៍ខាងមុខ ដូចរាល់ឆ្នាំ។ នេះបើតាមការឲ្យដឹងរបស់លោកឈិន កេតនា អគ្គលេខាធិការនៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ។
លោកបានបញ្ជាក់ថា៖ «ខួបនេះគឺជាខួបនៃព្រះអង្គសោយទិវង្គត គម្រប់៣ឆ្នាំនៃការសោយទិវង្គតរបស់ព្រះអង្គ។ ដូច្នេះដើម្បីជាការតបស្នងមហាគុណូបការៈរបស់ព្រះអង្គចំពោះជាតិ សាសនា និងប្រជារាស្ត្រគឺយើងប្រារព្ធខួបបីឆ្នាំដល់ព្រះអង្គ។ មានតែប៉ុណ្ណឹង គ្មានស្អី ព្រោះរាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ខែតុលាហ្នឹងជាថ្ងៃប្រារព្ធវិញ្ញាណក្ខន្ធ ដែលព្រះអង្គយាងសោយទិវង្គត»។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រខ្មែរ នាពេលបច្ចុប្បន្នគឺព្រះបរមនាថ នរោត្តម សីហមុនី ដែលជាបុត្រារបស់ព្រះបាទនរោត្តមសីហនុ បានប្រាប់ VOA ថា ព្រះបរមរាជវាំងនិងសាច់សារលោហិតរបស់ព្រះមហាក្សត្រគ្រោងធ្វើពិធីបុណ្យរាប់បាត្រតាមព្រះពុទ្ធសាសនានៅព្រះរាជវាំងនៅថ្ងៃទី១៥ខាងមុខនេះ។ លោកអ៊ុំ ដារ៉ាវុធ ដែលមានទំនាក់ទំនងជិតដិតជាមួយនឹងព្រះសាច់សាលោហិតព្រះមហាក្សត្រខ្មែរ ហើយបានចូលគាល់ព្រះបីតាជាតិ ជារឿយៗចាប់តាំងពីលោកអាយុ៥ឆ្នាំនោះ បានបញ្ជាក់ថា ការលាចាកលោករបស់ព្រះបាទនរោត្តម សីហនុ បានធ្វើឲ្យប្រជានុរាស្ត្ររបស់ព្រះអង្គមានការសោកសង្រេងយ៉ាងខ្លាំង ដោយសារតែវីរភាពរបស់ទ្រង់។
«ទី១លោកជាវីរបុរសរបស់ប្រជាជន ប្រជានុរាស្ត្រខ្មែរទូទាំងប្រទេស។ ទី២ ដោយសារស្នាព្រះហស្តរបស់លោកដែលលោកបានជួយជាតិមាតុភូមិយើងជាពិសេស លោកបានការពារនូវបូរណភាពទឹកដី ឯកភាពជាតិ និងឯករាជ្យ ទាមទារពីបារំាងបានក្នុងឆ្នាំ១៩៥៣ មានន័យថា មុនពេលដែលខ្ញុំកើត ដោយ គ្មានបង្ហូរឈាមមួយតំណក់ទេ»។
ការដឹកនាំរបស់ព្រះបាទ នរោត្តម សីហនុ៖
ព្រះបាទនរោត្តម សីហនុត្រូវបានគេស្គាល់ថា ជាព្រះបិតាឯករាជ្យជាតិ សន្តិភាព និងបូរណភាពទឹកដីនៃកម្ពុជា ហើយធ្លាប់ជាព្រះប្រមុខរដ្ឋនៃទឹកដីសុវណ្ណភូមិ ដោយព្រះអង្គបានដឹកនាំប្រទេសរបស់ព្រះអង្គប្រកបដោយការរីកចម្រើនក្នុងសម័យសង្គមរាស្ត្រនិយម ពីឆ្នាំ១៩៥៥ដល់១៩៦០ ពេលដែលព្រះអង្គជាប្រមុខរដ្ឋកម្ពុជា ក្រោយពេលព្រះអង្គទ្រង់ទាមទារបានឯករាជ្យជូនប្រទេសកម្ពុជានាឆ្នាំ១៩៥៣ ពីអាណានិគមបារាំង។
លោក អ៊ុំ ដារ៉ាវុធ បានរៀបរាប់ពីស្នាព្រះហស្តរបស់ព្រះបាទ នរោត្តម សីហនុ ដែលបានបន្សល់ទុកពីសម័យសង្គមរាស្ត្រនិយមដល់ពេលបច្ចុប្បន្ន រួមមានពហុកីឡាដ្ឋានជាតិ សាកលវិទ្យល័យនានា ផ្លូវថ្នល់ ធារាសាស្ត្រនិងរចនាសម្ព័ន្ធដឹកនាំជាតិជាដើម។
លោក អ៊ុំ ដារ៉ាវុធ ក៏បានរំឭកប្រាប់ VOA ពីវីរភាព និងជោគជ័យក្នុងការដឹកនាំរបស់ព្រះបាទនរោត្តម សីហនុយ៉ាងដូច្នេះថា៖
«ក្នុងរបបសង្គមរាស្ត្រនិយម លោកបានដឹកនាំព្រះរាជាណាចក្រកម្ពុជាយើងឲ្យបានមានការជឿនលឿន ថ្កុំថ្កើងជាងប្រទេសដទៃ ដូចជាប្រទេសថៃ និង ឡាវជាដើម ពីព្រោះព្រះរាជាណាចក្រកម្ពុជាយើងមានដំឡើងឧស្សាហកម្មធុនធ្ងន់ ដូចជាត្រាក់ទ័រក្តី ព្រោះប្រទេសកម្ពុជាយើងមានធនធានធម្មជាតិ គ្រប់បែបយ៉ាង ដូចជា កៅស៊ូក្តី មានការអភិវឌ្ឍប្រទេស»។
ក៏ប៉ុន្តែព្រះបាទនរោត្តមសីហនុត្រូវបានលោកសេនាប្រមុខរបស់ព្រះអង្គគឺ លោកលន់ នល់ទម្លាក់ចេញពីអំណាច នាឆ្នាំ១៩៧០ ដែលបង្កឲ្យមានសង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសជិត៣០ឆ្នាំ និងមានការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហមពីឆ្នាំ១៩៧៥ទល់១៩៧៩ ដែលបានធ្វើឲ្យប្រជាជនកម្ពុជាយ៉ាងហោចណាស់១លាន៧សែននាក់បានស្លាប់បាត់បង់ជីវិត។ ព្រះបាទនរោត្តម សីហនុបានគង់នៅនីរទេសព្រះកាយ នៅបរទេសរហូតដល់ខែវិច្ឆិកាឆ្នាំ១៩៩១គឺប៉ុន្មានសប្តាហ៍បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងបារីស ដែលនាំមកនូវព្រះរាជាណាចក្រកម្ពុជាទីពីរ។
លោកជា សុផាតបានរស់រានមានជីវិតពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមនាទសវត្សរ៍១៩៧០ និងបានរស់ឆ្លងផុតរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ លោកបានពោលសរសើរពីវីរភាពរបស់ព្រះមហាវីរក្សត្រចំពោះគុណបំណាច់របស់ព្រះអង្គ ដែលពុះពារឱ្យមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានៅទីក្រុងប៉ារីសឆ្នាំ១៩៩១ និងការបង្រួបបង្រួមជាតិខ្មែរឡើងវិញ។
«នៅឆ្នាំ១៩៩១ ថ្ងៃ២៣តុលាហ្នឹង បើសិនជាអត់គាត់ជួយបង្រួបបង្រួមក៏យើងវេទនាដែរ។ នេះជាស្នាដៃគាត់មួយដែរ ដែលអាចអូសទាញខ្មែរត្រីភាគីចេះចរចាគ្នា ចេះចរចាគ្នាហ្នឹងដើម្បីរកដំណោះស្រាយឱ្យខ្មែរបានសុខ។ ហ្នឹងក៏ស្នាព្រះហស្តមួយដែរ ដែលចេះអូសទាញត្រីភាគី បួនភាគីទៅចរចាគ្នាបាន។ ប្រសិនបើខុសពីគាត់ក៏គ្មាននណាអាចអូសទាញឲ្យមានការចរចាគ្នាដែរ នៅតែប្រកាន់ពីមួយទៅមួយ។ នៅឈ្លោះគ្នាប្រកាប់គ្នាទល់រាល់ថ្ងៃហ្នឹង»។
ស្របគ្នានោះដែរលោក សុខ ចាន់ស៊ី និស្សិតវ័យ២២ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញមោទនភាព និងការស្ញប់ស្ញែងនៃការដឹកនាំរបស់ព្រះមហាក្សត្រនរោត្តម សីហនុ ជាពិសេសការធ្វើឲ្យមានស្ថិរភាពនិងសន្តិភាពនៅក្នុងប្រទេសកម្ពុជា។
បើទោះជាលោកមិនបានជួបព្រះភ័ក្ត្ររបស់ទ្រង់ក៏ដោយ ក៏និស្សិតដែលមកពីខេត្តពោធិ៍សាត់នេះថ្លែងថា៖
«យើងដឹងហើយពីស្នាព្រះហស្តរបស់ព្រះអង្គជាមួយនឹងការផ្សះផ្សារួបរួមជាតិ ក្រោយសម័យសង្គ្រាមត្រជាក់ ហើយព្រះអង្គបានធ្វើឱ្យប្រទេសកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលក្នុងស្រុកដែលមានបួនភាគី»។
របបរាជានិយម៖
ព្រះបាទនរោត្តម សីហនុទ្រង់បានផ្ទេររាជបល្ល័ង្គទៅឲ្យបុត្រារបស់ព្រះអង្គដែលជាមហាក្សត្របច្ចុប្បន្នគឺព្រះបាទនរោត្តម សីហមុនី ចាប់តាំងពីឆ្នាំ២០០៤ ក៏ប៉ុន្តែជារឿយៗ អ្នកវិភាគ និងអ្នកឃ្លាំមើលនយោបាយក្នុងប្រទេសកម្ពុជាមួយចំនួន បានចោទជាសំណួរអំពីព្រះរាជ្យកិច្ចនិងឥទ្ធិពលរបស់ព្រះមហាក្សត្រថ្មី។
លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រខ្មែរពេលបច្ចុប្បន្ន បានបញ្ជាក់ថា ព្រះមហាក្សត្រគឺបានសោយរាជ្យតាមច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា ដោយព្រះអង្គ«សោយរាជ្យ តែមិនកាន់អំណាច» ហើយមិនលូកដៃចូលក្នុងការគ្រប់គ្រងរបស់អង្គនីតិបញ្ញត្តិនោះទេ។ ទោះជាយ៉ាងណាក៏ដោយព្រះអង្គធ្លាប់បានជួយទម្លាយភាពជាប់គាំងខាងនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នាចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
«ព្រះបរមនាថ ព្រះករុណាថ្មីរបស់យើង នរោត្តម សីហមុនី លោកបានតស្នងកេរពីព្រះបិតាលោក ធ្វើឲ្យប្រទេសខ្មែរយើងមានស្ថិរភាព និងសន្តិភាព។ អានេះហើយដែលខ្ញុំឃើញការផ្លាស់ប្តូរមកច្រើន។ ក៏ប៉ុន្តែយើងជឿជាក់ថា ស្នាព្រះហស្តរបស់ព្រះអង្គនឹងនៅមានកូនចៅលោកនៅតស្នងរហូត»។
ដូចប្រជាពលរដ្ឋកម្ពុជាផ្សេងៗផងដែរ លោកសុផាត ដែលកំពុងរស់នៅក្នុងតំបន់ទួលសង្កែក្នុងរាជធានីភ្នំពេញ បានបង្ហាញថា លោកនៅតែមានភក្ដីភាពចំពោះព្រះមហាវីរក្សត្រ និងរបបរាជានិយមក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែលោកក៏បានចោទសួរចំពោះការអភិវឌ្ឍនិងការថែរក្សាស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រកម្ពុជាដែរ។
«បើសិនជារដ្ឋាភិបាលគ្រប់គ្រងបានល្អ អ្វីដែលមានរួចហើយ [ពីទ្រង់] ផ្សព្វផ្សាយរាល់ពេល រៀងរាល់ខែអាច [កូនចៅជំនាន់ក្រោយ] នៅចងចាំបាន។ ... កេរដំណែលពីគាត់ទាំងប៉ុន្មាន បើសិនជាអ្នកដឹកនាំក្រោយៗរៀបចំ ហើយផ្សព្វផ្សាយឱ្យកូនចៅបានដឹងថា គាត់បានធ្វើអ្វី ហើយសម្រាប់អ្វី នោះ វានឹងមិនបាត់ទេ»។
ទោះបីជាអតីតព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុទ្រង់បានលាចាកឆ្ងាយពីប្រទេសកម្ពុជាក៏ដោយ តែប្រជាពលរដ្ឋកម្ពុជានៅចងចាំព្រះបណ្តាំចុងក្រោយនាឆ្នាំ២០១១នៅមុខព្រះបរមរាជវាំង ពេលដែលព្រះអង្គផ្តាំឲ្យខ្មែរទាំងអស់ «រួបរួមគ្នាដើម្បីជាតិ»ខ្មែរតែមួយ៕