កម្ពុជា​រៀបចំ​ទិញ​ឧទ្ធម្ភាគចក្រ​ពី​ចិន​

គម្រោង​ទិញ​​ឧទ្ធម្ភាគចក្រ​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ជាផ្លូវ​ការ​របស់​លោក ចូវ យ៉ុង កាង​ សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​ចិន​កាល​ពី​សប្តាហ៍កន្លង​ទៅ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​គ្រោង​នឹង​ទិញ​ឧទ្ធម្ភាគចក្រ​ពី​ចិន​ក្នុង​គម្រោង​ទឹក​ប្រាក់​ចំនួន​១៩៥,៥លាន​ដុល្លារ​អាមេរិក​ដែល​ជា​ប្រាក់​កម្ចី​ពី​ចិន។​ គម្រោង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​ជាផ្លូវ​ការ​របស់​លោក ចូវ យ៉ុង កាង​ សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​ចិន​កាល​ពី​សប្តាហ៍កន្លង​ទៅ​នេះ។

លោក​ឧបនាយក​រដ្ឋ​មន្ត្រី គាត ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា ឧទ្ឋម្ភាគចក្រ​ទាំង​នេះ​សម្រាប់​ប្រើ​ក្នុង​ការ​ប្រយុទ្ឋ​ប្រឆាំង​ភេរវកម្ម​និង​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។

លោក​គាត​ ឈន់​ មិន​បាន​បញ្ជាក់​ថា ឧទ្ឋម្ភាគចក្រ​នេះ​នឹង​មក​ដល់​កម្ពុជា​នៅ​ពេល​ណា​ទេ ដោយ​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា ​កម្ពុជា​ត្រូវ​តែ​មាន​ឧបករណ៍គ្រប់​គ្រាន់។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«ខ្ញុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​គ្រាន់​តែថា​Helicopter នេះ​គ្រាន់​តែ​សម្រាប់គ្រប់​គ្រង​គ្រោះ​មហន្តរាយ​និង​ប្រយុទ្ឋ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម»។

លោក​សឹង សំណាង​មេបញ្ជាការ​កង​ទ័ព​អាកាស​បាន​មាន​ប្រសាន៍​ថា ខាង​ក្រុម​ហ៊ុន​ចិន​មិន​ទាន់​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ស្តី​ពី​ការទិញ​ឧទ្ឋម្ភាគចក្រ​នេះ​នៅ​ឡើយ​ទេ។ លោក​សឹង សំណាង​បាន​បង្វែរឲ្យ​ទៅ​សួរ​ក្រសួង​ការពារ​ជាតិ​វិញ។​ លោក​ឆ្លើយ​ថា៖

«ខាង​ក្រុម​ហ៊ុន​ចិន​មិនទាន់​បាន​មកទាក់​ទង​ជា​មួយ​ខ្ញុំ​ដែរ ​ព្រោះ​អាហ្នឹង​វាត្រូវ​ការ​ហ្វឹក​ហ្វាត់​ អ្នក​បច្ចេកទេស​ទៀត។ ដូច្នេះ​ខ្ញុំ​មិន​ទាន់​ស៊ី​ជម្រៅ​រឿង​ហ្នឹង​នៅ​ឡើយ​ទេ»។

វីអូអេ​ខ្មែរ​មិន​អាច​សុំ​លោក​ចៅ ភារុណ​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​នៃ​ក្រសួង​ការ​ពារជាតិ​បំភ្លឺ​បាន​ទេ ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ឆ្លើយ​តប។

ចំណែក​លោក​ឧត្តម​សេនីយ​ឯក​ ឈុំ សុជាតិ​ អ្នកនាំពាក្យ​ក្រសួង​ការ​ពារ​ជាតិ​បាន​បញ្ជាក់​ថា លោក​មិន​ទាន់​ដឹង​អំពី​ផែនការ​នេះ​នៅ​ឡើយ​ទេ ​ដោយ​រងចាំ​ការ​មក​ដល់​របស់​ឧទ្ធម្ភាគចក្រជាមុន​សិន។​ លោក​មាន​ប្រសាសន៍​ថា៖

«អត់​មាន​របាយ​ការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​និយាយ​អត់​កើត​ទេ។ ទាល់​តែមាន​របាយការណ៍​បាន​និយាយ​កើត។ គេ​អត់​បាន​រាយការណ៍​ឲ្យ»។

ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​ ឯកសារ​សំខាន់ៗ​ចំនួន​២៩​ត្រូវ​បាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​ចិន ហើយ​ក្នុង​នោះ​មាន​មួយ​ចំណុច​បាន​លើក​ឡើង​ពី​គម្រោង​ទិញ​ឧទ្ធម្ភាគចក្រ​ប្រភេទ ​Z-9ពី​ចិន។​ ចិន​មាន​ទំនាក់​ទំនង​ជាមួយ​កម្ពុជា​តាំង​ពី​យូរឆ្នាំណាស់​មក​ហើយ។ ​រយៈ​ពេល​ចុង​ក្រោយ​នេះ​បន្ទាប់​ពី​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​រដ្ឋាភិបាល​ចិន​បាន​ផ្តល់​អំណោយ​សម្ភារៈ​យោធា​ជាច្រើន​ ដូចជា​រថយន្តយោធា រថពាសដែក និងសម្លៀក​បំពាក់​ជាដើម៕