លោក​ហ៊ុន សែន​ថា​ដី​ខ្មែរ​កើន​បាន​៣០០​គីឡូ​ម៉ែត្រ​ការេ​

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសពីការរកឃើញថ្មីរបស់លោកថាផ្ទៃក្រឡាទឹកដីខ្មែរកើនលើសពីទំហំ១៨១ ០៣៥គីឡូម៉ែត្រក្រឡា ដល់១៨១ ៣៣៥ គីឡូម៉ែត្រ ក្រឡា ដោយសំអាងលើការសិក្សារបស់លោកដើម្បីកែប្រែរដ្ឋធម្មនុញ្ញ។

លោក ហ៊ុន សែន ប្រកាសជាសាធារណៈថ្មីៗនេះដែលជាផ្នែកមួយត្រូវគេគិតថាដើម្បី ទប់ទល់នឹងការចោទប្រកាន់ជាច្រើនឆ្នាំពីការដែលថាលោកបានធ្វើឲ្យបាត់បង់ ទឹកដី។ ក៏ប៉ុន្តែ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សជំទាស់និងអ្នកជំនាញការផ្នែកព្រំដែនបានអះអាងថា គម្រោងការប៉ុនប៉ងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនជារឿងខុសច្បាប់រដ្ឋធម្មនុញ្ញ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៉ីបានអះអាងថាជារឿងមិនសមស្របទេដែលរដ្ឋាភិបាលចង់កែប្រែរដ្ឋធម្មនុញ្ញនោះព្រោះរដ្ឋធម្មនុញ្ញមាត្រា២បានចែងតែអំពីផែនទីដែលអន្តរជាតិទទួលស្គាល់ឬក៏ផែនទីដែលតម្កល់ទុកនៅ ឯអសបនិងមានទំហំខ្នាត១/១០០ ០០០ សម្រាប់ប្រើប្រាស់វាស់វែងនិងកំណត់ ព្រំដែនតែគ្មានចែងអំពីផ្ទៃក្រឡាទេ។
«បើមានការចែងអំពីចំនួន អំពីទំហំដី ហើយការចែងនោះវាខុសហើយត្រូវកែ សម្រួលជាថ្មីនោះ អាហ្នឹងបានត្រូវកែ ចុះបើអត់មានចែងអំពីទំហំដីផងរឿងអី នាយករដ្ឋមន្ត្រី ចង់បញ្ជាក់អំពីទំហំដែលគាត់វាស់ឃើញតាមបច្ចេកទេសរបស់គាត់ហ្នឹង។ ហើយយើងក៏ចង់ដឹងដែរថាការវាស់វែងនោះវាប្រាកដ ជាត្រឹមត្រូវ ១០០ ភាគរយហើយឬក៏នៅខ្វះខាតដែរព្រោះវានៅមានកោះវានៅមានអីជាច្រើនទៀត។ ដូច្នេះហើយបានជារដ្ឋធម្មនុញ្ញយើងមិនកំណត់ទេ អំពីទំហំប៉ុណ្ណាទេគឺកំណត់អំពីផែនទី»។

លោក ស៊ុន ឆ័យអះអាងថា លោកនាយករដ្ឋមន្ត្រីប្រហែលជាយល់ច្រឡំសៀវ ភៅប្រវត្តិសាស្ត្រខ្មែរដែលបានឲ្យសិស្សទន្ទេញចាំមាត់ថាទឹកដីប្រទេសកម្ពុជា មានទំហំ១៨១ ០៣៥គីឡូម៉ែត្រការេហើយការរកឃើញតាមរបៀបទំនើបណានោះ វាជាទឹកដីខ្មែរដដែលដោយគ្មានអ្វីប្លែកទេ តែការចាំបាច់ដែលនាយករដ្ឋមន្ត្រីត្រូវដោះស្រាយជាបន្ទាន់នោះគឺការទាមទារឲ្យវៀតណាមប្រគល់ដី២ ពាន់ហិកតា ដែល នាយករដ្ឋមន្ត្រីបានអះអាងថាវៀតណាមបានចូលដីខ្មែរនោះ ប្រគល់មកឲ្យខ្មែរវិញ រាប់ទាំងតំបន់ដាក់ដាំដែលមានរ៉ែដ៏សម្បូរណ៍បែបនៅ មណ្ឌលគីរីផងដែរ។

លោក សុន ឆ័យ បានបន្ថែមថាការធានាអធិបតេយ្យភាពគឺជាកាតព្វកិច្ចរបស់ រដ្ឋាភិបាល។ ការប៉ុនប៉ងធ្វើវិសោធនកម្មគឺត្រូវការសំឡេងគាំទ្រពីប្រជាពលរដ្ឋ កម្ពុជាទាំងមូលដោយសារបញ្ហាបូរណភាពទឹកដីមិនមែនជាបញ្ហារបស់គណបក្សគ្រប់គ្រងប្រទេសតែម្នាក់ឯងទេ។

«ហើយការកែប្រែណាមួយដែលប៉ះពាល់ទៅដល់គោលការណ៍ជាមូលដ្ឋាននៃ តំណាងប្រជាជាតិទាំងមូលនោះគឺចាំបាច់មែនទែននោះត្រូវតែមានការធ្វើប្រជាមតិឬក៏ត្រូវតែមានការសិក្សាស្រាវជ្រាវដោយកិច្ចសហការរួមរវាងគណបក្ស យ៉ាងហោចណាស់ក៏គណបក្សនៅក្នុងរដ្ឋសភាទាំងអស់»។

លោក សឺន ស៊ូប៊ែ អតីតសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និងជាមន្ត្រីកំពូលម្នាក់ នៃគណបក្សសិទ្ធិមនុស្សក៏បានយល់ស្របដែរថារដ្ឋធម្មនុញ្ញពុំបានចែងអំពីទំហំ ផ្ទៃក្រឡាទេ គឺគ្រាន់តែបានចែងអំពីខ្នាតប៉ុណ្ណោះ ដោយសារថាមានកិច្ចការច្រើន ទៀតត្រូវធ្វើរឿងព្រំដែន។ លោកអះអាងថា រដ្ឋាភិបាលត្រូវតែពន្យល់ពីភស្តុតាង នៃផ្ទៃដីកើននោះបានមកពីណា ធ្វើយ៉ាងម៉េច ប្រើប្រាស់ផែនទីអ្វីជាសំអាង ហើយ ជាពិសេសគឺត្រូវសួរមតិប្រជាពលរដ្ឋជាទូទៅ ចំពោះបញ្ហាបូរណភាព ទឹកដី មិនអាចពឹងអាងលើសភាបានទេ។

«មិនមែនអះអាងទៅលើរដ្ឋសភាទេ។ រដ្ឋសភាប្រជាពលរដ្ឋបានបោះឆ្នោតជូន មែន តែនៅក្នុងស្រុកយើងហ្នឹងគេដឹងហើយ ទោះលោកតំណាងអសបខាងសិទ្ធិ មនុស្ស ទើបនិយាយថ្មីៗហ្នឹងទៀតថារបៀបរៀបចំការបោះឆ្នោតហ្នឹងវាអត់ត្រឹម ត្រូវម្ល៉ោះហើយវាអត់អាចទុកថាលទ្ធផលការបោះឆ្នោតវាត្រឹមត្រូវ។មានន័យថា ប្រជាពលរដ្ឋអត់មានតំណាងរាស្ត្រត្រឹមត្រូវចំពោះខ្លួនគេ។ ម្ល៉ោះហើយត្រូវតែ សួរផ្ទាល់ទៅប្រជាពលរដ្ឋ»។

នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា២បានចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រ កម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុង ផែនទីខ្នាត១/១០០ 000 ធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ ហើយដែល ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។

លោក នាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីសប្តាហ៍ថ្មីៗបានថ្លែងថាលោកកំពុង សិក្សាឲ្យមានការកែប្រែរដ្ឋធម្មនុញ្ញដោយសារការវាស់វែងផ្ទៃដីកម្ពុជាតាមបច្ចេក វិទ្យាទំនើបបានរកឃើញថាផ្ទៃដីកម្ពុជាមានទំហំលើស៣០០គីឡូម៉ែត្រការេ។ លោក ហ៊ុន សែនពុំបានពន្យល់លម្អិតពីការវាស់វែងនោះទេតែលោកបាន បញ្ជាក់ថាផ្ទៃដីនោះមិនមែនកម្ពុជាយកពីប្រទេសជិតខាងខ្លួនទាំងបីនោះទេ៖

«យើងអត់បានទៅយកដីពីវៀតណាម និង អត់បានទៅយកដីពីឡាវ និង ពីថៃទេគឺគ្រាន់តែវាស់លើផ្ទៃដីនៃព្រំដែនរបស់ខ្លួនតែប៉ុណ្ណោះតាមបច្ចេកវិទ្យាថ្មី។
អាហ្នឹងគឺជាចំណុចសូមបញ្ជាក់ពីព្រោះថាជួនកាលរឿងនេះក៏បានទៅជាការសង្ស័យ សម្រាប់ប្រជាពលរដ្ឋវៀតណាម ចំពោះរដ្ឋាភិបាលវៀតណាមដែរ»។

លោក ស៊ាន ប៉េងសែ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជានៅប្រទេសបារាំង បានអះអាងថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនត្រូវតែពន្យល់ឲ្យបានច្បាស់លាស់ពីការបញ្ចូលអ្វីខ្លះ បំបាត់អ្វីខ្លះលើផ្ទៃដីកម្ពុជា។

«ខ្ញុំសួរលោក ហ៊ុន សែន ថាគាត់ធ្វើតាមស្អីខ្លះ? គឺគាត់វាស់ដីសារក្រោយដែល បានធំហ្នឹង គាត់មានយកកោះត្រល់ឬកោះពុលឡឺប៉ងស្សង់ (កោះក្រចកសេះ ហ្នឹង) យកមកចូលក្នុងហ្នឹងទេ? ឬលោកបានវាស់ខេត្តទាំង២៤ហ្នឹង ហើយនឹង ផ្ទៃដី ដែលគាត់ធ្វើហ្នឹងតើវាត្រឹមត្រូវជាមួយគ្នាទេ? ហើយគាត់យកខ្នាតស្អីយក មកប្រើ? ដើម្បីឲ្យឃើញថាទំហំដីហ្នឹងវាមានច្រើនជាងហ្នឹង?»

លោក ស៊ានប៉េង សែបានអះអាងថាទោះជាផ្ទៃដីរកឃើញថ្មីក៏វាស្ថិតនៅក្នុងខ្នាត១/១០០ 000 នោះស្រេចទៅហើយដោយពុំចាំបាច់កែប្រែរដ្ឋធម្មនុញ្ញដែលលោក ចាត់ទុកថាជារឿងខុសច្បាប់ទេ។

«ក្នុងការកែប្រែផែនទីនៅក្នុងរដ្ឋធម្មនុញ្ញហ្នឹងជាការមួយដែលផ្ទុយពីរដ្ឋធម្មនុញ្ញ។ ក្នុងរដ្ឋធម្មនុញ្ញយើងហ្នឹងគេសម្រេចថាមានផែនទីមួយខ្នាត១/១០០ 000។ ដូច្នោះ បើលោកហ៊ុន សែនហ្នឹងយល់ថាដីខ្មែរហ្នឹងវាលើសពីមុនគឺតាមផែនទីហ្នឹងដែរ តើ យើងចាំបាច់កែប្រែធ្វើអីទៀតព្រោះយើងមានផែនទីខ្នាត១/ ១០០ ០០០ ហ្នឹង។ បើសិនណាលោកវាស់ទៅឃើញថាបានធំវាល្អហើយៗយើងនៅដដែល ហ្នឹង។ យើងកែប្រែរដ្ឋធម្មនុញ្ញក៏យើងមិនកែប្រែ ហើយផែនទីក៏យើងមិនកែប្រែ»។

ទោះជាយ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបាន អះអាងថាការសិក្សាធ្វើវិសោធនកម្មនេះ គឺមិនមែនធ្វើឲ្យបាត់បង់ទឹកដីទេគឺ គ្រាន់តែធ្វើទំនើបភាវូបនីយកម្មនៃអ្វីដែលជាមាត្រាក្នុងរដ្ឋធម្មនុញ្ញដើម្បីឆ្លើយតប ទៅនឹងភាពជាក់ស្តែងដែលយើងបានធ្វើទៅលើដីតែប៉ុណ្ណោះ។

«អាស្រ័យហេតុដូច្នេះ គ្មានអ្វីគ្រាន់តែជាការធ្វើទំនើបភាវូបនីយកម្មឲ្យឆ្លើយតប ទៅនឹងផែនទី ដែលយើងបានប្រើប្រាស់ ហើយជាផែនទីផ្លូវការហើយនឹង ជាផែនទីមួយ ដែលយើងបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះមិនមានសារៈសំខាន់ ទៅលើផ្ទៃដី ដែលជាលេខនៅក្នុងនោះទេគឺគ្រាន់តែជាមូលដ្ឋានគ្រឹះនៃ នយោបាយ អាស្រ័យដោយរដ្ឋធម្មនុញ្ញគឺជាឆន្ទៈនយោបាយរួមរបស់ប្រជាជាតិ កម្ពុជា មិនមែនជាច្បាប់លម្អិតនោះទេ គ្រាន់តែជាច្បាប់មូលដ្ឋាន»។

ក្រុមមន្ត្រីកម្ពុជាបានស្តីបន្ទោសបារាំងដែលធ្លាប់ធ្វើអាណានិគមនៅកម្ពុជាថាបាន បន្សល់ទុកផែនទីស្មុគស្មាញសម្រាប់កម្ពុជា ជាមួយនឹងការទទួលស្គាល់ថាការ វាស់វែងសម័យមុនគ្មានឧបករណ៍ទំនើបសម្រាប់ធ្វើឲ្យព្រំដែនមានលក្ខណៈ ច្បាស់លាស់។

ប្រទេសកម្ពុជានិងប្រទេសជិតខាងមានវិវាទព្រំដែនជាមួយគ្នា រាប់សិបទសវត្សរ៍ដែលមិនអាចដោះស្រាយបានដោយសារឧសគ្គនៃការកំណត់ ខ្សែបន្ទាត់ព្រំដែននៅតំបន់មួយចំនួនមិនអាចឲ្យភាគីទាំងអស់យល់ព្រមគ្នាបាន។

បញ្ហាព្រំដែនក្លាយជាប្រធានបទដ៏សំខាន់សម្រាប់ឃោសនារកសំឡេងឆ្នោតនៃគណបក្សនយោបាយក្នុងប្រទេសកម្ពុជានៅពេលបោះឆ្នោតម្តងៗ៕