ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រោមការដឹកនាំរយៈពេលជិត៣០កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងថា រដ្ឋាភិបាលបច្ចុប្បន្ននេះមិនធ្វើឲ្យកម្ពុជាបាត់បង់ដីទាំងព្រំដែនគោគនិងព្រំដែនទឹកទេ ក៏ប៉ុន្តែលោកបានទម្លាក់ការទទួលខុសត្រូវចំពោះបញ្ហាបូរណភាពទឹកដីទៅរបបមុនៗដូចជារបបរាជានិយម និងរបបសារធារណៈរដ្ឋខ្មែរដែលគ្រប់គ្រងដោយលោកលុន ណុលដែលបានបណ្តោយឲ្យកម្ពុជាបាត់បាត់បង់កោះត្រល់ និងកោះមួយចំនួនទៀតទៅវៀតណាម។
«នៅពេលដែលយើងយកផែនទីទៅតម្កល់ទុកនៅអង្កការសហប្រជាជាតិដោយសុំយកលីងប្រេវីយេធ្វើជាព្រំដែន សិទ្ឋិទាមទារយកកោះត្រល់និងកោះដ៏ទៃទៀតក៏បានផុតរលត់ផងដែរ»។លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋន្ត្រីហ៊ុន សែនបានឆ្លើយក្នុងរដ្ឋសភា តាមការស្នើសុំរបស់លោកសុន ឆៃសមាជិកសភាតំណាងរាស្ត្រខាងគណបក្សសម រង្ស៊ីដើម្បីឲ្យលោកបកស្រាយអំពីបញ្ហាព្រំដែនបន្ទាប់ពីមានការចោទប្រកាន់ថា កម្ពុជាបានបាត់បង់ព្រំដែនគោគ និងព្រំដែនទឹកដោយសារវៀតណាមបានរំលោភយក។
ការឆ្លើយបំភ្លឺរបស់លោកហ៊ុន សែនបានធ្វើឡើងតាមរយៈផ្សាយបន្តផ្ទាល់តាមស្ថានីយទូរទស្សន៍ចំនួន១៣ និងវិទ្យុក្នុងស្រុកចំនួន១០១សា្ថនីយវិទ្យុក៏ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងត្រូវបានលោកហេង សំរិនមិនអនុញ្ញតឲ្យសួរផ្ទាល់មាត់ទៅកាន់លោកហ៊ុន សែនទេ ពោលគឺលោកហ៊ុន សែនបានចំណាយពេលជាងប្រាំម៉ោងក្នុងរដ្ឋសភាអត្ថាធិប្បាយម្នាក់ឯងអំពីបញ្ហាព្រំដែនដើម្បីចៀសវាងការចោទប្រកាន់លោកថា ជាជនក្បត់ជាតិ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានរលាស់ខ្លួនចេញពីការទទួលខុសត្រូវចំពោះបញ្ហាព្រំដែនទាំងនោះ។ លោកបានទម្លាក់បញ្ហាព្រំដែនទាំងនេះទៅរបបគ្រប់គ្រងដោយសម្តេចឪនរោត្តម សីហនុ ថាបានបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះដោយបន្សល់នូវផែទីព្រំដែនគោកដែលបានតម្កល់ទុកនៅអង្កការសហប្រជាជាតិកាលពីឆ្នាំ១៩៦៤។
«នៅពេលដែលយើងយកផែនទីទៅតម្កល់ទុកនៅអង្កការសហប្រជាជាតិដោយសុំយកលីងប្រេវីយេធ្វើជាព្រំដែន សិទ្ឋិទាមទារយកកោះត្រល់និងកោះដ៏ទៃទៀតក៏បានផុតរលត់ផងដែរ»។
ការចោទប្រកាន់របបគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអំពីបញ្ហាធ្វើឲ្យបាត់បង់បូរណភាពទឹកដីបានកើតមានឡើងក្នុងខណៈដែលកម្ពុជាបានចាប់ផ្តើមបោះបង្គោលព្រំដែនគោគជាមួយវៀតណាមដែលរហូតមកដល់ពេលនេះប្រទេសទាំងពីរបានសម្រេចបោះបង្គោលព្រំដែនប្រមាណ៧៦ភាគរយហើយគឺត្រូវជា២៨៥បង្គោលលើ៣៧៥បង្គោលក្នុងចំណោមខ្សែរបន្ទាត់ព្រំដែនដែលមានប្រមាណជាង១.០០០គីឡូម៉ែត្រ។
លោកហ៊ុន សែនបានបញ្ជាក់ថា គ្មានការបាត់បង់ព្រំដែនគោគទេ ហើយព្រំដែនទឹកសូម្បីតែទឹកមួយដំណក់ក៏មិនបានបាត់ដែរ។
«អស់លោកមើលមកខ្ញុំជាសត្វឬអី? ចូលបោះស្រេចតែចិត្ត។ ហើយបើនិយាយពីរង្កិលទល់ដែនវិញតាំងពី៧៩មកដល់ឥឡូវរង្កិលដល់ណាហើយមួយថ្ងៃរង្កិលដប់ម៉ែត្រខ្លះមួយថ្ងៃរង្កិលមួយគីឡូម៉ែត្រ។ ប៉ុន្តែតាំងពីឆ្នាំ១៩៧៩ជ្រៃធំនៅតែជ្រៃធំក្អមសំណនៅតែក្អមសំណ បាវិតនៅតែបាវិត។ បើយោងតាមអ្វីដែលលោកនិយាយព្រំដែនខ្មែរនៅស៊ីសុផុន»។
លោកសុន ឆៃសមាជិកសភាតំណាងរាស្ត្រខាងគណបក្សប្រឆាំងបានសម្ដែងការខកចិត្តនៅពេលដែលលោកមិនសួរដោលផ្ទាល់មាត់ជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។លោកបានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯអគាររដ្ឋសភាបន្ទាប់ពីបញ្ចប់ការឆ្លើយបំភ្លឺរបស់លោកហ៊ុន សែនថា អ្វីដែលជាការបំភ្លឺរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គឺជាការដោះស្រាយបញ្ហាស្មុគស្មាញ និងមន្ទិលមួយចំនួន ក៏ប៉ុន្តែលោកមិនទាន់បានបញ្ជាក់ថា នេះជាការពេញចិត្តបានទាំងស្រុងនៅឡើយទេ។
«អ្នកដែលវិនិច្ឆ័យចម្លើយរបស់លោកនាយករដ្ឋមន្ត្រីគឺប្រជាពលរដ្ឋខ្មែរទាំងអស់នោះទេដែលរស់នៅព្រំដែនពិតប្រាកដ ដែលលោកតាមដានលោកដឹងរឿងនេះលោកជាអ្នកវិនិច្ឆ័យ ឯយើងខ្ញុំសូមបដិសេធហើយបដិសេធទៀតអត់មានផែនការណ៏អ្វីទៅបង្កើតបញ្ហាព្រំដែនដើម្បីផ្តួលរំលំរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែអ្វីដែលបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រីខ្ញុំទទួលយកមិនបានទេ»។
តាមការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកម្ពុជាបច្ចុប្បន្ននេះមិនត្រឹមតែផ្ទៃដីនៅដដែលទេក៏ប៉ុន្តែបានកើតឡើងប្រមាណ៣០០គីឡូម៉ែត្រក្រឡា។ នេះបើយោងទៅតាមការវាស់ជាក់ស្តែងនាពេលបច្ចប្បន្ននេះ។
លោកហ៊ុន សែនក៏បានទទួលស្គាល់ដែរថាមានភូមិមួយចំនួនរបស់កម្ពុជាបានចូលទៅក្នុងដីរបស់វៀតណាមហើយក៏មានភូមិមួយចំនួនរបស់វៀតណាមចូលក្នុងដីរបស់កម្ពុជាដែរ។ លោកបានបញ្ជាក់ថា សរុបពីខេត្តកំពង់ចាម ស្វាយរៀង ព្រៃវែង តាកែវ និងខេត្តកំពតកម្ពុជាបានចូលដីរបស់វៀតណាមប្រមាណ៩១៦ហិកតាចំណែកឯវៀតណាមបានចូលដីមកម្ពុជាវិញចំនួន១២៤៣,៩ហិកតា៕