បក្ស​នយោបាយ​ត្រៀម​កម្លាំង​សម្រាប់​ថ្ងៃ​យុទ្ធនាការ​ចុងក្រោយ

មន្រ្តី​យោធាខ្មែរ​ម្នាក់​ (ឆ្វេង) ធ្វើចរាចរក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ក្នុង​រាជធានី​ភ្នំពេញ។

គណបក្ស​នយោបាយ​ទាំង​១០​ បាន​ប្រុងប្រៀប​ធ្វើ​ការឃោសនា​ទ្រង់ទ្រាយ​ធំ​ និង​មធ្យម​នា​ទឹក​ផ្តាច់​ព្រាត់​នៅ​ថ្ងៃ​សុក្រ​នេះ​ដើម្បី​ស្រូប​យក​ការគាំទ្រ​បន្ថែម​ទៀត ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ថ្ងៃ​ទី​៣ ​ខែ​មិថុនា។

ការឃោសនា​បោះឆ្នោត​រយៈពេល​១៥​ថ្ងៃ​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា​ នេះ ​ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​ម៉ោង​ ១២​យប់។

លោក​គួយ ​ប៊ុនរឿន​ តំណាងរាស្ត្រ​និង​ជា​អ្នក​ទទួល​បន្ទុក​ការរៀបចំ​ការបោះឆ្នោត​របស់​គណបក្ស​ជំទាស់​សម ​រង្ស៊ី​ មាន​ប្រសាសន៍​ថា​គណបក្ស​របស់​លោក​បាន​ចាប់ផ្តើម​ធ្វើ​ការឃោសនា​ទ្រង់ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ​ជាង​២.០០០​នាក់។ ហើយ​ការឃោសនា​ទ្រង់ទ្រាយ​ធំ​និង​ធ្វើ​បន្ថែម​ទៀត​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ថ្ងៃ​នេះ។

«ចំពោះ​គណបក្ស​សម ​រង្ស៊ី ​ដែល​ធ្វើ​ឲ្យ​មាន​ចរន្ត​នៃ​ការផ្លាស់ប្តូរ​ហ្នឹង​យើង​សង្ឃឹម​ថា​នឹង​មាន​ការកើន​ឡើង​ខ្ពស់​ពី​ការដែល​យើង​ចាប់​ផ្តើម​នៃ​ការឃោសនា​ដំបូង។ ​ចំពោះ​ទីក្រុង​ភ្នំពេញ ​ជា​ការរៀបចំ​ហែរ​ក្បួន​ធំ​មួយ​ដើម្បី​បញ្ចប់​ការឃោសនា​និង​ខេត្ត​មួយ​ចំនួន​ក៏​បាន​រៀបចំ​ធំ​ដែរ»។

មន្ត្រី​គណបក្ស​ជំទាស់​សម ​រង្ស៊ី​ ដដែល​បាន​បញ្ជាក់​ថា​ ថ្ងៃ​បញ្ចប់​នៃ​ការឃោសនា​បោះឆ្នោត​គឺ​ជា​ថ្ងៃ​ដ៏​សំខាន់​សម្រាប់​ទប់ទល់​នៃ​ការ​ទិញ​សន្លឹកឆ្នោត​ផង​ដែរ។ ​ការទិញដូរ​សន្លឹក​ឆ្នោត​ដែល​គណបក្ស​សម ​រង្ស៊ី ​បានចង្អុល​ទៅរក​គណបក្ស​ប្រជាជន​ដែល​កំពុង​កាន់​អំណាច។

ជាមួយ​គ្នា​នេះ​ដែរ​លោក ​ប៉ែន​ សង្ហារ​ អ្នក​នាំពាក្យ​គណបក្ស​នរោត្តម រណឫទ្ធិ​មាន​ប្រសាសន៍​ថា​គណបក្ស​របស់​លោក ​នឹង​ធ្វើ​ការឃោសនា​ទ្រង់ទ្រាយ​មធ្យម​ ដែល​នឹង​ងាយ​ចល័ត​នៅ​ក្នុង​ការឃោសនា​ ហើយ​គណបក្ស​របស់​លោក​នឹង​សង្កត់​ទៅ​លើ​កម្មវិធី​នយោបាយ​ជា​លើក​ចុងក្រោយ។

«និយាយ​ករណី​នៅ​ភ្នំពេញ​ ករណី​មនុស្ស​ប្រហែល​ជា​១០០​នាក់។ ​ខណ្ឌដង្កោ ​និង​ពោធិ៍សែនជ័យ ​គេ​ហែរ​ក្បួន​ប្រហែល​ជា​ ១០០​នាក់​។ ​ហើយ​នៅ​តាម​ស្រុក​ក្នុង​ខេត្ត​កំពង់ចាម​ គេ​ហែរ​ជា​មធ្យម​ប្រហែល​ជាង​ ៥០​ទៅ​ ៦០​នាក់​ក្នុង​មួយ​ស្រុកៗ​។ ​ប៉ុន្តែ​ខេត្ត​ផ្សេង​ៗ ​គេ​ធ្វើ​ទម្រង់​ប្រហាក់​ប្រហែល​គ្នា​ដែរ​ ហើយ​សារ​នយោបាយ​ដែល​សំខាន់​គឺ ​គណបក្ស​នរោត្តម​រណឫទ្ធិ​ប្រកាន់​នយោបាយ​កណ្តាល​ គឺ​កម្លាំង​ជាតិ​ បូក​នឹង​កម្លាំង​ជាតិ​ ដើម្បី​អភិវឌ្ឍន៍​ជាតិ​ឃុំ-សង្កាត់​នេះ​ឯង»។

ប្រទេស​កម្ពុជា​មាន​ឃុំ-សង្កាត់​សរុប​ចំនួន​ ១.៦៣៣​ និង​មាន​អសនៈ​ចំនួន​ ១១.៥៥៩​ សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។​ គណបក្ស​ចូល​ប្រកួត​ប្រជែង​ទាំង​អស់​បាន​លើកឡើង​ប្រឆាំង​ទៅ​នឹង​អំពើ​ពុករលួយ​រួម​គ្នា។ ​អំពើ​ពុករលួយ​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ រីឯ​គណបក្ស​ប្រជែង​នឹង​គណបក្ស​កាន់​អំណាច​បាន​លើក​ពី​វិបត្តិ​ដីធ្លី​ដ៏​រីករាលដាល​និង​ការកាប់​បំផ្លាញ​ព្រៃឈើ​ជា​ដើម។

លោក​យ៉ែម​ ប៉ុញ្ញារិទ្ធ​ អគ្គលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​គណបក្ស​សិទ្ធិ​មនុស្ស​បញ្ជាក់​ថា​ការឃោសនា​នៅ​ថ្ងៃ​ចុងក្រោយ ​នឹង​ធ្វើ​ទៅតាម​រូបភាព​ខុស​ៗ​គ្នា​បន្តិច​រវាង​ទីប្រជុំជន​ និង​នៅ​តាម​បណ្តា​ឃុំ​-សង្កាត់។

«ឃុំ​នីមួយ​ៗ​គាត់​ធ្វើ​ជា​លក្ខណៈ​មធ្យម ​ស្រុក​ធ្វើ​ជា​លក្ខណៈ​ប្រមូលផ្តុំ​គ្រប់​ឃុំ​ទាំង​អស់​ ដើម្បី​ឆ្លងកាត់​ពី​ឃុំមួយ​ទៅ​ឃុំ​មួយ។ ​វា​អាច​មាន​សារ​នយោបាយ​មួយ​ថ្មី ​ដែល​យើង​ផ្សព្វផ្សាយ។​ សុខចិត្ត​ឲ្យ​ប្រជា​ពលរដ្ឋ​គាត់​មើល​ឃើញ​ការ​ពិត​ជាក់ស្តែង​ដែល​គាត់​ជួបប្រទះ​ ហើយ​ការផ្លាស់ប្តូរ​ជាអ្វី​ដែល​គាត់​សង្ឃឹម។ ​បើ​ថា​មិន​ដូរ ​គឺ​ពុក​រលួយ​ នៅតែ​ពុករលួយ​ដដែល​ បើ​ថា​យក​ដី​រាស្ត្រ​ គឺ​យក​ដី​រាស្ត្រ​ដដែល»។

គណបក្ស​តូចៗ​ ក៏​បាន​ប្រកាស​ដូច​គ្នា​ថា​នឹង​បង្កើត​កម្លាំង​ឃោសនា​របស់​ខ្លួន​ដែរ​នៅ​ថ្ងៃ​សុក្រ​នេះ។

ពុំ​មាន​មន្ត្រី​ផ្លូវការ​ណាមួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​អាច​ទាក់ទង​បាន​នោះ​ទេ។​ ប៉ុន្តែ​មន្ត្រី​មួយរូប​នៃ​ទីស្នាក់ការ​កណ្តាល​នៃ​គណបក្ស​នេះ​ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា​ការឃោសនា​របស់​គណបក្ស​កាន់​អំណាច​ នឹង​ធ្វើ​ជា​ទ្រង់ទ្រាយ​ធំ​ដូច​គ្នា​នៅ​តាម​បណ្តាល​ខេត្ត​ក្រុង ​និង​រាជធានី។

លោក​ទេព​ នីថា ​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គជប)​ មាន​ប្រសាសន៍​ថា​នៅ​តាម​បណ្តា​ខេត្ត​ក្រុង​មួយ​ចំនួន​ ដើម្បី​បញ្ជៀស​ការប៉ះទង្គិច​គ្នា​ នៅ​ពេល​ដែល​គណបក្ស​នីមួយៗ​បង្កើត​កម្លាំង​ឃោសនា​របស់​ខ្លួន។

អង្គការ​សង្កេតការណ៍​បោះឆ្នោត​ខុមហ្វ្រែល​ និង​គជប​គ្រោងនឹង​ធ្វើ​សន្និសីទ​កាសែត​រៀង​ៗ​ខ្លួន​សម្រាប់​បូកសរុប​ព្រឹត្តិការណ៍​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ៕