នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន លួង​ចិត្ត​វៀតណាម​រឿង​កាត់​មេដឹកនាំ​ខ្មែរក្រហម

លោក ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​

ក្រុម​អ្នក​វិភាគ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ការ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ថា ការ​កាត់ទោស​អតីត​មេដឹកនាំជាន់​ខ្ពស់​ខ្មែរក្រហម គឺ​ជាការ​ផ្តល់​សច្ចធម៌​ដល់​វៀតណាម​នោះគឺ​ជា​ការ​លួងលោម​វៀតណាម។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​ បាន​ថ្លែង​ប្រាប់​លោក​ ង្វៀន ​ភូត្រុង​ (Nguyen Phu Trong) អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈឹម​បក្ស​កុម្មុយនីស​វៀតណាម​ កាល​ពី​ថ្ងៃ​អង្គារ​ថា​ ការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​បី​នាក់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​សច្ចធម៌​ដល់​វៀតណាម ​ខណៈ​ដែល​លោក​ នួន​ ជា​ បាន​ធ្វើ​ការ​វាយប្រហារ​ផ្ទួនៗ​ទៅ​លើ​វៀតណាម​ថា​បានប្រព្រឹត្ត​អំពើ​ឃោរឃៅ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ។

លោក ឡាវ ​ម៉ុងហៃ ​អ្នក​វិភាគ​ឯករាជ្យ​បាន​ថ្លែង​ថា​ការ​លើកឡើង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន ​សែន​នេះ​ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​វៀតណាម​ធូរ​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​វៀតណាម​ពី​ការ​ស្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ លោក ​ឡាវ ​ម៉ុងហៃ បាន​បន្ថែម​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ចោញ​ជំហរ​ការពារ​វៀតណាម​ពី​ការ​ចោទប្រកាន់​របស់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​នៅ​ពេល​មេដឹកនាំ​ជាន់​ខ្ពស់​វៀតណាម​មក​ទស្សនកិច្ច​នៅ​កម្ពុជា។

«ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ នេះ​ចង់​ការពារ​ប្រទេស​វៀតណាម​ថា​អត់​មាន​ការ​ពាក់ព័ន្ធ​នឹង(ការ​ចោទប្រកាន់​នេះ​) ទេ ​ដើម្បី​ជា​ភ្ញៀវ​កិត្តិយស​ធ្វើ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​បញ្ជាក់​ប្រាប់​មេដឹកនាំ​វៀតណាម​កុំ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ ​ក្នុង​កាលៈទេសៈ​មួយ​ ដែល​មាន​ការ​លើក​ឡើង​នូវ​ការ​ចោទ​ប្រកាន់​វៀតណាម»

លោក​ សុន​ ឆ័យ ​តំណាងរាស្ត្រ​គណបក្ស​សម ​រង្សី​ បាន​លើក​ឡើង​ថា​ ការ​ចោទ​ប្រកាន់​វៀតណាម​ ដោយ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់​ខ្ពស់​ជា​ផ្លូវការ​នៅ​ក្នុង​សាលាក្តី​ខ្មែរក្រហម​នេះ​មិន​ត្រឹម​តែ​បាក់​មុខ​មាត់​វៀតណាម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ជួយ​ជំរុញ​ឱ្យ​វៀតណាម​បង្ហាញ​ការពិត​នៃ​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។

«ប្រវត្តិសាស្ត្រ​មិន​អាច​បំភាន់​ការ​ពិត​បាន​ទេ។ ការ​សម្តែង​មតិ​យោបល់​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​គ្រាន់តែ​ជា​យោបល់​បុគ្គល​ម្នាក់​ដែល​ការ​កាត់​សេចក្តី ​និង​ការ​ស្រាវជ្រាវ​នា​នា​នឹង​បង្ហាញ​ការពិត​នៅ​ទី​បញ្ចប់។ ការ​ផ្តល់​សច្ចធម៌​ដល់​វៀតណាម ​ខ្ញុំ​និយាយ​ថា​វា​គ្រាន់​តែ​ជា​យោបល់​ផ្ទាល់​របស់​គាត់។ អ្វី​ដែល​ជា​សច្ចធម៌​នោះ​មិនមែន​ជា​ការ​អះអាង​របស់​បុគ្គល​ណា​ទេ។ វា​ស្ថិត​នៅ​លើ​ប្រវត្តិ​សាស្ត្រ​នៃ​សកម្មភាព​ជាក់​ស្តែង»

ពួក​ខ្មែរក្រហម​ និង​បក្សកុម្មុយនីស្ត​វៀតណាម​មាន​ទំនាក់​ទំនង​ល្អ​ ប៉ុន្តែ​ទំនាក់​ទំនង​ក្រោយ​ឆ្នាំ​១៩៧៣​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​ការ​ចាប់​ផ្តើម​ធ្វើ​សង្គ្រាម​តាម​ព្រំដែន​ក្នុង​ខែ​មេសា ​ឆ្នាំ​១៩៧៧។ នេះ​បើ​យោង​តាម​ឯកសារ។

លោក​ នួន​ ជា​ ដែល​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​ទី​២​នៃ​របប​ខ្មែរក្រហម​បន្ទាប់​ពី​ប៉ុល ​ពត​ បាន​ស្តី​បន្ទោស​វៀតណាម​ចំពោះ​អំពើ​ឃោរឃៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដោយ​លោក​បាន​បញ្ជាក់​ថា​ កងទ័ព​វៀតណាម​បាន​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ។

លោក​ហោ ​ណាំហុង ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​ក្រោយ​ពី​ជំនួប​ជាមួយ​លោក ផាម ប៊ីញ មីញ (Pham Binh Minh) ដែល​ជា​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​យ៉ាង​ដូច្នេះ​ថា៖

«នេះ​ជា​ការ​បកស្រាយ​របស់​គាត់។ ការពិត​ ជា​ការ​ផ្សេង។ នេះ​ជា​ការ​បក​ស្រាយ​របស់​ជន​ ដែល​ជាប់​ចោទ​ដោយ​អំពើ​ប្រល័យ​ពូជសាសន៍ ​និង​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»

មន្ត្រី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា​ក៏​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ដែរ៕