ក្នុងរយៈពេលប្រមាណជាងបីខែ នាយករដ្ឋមន្ដ្រីកម្ពុជា លោក ហ៊ុន សែន បានធ្វើការរិះគន់វាយប្រហារលើបណ្ដាញផ្សព្វផ្សាយតាមអាកាសអាមេរិក គឺសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីចំនួនពីរលើក ដោយចាត់ទុកអង្គភាពទាំងពីរថាបានប្រមាថរូបលោក។ ប៉ុន្ដែអ្នកជំនាញ និងមន្រ្ដីសិទ្ធិមនុស្សបានហៅការរិះគន់នោះថាគឺជាការខាតបង់។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា នៅក្នុងឱកាសសម្ពោធផ្លូវជាតិលេខ៣ ដែលលាតសន្ធឹងពីទីក្រុងភ្នំពេញទៅកាន់ខេត្តកំពត លោក ហ៊ុន សែន បាននិយាយខ្លាំងៗ ដោយស្វែងរកមុខអ្នកយកព័ត៌មានម្នាក់របស់វិទ្យុអាស៊ីសេរី។
«(វា)នៅខាងក្រោយ។ អាហ្នឹងមិនហ៊ាន (ចេញមុខ)ទេ។ ហ្អែងយកសម្ដីអញទៅចាក់ (ទៅ)។ ថ្ងៃមុនប្រពន្ធអញថាយ៉ាងម៉េច ស្រាប់តែចាប់ផ្ដើមឡងមកវិញថា មកពីវិទ្យុអាស៊ីសេរីមិនបានជួយឃោសនាឲ្យប្ដី។ មិនចាំបាច់លោកឯងជួយឃោសនាទេ។ អញឲ្យហ្អែងជេរទៅ។ អញឈ្នះដោយសារឯងជេរតើ។ អាវីអូអេនេះមួយ។ ហើយមួយថ្ងៃៗជេរគេ ជេរឯង។ ជាពិសេសអាស៊ីសេរីហ្នឹង។ អញអង្វរហ្អែង។ ជួយជេរអញថែមទៀត។ ហ្អែងជេរកាន់តែខ្លាំងខុសកាន់តែច្រើន»។
កាលពីខែកក្កដា ឆ្នាំ២០១១នេះ លោកប្រមុខរដ្ឋាភិបាលខ្មែរ ហ៊ុនសែន បានខឹងច្រឡោតនឹងបណ្តាញផ្សព្វផ្សាយអាមេរិកទាំងពីរនេះរួចម្ដងហើយ បន្ទាប់ពីអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិក វីអូអេ បានចោទសួររូបលោកអំពីសំណុំរឿងខ្មែរក្រហម ហើយលោកមានប្រសាសន៍ថា លោកនឹងចេញប្រាក់ខែឲ្យប្រសិនបើពួកអ្នកយកព័ត៌មាននៃអង្គភាពប្រព័ន្ធផ្សព្វផ្សាយទាំងពីរសុខចិត្តចេញពីការងាររបស់ពួកគេមកធ្វើការឲ្យបណ្តាយព័ត៌មានក្នុងស្រុក។
នៅសប្ដាហ៍ទី១នៃ ខែវិច្ឆិកានេះ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ភរិយារបស់លោកប្រមុខរដ្ឋាភិបាល និងជាប្រធានកាកបាទក្រហមកម្ពុជា បានចោទវិទ្យុអាស៊ីសេរី ថាបានងាកទៅរកការជឿ «មនុស្សខូច»។
សម្រាប់លោក មឿន ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាព័ត៌មាន ការរិះគន់របស់លោកនាយករដ្ឋមន្ដ្រីខ្មែរនឹងនាំឲ្យមានការព្រួយបារម្ភនៅក្នុងការជះឥទ្ធិពលអាក្រក់ដល់បណ្ដាញផ្សព្វផ្សាយ។
«លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាយើងនៅក្មេងខ្ចី ហើយសេរីភាពសារព័ត៌មានក៏មិនទាន់រឹងមាំ។ អញ្ចឹងយើងព្រួយបារម្ភថា វាអាចមានឥទ្ធិពលជះទៅលើអង្គភាពសារព័ត៌មានក្នុងស្រុក គេនឹងមានការភ័យខ្លាច។ ហើយនេះគឺជាការខាតបង់។ ទី១គឺខាតបង់សម្រាប់រាជរដ្ឋាភិបាលខ្លួនឯង ដោយសារតែរដ្ឋាភិបាលក្នុងសង្គមប្រជាធិបតយ្យ យើងត្រូវការការពិនិត្យពិច្ច័យ និងការរិះគន់យ៉ាងខ្លាំងបំផុតពីសាធារណជន ជាពិសេសអំពីសារព័ត៌មាន។ ដូច្នេះបើសិនជាអ្នកសារព័ត៌មានលែងហ៊ានផ្សាយអំពីអ្វីដែលជាព័ត៌មានដែលចម្រូងចម្រាស់ ឬជាព័ត៌មានដែលរសើបនោះ សង្គមនឹងខាតបង់»។
យោងតាមរបាយការណ៍របស់អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកឆ្នាំ ២០១១បង្ហាញថា សេរីភាពព័ត៌មាននៅតែបន្តស្ថិតក្រោមការគំរាមកំហែងនៅកម្ពុជានៅឆ្នាំ ២០១០។ រាជរដ្ឋាភិបាលចាត់ការតាមផ្លូវច្បាប់នៅក្នុងការរឹតបន្ដឹងសេរីភាពបញ្ចេញមតិ និងបន្តការចោទប្រកាន់ពីបទឧក្រិដ្ឋដើម្បីផ្តន្ទាទោសបណ្ដាញផ្សព្វផ្សាយប្រឆាំង។
របាយការណ៍បញ្ជាក់បន្ថែមថា នៅចុងឆ្នាំ២០១០ រដ្ឋាភិបាលចាប់ផ្ដើមបង្ហាញសញ្ញារឹតបន្ដឹងលើប្រព័ន្ធអ៊ីនធឺណែតដូចជាការបញ្ជាឲ្យក្រុមហ៊ុនបម្រើសេវាអ៊ីនធឺណែត មានទាំងក្រុមហ៊ុនសេវាកម្មទូរស័ព្ទផងដែរឲ្យបិទខ្ទប់គេហទំព័រនិន្នាការគណបក្សជំទាស់KI-Media ជាដើម។
លោក មឿន ឈានណារិទ្ធ បានផ្ដល់យោបល់ថា ដើម្បីផ្ដល់ផលប្រយោជន៍ដល់លទ្ធិប្រជាធិបតេយ្យ រដ្ឋាភិបាលមិនគួររង់ចាំចាប់កំហុសប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។
«ក្នុងសង្គមប្រជាធិបតេយ្យគឺថា មន្ដ្រីរដ្ឋាភិបាលទាំងអស់នៅពេលដែលគាត់ចូលកាន់តំណែង គាត់ត្រូវតែរំពឹងទុកនូវការពិនិត្យពិច្ច័យយ៉ាងខ្លាំងរួមទាំងការរិះគន់កែលម្អរពីសាធារណជន ជាពិសេសពីសំណាក់សារព័ត៌មាននេះឯង ដែលជាតំណាងឲ្យសំឡេងសាធារណជន ជាពិសេសពីសារព័ត៌មាននេះឯង។ សារព័ត៌មានគួរតែមានសិទ្ធិគ្រប់គ្រាន់ដែលចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់សារព័ត៌មានក្នុងការពិនិត្យពិច្ច័យក៏ដូចជាការរិះគន់ទៅលើមន្ដ្រីរដ្ឋាភិបាលណាម្នាក់»។
ដោយឡែក លោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណរដ្ឋមន្ដ្រីបានឆ្លើយតបដោយមិនបង្ហាញការកត់សម្គាល់ចំៗថា ការងុបងុលទៅនឹងការរិះគន់ មិនមែនជាចំណុចល្អរបស់អ្នកកាសែតនោះទេ។ ជាពិសេសលោកទំនងជាចង់និយាយយោងទៅដល់ការផ្សាយមួយចំនួនរបស់សំឡេងសហរដ្ឋអាមេរិក និងអាស៊ីសេរី។ លោកឯក ថា បានរំលឹកអំពីការប្រឹងប្រែងរបស់កម្ពុជាបន្ទាប់ពីសង្គ្រាមដ៏រ៉ាំរ៉ៃអស់រយៈពេលបីទសវត្សរ៍កន្លងមក។
«ការស្ដីបន្ទោសរិះគន់មិនសមហេតុផលទេ។ ពួកគេត្រូវតែពិនិត្យលើទស្សនៈវិជ្ជមានឲ្យបានច្រើនជាងអវិជ្ជមាន។ អ្នកកាសែតតែងតែគិតថា ព័ត៌មានដែលអាក្រក់ គឺជាព័ត៌មានដែលអ្នកស្ដាប់ អ្នកអាន ចង់មើល។ នេះមិនមែនជាទស្សនៈល្អនោះទេ»។
យ៉ាងណាក៏ដោយលោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតការរំលោភសិទ្ធិមនុស្ស របស់អង្គការអាដហុក យល់ថា សេចក្ដីថ្លែងការណ៍របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីសប្ដាហ៍មុនមានចរិតគំរាមកំហែងដោយប្រយោលទៅអ្នកព័ត៌មាន។
«ប្រមុខរដ្ឋមួយ ឬក៏អ្នកដែលមានអំណាច មិនអាចលើកយកពាក្យអញ្ចឹងមកនិយាយជាសាធារណៈទេ។ បើសិនជាគាត់មិនពេញចិត្តនៅក្នុងប្រការណាមួយ គាត់ត្រូវតែចាំបាច់ត្រូវតែធ្វើការកែលម្អរតាមរយៈរបបព័ត៌មានមួយនោះ ក៏ប៉ុន្តែដល់តែពេល ដែលគាត់លើកយកមកនិយាយក្នុងសាធារណៈ វាជាលក្ខណៈគំរាមកំហែងហើយ»។
នៅកម្ពុជាមានព័ត៌មានបោះពុម្ពផ្សាយចំនួនជាង៥០០ ដែលក្នុងនោះមានតែសារព័ត៌មាន និងទស្សនាវដ្ដីតិចតួចតែប៉ុណ្ណោះ ដែលចេញផ្សាយជាទៀងទាត់។ សារព័ត៌មានប្រឆាំងមានចំនួនតិចតួចបំផុត និងប្រឈមនឹងបញ្ហាហិរញ្ញវត្ថុជាខ្លាំង។ ដោយឡែកបណ្ដាញផ្សព្វផ្សាយតាមរលកធាតុអាកាសនៅក្នុងស្រុកភាគច្រើនគឺវិទ្យុ និងទូរទស្សន៍ត្រូវបានកត់សម្គាល់ថា មាននិន្នាការទៅរករដ្ឋាភិបាល។
លោកចាន់ សាវ៉េត មានប្រសាសន៍ថា ការផ្ដល់ព័ត៌មានពិត នៅមានកម្រិតទាប និងប្រជាពលរដ្ឋពិបាកទទួលព័ត៌មានគ្រប់ជ្រុងជ្រោយពីរដ្ឋាភិបាល។
កាលពីខែកុម្ភៈ ឆ្នាំ ២០១០ អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោកសុខ សេរី ទទួលរងការចោទប្រកាន់ដោយតុលាការ បន្ទាប់ពីលោកបានធ្វើការផ្សព្វផ្សាយអំពីការចោទប្រកាន់ពីបញ្ហាពុករលួយមួយនៅក្នុងសហគមខ្មែរអ៊ីស្លាមក្នុងខេត្តតាកែវ។ អ្នកកាសែតពីរនាក់ទៀតដែលត្រូវបានដោះលែងពីពន្ធនាគារនៅឆ្នាំដដែលនោះ គឺលោក ហង្ស ចក្រា និពន្ធនាយកកាសែតប្រឆាំងខ្មែរម្ចាស់ស្រុក និងលោករស់ សុឃិត អ្នកសរសេរព័ត៌មានសេរី។ ដោយឡែកនិពន្ធនាយកកាសែតខ្មែរអមតទទួលរងការពិន័យបន្ទាប់ពីការផ្សាយលើអំពើពុករលួយ។
ចំណាត់ថ្នាក់ផ្នែកសេរីភាពព័ត៌មានរបស់កម្ពុជាបានធ្លាក់ពីចំណាត់ថ្នាក់ទី១១៧ នៅឆ្នាំ ២០០៩ មកដល់ចំណាត់ថ្នាក់ទី១២៨ នៅឆ្នាំ២០១០។ នេះបើយោងតាមរបាយការណ៍របស់អង្គការអ្នកយកព័ត៌មានគ្មានព្រំដែនដែលតាមឃ្លាំមើលសេរីភាពសារព័ត៌មានលើពិភពលោកលើប្រទេសចំនួន១៧៨។
មានសារព័ត៌មានប្រចាំថ្ងៃឯករាជ្យ តិចតួចជាភាសាអង់គ្លេស ដែលវិនិយោគដោយបរទេសផ្ទាល់ គឺកាសែត The Cambodia Daily និងកាសែត Phnom Penh Post ដែលមានភាសាខ្មែរអមផងដែរ។
យោងតាមរបាយការណ៍របស់អង្គការ Freedom House សំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរីរួមទាំងវិទ្យុឯករាជ្យនៅក្នុងស្រុកមួយចំនួនតូចទៀតមិនត្រូវរដ្ឋាភិបាលដាក់កម្រិតបានឡើយ។
លោក សុន ឆ័យ តំណាងរាស្ដ្ររបស់គណបក្សសម រង្ស៊ី បានកត់សម្គាល់ថា រាជរដ្ឋាភិបាលកម្ពុជានៅដិតដាមដោយការដឹកនាំបែបទសវត្សរ៍ទី៨០ នៅឡើយ នោះគឺរបត់ដឹកនាំបែប «សង្គមនិយម»។
តំណាងរាស្ដ្រមណ្ឌលភ្នំពេញដដែលបានសម្ដែងការព្រួយបារម្ភរបស់ខ្លួនបន្ទាប់ពីសេចក្ដីថ្លែងការណ៍ជាសាធារណៈរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។
«យើងបារម្ភថា ការរិះគន់ដោយផ្ទាល់នេះ ធ្វើឲ្យមានប៉ះពាល់ដល់សុវត្ថិភាពអ្នកយកព័ត៌មាន នៅខាងវិទ្យុទាំងពីរហ្នឹងផង! បារម្ភ!”។
លោក សុន ឆ័យ រំលឹកថា មានតំណាងរាស្ដ្រមួយចំនួនធ្លាប់បានស្នើឲ្យមានការបិទការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី ពីប្រពន្ធ័ផ្សាយបន្ដតាមរលកធាតុអាកាសអេហ្វអឹម (FM) កាលពីពេលមុន។ លោក សុន ឆ័យ បន្ដថា ជាទម្លាប់មន្ត្រីរដ្ឋាភិបាលខ្មែរចូលចិត្តការលើកសរសើរ ជាងការរិះគន់លើកំហុសរបស់ខ្លួន។
«បើវិទ្យុទាំងពីរនេះ គឺគាត់ផ្សាយព័ត៌មាន គេហៅថាមានតុល្យភាព ហើយព័ត៌មានដោយមិនប្រកាន់ ខ្ញុំថាជាការមិនគប្បីទេ យើងជាអ្នកដឹកនាំប្រទេស ចាំបាច់ទទួលយកការិះគន់ខ្លះ ហើយមិនត្រឹមត្រូវយើងមានវិធានការផ្សេងៗ»។
ចំណែកលោកឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី ជំរុញឲ្យមានការផ្សាយផ្នែកវិជ្ជមានរបស់រដ្ឋាភិបាលឲ្យបានច្រើនសម្រាប់ជាប្រយោជន៍វិស័យសេដ្ឋកិច្ច។
«រាជរដ្ឋាភិបាល បានសម្រេចសមិទ្ធិផលច្រើនណាស់ នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។ អញ្ចឹងខ្ញុំចង់ឲ្យឃើញសាព័ត៌មានដើរតួនាទីសំខាន់បន្ថែមទៀតផ្សាយការពិតលើការអភិវឌ្ឍរបស់ប្រទេស ដើម្បីបង្កើនការនាំអង្ករចេញជាដើម»។
យ៉ាងហោចណាស់មានអ្នកយកព័ត៌មានចំនួន១២នាក់ ដែលបានរាយការណ៍អំពីចំណុចអវិជ្ជមាននៅក្នុងប្រទេសដូចជាការកាប់បំផ្លាញព្រៃឈើ រួមទាំងការគំរាមកំហែងរបស់មន្ដ្រីជាន់ខ្ពស់មួយចំនួន ត្រូវបានបាញ់សម្លាប់ចាប់តាំងពីឆ្នាំ ១៩៩៤មក។ លោក ខឹម សំបូរ អ្នកកាសែតជំទាស់មនសិការខ្មែរត្រូវបាញ់សម្លាប់ជាមួយកូនប្រុសរបស់គាត់កាលខែកក្កដា ឆ្នាំ ២០០៨ គឺប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងការបោះឆ្នោតតំណាងរាស្រ្ដ។ រហូតមកដល់ពេលនេះ ពុំមានជនដៃដល់ណាម្នាក់ ត្រូវបាននាំខ្លួនយកមកកាត់ទោសទេ៕