រដ្ឋាភិបាល​ផ្តល់​ដីសម្បទាន​ដល់​ក្រុមហ៊ុន​ឯកជន​ឡើងវិញ​

ដី​ជាង​២​ម៉ឺន​ហិចតា​ត្រូវ​បាន​ផ្តល់ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​បី​សម្រាប់​ធ្វើ​ការវិនិយោគ​ទៅ​លើ​ដំណាំកៅស៊ូ។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ទើបតែ​បាន​ផ្តល់​ដី​ជាង​២​ម៉ឺន​ហិចតា​ជា​ថ្មី​ទៀត​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​បី​សម្រាប់​ធ្វើ​ការវិនិយោគ​ទៅ​លើ​ដំណាំកៅស៊ូ។

ការផ្តល់ដីនេះ​ធ្វើឡើង​បន្ទាប់​ពី​លោក​បាន​ដាក់​បញ្ជា​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​បាន​ចំនូន​១១​ថ្ងៃ​តែ​ប៉ុណ្ណោះ។ កាល​ពី​ថ្ងៃ​ទី​៧ ​ខែ​ឧសភា​លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ បាន​ចេញ​បញ្ជា​ជា​លាយ​លក្ខអក្សរ​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំងអស់​ ហើយ​ត្រូវ​សើរើ​លើ​ក្រុមហ៊ុន​ដីសម្បទាន​សេដ្ឋកិច្ច​ដែល​មាន​ស្រាប់​ដើម្បី​ពិចារណា​ទៅ​លើ​ការ​ដកហូត​មក​វិញ។

នៅ​ក្នុង​ឯកសារ​ដែល​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ទទួល​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​លោក​ហ៊ុន​ សែន​ បាន​ផ្តល់​ដីសម្បទាន​ចំនួន​ ២១,៦២៤​ហិចតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ទាំង​បី​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​ឧសភា ​គឺ​ ១១​ថ្ងៃ​ បន្ទាប់​ពី​បទបញ្ជា​ឲ្យ​ផ្អាក​ការផ្តល់​ដីសម្បទាន​សេដ្ឋកិច្ច​របស់​លោក។

សេចក្តីសម្រេចនេះ​ធ្វើឡើង​ដោយយោង​ទៅ​តាម​សំណើ​របស់​ក្រសួង​កសិកម្ម។

នៅ​ក្នុងនោះ​ក្រុមហ៊ុន​លីយ៉េរ៉ាប់ប៊ើ ខូអិលធីឌី ​ទទួល​បាន​ ៧,៧១០​ហិចតា ​នៅ​ក្នុង​ខេត្ត​សៀមរាប។​ ក្រុមហ៊ុន​អេចអឹមអេច​ ទទួល​បាន​ ៥,៩១៥​ហិចតា ​នៅ​ក្នុង​ខេត្ត​កំពង់ធំ ​និង​ក្រុមហ៊ុន​ SK Plantation (Cambodia) Co, Ltd. ​ទទួល​បាន​ដី​វិនិយោគ​ចំនួន​៨,០០០​ហិចតា​ នៅ​ក្នុង​ស្រុក​កូនមុំ ​ខេត្ត​រតនគីរី។ សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​បញ្ជាក់​ថា​ តើ​ការ​ផ្តល់ដី​ដ៏​ច្រើន​នេះ​ជា​ប្រភេទដី​សម្បទាន​សេដ្ឋកិច្ច​ ឬ​យ៉ាងណា ​ហើយ​សម្រាប់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ។

ក៏ប៉ុន្តែ​លោកស្រី ណាលី ពីឡច (Naly Pilorge) នាយិកា​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ បាន​ហៅ​ការ​ប្រគល់​ដី​បែប​នេះ​ ថា​គឺ​ជា​ប្រភេទ​ដី​សម្បទាន​សុទ្ធសាធ។

លោកស្រី ពីឡច មានប្រសាសន៍​ថា លោក​ហ៊ុន ​សែន ​បាន​បំផ្លាញ​បទបញ្ជា​របស់​ខ្លួន​កាល​ពី​លើក​មុន ​ហើយ​បទ​បញ្ជា​នេះ​គ្រាន់តែ​ជា​សន្យា​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​តែ​ប៉ុណ្ណោះ ​នឹង​ដើម្បី​ធ្វើ​ឲ្យ​សហគម​អន្តរជាតិ​ដែល​ខ្វល់ខ្វាយ​អំពី​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​បាន​ស្ងប់​ចិត្ត​។​ នេះ​ជា​ប្រសាសន៍​របស់​អ្នកស្រី ណាលី ពីឡច។

«ទោះ​បី​ជា​រដ្ឋាភិបាល​មិនបាន​ប្រើពាក្យ​ថា ជា​ដី​សម្បទាន​សេដ្ឋកិច្ច។ ការ​ប្រគល់​ដីធ្លី​នេះ​ ជា​បទ​បញ្ជា​ បន្ទាប់​ពី​ចុះហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​គឺ​ជា​ប្រភេទ​ការប្រគល់ដី​សម្បទាន​សេដ្ឋកិច្ច​មួយ។ សម្រាប់​ខ្ញុំ​បទបញ្ជា​របស់​គាត់ ​គ្រាន់តែ​ជា​ការសន្យា​សម្រាប់​ការបោះឆ្នោត​ប៉ុណ្ណោះ ​ហើយ​វា​មិន​បាន​ចូល​ជា​ធរមាន​ទេ»។

លោក​ចាន់ សារុន ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​មិន​អាច​ធ្វើ​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​នេះ​ ដោយសារ​តែ​ទូរសព្ទ​របស់​លោក​រោទិ៍​ដោយ​គ្មាន​អ្នកទទួល​។ ​រីឯ​លោក​ចាន់ ទុងអ៊ីវ ​រដ្ឋលេខា​ក្រសួងកិសកម្ម​មាន​ប្រសាសន៍​ថា ​នេះមិនមែន​ជា​ផ្នែក​ដែល​លោក​ទទួល​ខុសត្រូវ​នោះ​ទេ។

«រឿង​ហ្នឹង​ខ្ញុំ​ឥត​ដឹង​ទេ​។ ​នេះ​ជា​ផ្នែក​ខាង​គេ​នោះ​វិញ»។

កាល​ពី​ខែ​មិនា​ អង្គការ​ការពារសិទ្ធិ​មនុស្ស​អាដហុក​ បាន​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​បាន​បង្កើន​ដីសម្បទាន​សេដ្ឋកិច្ច​រហូត​ទៅ​ដល់​ជិត​ ២​លាន​៣​សែន​ហិចតា​ ទៅ​ដល់​ក្រុមហ៊ុន​ឯកជន​ចំនួន​២២៥ ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១១​។​ ហើយ​នេះ​ គឺ​ជា​ការ​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​នៅ​ក្នុង​ពេល​ខាង​មុខ​។​ ក្រុមហ៊ុន​ទាំង​នេះ​ ទទួលបាន​សិទ្ធិ​គ្រប់គ្រង​ដីធ្លី​ចន្លោះ​ពី​៧០​ឆ្នាំ ​រហូត​ទៅ​ដល់​ ៩៩​ឆ្នាំ៕