កម្ពុជា​ប្រឈម​ជម្រើស​យុទ្ធសាស្ត្រ នៅ​ពេល​អាមេរិក​ជិត​ស្និទ្ធ​ជាមួយ​វៀតណាម

រូបឯកសារ៖ រដ្ឋមន្រ្តីក្រសួងការបរទេស​សហរដ្ឋអាមេរិកលោក Mike Pompeo និង​លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​ការបរទេស​វៀតណាម លោក Pham Binh Minh ថតរូបជុំគ្នា ​មុនពេល​កិច្ចប្រជុំ​នៅ​ក្រសួងការបរទេស​នៅទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១៨។

សហ​រដ្ឋ​អាមេរិក​ត្រូវ​រំឭក​ខួប​អនុស្សាវរីយ៍​ចំនួន​ពីរ​ជាប់ៗ​គ្នា​នៅ​លើ​ជ្រោយ​ឥណ្ឌូចិន ​នា​ខែ​កក្កដា​ឆ្នាំ​នេះ។ ​នោះ​គឺ​ខួប​៧០​ឆ្នាំ​នៃ​ការ​ភ្ជាប់​ទំនាក់​ទំនង​ការទូត​ជា​ផ្លូវការ​អាមេរិក​និង​កម្ពុជា​ (១៩៥០-២០២០) ​និង​ខួប​២៥​ឆ្នាំ​នៃ​ការ​ធ្វើ​ប្រក្រតីកម្ម​ទំនាក់​ទំនង​ការទូត​ឡើង​វិញ​រវាង​អាមេរិក​និង​វៀតណាម ​(១៩៩៥-២០២០)។​

កម្ពុជា​និង​វៀតណាម​ សុទ្ធតែ​ជា​ប្រទេស​ដែល​បាន​ប្រឆាំង​នឹង​វត្តមាន​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​ កាលពី​អតីត​កាល​ តាម​រយៈ​សង្គ្រាម​វៀតណាម​និង​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា។​

ប៉ុន្តែ​មក​ដល់​ខែ​កក្កដា ​ឆ្នាំ​២០២០​នេះ​ វៀតណាម​កុម្មុយនីស្ដ​ដែល​ធ្លាប់​តែ​ប្រឆាំង​នឹង​សហ​រដ្ឋ​អាមេរិក​ឥត​សំចៃ​ដៃ​ បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដ៏​ជិត​ស្និទ្ធ ​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​សន្ដិសុខ​ ​ខណៈ​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​ជួប​បញ្ហា​មួយ​ចំនួន​ក្នុង​ទំនាក់​ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក​ បាន​បង្កើន​ទំនាក់ទំនង​យុទ្ធសាស្ត្រ​យ៉ាង​ល្អូកល្អិន​ជាមួយ​ប្រទេស​ចិន​ដល់​កម្រិត ​«ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ»។​

ប្រទេស​ចិន​ ជា​មហា​អំណាច ​កំពុង​ដណ្ដើម​ឥទ្ធិពល​សកល​ជាមួយ​សហ​រដ្ឋ​អាមេរិក​ និង​ជា​គូ​សត្រូវ​គំរាម​កំហែង​ជា​ប្រវត្ដិ​សាស្ត្រ​របស់​វៀតណាម។​

លោក​បណ្ឌិត ​ប៉ា ចន្ទរឿន ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា ​(CID)​ បាន​និយាយ​ថា​ សហ​រដ្ឋ​អាមេរិក​ខិត​ស្និទ្ធ​ខ្លាំង​ជាមួយ​នឹង​វៀតណាម ​ទាំង​ផ្នែក​សេដ្ឋកិច្ច ​ទាំង​ផ្នែក​យោធា ​ដោយ​សារ​តែ​តម្លៃ​យុទ្ធសាស្ត្រ​របស់​វៀតណាម​បំពេញ​គ្នា​ឱ្យ​អាមេរិក​ក្នុង​បរិបទ​នៃ​ការ​ប្រជែង​ប្រណាំង​ជាមួយ​ចិន​ក្នុង​«សង្គ្រាម​ត្រជាក់​បែប​ថ្មី»។​

«ហេតុ​នេះ​ហើយ​អាមេរិក​មើល​ឃើញ​ថា​ មាន​តែ​ការ​ចាប់​វៀតណាម​ទេ ​ដែល​ជា​គោល​ដៅ​ចម្បង​អាច​ឱ្យ​អាមេរិក​ហ្នឹង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ​និង​ក៏​ដូច​ជា​ប្រើប្រាស់​អ្វី​ដែល​វៀតណាម​មាន​ស្រាប់​ហ្នឹង ​ដើម្បី​ទប់​ជាមួយ​ចិន»។​

លោក​បណ្ឌិត អៀ សុផល ​សាស្ត្រាចារ្យ​រង​ជំនាញ​កិច្ចការទូត​ នៅ​មហា​វិទ្យាល័យ ​Occidental ​សហ​រដ្ឋ​អាមេរិក​មើល​ឃើញ​ថា​ ​កម្ពុជា​ជួប​នឹង​ផល​វិបាក​ផ្នែក​នយោបាយ​នៅ​ពេល​ដែល​វៀតណាម​កៀក​នឹង​សហរដ្ឋ​អាមេរិក​ ​ហើយ​កម្ពុជា​ត្រូវ​បង្ខំ​ងាក​មក​រក​ចិន​កាន់​តែ​ស្និទ្ធ។​

ក្នុង​សារ​អេឡិក​ត្រូនិក​មក​កាន់​ VOA​ ​លោក​បណ្ឌិត ​អៀ សុផល ​សង្កត់​ធ្ងន់​ថា​ ផលវិបាក​ចម្បង​នោះ​គឺ​កម្ពុជា​ត្រូវ​ផ្លាស់​ប្តូរ​ឥរិយាបទ​ពី​ភាព​ជិតស្និទ្ធ​ល្អូក​ល្អិន​ជាមួយ​វៀតណាម​ដែល​ធ្លាប់​លើក​បន្តុប​អំណាច​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នោះ​ មក​រក​ភាព​ល្អូក​ល្អិន​ជាមួយ​ប្រទេស​ចិន​វិញ។​

ក្នុង​បរិបទ​នៃ​ផល​វិបាក​ផ្នែក​នយោបាយ​នេះដែរ ​ ​ស្រប​ពេល​ដែល​សហ​រដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ រិះគន់​ខ្លាំងៗ​មក​លើ​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​ធ្លាក់​ចុះ​នៃ​លំហ​សេរីភាព​ប្រជា​ធិបតេយ្យ ​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស នោះ​ ប្រទេស​ចិន​បាន​ចេញ​មុខ​ថ្លែង​ការពារ​ប្រទេស​កម្ពុជា។​

ដោយ​ឡែក​ក្នុង​ពេល​ជាមួយ​គ្នា​នោះ មហា​អំណាច​លេខ១​លើ​លោក​ គឺ​សហ​រដ្ឋ​អាមេរិក​ បូក​និង​សហភាព​អឺរ៉ុប​ មិន​បាន​លើក​បញ្ហា​ដូចគ្នា​នេះ​មក​សង្កត់​ប្រទេស​វៀតណាម​ទេ​ព្រោះ​រដ្ឋ​ធម្មនុញ្ញ​វៀតណាម​បាន​កំណត់​ថា​ ប្រទេស​នេះ​ប្រទេស​កុម្មុយនីស្ដ។ នេះ​បើ​យោង​តាម​លោក​ប៉ា ចន្ទរឿន ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​បាន​និយាយ​ថា ក្រុម​រាជការ​ដឹកនាំ​នៅ​ទីក្រុង​ភ្នំពេញ​សម្លឹង​ឃើញ​ថា​ ទំនាក់​ទំនង​ជិត​ស្និទ្ធ​វៀតណាម​សហ​រដ្ឋ​អាមេរិក​ ជា​ប្រការ​បំពេញ​ឱ្យ​គ្នា​ធ្វើ​តុល្យកម្ម​ជាមួយ​ចិន​នៅ​ក្នុង​តំបន់។​

«យើង​ឃើញ​ថា ​ នៅ​ជាប់​ព្រំដែន​យើង​មាន​ចំហៀង​ខាង​នោះ ​មាន​សហ​រដ្ឋ​អាមេរិក​ដែល​លោក​យក​ចិត្ត​ទុក​ដាក់។ ​ នៅ​ចំហៀង​ខាង​យើង​នេះ ​មាន​ខាង​ចិន​យក​ចិត្ត​ទុក​ដាក់។ ​ដូច្នេះ​ជា​ខ្សែ​បន្ទាត់​មួយ​សមតា​វា​នៅ​កន្លែង​នេះ​ឯង»។​

ប្រធាន​អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា៖ ​«រឿង​អាមេរិក​នៅ​ជិត​ជាមួយ​វៀតណាម​ នេះ​ជា​រឿង​ព្រះ​ប្រទាន​មួយ​សម្រាប់​សន្តិភាព​នៅ​តំបន់​យើង ​ ហើយ​ចិន​ក៏​នៅ​ជិត​អាស៊ាន​ដែរ ​ ក៏​ជា​ព្រះ​ប្រទាន​មួយ​សម្រាប់​សន្ដិភាព​នៅ​ស្រុក​យើង»។

ក្នុង​ប្រវត្តិ​សាស្ត្រ​ ​ កម្ពុជា​តែង​រង​ការ​គំរាម​កំហែង​ផ្នែក​សន្ដិសុខ​ជាតិ​ជា​ប្រចាំ​ពី​បណ្ដា​ប្រទេស​ជិត​ខាង​ធំៗ​ពីរ​គឺ​វៀតណាម​និង​ថៃ។​ នេះ​បើ​តាម ​ស្មេរ ​Tanner Greer ​ក្នុង​កំណត់​តែង​សេចក្ដី​មួយ​សរសេរ​ឱ្យ​ព្រឹត្តិប័ត្រ​ទស្សនា​វដ្ដី​អន្តរជាតិ ​The Foreign Policy ​កាលពី​ខែ​មករា​ឆ្នាំ​២០១៧។​

លោក​ Tanner Greer ​បាន​សរសេរ​បន្ថែម​ថា​ រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទុកចិត្ត​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ក្នុង​ការ​ខ្ចី​ដៃ​យក​ឥទ្ធិពល​មហាអំណាច​មក​ទប់ទល់​បន្លាច​កម្លា​ការពារ​ខ្លួន​ពី​អ្នក​ជិត​ខាង​ធំៗ​ទាំង​ពីរ​ ជាពិសេស​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​ហាណូយ​ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាន់តែ​ស្និទ្ធស្នាល​គ្នា​ខ្លាំង។​

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លើស​ពី​នេះ ​ ប្រទេស​ចិន​បាន​ផ្ដល់​ជំនួយ​សេដ្ឋកិច្ច​និង​យោធា​ជា​ហូរហែ​សម្រាប់​របប​ដឹក​នាំ​ប្រទេស​កម្ពុជា។ ​ ជាក់​ស្ដែង​ថ្មីៗ​នេះ​ រាល់​គំរោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​នៅ​កម្ពុជា​ រួម​មាន​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​ខេត្ត​ព្រះសីហនុ​ ព្រលាន​យន្ត​ហោះ​ថ្មី​របស់​រាជធានី​ភ្នំពេញ​និង​ខេត្ត​សៀមរាប​ សុទ្ធ​តែ​ទទួល​បាន​ហិរញ្ញប្បទាន​ និង​ការ​វិនិយោគ​ពី​ប្រទេស​ចិន។​

យ៉ាង​ណាក៏​ដោយ លោក​ ផៃ ស៊ីផាន ​កត់​សម្គាល់​ថា ទំនាក់​ទំនង​កម្ពុជា​អាមេរិក ​មាន​ភាព​ល្អ​ប្រសើរ​សន្សឹមៗ​ចាប់​តាំង​ពី​ការ​មក​ដល់​របស់​លោក​ឯក​អគ្គ​រដ្ឋទូត​ថ្មី​របស់​អាមេរិក​គឺ​លោក ​W. Patrick Murphy។​

លោក​ មាជ សុវណ្ណារ៉ា ​អ្នក​នយោបាយ​មួយ​រូប​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​ បាន​លើក​ឡើង​ថា ​ ​ចំណង​ទាក់ទង​កាន់​តែ​ជិត​ដិត​រវាង​សហ​រដ្ឋ​អាមេរិក​និង​វៀតណាម ​នឹង​ពុំមាន​ផល​ប៉ះពាល់​អ្វី​ជា​ដុំ​កំភួន​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​ទទួល​ការ​ធានា​សន្ដិសុខ ​ឯករាជ្យ​ភាព​ និង​អធិប​តេយ្យភាព​ពី​កិច្ច​ព្រមព្រៀង​សន្ដិភាព​ក្រុង​ប៉ារីស​នោះ​ទេ។

«គ្រោះ​ភ័យ​មិន​គ្រោះ​ភ័យ​ស៊ីសង​នឹង​មេ​ដឹកនាំ​និង​អ្នក​នយោបាយ​កម្ពុជា ​ដឹង​ថា​យើង​ត្រូវ​ធ្វើ​អ្វី​ទៅ​តាម​អ្វី​ជា​នីតិរដ្ឋ»។​

អតីត​ «អ្នកទោស​នយោបាយ»​ខ្មែរ​រូប​នេះ ​បាន​លើក​ឡើង​ថា​ការណ៍​ដែល​ទៅ​ស្និទ្ធ​នឹង​អាមេរិក​នាំ​ឱ្យ​វៀតណាម​ត្រូវ​បាន​ចង​ដោយ​គោល​ការណ៍​ច្បាប់​ទម្លាប់​អន្តរជាតិ​ជាង​មុន​ ហើយ​កម្ពុជា​នឹង​ទទួល​បាន​ការ​ធានា​ច្រើន​ជាង​មុន​ថា​ បូរណភាព​ទឹក​ដី ​និង​អធិប​តេយ្យភាព​របស់​ខ្លួន​ មិន​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ឡើយ។​

ក្នុង​ទិដ្ឋភាព​មួយ​ទៀត​ ភាព​ជិតស្និទ្ធ​របស់​វៀតណាម​ជាមួយ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ពី​ការ​មាន​ប្រៀប​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ផង​ដែរ​ បើ​ធៀប​ជាមួយ​ប្រទេស​កម្ពុជា។​

ទំហំ​ពាណិជ្ជ​កម្ម​ដោះដូរ​ទំនិញ​រវាង​ប្រទេស​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​បាន​កើន​ឡើង​ពី​១៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​១៩៩២​មក​ដល់​៥,៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩។​ ក៏​ប៉ុន្តែ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​សហ​រដ្ឋ​អាមេរិក​ ជាមួយ​វៀតណាម​បាន​កើន​ឡើង​ពី​៤,៦​លាន​ដុល្លារ​ ដល់​៧៧,៥​ពាន់​លាន​ដុល្លារ​ ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៩២​ ដល់​ឆ្នាំ​២០១៩​ដូច​គ្នា។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា ​ទទួល​ស្គាល់​ថា ​ សេដ្ឋកិច្ច​កម្ពុជា​ក៏​មាន​លក្ខណៈ​បើក​ចំហ​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិកដែរ​ តែ​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ ​ មិន​ទាន់​អាច​ទាញ​ផល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ។​

ទោះ​ជា​វៀតណាម​បាន​ងាក​ទៅ​រក​សហ​រដ្ឋ​អាមេរិក​ដែល​ជា​អតីត​សត្រូវ​របស់​ខ្លួន​ក៏​ដោយ​ ​ក៏​អ្នក​ស្រី ​Tran Thi Bich ​បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ ​Antwerp ​ប្រទេស​បែលហ្ស៊ិក​ កត់​សម្គាល់​ឃើញ​ថា​ ​វៀតណាម​នៅតែ​រក្សា​ចំណង​ទាក់ទង​ល្អ​ជាមួយ​ចិន​និង​កម្ពុជា។ ​ បន្ថែម​ពីនោះ​ទៀត​ ចិន​នៅតែ​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំជាង​គេ​ប្រចាំ​តំបន់​អាស៊ី។​ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អ្នកស្រី​ Tran Thi Bich។​

អ្នក​ឯកទេស​ភូមិសាស្ត្រ​នយោបាយ​ជនជាតិ​វៀតណាម​រូប​នេះ​បាន​បន្ថែម​ថា៖​ «ការ​ឈ្លានពាន​និង​ចរិត​ឯកត្តោ​ភាគី​និយម​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​រុញ​វៀតណាម​ក្នុង​ល្បឿន​កាន់​តែ​សន្ធាប់​ឡើង​ឆ្ពោះ​ទៅ​កៀក​សហ​រដ្ឋ​អាមេរិក»។​

តាម​អ្នកស្រី ​Tran Thi Bich ​ វៀតណាម​ក៏​មាន​«ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ជាក់​ច្បាស់»​ផ្នែក​សន្ដិសុខ​ផង​ដែរ​ បើ​សិន​ជា​ចិន​សម្រេច​បាន​ការ​ដាក់​មូលដ្ឋាន​ឬ​វត្តមាន​យោធា​នៅ​កម្ពុជា​នោះ។ ​ យ៉ាង​ណាក៏​ដោយ​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជា​ច្រើន​លើក​ច្រើន​សារ​ថា​ នឹង​មិន​មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណា​មួយ​បោះ​ទីតាំង​នៅ​លើ​ទឹកដី​របស់​ខ្លួន​ទេ។​

ដំណាល​គ្នា​នេះ​ក៏​មាន​ការ​ជជែក​ពិភាក្សា​អំពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​ក្រុង​ហាណូយ​អាច​បើក​ដៃ​ទទួល​វត្តមាន​មូលដ្ឋាន​យោធា​សហ​រដ្ឋ​អាមេរិក​នៅ​បណ្ដោយ​ឆ្នេរ​សមុទ្រ​របស់​ខ្លួន​ ដូច​យ៉ាង​នៅ​តំបន់ ​Cam Ranh ​ជា​ដើម។​ផ្ទុយ​ទៅវិញ​ កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១៩​ ក្រសួង​ការពារ​ប្រទេស​វៀតណាម ​បាន​ចេញ​ផ្សាយ​នូវ​សៀវភៅ​ស​ការពារ​ជាតិ​របស់​ខ្លួន ដែល មាន​ខ្លឹមសារ​«រក្សា​គោល​ការណ៍​មិន​ទទួល​វត្តមាន​យោធា​បរទេស»​នោះ​ទេ។​

លោក​ប៉ា ចន្ទរឿន ​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជា​ធិបតេយ្យ​កម្ពុជា​ ផ្តល់​យោបល់​ថា​ កម្ពុជា​គួរ​តែ​ប្រើ​នយោបាយ​ទ្រូ​ប្រឹស​ពីរ​ចំពោះ​មុខ​មហា​យក្ស​ទាំង​ពីរ​គឺ​សហ​រដ្ឋ​អាមេរិក​និង​ចិន។​

«ហើយ​នយោបាយ​ទ្រូប្រឹស​ពីរ​នេះ​ បាទ​ ត្រី​ឡើង​ក៏​ចូល​ត្រីចុះ​ក៏ចូល​ គួរ​តែជា​មធ្យោបាយ​សម្រាប់​ខ្មែរ​យើង​ក្នុង​ការ​ប្រកាន់​ជំហរ​ចំពោះ​មហា​អំណាច​ប្រៀប​បាន​នឹង​ភ្លើង។​ បើ​យើង​នៅ​ឆ្ងាយ​ពី​មហា​អំណាច​វា​រងារ​ ហើយ​នៅ​កៀក​ពេក​វា​អាច​រលាក​ឬ​អាច​ឆេះ​ខ្លោច​ក៏​មាន​ដែរ»។​

ដំណាល​គ្នា​ដែល​ប្រទេស​វៀតណាម​ ងាក​ទៅ​រក​ខ្នង​បង្អែក​សហ​រដ្ឋ​អាមេរិក​ដែល​មិន​មាន​ភាព​ផ្អែម​ត្រជាក់​ជាមួយ​កម្ពុជា ​ ហើយ​កម្ពុជា​ងាក​ទៅ​រក​ខ្នង​បង្អែក​ចិន​ដែល​មិន​សូវ​ចុះ​សម្រុង​ផ្នែក​នយោបាយ​ជាមួយ​វៀតណាម។​ ប្រទេស​ជាប់​ព្រំដែន​ជាមួយ​គ្នា​នេះ ​ហាក់​ដូចជា​ព្យាយាម​រក្សា​ចំណង​រួម​ឲ្យ​មាន​និរន្តភាព។​

ក្រុម​អ្នក​តាម​ដាន​សភាព​ការណ៍​នយោបាយ​មើល​ឃើញ​ថា​ បក្ស​ប្រជាជន​កម្ពុជា ​និង​បក្ស​កុម្មុយនីស្ដ​វៀតណាម ​នៅ​បន្ត​ផ្ដោះផ្ដង​ពាក្យ​ពេជន៍​ផ្អែម​ល្ហែម ​ក្នុង​ពេល​មាន​ពិធី​អនុស្សាវរីយ៍​ប្រវត្តិ​សាស្ត្រ​នានា​ម្ដងៗ​ ដូច​យ៉ាង​ថ្ងៃ​ខួប​កំណើត​បក្ស ​និង​ទិវា​៧​មករា​ជា​ដើម។​

មួយ​ដង​ជា​ពីរ​ដង​ ប្រទេស​វៀតណាម​ចេញ​មុខ​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថែម​ទៀត​ថា ​ កម្ពុជា​និង​វៀតណាម​មាន​ទំនាក់​ទំនង​ដែល​បំបែក​មិន​បាន៕