លោក សុខ សំអឿន បានសង្ឃឹមថាតុលាការអាចនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក។
សាលាដំបូងក្រុងភ្នំពេញគ្រោងនឹងបើកសវនាការជំនុំជម្រះទោសលោក ម៉ម សុណង់ដូ នាយកស្ថានីយ៍វិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ នៅថ្ងៃទី១១ ខែកញ្ញា ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីមេធាវីការពារក្តី។
លោក សុខ សំអឿន មេធាវីការពារក្តីលោកម៉ម សុណង់ដូ បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា លោកបានទទួលដីកាកោះអញ្ជើញពីតុលាការឲ្យចូលរួមនៅក្នុងសវនាការកាលពីថ្ងៃសុក្រសប្តាហ៍មុន។ លោកបានមានប្រសាសន៍ថាកូនក្តីរបស់លោកបានដឹងអំពីថ្ងៃបើកសវនាការនេះផងដែរ ហើយលោកសង្ឃឹមថា លោកម៉ម សុណង់ដូ នឹងមានវត្តមាននៅក្នុងថ្ងៃសវនាការនោះ។ លោក សុខ សំអឿន បានសង្ឃឹមថាតុលាការអាចនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក។
«យើងសង្ឃឹមតុលាការកាត់ក្តីដោយយុត្តិធម៌ ផ្នែកទៅលើភស្តុតាង។ ទី១ ផ្នែកទៅលើភស្តុតាង។ ទី២ ផ្នែកទៅលើតើគួរតែមានរបៀបថ្លឹងថ្លែងលើភស្តុងតាងបែបណា ដែលអាចទទួលយកជាភស្តុតាងបាន»។
លោក ម៉ម សុណង់ដូ អាយុ៧២ឆ្នាំ ត្រូវបានអាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញបានចាប់ខ្លួនកាលពីពាក់កណ្តាលខែកក្កដា នៅគេហដ្ឋានរបស់លោក ដែលមានទីតាំងនៅស្ថានីយ៍វិទ្យុសំបុកឃ្មុំ។ បន្ទាប់មកលោកត្រូវបានតុលាការក្រុងភ្នំពេញ ចេញដីកាឃុំខ្លួនបណ្តោះអាសន្នក្រោមបទចោទប្រកាន់ចំនួនបួនចំណុចធំៗដែលពាក់ព័ន្ធទៅនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ប្រឆាំងនឹងរដ្ឋាភិបាលដែលគ្រប់គ្រងដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
លោកស្រី ឌីន ផាន់ណារ៉ា ភរិយារបស់លោកម៉ម សុណង់ដូ នៅតែបង្ហាញជំនឿថា ស្វាមីរបស់លោកស្រីមិនបានពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ទេ។ លោកស្រីបានមានប្រសាសន៍ទៀតថា ការចាប់ខ្លួនលោកម៉ម សុណង់ដូ គឺជារឿងមួលបង្កាច់។
«ពីព្រោះលោកម៉ម សុណង់ដូ គាត់ឥតមានធ្វើខុស។ នេះជារឿងមូលបង្កាច់។ គាត់ឥតមានពាក់ព័ន្ធអ្វីទាំងអស់ ក្នុងរឿងដែលធ្វើអបគមន៍ហ្នឹង គឺឥតទាល់តែសោះ ហើយនៅឯខេត្តក្រចេះហ្នឹង គាត់ឥតដែលស្គាល់ មិនដែលស្គាល់ខេត្តក្រចេះ មិនដែលទៅទាល់តែសោះ ឥតដែលស្គាល់ទាល់តែសោះ»។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកថាករណីរបស់លោកម៉ម សុណង់ដូ គឺជារឿងតុលាការដែលមានឆន្ទានុសិទ្ធិសម្រេចថាមានទោស ឬគ្មានទោស។
«អ្វីដែលខ្ញុំយល់ឃើញថាគឺគួរតែទុកភារកិច្ចនេះសម្រាប់តុលាការធ្វើអ្វីដែលជាដែនអំណាចរបស់ខ្លួន ឬនីតិវិធីរបស់ខ្លួនក្នុងកិច្ចការផ្តល់ផលប្រយោជន៍ដល់ភាគីជាប់ចោទនេះឯង»។
ការចាប់ខ្លួនលោកម៉ម សុណង់ដូ បានកើតមានឡើងក្រោយពីមានការបង្រ្កាបដោយអំពើហិង្សាមួយ ពាក់ព័ន្ធទៅនឹងការចាប់ទន្រ្ទានយកដីធ្លីនៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ កាលពីខែឧសភាកន្លងទៅនេះ។
អាជ្ញាធររដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់កម្លាំងប្រដាប់អាវុធដោយស្វ័យប្រវត្តិជាច្រើនរាប់រយនាក់ ដោយបូករួមទាំងឧទ្ធម្ភាចក្រចំនួនពីរគ្រឿងហើយនៅក្នុងប្រតិបត្តិការណ៍នោះបានបណ្តាលឲ្យកុមារីម្នាក់ឈ្មោះហេង ចន្ថា អាយុ១៤ឆ្នាំ សម្លាប់ដោយការបាញ់សម្លាប់ដោយកងអាជ្ញាធរ។
អាជ្ញាធរកម្ពុជាកំពុងស្វែងរកចាប់ខ្លួនលោកប៊ុន រដ្ឋា ដែលសង្ស័យថា ជាមេគំនិតដែលបណ្តាលឲ្យមានជម្លោះកើតឡើងរវាងប្រជាជន និងរដ្ឋាភិបាល។ លោក ប៊ុន រដ្ឋា ដែលបច្ចុប្បន្ននេះកំពុងតែលាក់ខ្លួននៅកន្លែងសុវត្ថិភាព ធ្លាប់បានមានប្រសាសន៍ថាសកម្មភាពរបស់លោកមិនជាប់ពាក់ព័ន្ធជាមួយនឹងលោកម៉ម សុណង់ដូ និងមិនមានគោលបំណង ដើម្បីផ្តួលរំលំរដ្ឋាភិបាលដូចមានការចោទប្រកាន់ទេ។
ជម្លោះដីធ្លីនៅឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ បានរាលដាលដល់លោក ចាន់ សាវ៉េត មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សដ៏លេចធ្លោមួយរបស់សមាគមសិទ្ធិមនុស្សអាដហុក។
លោក ចាន់ សាវ៉េត ពេលនេះកំពុងមានបេសក្ខកម្មនៅក្រៅប្រទេសបន្ទាប់ពីតុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឲ្យចូលបំភ្លឺ កាលពីថ្ងៃទី២៤ កន្លងទៅនេះពីបទផ្តល់ជំនួយដល់ចារី។ ក៏ប៉ុន្តែក្រោយមកតុលាការបានលើកពេលដោយគ្មានការកំណត់បន្ទាប់ពីគ្មានវត្តមានលោកចាន់ សាវ៉េត នៅក្នុងប្រទេស៕