សមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលត្រូវបានហៅកាត់ថា អាស៊ាននៅថ្ងៃចន្ទនេះ មានភាពតានតឹងក្នុងការពិភាក្សាអំពីជម្លោះដែនសមុទ្រចិនខាងត្បូងក្នុងខណៈពេលដែលប្រទេសជាសមាជិកអាស៊ានពីរគឺហ្វីលីពីន និងវៀតណាមដែលមានដែនសមុទ្រជាប់ជាមួយនឹងចិនបានលើកយកបញ្ហានេះនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងដប់គឺធ្វើឡើងដើម្បីឆ្ពោះទៅរកកិច្ចប្រជុំកំពូលអាស៊ាន ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារ៍នេះ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងប្រាប់នៅក្នុងសន្និសីទព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃចន្ទនេះថា ការពិភាក្សាលើសមុទ្រចិនខាងត្បូងនៅមិនទាន់ចប់សព្វគ្រប់ទេ ហើយរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់នឹងបន្តការពិភាក្សាគ្នាតទៅទៀត។
លោក ហោ ណាំហុង មិនបានបញ្ជាក់ថា ភាពតានតឹងនៃជម្លោះដែនសមុទ្រចិនខាងត្បូងនៅត្រង់ណាទេ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ថា ប្រទេសដែលជាសមាជិកអាស៊ាន បានឈានទៅរកកិច្ចព្រមព្រៀងមួយដែលបង្កើតក្រមនីតិប្រតិបត្តិនៃដែនសមុទ្រចិនខាងត្បូង ហើយជំហររបស់ប្រទេសអាស៊ាន ចង់រកដំណោះស្រាយដោយសន្តិវិធី និងស្ថេរភាពក្នុងតំបន់។
«ខ្ញុំសូមថា មិនចាំបាច់ចូលលម្អិត ទាស់គ្នាចំណុចណាទេ។ ទាំងអស់គ្នាឯកភាពលើគោលការណ៍ដោះស្រាយហើយ គឺរក្សាសន្តិភាព និងស្ថិរភាពដែនសមុទ្រចិនខាងត្បូង។ ឯកភាពគ្នាដោះស្រាយបញ្ហាដោយសន្តិវិធី ឯកភាពគ្នា។ ដោះស្រាយបញ្ហាដោយគោលការណ៍ច្បាប់អន្តរជាតិ។ ឯកភាពទាំងអស់គ្នា។ ដោះស្រាយដោយគោលការណ៍អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៥២ អំពីដែនសមុទ្រឯកភាពគ្នា។ ឯកភាពគ្នាឈានជាយថាហេតុ ជំហានជាយថាហេតុ ទៅតាក់តែងក្រមប្រណិបត្តិ OCO។ ហើយពេលខ្លះមិនទាន់ឯកភាព យើងក៏មិនទាន់ធ្វើការងារក្នុងស្មារតីសម្បទានទៅវិញទៅមក»។
កម្ពុជាមិនបានដាក់របៀបវារៈនៃជម្លោះដែនសមុទ្រចិនខាងត្បូងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានទេ។ ក៏ប៉ុន្តែមានតែប្រទេសពីរតែប៉ុណ្ណោះគឺហ្វីលីពីន និងវៀតណាមបានលើកយកបញ្ហានេះមកពិភាក្សានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។
លោក អលប៊ត រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍ដោយឯកត្តោភាគីមួយថាចង់ឲ្យជម្លោះដែនសមុទ្រចិនខាងត្បូងត្រូវតែដោះស្រាយដោយសន្តិវិធី និងស្ថិរភាពក្នុងតំបន់។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចិនគួរតែត្រូវកោះអញ្ជើញឲ្យចូលរួមមកជជែកពិភាក្សាជាបឋមស្តីពីជម្លោះដែនសមុទ្រចិនខាងត្បូងនេះ។
លោក ម៉ាទី ណាតាឡេហ្កាវ៉ា (Marty Natalegawa) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា អាស៊ានកំពុងតែធ្វើការងារយ៉ាងសកម្មក្មុងការកំណត់ធាតុនីមួយៗនៃក្របខណ្ឌនីតិប្រតិបត្តិ។ លោកបានមានប្រសាសន៍ថា ចិនសព្វថ្ងៃបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការចូលរួម នៅក្នុងដំណើរការនេះ ហើយវាគឺជាការសំខាន់ណាស់ក្នុងការយល់ដឹងអំពីទស្សនៈរបស់ប្រទេសចិន។
«គឺជានីតិវិធីដែលមានសក្តានុពលមួយ ដែលថាប្រទេសអាស៊ាន បន្តបញ្ចប់ និងធ្វើឲ្យប្រាកដនូវទស្សនៈដូចគ្នា លើគម្រោងផែនការនេះ និងជាមួយគ្នានេះគឺជាផលចំណេញរបស់យើង ដែលយើងដឹងអំពីទស្សនៈរបស់ប្រទេសចិនទៅលើប្រធានបទនេះ»។
នៅក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ហ៊្វូ ជីនតាវ មកកាន់កម្ពុជា ចិននិងកម្ពុជាបានព្រមព្រៀងគ្នាថា បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងគួរតែដោះស្រាយក្នុងក្របខណ្ឌអាស៊ាន ចិន។ ចិនមិនចង់ឲ្យយកបញ្ហានេះដោះស្រាយក្នុងក្របខណ្ឌលក្ខណៈអន្តរជាតិទេ។
នៅក្នុងពេលដែលមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន សមាជិកអាស៊ានទាំងអស់ បានអបអរសាទរចំពោះលទ្ធផលនៃការបោះឆ្នោតនៅក្នុងប្រទេសភូមា ដោយបានចាត់ទុកថា នេះគឺជាដំណើរការឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យរបស់សហភាពមីយ៉ាន់ម៉ា។
លទ្ធផលក្រៅផ្លូវការបង្ហាញឲ្យឃើញថា បេក្ខជនទាំង៤៤រូបរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី អ៊ុង សានស៊ូជី បានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រទាំងអស់នៅក្នុងចំណោមអសនៈសភាដែលមាន៤៥អសនៈ៕