ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពីនបានបញ្ជាក់កាលពីថ្ងៃចន្ទទី១៩ ខែវិច្ឆិកាថា ហ្វ៊ីលីពីនមិនបានយល់ព្រមក្នុងការមិនដាក់ការដោះស្រាយជម្លោះដែនដីក្នុងដែនសមុទ្រចិនខាងត្បូងជាលក្ខណៈអន្តរជាតិនោះទេ។
កាលពីថ្ងៃអាទិត្យលោកកៅ គឹមហួន រដ្ឋលេខាធិការក្រសួងការបរទេសបានប្រាប់អ្នកយកព័ត៌មានថាក្រុមមេដឹកនាំកំពូលអាស៊ានបានសម្រេចរួមគ្នាថា នឹងមិនធ្វើអន្តរជាតូបនីយកម្មជម្លោះនៅដែនសមុទ្រចិនខាងត្បូងនោះទេ។
លោកបញ្ជាក់ថា អាស៊ាននឹងដោះស្រាយបញ្ហានេះតាមយន្តការដែលមានស្រាប់ជាមួយប្រទេសចិន។ ក៏ប៉ុន្តែលោករដ្ឋមន្ដ្រីការបរទេសហ្វ៊ីលីពីន ឡលប៊ត ដែល រ៉ូសារ៉ូយ៉ូ (Albert Del Rosario) បានថ្លែងនៅថ្ងៃនេះថាយ៉ាងហោចណាស់មានហ្វ៊ីលីពីន និងប្រទេសមួយទៀតដែរដែលមិនយល់ស្របនឹងជំហខាងលើ។
លោកឡលប៊ត ដែល រ៉ូសារ៉ូយ៉ូ មិនបានបញ្ជាក់ថា ប្រទេសមួយទៀតគឺជាប្រទេសណានោះទេក៏ប៉ុន្តែនាពេលកន្លងមកហ្វ៊ីលីពីន និងវៀតណាមគឺជាប្រទេសពីរក្នុងចំណោមប្រទេសដែលមានជម្លោះដែនដីក្នុងសមុទ្រចិនខាងត្បូងបានតវ៉ាយ៉ាងខ្លាំងក្លាឲ្យយកបញ្ហាដ៏ចម្រូងចម្រាស់នេះទៅដោះស្រាយក្នុងរង្វង់អាស៊ានទាំងមូល។
លោករដ្ឋមន្ដ្រីការបរទេសហ្វ៊ីលីពីន លើកឡើងថាប្រធានាធិបតីហ្វ៊ីលីពីនលោក បេនីហ្គណូ អាហ្គីណូ (Benigno Aquino) ក៏បានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុននៅថ្ងៃនេះដែរថាហ្វ៊ីលីពីនមិនយល់ព្រមមិនដាក់ការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាលក្ខណៈអន្តរជាតិនោះដោយផ្អែកលើផលប្រយោជន៍ប្រទេសជប៉ុន។
ដំណាលគ្នានេះលោកនាយករដ្ឋមន្ដ្រីជប៉ុនយ៉ូស៊្សីកូ ណូដា (Yoshiko Noda) បានលើកអំពីកង្វល់របស់ជប៉ុនក្នុងជំនួបកំពូលអាស៊ានជប៉ុនដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនលោកណូដាបញ្ជាក់ថា ជម្លោះនេះអាចនាំឲ្យមានការប៉ះពាល់ដោយផ្ទាល់ដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ លោកនាយករដ្ឋមន្ដ្រីជប៉ុនបានស្នើឲ្យភាគីមានជម្លោះដោះស្រាយបញ្ហាតាមគោលការច្បាប់អន្តរជាតិ។
លោកម៉ាទី ណាតាឡេហ្គាវ៉ា រដ្ឋមន្ដ្រីការបរទេសឥណ្ឌូណេស៊ីបានបញ្ជាក់បន្ថែមពីជំហរបស់ជប៉ុនក្នុងកិច្ចប្រជុំកំពូលអាស៊ាន ជប៉ុន។ លោកម៉ាទីបញ្ជាក់ថា
«ជប៉ុនបានបង្ហាញជាមូលដ្ឋាននូវកង្វល់របស់ខ្លួនអំពីការវិវត្តនៅជុំវិញបញ្ហាសមុទ្រចិនខាងត្បូងហើយជប៉ុនសង្ឃឹមថាបញ្ហានេះនឹងត្រូវបានដោះស្រាយតាមរយៈសេចក្តីប្រកាសនៃក្រមប្រតិបត្តិនិងក្រមប្រតិបត្តិស្តីពីជម្លោះនៅដែនសមុទ្រចិនខាងត្បូង»៕