ភ្នំពេញ៖ រដ្ឋសភាកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានបោះឆ្នោតជាកញ្ចប់គាំទ្រសមាសភាពនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតដែលត្រូវបានហៅកាត់ថា គជប ឡើងវិញចំនួនប្រាំបួនរូបក៏ប៉ុន្តែសមាសភាពនេះមិនមានការចូលរួមពីគណបក្សសម រង្ស៊ី និងគណបក្សសិទ្ឋិមនុស្សទេ។
សមាជិករដ្ឋសភាចំនួន៨៧រូបដែលមានវត្តមានបានបោះឆ្នោតគាំទ្រសមាសភាពគជបក្នុងសំឡេង៨៧ទល់នឹង៨៧សំឡេង។ លោក ហេង សំរិន ប្រធានរដ្ឋសភាជាតិថ្លែងថា៖
«ទាំងប្រាំបួនរូបទទួលបានលទ្ឋផលដូចតទៅ៖ សន្លឹកឆ្នោតព្រមចំនួន៨៧លើ៨៧សំឡេង។ សន្លឹកឆ្នោតមិនព្រមចំនួនសូន្យ។ សន្លឹកឆ្នោតអនុប្បវាទចំនួនសូន្យ»។
លោក អ៊ឹម សួស្តី នៅបន្តកាន់កាប់មុខតំណែងជាប្រធាន។ ចំណែកលោកស្រី ស៊ីន ជុំបូ ជាអនុប្រធាន គជប ដដែល។ សមាសភាពបន្ថែមថ្មីចំនួនពីររូបគឺលោក ស៊ិន ឌឹម អតីតប្រធានតុលាការក្រុងព្រះស៊ីហនុ និងលោកមេធាវី សោ សុភរី អតីតប្រធានតុលាការក្រុងភ្នំពេញនិងជាអតីតចៅក្រមចូលនិវត្តន៍ត្រូវបានតែងតាំងជាសមាជិក។
លោក ហេង សំរិន ប្រធានរដ្ឋសភាបាននិយាយថា បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតតែងតាំងសមាសភាព គជប ឡើងវិញ លោក ឡេង ប៉េងឡុងអគ្គលេខាធិការនៃរដ្ឋសភានឹងចាត់ការតាមនីតិវិធីរបស់រដ្ឋសភា។
លោក អ៊ឹម សួស្តី ដែលទើបនឹងជាប់ឆ្នោតថ្មីជាប្រធានគជបបាននិយាយប្រាប់អ្នកកាសែតនៅឯអគាររដ្ឋសភាថា លោកតាំងចិត្តនឹងបម្រើការងារស្របទៅតាមច្បាប់ និងបទបញ្ជារបស់និតិ្តវិធី។
«ដូចខ្ញុំបាននិយាយអញ្ចឹងកន្លងមកត្រូវមើលសកម្មភាពរបស់គជប ដែលធ្វើកន្លងមកថាតើវាល្អៀងកន្លែងណាមិនអព្យាក្រិតកន្លែងណាយើងនិយាយគ្នាទៅអាចចោទមកហើយឲ្យគជបគេបកស្រាយទៅវីញមក»។
គណបក្សប្រឆាំងចំនួនពីរគឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ឋិមនុស្សមិនបានបញ្ជូនឈ្មោះនិងបានធ្វើពហិការមិនចូលរួមប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតគាំទ្រជាកញ្ចប់ចំពោះសមាសភាព គជប ឡើងវិញ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលត្រូវបានបង្កើតឡើងដោយគណបក្សប្រឆាំងទាំងពីរបាននិយាយថា ការជ្រើសរើសសមាភាពនេះមិនមានឯកភាពជាតិដោយមិនមានសមាសភាពចម្រុះមកពីគណបក្សដែលមានអសនៈក្នុងរដ្ឋសភាចូលរួម។ លោកបាននិយាយថា លោកគ្មានជំនឿលើសមាសភាពគជបនេះទេ ហើយនឹងមិនអាចឲ្យដំណើរការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បានទេ។
«ពីព្រោះសមាសភាពនេះគឺគណបក្សប្រជាជនជាអ្នករៀបចំម្នាក់ឯង។ សមាសភាពនេះនឹងបម្រើតែផលប្រយោជន៍ឲ្យគណបក្សប្រជាជនដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យទៅលើឯកភាពជាតិអំពីការរៀបចំការបោះឆ្នោតដែលជាអ្នករៀបចំអាជ្ញាកណ្តាលក្នុងការរៀបចំដែលមានគណបក្សនយោបាយចូលរួមនោះឡើយ»។
លោក គុល បញ្ញា នាយកប្រតិបត្តិនៃអង្កការឃ្លាំមើលដំណើរការបោះឆ្នោតមួយដែលមានឈ្មោះថាខុមហ្វ្រែល បាននិយាយថា ការរៀបចំសមាសភាពគជបដោយមិនមានការចូលរួមពីគណបក្សនយោបាយដែលមានអសនៈក្នុងរដ្ឋសភានឹងធ្វើឲ្យគជបមិនមានការទុកចិត្តពេញលេញពីភាគគីដែលបានចូលរួមប្រកួតប្រជែង។
«បញ្ហាទំនាស់គជបនៅតែមានការជ្រាលជ្រៅជាងមុនៗទៅទៀត។ ពីមុនៗយើងឃើញការអនុវត្តកន្លងមកមានការចូលរួមពីគណបក្សប្រឆាំងក៏ប៉ុន្តែឥឡូវយើងនៅមានការព្រួយបារម្មណ៍នៅការបោះឆ្នោតខាងមុខនេះដែលការរៀបចំគជបមួយអត់មានតម្លាភាពហើយអត់មានការចូលរួម»។
គណបក្សប្រឆាំងធ្លាប់បានទាមទារឲ្យមានការកែប្រែសមាភាពគជបក៏ប៉ុន្តែភាគច្រើននៃសមាភាពគជប ថ្មីនេះជាមនុស្សដដែលៗមកពីគណបក្សគ្រប់គ្រងអំណាច៕