គណបក្ស​ជំទាស់​អះអាង​ថា នឹង​ពហិការ​ការ​បោះឆ្នោត

វ៉ាស៊ីនតោន​៖ បន្ទាប់ពី​ខកខាន​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​កែ​សម្រួល​សមាភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គណបក្ស​ជំទាស់​បាន​អះអាង​ជា​មុន​ថា ​នឹងធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​សភា​ដើម្បី​ពិភាក្សា​អនុម័ត​លើ​សមាភាព​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ​ទេ។​

សភា​កម្ពុជា​គ្រោង​នឹង​ពិភាក្សា​អនុម័ត​សំណើ​របស់​រដ្ឋាភិបាល​ដើម្បី​បោះឆ្នោត​ គាំទ្រ​សមាជិក​ភាព​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប.)ថ្មី​ដ៏​ ចម្រូង​ចម្រាស​នៅ​សប្តាហ៍នេះ​ទេ​ ទោះបី​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​សំខាន់ៗ​ ពីរ​ក្នុង​ប្រទេស​កម្ពុជា​គំរាម​ជា​មុន​ ថា​នឹងធ្វើ​ពហិការ​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​ ដោយ​សារ​មិន​ទទួល​ស្គាល់​សមាសភាព​គ.ជ.ប.ថ្មី​និង​រចនា​សម្ព័ន្ធ​ក្តី។​

លោក​ជាម យៀប​ តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា​ ការ​ចូល​ឬ​មិន​ចូល​របស់​គណបក្ស​ជំទាស់​គឺ​មិន​មាន​បញ្ហា​រារាំង​ដល់​ដំណើរការ​សភា​ក្នុង​ការ​ពិភាក្សា​អនុម័ត​គាំទ្រ​សមាសភាព​គ.ជ.ប.​ដែល​រដ្ឋាភិបាល​បាន​ស្នើ​នោះ​ទេ។​

«ឥឡូវ​ចេញ​ហើយ​។​ គ្រប់​គណបក្ស​នយោបាយ​នៅ​ក្នុង​រដ្ឋ​សភា​ គឺ​នៅ​ថ្ងៃ​ ព្រហស្បតិ៍​ ទី១១​ខែ​តុលានេះ​ សម័យ​ប្រជុំ​វិសាមញ្ញមាន​របៀបវារៈ​តែ​មួយ​ ទេ​គឺ​បោះឆ្នោត​ជ្រើសតាំង​សមាស​ភាព​នៃ​គ.ជ.ប.​ដែល​ស្នើសុំ​ពី​សម្តេច​តេជោ​ហ៊ុន សែន​គឺ​ថា​ សុំ​ឲ្យ​រដ្ឋសភា​កោះប្រជុំ​ជា​វិសាមញ្ញ»។​
លោក​ជាម យៀប​


គណបក្ស​ប្រជាជន​កម្ពុជា​មាន​អាសនៈ​៩០​លើ១២៣​ក្នុង​សភា​ ដូច្នេះ​មិន​ចាំបាច់​ត្រូវ​ការ​សំឡេង​គាំទ្រ​ពី​គណបក្ស​ដទៃ​ទេ​ក្នុង​ការ​តាក់តែង​ច្បាប់​បោះឆ្នោត​ យល់​ព្រម​ឬ​លុប​ចោល​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។​

លោក​ជាម យៀប​បាន​ប្រៀប​ប្រដូច​សមាសភាព​គ.ជ.ប.​បច្ចុប្បន្ន​ទៅ​នឹង​ក្រុម​បាល់ទាត់​ ដែល​លេង​មិន​ចេះ​ចាញ់​ ហើយ​មិនគួរ​ផ្លាស់ប្តូរ។​ លោក​ថា​គណបក្ស​ ជំទាស់​បាន​ទទួល​យក​លទ្ធផល​បោះឆ្នោត​ ជាពិសេស​ការ​បោះឆ្នោត​ពីរ​លើក​ចុង​ក្រោយ​នេះ​គឺបោះឆ្នោត​ជ្រើសរើស​ព្រឹទ្ធសភា​និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​នេះ។ ​

«អញ្ចឹងទេ​គឺ​ថា​ រឿងអី​មក​ពេល​នេះ​ត្រូវ​រៀបចំ​សមាសភាព​ហ្នឹង​ត​ទៅ​ទៀត។​ បើ​សិន​ជា​គេ​មាន​កំហុស ​យើង​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​ឬ​ប្តឹង​ទៅ​តុលាការ​ យ៉ាង​ណាៗ​នោះ។​ អាហ្នឹង​តុលាការ​យល់​យ៉ាងម៉េច​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យល់​ឃើញ​យ៉ាងម៉េច​ នោះ​ទើប​អាច​(ផ្លាស់​ប្តូរ​បាន)។​ បើ​សិន​ជា​គេ​មិនខុស​ ឬ​ក្រុម​ទាត់បាល់​គេ​ទាត់ឈ្នះ​ គេ​ទាត់ល្អ​ គួរតែ​ទុក​ក្រុម​ហ្នឹង​ទៅ»។​

ប្រភព​ព័ត៌មាន​ ដែល​គួរឲ្យ​ទុកចិត្ត​បាន​ បាន​អះអាង​ថា ​សមាសភាព​គ.ជ.ប.​៩​នាក់​ ដែល​បាន​ដាក់​មក​ដល់​សភា​ក្រោយ​ពី​បានរៀបចំ​តាមរយៈ​ក្រសួង​មហា​ផ្ទៃ​ ហើយ​ត្រូវ​អនុម័ត​ដោយ​គណៈ​រដ្ឋមន្ត្រី​ថ្មីៗ​នេះ​ មាន​ការ​ដូរ​សមាជិក​ពីររូប​ដោយ​ដាក់​ជំនួស​មកវិញ​នូវ​អតីតៈ​ប្រធាន​តុលាការ​ជើងចាស់​ដែល​ចូល​និវត្តន៍​ ហើយ​ដែលជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​គឺលោក​ស៊ិន ឌឹម​ និង​លោក​ស សុភរី ​ដែល​ជំនួស​លោក​ស្រី​កុយ វ៉េត​ និង​លោក​ឃ្លោក បូឌី។ ​លោកអ៊ឹម សួស្តី​នៅ​ជា​ប្រធាន​ដដែល​ ហើយ​សមាជិក​ផ្សេងទៀត​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ។​

លោក​យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​សម រង្ស៉ី ​និង​ជា​សមាជិក​សភា​ បាន​អះអាង​ថា ​គណបក្ស​លោក​និង​គណបក្ស​សិទ្ធិ​មនុស្ស​មិន​ចូល​រួម​ប្រជុំ​សភា​ប្រថាប់​ត្រា​ឲ្យ​គ.ជ.ប.​មួយ​ដែល​រៀបចំ​ការ​បោះឆ្នោត​លម្អៀងទៅ​រក​គណបក្ស​ ប្រជាជន​កម្ពុជា​ ហើយ​បង្ករ​បញ្ហា​ច្រើន​ដល់​ប្រទេស​នោះ​ទេ។​

«បើ​សិន​ជា​ថ្នាក់​ដឹកនាំ​គ្រាន់តែ​ត្រូវ​បាន​ជ្រើសរើស​តាម​របៀប​ទិញ​សន្លឹកឆ្នោត​ លួច​សន្លឹកឆ្នោត​ បំភិត​បំភ័យ​ គំរាម​កំហែង​ បំបិទ​សេរីភាព​ក្នុង​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ ​មេដឹកនាំ​ដែល​បាន​ជ្រើសរើស​នោះ​មិន​អាច​ដោះស្រាយ​ បញ្ហា​បាន​ទេ។​ អញ្ចឹង​ហើយ​បាន​ជា​ពី​មួយ​អាណត្តិ​ទៅមួយ​អាណត្តិ​ បញ្ហា​នៅតែ​ ដដែលៗ»។​

លោក​ថ្លែង​យ៉ាងដូច្នេះ​គឺ​យោង​ទៅលើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ​វប្បធម៌​គ្មាន​ ទោស​ពៃរ៍ ​និង​បញ្ហា​សង្គម​ផ្សេងៗ​ដែល​កើតឡើង​ក្រោមការ​ដឹកនាំ​ប្រទេស​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។​

លោក​យឹម សុវណ្ណ​អះអាង​ថា​ គណបក្ស​ជំទាស់​ស្នើ​ទៅ​រដ្ឋាភិបាល​រួច​ហើយ​តាម​អនុសាសន៍​របស់​លោក​សូរិយា ស៊ូបែឌី​ អ្នក​រាយ​ការណ៍​ពិសេស​អ.ស.ប.​ស្តីពី​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​អំពី​ប្រព័ន្ធ​បោះឆ្នោត​មួយ​ដែល​ឯករាជ្យ​អាច​ទទួល​យក​បាន។ ​លោក​សុវណ្ណ​សង្ខេប​ថា ​សមាសភាព​គ.ជ.ប.​ត្រូវតែ​មាន​ឯករាជ្យ​ពិត​ប្រាកដ​ ហើយ​ត្រូវ​ទទួល​ការ​យល់ព្រម​ពី​គណបក្ស​នយោបាយ​ក្នុង​សភា​ មុនដាក់ សមាសភាព​នេះ​ទៅ​កាន់​សភា​ពេញអង្គ​ដើម្បី​អនុម័ត។​ រចនា​សម្ព័ន្ធ​គ.ជ.ប.​ក៏​ដូច​គ្នា​ដែរ។​ ទោះជា​យ៉ាងណា​ក៏ដោយ ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ច្រានចោល​លក្ខ​ខណ្ឌ​គណបក្ស​ជំទាស់​ ហើយ​ចាត់​ទុក​ថា​ ការ​ទទួល​យក​លក្ខខណ្ឌ​របស់​គណ​បក្ស​ជំទាស់​នឹង​ធ្វើឲ្យ​គាំង​ការ​បោះឆ្នោត​ ហើយ​ប៉ះពាល់​ដល់​សន្តិសុខ​និង​ស្ថិរភាព​ប្រទេស។ ​ការ​បដិសេធ​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឲ្យ​មន្ត្រី​គណបក្ស​ជំទាស់​គឺ គណបក្ស​សម ​រង្ស៉ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ខែកញ្ញា​នោះ​ គំរាមធ្វើ​ពិហិការ​មិន​ចូលរួម​ការ​បោះឆ្នោត​ផង​ដែរ​ ភ្លាមៗ​បន្ទាប់​នោះ។​

លោកគល់ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​មួយ ​ឈ្មោះ ខុមហ្វ្រែល​ បាន​អះអាង​ថា ​ការ​ជ្រើសរើស​សមាសភាព​គ.ជ.ប.​ជា​អាប៊ិត​ឬ​អាជ្ញា​ កណ្តាល​គួរធ្វើ​ដោយ​បើក​ចំហ ​មិន​គួរ​ធ្វើ​ស្ងាត់ៗ​នោះ​ទេ​ ដើម្បី​ឲ្យ​មាន​ការ​ស្រុះ ស្រួល​គ្នា​រវាង​អ្នក​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ឬ​ក៏​ផ្តល់​សិទ្ធិ​តវ៉ា​ពី​ការ​ ផ្លាស់ប្តូរ​ជាមុន​ដើម្បី​ជៀសវាង​បញ្ហា​ក្រោយ​ការ​បោះឆ្នោត។​

«អញ្ចឹង​ខ្ញុំ​គិត​ថា​ សំខាន់​ឲ្យ​មាន​ការ​ចូលរួម​ទៅ។​ គួរ​ចូល​រួម​ពិនិត្យ​មើល​ឲ្យមាន​ តម្លាភាព​ក្នុង​ការ​ជ្រើសរើស​សមាសភាព​គ.ជ.ប.។​ ហើយ​បើ​ថា ​មាន​បញ្ហា​អី​បាន​ន័យ​ថា​ ទាំងអស់​គ្នា​បាន​យល់ព្រម​ ហើយ​ថា ​ឥឡូវ​សមាសភាព​ប៉ុណ្ណឹង​ អី​ប៉ុណ្ណឹង​ ត្រូវ​រៀបចំ​ការ​បោះឆ្នោត​អញ្ចឹង។ ​ហើយ​បើ​មាន​ការ​អី​មិន​ទទួល​ស្គាល់​លទ្ធផល​ឬ​ក៏​បដិសេធ​លទ្ធផល​ការ​បោះឆ្នោត ​ឬ​ក៏​មាន​បញ្ហា​អី​ ពេល​ប្រកាស​លទ្ធផល​ អាហ្នឹង​ អ្នក​ដែល​លើក​អញ្ចឹង ​វា​ខូច​កិត្តិយស​ខ្លួន​ឯង​ទេ»។​

ទាំងលោក​គល់ បញ្ញា​និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ខ្លះ​បាន​កោត​សរសើរ​ប្រទេស​ ថៃ​ដែល​បាន​ធ្វើការ​ជ្រើសរើស​សមាសភាព​ដោយ​តម្លាភាព ​មុន​ការ​បោះឆ្នោត​ម្តងៗ​ ក្រៅពី​ការ​រៀបចំ​គណៈ​កម្មាការ​អព្យាក្រិត្យ​ឥត​លម្អៀងមួយ​សម្រាប់​ដោះ​ស្រាយ​វិវាទ ​ក្រោយ​ពេល​បោះឆ្នោត។​
ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​២៨ ​កក្កដា​ឆ្នាំ​២០១៣។​ គណបក្ស ​សង្គ្រោះជាតិ​ដែល​កើត​ចេញពី​គណបក្ស​ជំទាស់​ពីរ​គឺ​គណបក្ស​សម រង្ស៊ី​របស់ លោកសម ​រង្ស៉ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស​របស់​លោក​កឹម សុខា​ គ្រោង​នឹង​ ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែល​កាន់កាប់​អំណាច​ជាង​៣០​ឆ្នាំ៕