គណបក្ស​ជំទាស់​រួម​ចំណែក​ក្នុង​សមិទ្ធិផល​របស់​រដ្ឋាភិបាល​

លោក​សម រង្ស៉ី​ និងលោក​កឹម សុខា ​

វ៉ាស៊ីនតោន​៖ មេដឹកនាំ​គណបក្ស​ជំទាស់​ក្នុងប្រទេស​កម្ពុជា​និយាយ​ថា ​សមិទ្ធិផល​របស់​រដ្ឋាភិបាល​ រាប់ទាំង​ការ​ដោះស្រាយ​បូរណភាព​ទឹកដី​ បញ្ហា​ដោះស្រាយ​ដីធ្លី ​ជាដើម​នោះ​ មាន​ការរួម​ចំណែក​របស់​គណបក្ស​ជំទាស់​ដែរ។​

គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​កំពុង​បង្ហាញ​សកម្មភាព​នយោបាយ​របស់​ខ្លួន​រឿង​បញ្ហា​បូរណភាព​ទឹកដី​ និង​ការ​ដោះសា្រយ​ដីធ្លី​ និង​បញ្ហា​មួយ​ចំនួនទៀត​ដើម្បី​ទាញ​យក​ប្រជាប្រិយ​ភាព​ឲ្យ​បាន​ច្រើន​ជាង​ដៃគូ​ប្រជែង​របស់​ខ្លួន​គឺ​គណបក្ស​ជំទាស់​របស់​លោក​សម រង្ស៉ី​ និងលោក​កឹម សុខា ​មុន​ការ​បោះឆ្នោត​សភា​ឆ្នាំ​២០១៣​ខាង​មុខ។​ ក៏ប៉ុន្តែ​មេដឹកនាំ​គណបក្ស​ជំទាស់លោក​ កឹម សុខា​ នៃ​គណបក្ស​សិទ្ធិ​មនុស្ស ​និង​ជា​អនាគត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ទើប​បញ្ចូល​គ្នា​ជាមួយ​ គណបក្ស​សម រង្ស៉ី​នោះ​ បាន​អះអាង​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​មិនអាច​ យក​ចំណេញ​នយោបាយ​តែម្នាក់ឯង​បានទេ​ចំពោះ​បញ្ហា​ដោះស្រាយ​រឿង​ដីធ្លី ​និង​បញ្ហា​បូរណភាព​ដែនដី​ ដោយ​លោក​បាន​អះអាង​ថា ​អ្វី​ដែល​ជា​ដំណើរការ​រីក​ចម្រើន​ និង​កិច្ចការ​របស់​រដ្ឋាភិបាល​គឺកើត​ឡើង​ដោយសារ​តែ​ជំនួយ​ កា​រចូលរួម​ជំរុញ​ និង​ការ​រិះគន់​របស់​គណបក្ស​ជំទាស់។​

«បើ​សិនជា​អត់មាន​គណបក្ស​ជំទាស់​ជំរុញ លើក​ឡើងទេ​ គណបក្ស​កាន់​អំណាច​ប្រហែល​ជា​នៅ​ដេក​ស្ងៀម​អត់​ធ្វើ​បញ្ហា​ហ្នឹង​ឲ្យ​យើង​បាន​ដឹង​ទេ។ ​ទី២ បើ​សិន​ណា​ជា​លទ្ធផល​នេះ​គាត់​ធ្វើ​ គណបក្ស​កាន់​អំណាច​បកស្រាយ​ទៅ​ ធ្វើ​សកម្មភាព​ទៅ​បាន​ជោគជ័យ​ អា​ជោគជ័យ​ហ្នឹង​ក៏​ប្រជាពលរដ្ឋ​លោក​យល់​ថា​ ជា​ជោគជ័យ​ដោយសារ​គណបក្ស​ជំទាស់​លើក​ឡើង»។​
លោក​ថ្លែង​ថា​ ប្រសិន​បើ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ជំទាស់​មាន​សម្លេង​ ច្រើន​នោះ​ រដ្ឋាភិបាល​នឹង​មាន​ការ​ផ្ទៀងផ្ទាត់​ច្រើន​ ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​តាម​ ចិត្ត។​

«ផ្ទុយ​ទៅវិញ​ បើគណបក្ស​កាន់អំណាច​យក​ការ​បកស្រាយ​ ឬក៏​ដំណោះស្រាយ​ ដូច​បញ្ហា​ព្រំដែនក្តី​ បញ្ហាដីធ្លីក្តី​ ដោយ​ធ្វើទៅ​គ្មាន​ប្រសិទ្ធិភាព​ រឿង​ហ្នឹង​រិតតែ​ បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​មើល​ឃើញ​ថា ​ទោះបី​គណបក្ស​កាន់​អំណាច​ខំដោះសារ​ យ៉ាងណា​ក៏ដោយ​ ក៏គាត់​អត់មាន​ចេតនា​ អត់មាន​សមត្ថភាព​ អត់​មាន​ឆន្ទៈ​ ពិត​ប្រាកដ​ដោះស្រាយ​បញ្ហា​ហ្នឹង​ដែរ។​ អញ្ចឹង​ប្រជាពលរដ្ឋ​ត្រូវតែ​ផ្លាស់​ប្តូរ​គណបក្ស​កាន់​អំណាច​ ផ្លាស់ប្តូរ​អ្នក​ដឹកនាំ​បច្ចុប្បន្ន​ដើម្បី​ឲ្យ​មក​គណបក្ស​ប្រឆាំង​កាន់ អំណាច​ម្តង»។​

មេ​ដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន ​ព្យាយាម​បកស្រាយ​បំភ្លឺ​ពីបញ្ហា​ព្រំដែន​នៅ​ក្នុង​រដ្ឋ​សភា​ទប់ទល់​ជាមួយ​នឹង​ការ​ ចោទ​ប្រកាន់​រាប់សិប​ឆ្នាំ​របស់​ក្រុម​ជំទាស់​ពី​ការ​បាត់ទឹកដី​ ហើយ​បាន​បង្កើត​យន្ត ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្នុង​ទំហំ​ទ្រង់ទ្រាយ​ធំ​តាម​រយៈ​ក្រុម​យុវជន​ដើម្បី វាស់​វែង​និង​ប្រគល់​ប្លង់ដី​ស្ថាពរ​ជូនដល់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា។​

ថ្លែងជា​សាធារណៈ​ក្នុង​ពិធីប្រគល់​សញ្ញាប័ត្រ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃអង្គារ​ ដែល​ទូរទស្សន៍​ជាតិ​កម្ពុជា​ចាក់ផ្សាយ​ទាំង​ស្រុង​នោះ ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ទទួល​ស្គាល់​អំពីការចំណេញ​នយោបាយ​ តែ​លោក​វាយ​ប្រហារ​ អ្នក​រិះគន់​មិន​បញ្ចេញ​ឈ្មោះ​ដែល​បាន​បង្ហាញ​រឿងនេះ​ជា​សាធារណៈ។​

«ថ្ងៃទី១​ខែសីហា​គេ​ថា​ លោកហ៊ុន សែន​ធ្វើហ្នឹង​ដើម្បី​តែ​ចំណេញ​នយោបាយ។​ អញ្ចឹង​បាន​ខ្ញុំ​ថា​ អាឆ្កួត​ ភ្លើម៉េះអ៎ា!​ បើ​ធ្វើ​គ្រាន់តែ​ខាត​ធ្វើៗ​អីអ៎ា!​ បើធ្វើ​សម្រាប់​ប្រជាជន​ជេរម្រ៉ាយ​ មិន​ចាំបាច់​ធ្វើទេ។ ​ធ្វើទៅ​ប្រជាជន​គាត់​ពេញចិត្ត​ គាត់​បាន​ផល​ប្រយោជន៍​ គាត់​គាំទ្រ​ អាហ្នឹង​ជាកិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ»។​

ថ្លែង​តាម​រយៈទូរទស្សន៍​ជាតិកម្ពុជា​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បន្ត​បំភ្លឺ​ពី បញ្ហា​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក​មួយ​បែប​គឺ​ការកំណត់​ព្រំសីម៉ា​ទៅតាម​ការ​ ជាក់​ស្តែង​របស់​ពលរដ្ឋ​ក្នុង​ពេល​ដោះដូរ​ភូមិ​ទៅវិញ​ទៅមក​រវាង​កម្ពុជា​និង​ វៀតណាម។​

«ព្រោះ​ជម្រើសកាត់ភូមិខ្មែរ​ឲ្យ​វៀតណាម​ កាត់ភូមិ​វៀតណាម​ឲ្យខ្មែរ​ អាហ្នឹង​ ជម្រើស​ហ្នឹង​ទៅ​មិន​រួចទេ។​ រើភូមិ​វៀតណាម​ចេញ​និង​រើភូមិខ្មែរ​ចេញ​ អា​ជម្រើសហ្នឹង​ក៏​ទៅអត់​រួច​ដែរ។​ នៅតាំង​ពីដូនតា ​ផ្នូរខ្មោច ​ផ្នូរអី​នៅ​ត្រង់ហ្នឹង​ទាំងអស់។​ អញ្ចឹង​សល់​ជម្រើសតែមួយ​គត់​ដែល​ងាយស្រួល​ជាង​គេ​គឺជម្រើស​ខ្សែ​ផែនទី​ស៊ីរ៉េ​ទៅ​តាម​ការ​កាន់កាប់​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ។​ អញ្ចឹង​បាន​ ថ្ងៃមុន​គេ​មាន​ហេឡូ​វីអូអេ។​ គេសួរ​ទៅ​អ្នក​ស្វាយរៀង​ ឥឡូវ​ដី​បង​ឯង​បាត់​ហើយ​ឬ​នៅ?​ ថា​អត់ទាន់​បាត់​ទេ​ តែ​ដល់​ពេល​គេ​បោះ​បង្គោល​ មុខ​តែ​បាត់​ហើយ​ ហ្អា៎!»។​

លោក​ហ៊ុន សែន​បាន​បន្ថែម​ថា​ ដោយឆ្លៀត​ឱកាស​បន្ត​វាយ​ប្រហារ​ក្រុម​អ្នក​ រិះ​គន់​រឿង​បាត់បង់​ទឹកដី​ផង ​ហើយ​លោក​បានអះអាងថា​ អនុសារណៈ​នៃ​ការ​យោគ​យល់​គ្នាថ្ងៃទី​២៣​មេសា​ឆ្នាំ​២០១១​គឺ​ធានា​ពី​ការ​មិន​បាត់បង់​ទឹកដី​ទេ។

ក្រុម​ជំទាស់​រួមទាំង​លោក​កឹម សុខា​ផង​អះ​អាង​ថា ​ទាំង​លោក​ និង​ប្រជាពលរដ្ឋ​កម្ពុជា​មិន​បាន​យល់ស្រប​ជាមួយ​នឹង​ការ​អះអាង​តែ​ម្ខាង​ពីការ​មិន​បាត់ទឹកដី​តាម​សម្តី​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ទេ​ ដោយសារ​ការ​បកស្រាយ​មិន​ឲ្យ​មាន​ការចូល​រួម​សួរដេញ​ដោល។ ​ក៏ដូចគ្នា​ដែរ​រឿងវាស់វែង​ដីធ្លី​ក៏មិន​ធ្វើតាម​ស្ថាប័ន​ជាតិ​ត្រឹមត្រូវ​ដែរ។​

«វាមិន​មាន​ប្រទេសណា​គេ​ធ្វើ​អញ្ចឹង​ទេ។​ គេមាន​ស្ថាប័ន​សម្រាប់​ធ្វើ​ការងារ​ហ្នឹង។​ ហេតុម៉េច​បាន​អត់​ប្រើប្រាស់​ស្ថាប័ន​ហ្នឹង?​ ដូច្នេះ​ហើយ​វា​អាច​ជា​ការ​លាក់​លៀម​បញ្ហា​បច្ចេក​ទេស​មួយ។​ ដូចជា​បញ្ហា​រឿង​នេះ​គឺ​ថា​ ទៅ​វាស់ដី​ដូច​ថា​ គ្រាន់តែ​ទៅ​ ប្រថាប់ត្រា​ឲ្យ​ពួក​ម្ចាស់​ដី​ធំៗ​នោះ​ដើម្បី​ឲ្យ​ស្រប​ច្បាប់​ទេ»។​

លោក​កឹម សុខា​បាន​បន្ថែម​ដោយ​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​ យុវជន​អាច​ត្រូវ​គេ​ប្រើប្រាស់។ ​ក្រោយ​ពី​វាស់​ដីជូន​ប្រជាពលរដ្ឋ​តិចតួច​ហើយ ​យុវជន​នេះ​នឹង​ក្លាយ​ទៅជា​អ្នក​ជួយ​សម្រួល​ដល់ពួក​អ្នកមាន​ អ្នកធំ​ដែល​បាន​កិបកេងដី​ប្រជាពលរដ្ឋ។​

លោក​បណ្ឌិតសុខ ទូច​ សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ​ បាន​កត់ សម្គាល់​ឃើញ​ថា ​បញ្ហា​ព្រំដែន​និង​បញ្ហា​វិបត្តិ​ដីធ្លី​គឺ​ជារលក​នយោបាយ​សម្រាប់​ការ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​ដែល​គណបក្ស​នយោបាយ​ត្រូវ​ពន្យល់​ប្រជាពលរដ្ឋ​ នៅ​ពេល​បញ្ហា​សេដ្ឋកិច្ច​មិន​អាច​ជា​ការ​ទាក់ទាញ​ការគាំទ្រ​បាន​សម្រាប់​គណបក្ស​គ្រប់គ្រង​ប្រទេស​នោះ។​
«អញ្ចឹង​អ្នក​នយោបាយ​គេ​សិក្សា​ហើយ​ថា​ បញ្ហាដីធ្លី ​បញ្ហា​ព្រំដែន​គឺជា​បញ្ហា​សំខាន់​សម្រាប់​ប្រយុទ្ធ​នៅ​ឆ្នាំ​២០១៣​ ពីព្រោះ​សេដ្ឋកិច្ច​មិន​អាច​រុញ​បាន​ទេ»។​

ទោះជាយ៉ាងណា​ក៏ដោយ​ លោក​សុខ ទូច​បាន​បន្ថែម​សេចក្តីថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​មាន​ឥទ្ធិពល​និង​មាន​ប្រជាប្រិយភាព ​ដោយសារ​ការ​ដោះ​សា្រយ​រឿងដីធ្លី ​និង​ការពន្យល់​ពី​បញ្ហា​ព្រំដែន​ ប្រសិនបើ​គណបក្ស​ជំទាស់​មិន​អាច​រក​អ្វីមក​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ប្រាកដ​ប្រជា​ និងមិនមានឯកសារ​ភស្តុតាង​ច្បាស់​លាស់។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស​ អ្នកឃ្លាំ​មើល​ដំណើរការ​បោះឆ្នោត ​និង​ការ​វិវត្តន៍ នយោបាយ​នៅ​កម្ពុជា​នៃ​អង្គការនិចហ្វិច​ បាន​កត់សម្គាល់​ពីឥទ្ធិពល​របស់ គណបក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ចំពោះ​រចនា​សម្ព័ន្ធ​នៅ​មូលដ្ឋាន ​នៅ​ពេលដែល​គណបក្ស​ជំទាស់​មាន​សម្លេង​រាយបាយ​នៅ​ឡើយ។​ លោក​ពុទ្ធា ហង្ស​បាន​ធ្វើការ​សន្និដ្ឋាន​ពីគោលការណ៍​មួយ​ចំនួន​ដែល​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ជំទាស់​ប្រើប្រាស់​ដើម្បីកៀងគរ​អ្នក​បោះឆ្នោត​នៅ​ពេល​ខាងមុខ។​

«គណបក្ស​កាន់អំណាច​លោក​នឹង​ប្រើប្រាស់​យុត្តិសាស្ត្រ​៧មករា​ ហើយ​និង​ ហេដ្ឋារចនា​សម្ព័ន្ធ​ នៅ​ទូទាំង​ប្រទេស​ សំណង់ធំៗ​ដែល​លេចធ្លោ​ឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កាន់អំណាច។ ​ប៉ុន្តែ​សម្រាប់​គណបក្ស​ជំទាស់​វិញ​ ហាក់ដូច​ជា​បាន​ប្រើប្រាស់​នូវ​បញ្ហា​បូរណភាព​ដែន​ដី​ បញ្ហា​ពុករលួយ​ ហើយ​និង​ បញ្ហា​ដីធ្លី​ គឺ​ជា​រឿង​យុត្តិសាស្ត្រ​ដែល​ធ្វើការ​ឃោសនា​ជំទាស់​ទៅ​នឹង​គណបក្ស​ កាន់​អំណាច»។​
ទោះជាយ៉ាងណា​ក៏ដោយ​ លោក​កឹម សុខា​បាន​អះអាង​ថា​ គណបក្សថ្មី​គឺ​គណ បក្ស​សង្គ្រោះ​ជាតិ​កំពុង​តាក់តែង​យុត្តិសាស្ត្រ​ចុងក្រោយ​ ហើយ​នឹង​បញ្ចេញ​នៅ​ មុន​ការ​បោះឆ្នោត​ខាងមុខ។​ តែ​លោក​និង​ក្រុម​អ្នកវិភាគ​អះអាង​ថា​ បញ្ហា​បូរណ​ភាព​ដែនដី​ បញ្ហាដីធ្លី ​បញ្ហា​អន្តោប្រវេសន៍​ បញ្ហា​អត់​ការងារ​ធ្វើ​ បញ្ហា​ជីវភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ បញ្ហាសុខាភិបាល​ បញ្ហាអប់រំ​ និង​បញ្ហា​សង្គម​មួយ​ចំនួន​ទៀត​ជា​រឿង​ដែល​ត្រូវលើក​យកមក​ពន្យល់​ដល់​ប្រជាពលរដ្ឋ ​នៅពេល​ឃោសនា​បោះឆ្នោត​សភា​ថ្ងៃ២៨​កក្កដាឆ្នាំ​២០១៣​ខាងមុខ៕​