ការបន្ត​បង្រ្កាប​នាំ​ឱ្យ​អ្នកការពារ​សិទ្ធិ​មនុស្ស​ភ័យខ្លាច

ពលរដ្ឋ​លើក​បដារូបលោក ម៉ម សុណង់ដូ។

ថ្វីបើ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ភូមិប្រម៉ា​ ឃុំ​កំពង់ដំរី ​ស្រុកឆ្លូង ​ខេត្តក្រចេះ ​បានស្ងប់ស្ងាត់​ទៅ​ហើយ​ក្តី ​ក៏ប៉ុន្តែ​ចំហាយ​នៃ​ទំនាស់​នេះ​នៅ​មិនទាន់​ផុតរលត់​ទាំងស្រុង​នោះ​ទេ។
ភ្នំពេញ​៖ ថ្វីបើ​ទំនាស់​ដីធ្លី​នៅ​ក្នុង​ភូមិប្រម៉ា​ ឃុំ​កំពង់ដំរី ​ស្រុកឆ្លូង ​ខេត្តក្រចេះ ​បានស្ងប់ស្ងាត់​ទៅ​ហើយ​ក្តី ​ក៏ប៉ុន្តែ​ចំហាយ​នៃ​ទំនាស់​នេះ​នៅ​មិនទាន់​ផុតរលត់​ទាំងស្រុង​នោះ​ទេ។ លោក​ចាន់ សាវ៉េត ​មន្ត្រីស៊ើប​អង្កេត​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​សកម្ម​ម្នាក់​របស់​អាដហុក ​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កោះហៅ​កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​សប្តាហ៍​មុន​ឲ្យ​ចូលខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា​នេះ​ ក្រោម​ការចោទ​ប្រកាន់​ថា លោក​បាន​ផ្តល់​ជំនួយ​ដល់​ចារី​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ខែឧសភា​ឆ្នាំ​ ២០១២​។ ហើយ​ប្រសិនបើ​សកម្មជន​សិទ្ធិមនុស្ស​រូបនេះ​ត្រូវ​បាន​រកឃើញ​ថា​មាន​កំហុស ​គាត់​នឹង​ប្រឈម​នឹង​ការដាក់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី១ឆ្នាំ​ដល់​៣ឆ្នាំ។

លោក​គឺ​ជា​មន្ដ្រី​សង្គម​ស៊ីវិល​ទី​២​ បន្ទាប់​ពី​ការចាប់​ខ្លួន​លោក​ម៉ម សុណង់ដូ។ លោក ម៉ម សុណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ទាក់ទង​នឹង​ការចោទ​ប្រកាន់​ពីការ​បង្កើត​តំបន់​អបគមន៍​នៅ​ក្នុង​ស្រុក​ឆ្លូងនេះ។

តុលាការ​មិន​បានបញ្ជាក់​ថា ​តើ​ចារី​នោះ​ជា​អ្នកណា​នោះ​ទេ ​ក៏ប៉ុន្តែ​បើ​ផ្អែក​តាម​ប្រភព​ផ្សេងៗ​ចារី​នោះ​ទំនង​ជា​លោក ប៊ុន រដ្ឋា ដែល​រដ្ឋាភិបាល​ស្វែងរក​តាមចាប់​ខ្លួន​ដោយ​ចោទ​ថា លោក​ជា​មេខ្លោង​ក្នុង​ការប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ខាង​លើ​នេះ។

យ៉ាងណា​ក៏ដោយ​បញ្ហា​នៅត្រង់​ថា ​តើ​មូលហេតុអ្វី​បាន​ជា​ជំរុញ​ឲ្យ​ទំនាស់ដី​ក្នុង​ឃុំ​កំពង់ដំរី​នៅ​តែ​បន្ត​រីករាលដាល​ដល់​ជន​ដែល​ត្រូវ​ចង្អុល​ថា ជាប់​ពាក់ព័ន្ធ​នោះ។

លោក​អ៊ូ វីរៈ នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​ហៅ​ព្រឹត្តិការណ៍​នេះ​ថា ជាការព្រួយបារម្ភ​ពី​ការ​ងើប​បះបោរ​ពី​សំណាក់​ប្រជាជន​របស់​រដ្ឋាភិបាល។

«ការ​ចោទប្រកាន់​ដែល​រាលដាល​នេះ​ដោយសារ​គាត់​ខ្លាច​នូវ​អស្ថិរភាព​ដោយ​ជម្លោះ​ដីធ្លី ​ដោយសារ​ដូច្នេះ​ហើយ​គាត់​ព្យាយាម​គាបសង្កត់​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​បាតុកម្ម​និង​អង្គការ​ដែល​ជួយ​ប្រជា​ពលរដ្ឋ​ដែល​ធ្វើ​បាតុកម្ម​។ ខ្ញុំ​មើល​ទៅ​សម្តេច​នាយករដ្ឋមន្រ្តី​ហ៊ុន សែន គាត់​មាន​ការព្រួយបារម្ភ​ច្រើន​ពី​ព្រឹត្តិការណ៍​នៅ​ក្នុង​តំបន់​អារ៉ាប់។ គាត់​លើក​ហើយ​លើកទៀត​ឲ្យ​តែ​មាន​អ្វី​ដែល​ទាក់ទង​នឹង​តំបន់​អារ៉ាប់ ​គាត់​មាន​ការភ័យខ្លាច»។

រដ្ឋាភិបាល​បានប្រើ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​ច្រើន​រយនាក់​ទៅ​បង្រ្កាប​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​ភូមិប្រម៉ា កាល​ពី​ខែ​ឧសភា ​ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​។ លោក ម៉ម សុណង់ដូ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ថា បាន​ដាក់​បញ្ជា​ឲ្យ​មាន​ការប្រព្រឹត្តិ​អំពើ​ខុសច្បាប់​នេះ ហើយ​បច្ចុប្បន្ន​លោក​កំពុងស្ថិត​ក្នុង​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃស។

ប៉ុន្តែ​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​អាដហុក​ និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លើក​ឡើង​ផ្ទុយ​ពី​ទឡ្ហីក​របស់​រដ្ឋាភិបាល​ គឺ​ថា​បញ្ហា​នៅ​ក្នុង​ភូមិ​ប្រម៉ា​បានកើតចេញ​ពី​ជម្លោះ​ដីធ្លី​សុទ្ធសាធ​ គឺ​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជិត​១០០០ គ្រួសារ​ដែល​ប៉ុនប៉ង​ទៅ​ចាប់​ដី​ក្នុង​ភូមិ​នេះ​ហើយ​បាន​ប៉ះពាល់​ដល់​ដី​ក្រុមហ៊ុន កាសូទីម ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​អភិរក្សព្រៃ​ក្នុង​តំបន់​មាន​ជម្លោះ​នោះ​រួច​បន្ទាប់​មក​ក្រុមហ៊ុន​ដដែល​នេះ​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ក្នុង​តំបន់​នោះ​សរុប​ចំនួន​ជាង ១៦០០០ ហិកតា។

លោក​ចាន់ សាវ៉េត ​អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​របស់​អង្គការ​អាដហុក​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ដែល​ទៅ​តាំងលំនៅ​នោះ​បានធើ្វ​ឲ្យ​ប៉ះពាល់​ដល់​ដី​ក្រុមហ៊ុន​ជា​ច្រើន​ពាន់​ហិកតា ​ហើយ​វា​មិនមាន​សញ្ញា​ពីការ​ធ្វើ​អបគមន៍​នោះទេ​ដោយសារ​ប្រជាពលរដ្ឋ​ទាំងនោះ​មិនមាន​រចនា​សម្ព័ន្ធ​គ្រប់គ្រង​ជា​រដ្ឋបាល​ផ្តាច់ខ្លួន​នោះ​ឡើយ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ​អ្នក​វិភាគ​ឯករាជ្យ​កម្ពុជា ​ទាញ​ការពិចារណា​ជុំវិញ​ការចោទ​ប្រកាន់​បន្ថែម​លើស​កម្មជន​សិទ្ធិ​មនុស្ស​នេះ។

«តើ​សកម្មភាព​របស់​ប្រជាជន​ប្រមាណ ១.០០០នាក់ នោះ​ជា​បទឧក្រិដ្ឋ​អបគមន៍​ពិតបា្រកដ​ឬ​យ៉ាង​ណា? ហើយ​តើ​វា​ជាការ​ប្រើប្រាស់​តុលាការ​ដើម្បី​បង្រ្កាប ឬ​មួយ​យ៉ាងម៉េច? ការចោទប្រកាន់​នេះ​ធ្ងន់ធ្ងរ​មែនទែន​ព្រោះ​មាន​អបគមន៍​ថ្វីបើ​អាច​បង្ក្រាប​បាន​ក៏ដោយ»។

ក្រោយ​ពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​កាល​ពី​ខែ ខែ​ឧសភា ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ ​ប្រទេស​កម្ពុជា​បានស្គាល់​នូវ​វិបត្តិ​ជម្លោះ​ដីធ្លី​យ៉ាងក្តៅ​គគុក​មិន​ចេះស្រាក។ អង្គការ​សង្គមស៊ីវិល​បានដកស្រង់​ថា ​មានប្រជា​ពលរដ្ឋ​ជា​ច្រើន​ម៉ឺនគ្រួសារ​បានរងគ្រោះ​ក្នុង​បញ្ហា​នេះ។ ម្យ៉ាងវិញទៀត​វិបត្តិ​ដីធ្លី​នេះមាន​ការកើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ។

ទំនាស់​ដីធ្លី​បានក្លាយ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ការងើបឡើង​បះបោរ​របស់​ក្រុម​ប្រជាជន​នៅ​ស្រុក​សំឡូត កាល​ពី​ទសវត្សរ៍​ឆ្នាំ១៩៦០។ ហើយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ក៏ធ្លាប់​បានព្រមាន​ពីការខ្លាច​ងើបឡើង​ធ្វើ​បដិវត្តន៍​ដីធ្លី​របស់​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ប្រសិន​បើ​ក្រុម​ប្រជាជន​នៅតែ​បន្ត​រងគ្រោះ​នោះ។

ទោះ​ជាយ៉ាងណាក្តី​ការពង្រីក​វិសាលភាព​នៃ​ការចោទប្រកាន់​តាម​ផ្លូវ​តុលាការ​លើ​មន្ត្រី​សង្គមស៊ីវិល​ក្រោយ​ពី​ការបង្រ្កាប​ក្រុម​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆ្លូង ​ខេត្ត​ក្រចេះ ​ទំនងជា​នីតិវិធី​សមស្រប​តាមផ្លូវ​ច្បាប់​ផងដែរ ដោយសារ​តែ​តុលាការ​អាច​តាម​ស៊ើបអង្កេត​អង្គហេតុ​ដែល​ជាប់​ពាក់ព័ន្ធ។ នេះ​បើ​យោងតាម​លោក​បណ្ឌិត ឡៅ ម៉ុងហៃ និង​លោក​ចាន់ សាវ៉េត។
ក៏ប៉ុន្តែ​លោក​ឡៅ ម៉ុងហៃ​ ចាត់ទុក​ថា ចំណាត់ការ​របៀប​នេះ​មិន​ត្រឹមត្រូវ​នោះ​ទេ ប្រសិន​បើ​គេ​ពិនិត្យ​តាម​បរិបថ​នៃ​ទំនាស់ ហើយ​និង​កង្វះ​ជំហរ​ឯករាជ្យ​របស់​តុលាការ​នោះ។

«មាន​បទល្មើស​គឺ​រក​ភស្តុតាង​ហើយ​និង​រកបុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​ដែរ នេះ​ជា​នីតិវិធី​តុលាការ​គឺ​មិន​អាច​បន្ទោស​បាន​ទេ។ ប៉ុន្តែ​យើង​អាច​បន្ទោស​បានត្រង់​ថា​តុលាការ​មិនទាន់​ឯករាជ្យ​ហើយ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​ដាច់ខាត​មួយ​របស់​ប្រជាពលរដ្ឋ ហើយ​មុខនាទី​របស់​តុលាការ​គឺ​ការពារ​សេរីភាព​របស់​ប្រជាពលរដ្ឋ»។

លោក​ចាន់ សាវ៉េត ​យល់ថា ​ការកោះហៅ​រូប​លោក​គឺ​ជា​រឿង​គួរ​ឲ្យ​ភ័យខ្លាច។

«មិន​ត្រឹមតែ​ជា​ការភ្ញាក់ផ្អើល​ទេ ថែម​ទាំង​ភ័យទៀត​ផង។ ក្នុង​សង្គមស៊ីវិល​ទាំងអស់​មាន​ការភ័យ​ខ្លាច មាន​ការព្រួយ​នៅ​ពេល​ដែល​មាន​ទិដ្ឋភាព​នេះ។ ហើយ​នេះ​គឺ​ជា​ពិសោធន៍​និង​ជា​ទឡ្ហីករ​មួយ​ដែល​សង្គមស៊ីវិល​ភ័យខ្លាច»។

មនុស្ស​ចំនួន​បួន​នាក់​កំពុងតែ​ស្ថិត​នៅ​ក្នុង​ការឃុំឃាំង​បណ្តោះ​អាសន្ន​បន្ទាប់​ពី​មាន​ការបង្រ្កាប​អ្វី​ដែល​រដ្ឋាភិបាល​ហៅថា តំបន់​អបគមន៍​នោះ។ ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ចំនួន​បី​នាក់ និង​លោក ម៉ម សុណង់ដូ ដែល​ជា​សកម្មជន​ប្រជាធិបតេយ្យ​ខ្លាំងក្លា​ម្នាក់។

លោក​ផៃ ស៊ីផាន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋមន្ដ្រី​បាន​ហៅ​ចំណាត់ការ​តាម​ផ្លូវតុលាការ​នោះ​ថា មិនមែន​ជា​ការព្រួយបារម្ភ​របស់​រដ្ឋាភិបាល​បែប​ណាមួយ​នោះ​ទេ ប៉ុន្តែ​គឺ​ជា​ការ​ត្រាយផ្លូវ​សម្រាប់​នីតិរដ្ឋ។

«ក្នុង​កិច្ចរក្សា​ឲ្យ​មាន​សណ្តាប់ធ្នាប់​រវាង​រាស្ដ្រ និង​រដ្ឋ​យើង​ត្រូវ​តែ​ចាត់វិធានការ​ឆ្លើយតប​ទៅ​តាមរយៈ​ដែល​ច្បាប់​អនុញ្ញាតិឲ្យ»។

ដូច្នេះ​ការប្រើប្រាស់​ច្បាប់​តាមរយៈ​តុលាការ​ជា​ការរក្សា​ផលប្រយោជន៍​ រក្សាសិទ្ធិ​រវាង​អ្នក​ប្តឹង​និង​អ្នក​ដែល​ត្រូវ​គេ​ប្តឹង​។ អាស្រ័យ​ហេតុដូច្នេះ​មិនមាន​អ្វី​ជា​ចម្លែក​ទេ​ពីព្រោះ​យើង​រៀបចំ​សង្គម​យើង​ឲ្យ​ស៊ីវិល័យ​ យក​ច្បាប់​ជា​ធំ»។

បើទោះ​ជា​ការតាមអង្កេត​ពី​ការជាប់ពាក់ព័ន្ធ​លើ​ចំណោទ​ស្តីពី​ការបង្កើត​តំបន់​អបគមន៍​នៅ​បន្ត ​ប៉ុន្តែ​ក្រុម​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ជម្លោះ​បានវិលត្រឡប់​មកកាន់​លំនៅដ្ឋាន​របស់​ពួក​គេ​វិញ​ហើយ វៀរលែង​តែ​ក្រុម​ប្រជាពលរដ្ឋ​ចំណូលថ្មី​ដែល​ទៅ​ចាប់​យក​ដី​ក្នុង​ភូមិប្រមា​នោះ​មិនបាន​វិលត្រឡប់​មក​វិញ​ទេ។

នេះ​បើ​ផ្អែក​តាម​លោក សូម សារិទ្ធ អភិបាល​ស្រុកឆ្លូង ខេត្ត​ក្រចេះ និង​លោក ផៃ សារិទ្ធ ជំទប់​ទី​១ ឃុំ​កំពង់ដំរី៕