ក្រោយពេលសហរដ្ឋអាមេរិកសម្រេចលុបចោលឬលើកពេលកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅពាក់កណ្តាល ខែមីនា ដោយបារម្ភពីការ រីករាលដាលនៃមេរោគកូរ៉ូណាវីរុសថ្មី COVID19 នោះ ប្រទេសកម្ពុជាបានបញ្ជាក់ពី ដំណឹងនេះ។ នេះបើតាមការអះអាងរបស់មន្ត្រីក្រសួងការបរទេសកម្ពុជា។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ប្រាប់ VOA កាលពី ថ្ងៃអាទិត្យតាមប្រព័ន្ធតេឡេក្រាមអំពីការទទួលបានការបញ្ជាក់ពីការលើកពេលប្រជុំ កំពូលអាស៊ាន-អាមេរិកហើយ។ លោកបានថ្លែងតាមខ្លឹមសារដើមថា៖ «យើងបានទទួលដំណឹងនេះតាមរយៈស្ថានទូតកម្ពុជានៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីម្សិលមិញ»។
លោកមិនបានបញ្ជាក់លម្អិតអំពីមូលហេតុនិងកាលបរិច្ឆេទថ្មីចំពោះកិច្ចប្រជុំនេះទេ។ មន្ត្រីសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី២៨ខែកុម្ភៈដើម្បីលើកពេលកិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ាន ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៤ ខែមីនា នៅទី ក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក គឺដោយបារម្ភពីការរីករាលដាលនៃ មេរោគកូរ៉ូណាថ្មី COVID19 និងទុកពេលផ្តោតលើការទប់ស្កាត់ជំងឺនេះ។ ការប្រកាសនេះត្រូវគេដឹងថាកើតឡើងភ្លាមៗក្រោយពីកិច្ចប្រជុំរវាងមន្ត្រីជាន់ខ្ពស់អាមេរិក មកពីសេតវិមាននិងក្រសួងការបរទេសអាមេរិក ជាមួយនឹងក្រុមអ្នកការទូតអាស៊ាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអញ្ជើញក្រុមមេដឹកនាំតំបន់អាស៊ី អាគ្នេយ៍ចំនួន ១០ប្រទេស រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាដែលជាសមាជិកអាស៊ានមួយក្នុងចំណោម១០ប្រទេសផងដែរ ដើម្បីចូលរួមក្នុងកិច្ច ប្រជុំពិសេសនេះ គឺមួយផ្នែកដោយសារលោក ត្រាំ មិនបានចូលរួមផ្ទាល់ក្នុងកិច្ចប្រជុំ កំពូលនេះនៅទីក្រុងបាងកកប្រទេសថៃ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ។
មន្ត្រីអាមេរិក កាលពីថ្ងៃសុក្រ បានប្រាប់ឲ្យដឹងថាកិច្ចប្រជុំកំពូលនេះត្រូវលើកពេលដោយបានបញ្ជាក់តាមខ្លឹមសារដើមថា៖ «ខណ:ដែលសហគមន៍អន្តរជាតិធ្វើការរួមគ្នាដើម្បីកម្ចាត់មេរោគកូរ៉ូណាវីរុសថ្មី សហរដ្ឋអាមេរិកដែលបានពិភាក្សាជាមួយដៃគូក្នុងតំបន់អាស៊ាន បានសម្រេចចិត្តដ៏លំបាកក្នុងការពន្យាពេលកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន ដែលបានដាក់កាលបរិច្ឆេទកន្លងទៅ នៅពាក់កណ្តាលខែមីនា។ សហរដ្ឋអាមេរិកឲ្យតម្លៃលើទំនាក់ទំនងរបស់យើងជាមួយប្រជាជាតិក្នុងតំបន់ដ៏សំខាន់នេះ ហើយទន្ទឹងរង់ចាំជំនួបក្នុងកិច្ចប្រជុំនាពេលអនាគត»។
ប្រភពព័ត៌មានពីអ្នកការទូតអាស៊ានម្នាក់ បានថ្លែងប្រាប់ VOA ថា ក្រុមមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក និងសេតវិមាន បានជួបប្រជុំជាមួយក្រុមអ្នកការទូតអាស៊ានកាលពីចុងសប្តាហ៍កន្លងទៅ ដើម្បីជម្រាបនិងពិគ្រោះគ្នាអំពីការលើកពេលនេះ ហើយបានបញ្ជាក់ថា លោក ត្រាំ យកពេលវេលានេះ ដើម្បីប្រយុទ្ធប្រឆាំងនឹង មេរោគកូរ៉ូណាវីរុស។
មេរោគកូរ៉ូណាវីរុសដែលផ្ទុះចេញពីក្រុងវូហាន ប្រទេសចិន កំពុងរាលដាលពេញពិភពលោកនេះ ដោយបណ្តាលឲ្យធ្វើឲ្យមនុស្សជាង ៨៥០០០នាក់ឆ្លង និងសម្លាប់មនុស្សក្នុងពិភពលោកយ៉ាងតិច ២៩០០នាក់។
កាលពីថ្ងៃចន្ទកន្លងទៅ លោករដ្ឋមន្ត្រីការបរទសអាមេរិក ម៉ៃ បុមប៉េអូ (Mike Pempeo) បានថ្លែងបញ្ជាក់ថា ដំណើរការកិច្ចប្រជុំកំពូលអាមេរិក-អាស៊ានពិសេសនឹងប្រព្រឹត្តឡើងតាមធម្មតា ទោះបីមានការរាតត្បាតមេរោគកូរ៉ូណាក៏ដោយ។តែការលុបចោល កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកមួយអន្លើ ដោយសារមេរោគកូរ៉ូណានេះត្រូវគេដឹងថា នឹងរង់ចាំការកំណត់ជាថ្មីពីលោកប្រធានាធិបតី ត្រាំ៕