អ្នក​តាម​ដាន​បារម្ភ​ពីការ​ផ្ទុះ​ការតស៊ូ​ក្រោយ​ពីមាន​ភាព​អយុត្តិធម៌​សង្គម​ជាបន្តបន្ទាប់

អ្នកវិភាគ​មួយចំនួន​មើលឃើញថា​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​សប្តាហ៍​នេះ​និង​ក្នុង​សប្តាហ៍​ថ្មីៗ​ទំនងជា​នឹង​ក្លាយ​ជា​របួស​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែល​គួរតែ​មាន​ការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​មួយ។

ភ្នំពេញ​៖ សំឡេង​ស្រែក​យំ ​និង​ការប្រកាស​ពី​ភាពមាន​ទោស​កំហុស​របស់​ក្រុម​ប្រជាពលរដ្ឋ​នៅក្នុង​សប្តាហ៍​នេះ​ទំនង​ជា​ស្នូរ​ជួង​មួយ​ដែល​បន្លឺ​ឡើង​ពី​ជញ្ជីង​យុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​។​

យ៉ាងហោច​ណាស់​មាន​ជន​រងគ្រោះ​ចំនួន​ពីរ​ក្រុម​ដាច់ដោយឡែក​ពី​គ្នា​បាន​ស្រែក​យ៉ាង​អាក្រោស​ក្នុង​ក្នុង​ចំណោម​មហាជន​ដែល​បង្ហាញ​ការឈឺចាប់​និង​ការស្រេកឃ្លាន​យុត្តិធម៌​បន្ទាប់ពី​ការសម្រេច​ក្តី​លើ​ពួកគេ​ដោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​ដោយ​សាលាឧទ្ធរណ៍។

ស្រប​ពេល​នេះ​ដែរ​ករណី​លោក​ឈូក បណ្ឌិត​ស្ថិតក្នុង​ភាពស្ងប់ស្ងាត់​យ៉ាង​ត្រជាក់​ក្រោយពី​មាន​ការចង្អុល​បង្ហាញ​ជាច្រើន​ថា​លោក​បាន​ចុះ​ពី​រថយន្ត​ហើយ​បាន​ទាញ​កាំភ្លើង​បាញ់​សំដៅ​ទៅ​រក​ហ្វូង បាតុករ​ពីក្រោយ​ខ្នង​នៅពេលដែល​ពួកគេ​កំពុង​តវ៉ា។ ហើយ​សាលាដំបូង​ខេត្ត​ស្វាយរៀង​បាន បោះ បង់​ការចោទប្រកាន់​លើ​ជនសង្ស័យ​ដោយ​សំអាង​ថា​ពុំ​មាន​ភស្តុតាង​ដាក់បន្ទុក។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​លើកឡើងថា​សេចក្តីសម្រេច​របស់​តុលាការ​ខាង​លើ​បង្ហាញ​ពី​ជញ្ជីង​យុត្តិធម៌​មាន​លំអៀង​សម្រាប់​ពលរដ្ឋ​ទន់ខ្សោយ​និង​អ្នក​ដែល​មាន​ឥទ្ធិពល​និង​អំណាច។​

«សេចក្តី​សម្រេច​របស់​តុលាការ​ទាំង​ពីរ​ទាំង​បី​កន្លែង​ហ្នឹង ​ឃើញ​ថា​តុលាការ​ហ្នឹង​មាន​ការបែងចែក​សង្គម ​ឬ​ក្រុម​មនុស្ស​ជា​ពីរ។ មួយ​គឺ​មនុស្ស​សាមញ្ញ ​គឺ​អាច​ជាប់ទោស​ងាយ​ណាស់​ ហើយ​មនុស្ស​វិសាមញ្ញ​នៅលើ​ច្បាប់​ ដូចជា​កម្រ​ជាប់ទោស ​ឬ​គ្រោះ​ថា្នក់​ស្រាល»​។​

ទាំង​លោក​អ៊ូ វីរៈ ​នាយក​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ទាំង​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​សុទ្ធតែ​យល់ថា​ការឈឺចាប់​របស់​សង្គម​នឹង​អាច​រី​ករាល​ដល់​ដល់​ការ​ក្រោក​តស៊ូ​របស់​ពលរដ្ឋ។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ​បាន​រំលឹកថា​ប្រវត្តិសាស្ដ្រ​នៃ​ការ​វិនាសកម្ម​និង​សង្គ្រាម​ដ៏​អូសបន្លាយ​ចុងក្រោយ​របស់​កម្ពុជា​បាន​បង្កឡើង​ដោយ​ការឈឺចាប់ ​និង​ភាពអយុត្តិធម៌​ក្នុងសង្គម។​

«វា​ទៅ​ជា​មាន​ការតវ៉ា ​ការប្រឆាំង ​មានការ​បាក់បែក​សង្គម ​ហើយ​អាច​មាន​កាលៈទេសៈ​អ្វី​បន្ថែម​ទៀត ​មាន​សង្គ្រាម»។​

នួន ជា ​អតីត​ប្រធាន​សភា​ខ្មែរក្រហម​និង​បច្ចុប្បន្ន​ជា​ជនជាប់ចោទ​ម្នាក់​ដែល​កំពុង​ស្ថិត​ក្រោម​ការ​កាត់ទោស​ធ្លាប់​បាន​ប្រាប់​សាលាក្តី​ខ្មែរក្រហម​ថា​ក្រុម​ពួក​ខ្មែរក្រហម​បាន​ងើប​បះបោរ​និង​តស៊ូ​ក្នុងព្រៃ​ដោយសារតែ​មាន​ការជិះជាន់​ក្នុងសង្គម ​ការប្រមាថ​មាក់ងាយ​ជនទន់ខ្សោយ​និង​ដោយសារ​អយុត្តិធម៌​សង្គម។​

ក្រុម​អ្នកវិភាគ​មួយ​ចំនួន​បាន​ចោល​ភ្នែក​ទៅ​មើល​តំបន់​មជ្ឈិម​បូព៌ា​ដូចជា​នៅ​ប្រទេស​អេហ្ស៊ី​ប​និង​ប្រទេស​ទុយ​នី​ស៊ី​ដែល​ហ្វូងមនុស្ស​ងើប​បះបោរ​ផ្តួល​អំណាច​រដ្ឋ​ដោយសារ​តែ​ភាពអយុត្តិធម៌​និង​គ្មាន​ការងារ​ធ្វើ​និង​ការគាប​សង្កត់​សេរីភាព​បញ្ចេញមតិ​ជាដើម។​

ពួកគេ​បាន​ធ្វើ​ការប្រៀបធៀប​សំណុំរឿង​លោក​ម៉ម សុណង់ដូ នាយក​វិទ្យុ​សំបុ​ក​ឃ្មុំ​និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​ សំណុំរឿង​ប៊​ន សំណាង​និង​សុខ សំអឿន​និង​ករណី​អ្នកស្រី​យ៉ោម បុប្ផា​ជាមួយ​នឹង​អ្វី​ដែល​បាន​កើតឡើង​នៅ​បណ្តា​ប្រទេស​មជ្ឈិម​បូ​ព៌ានោះ។​

ទោះជា​យ៉ាងណា​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ព្រមាន​ថា​ទិដ្ឋភាព​ដូច​គ្នា​មិនអាច​កើត​នៅ​ស្រុក​ខ្មែរ​នោះ​ទេ។​

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​មើល​ឃើញ​ថា​ការចាប់​និង​កាត់ទោស​អ្នកភូមិ​បឹងកក់​កើតចេញពី​គំនុំ​រវាង​ឈ្មួញ​និង​ក្រុមមន្ដ្រី​ចំពោះ​ការតវ៉ា​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ រីឯ​ការផ្តន្ទាទោស​ប៊​ន សំណាង​និង​សុខ​សំអឿន​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ឃាតករ​សិប្ប​និមិត្ត​សម្លាប់​លោក​ជា វិជ្ជា ​នោះ​ជា​ការ​បិទមាត់​ការតវ៉ា​និង​ការបិទបាំង​ការស្វែងរក​ឃាតករ​ពិត។​

លោក​យឹម សុវណ្ណ ​តំណាងរាស្ដ្រ​និង​ជា​អ្នកនាំពាក្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិមនុស្ស​ចាត់ទុកថា​វា​ជា​គ្រោះថ្នាក់​ដល់​សង្គម​ប្រសិនបើ​ភាពអយុត្តិធម៌​នៅ​តែ​អូសបន្លាយ​នោះ។​

«សង្គម​មួយ​ដែល​អ្នកមានអំណាច ​មាន​លុយ​ធ្វើ​អ្វី​បាន​តាមតែ​អំពើ​ចិត្ត​ឲ្យ​អ្នកក្រ​ទទួល​ការ​រងគ្រោះ​យ៉ាង​អយុត្តិធម៌ ​សង្គម​នេះ​នឹង​ជួប​ឧបសគ្គ ​និង​ជួប​វិបត្តិ​នៅ​ពេល​ខាងមុខ​បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​ឲ្យមាន​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅក្នុង​សង្គម​កម្ពុជា»។​

លោក​ជាម យៀប ​តំណាងរាស្ដ្រ​ខាង​គណបក្ស​កាន់អំណាច​មិនអាច​ទាក់ទង​បាន​ទេ។​ទោះជា​យ៉ាងណា​លោក​ផៃ ស៊ីផា​ន​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋមន្ដ្រី​ឆ្លើយតប​ថា​ការលើកឡើង​ខាងលើ​គ្រាន់តែ​ជា​ការវាយតម្លៃ​បែប​បុគ្គល​តែប៉ុណ្ណោះ​ហើយ​លោក​មិន​យល់ស្រប​នោះឡើយ។​

«ការវិនិច្ឆ័យ​ក្តី​ហ្នឹង គឺ​ឈរ​នៅលើ​អង្គហេតុ ​និង​អង្គច្បាប់ ​ហើយ​អ្វី​ដែល​ជា​ការវិនិច្ឆ័យ​ក្តី​ហ្នឹង​វា​មិន​អនុញ្ញាត​ឲ្យ​សង្គម​កម្ពុ​ជា​ហ្នឹង​ក្លាយទៅជា​មាន​វិបត្តិ​នោះទេ ​ខ្ញុំ​មើលមិនឃើញ​ទេ»។​

ដោយ​ស្រង់​យក​ករណី​លោក ម៉ម សុណង់ដូ ​និង​សកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​ចាត់ទុកថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​តាម​ផ្លូវ​តុលាការ​គឺជា​ផ្នែក​មួយ​នៃ​ការព្យាយាម​រឹតបន្តឹង​ស្ថានភាព​រិះគន់​និង​ជំទាស់​ក្នុង​បរិបទ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត។​

លោក​ផៃ ស៊ីផា​ន​បាន​បកស្រាយ​ទៅ​វិញ​ថា​ការសម្រេច​ក្តី​ក្នុង​សំណុំរឿង​ទាំង​ប៉ុន្មាន​នោះ​ជា​សមត្ថកិច្ច​ផ្ទាល់​របស់​តុលាការ​ដែល​រដ្ឋាភិបាល​មិន​ជ្រៀតជ្រែក​នោះ​ទេ។​

«នេះ​គឺជា​ការវិនិច្ឆ័យ​តាម​ដែន​សមត្ថកិច្ច​តុលាការ​សុទ្ធសាធ ​មិនមាន​អ្វី​ដែល​យក​ស្ថានភាព​នៃ​ការបោះឆ្នោត​ជា​ចំណាប់​ខ្មាំង​ទៅ​ជះឥទ្ធិពល​លើ​សកម្មភាព​ដទៃ​ទៀត​ទេ។ ​នេះ​ជា​ការចាប់អារម្មណ៍ ហើយ​សិទ្ធិ​របស់​គេ»។​
ទោះជា​មាន​ការបកស្រាយ​បែបណា​ក៏​ដោយ​អ្នកវិភាគ​មួយចំនួន​មើលឃើញថា​អ្វី​ដែល​បាន​កើតឡើង​នៅក្នុង​សប្តាហ៍​នេះ​និង​ក្នុង​សប្តាហ៍​ថ្មីៗ​ទំនងជា​នឹង​ក្លាយ​ជា​របួស​មួយ​សម្រាប់​សង្គម​ខ្មែរ​ដែល​គួរតែ​មាន​ការ​ព្យាបាល​យ៉ាង​ត្រឹមត្រូវ​មួយ៕​