ភ្នំពេញ៖ នួន ជាមិនមានបញ្ហាចំពោះការប្រមូលអារម្មណ៍ក្នុងការចូលរួមការកាត់ទោស ហើយក៏មិនមានបញ្ហាសុខភាពដែលរារាំងមិនឲ្យគាត់ចូលរួមក្នុងការកាត់ទោសបាននោះដែរ។
ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកជំងឺមនុស្សចាស់គឺលោកសាស្ត្រាចារ្យចន ខំបែល(John Campbell) និងលោកវេជ្ជបណ្ឌិ ស៊ីណា ហ្វាហ្ស៊ែល (Seena Fazel)បានប្រាប់អង្គជំនុំជម្រះសាលាដំបូងរបស់សាលាក្តីខ្មែរក្រហមក្នុងសវនាការនៅថ្ងៃច័ន្ទនេះថា ថ្វីត្បិតតែនួន ជាមានវ័យចំណាស់និងមានការចុះខ្សោយផ្នែកសុខភាព ប៉ុន្តែគាត់មានលទ្ធភាពចូលរួមដំណើរការកាត់ទោសបាន។
សវនាការនៅថ្ងៃនេះធ្វើឡើងដើម្បីស្តាប់របាយការណ៍ពីអ្នកជំនាញផ្នែកវេជ្ជសាស្ត្រដោយបានផ្តោតលើបញ្ហាសុខភាពរបស់ជនជាប់ចោទនួន ជា អតីតប្រធានសភាខ្មែរក្រហម និងលទ្ធភាពចូលរួមសវនាការរបស់គាត់។
សវនាការដូចគ្នានេះធ្វើឡើងចំពោះអៀង សារី ជនជាប់ចោទម្នាក់ទៀតក្នុងសំណុំរឿង០០២ដែលទើបនឹងស្លាប់កាលពីថ្ងៃទី១៤ខែមិនា ក្រោយពីចូលពេទ្យបានដប់ថ្ងៃ។
លោកវេជ្ជបណ្ឌិត ស៊ីណា ហ្វាហ្សែលបានឆ្លើយទៅនឹងសំណួរលោកស្រីចៅក្រមស៊ីលវា ខាតរ៉ាយថា នួន ជា«មិនមានបញ្ហាចងចាំទាំងសម្រាប់រយៈពេលវែងនិងរយៈពេលខ្លី»ទេ ហើយជនជាប់ចោទអាយុ៨៦ឆ្នាំរូបនេះក៏មិនមានបញ្ហាក្នុងការផ្ចង់អារម្មណ៍ដែរ។
«ចំពោះការផ្ចង់អារម្មណ៍ ដោយឈរលើមូលដ្ឋាននៃកិច្ចសម្ភាសរបស់យើងដែលក្នុងនោះយើងសួរគាត់រយៈពេលពីរម៉ោងនិង២០នាទី យើងឃើញថាគាត់មានលទ្ធភាពផ្ចង់អារម្មណ៍ក្នុងសវនាការ និងអាចចូលរួមប្រកបដោយអត្ថន័យក្នុងសវនាការដោយផ្អែកតាមការផ្ចង់អារម្មណ៍និងការចងចាំរបស់គាត់»។
ដោយឡែកលោកសាស្ត្រាចារ្យចន ខំបែល បញ្ជាក់ថា នួន ជា«មានសុខភាពគ្រប់គ្រាន់ដើម្បីបន្តក្នុងសវនាការ»។
លោកសាស្ត្រាចារ្យ ចន ខាំបែលរៀបរាប់បន្ថែមថា នួន ជាមានសុខភាពទន់ខ្សោយដោយសារភាពចាស់ជរានិងដោយសារការមិនបានបញ្ចេញពលកម្ម។
ជនជាប់ចោទមានអាការៈវិលមុខអាចកើតជាញឹកញាប់គឺដោយសារគាត់មិនទុកចិត្តលើខ្លួនឯង អាចមកពីបញ្ហាភ្នែក និងអាចដោយសារការធ្លាក់ចុះនៃសម្ពាធឈាម។
លោកវេជ្ជបណ្ឌិតបន្ថែមថា ជនជាប់ចោទមានបញ្ហាឆ្អឹងកងខ្នង ប៉ុន្តែប្រព័ន្ធប្រសាទពីកដល់ចង្កេះមិនមានបញ្ហាដោយការសង្កត់របស់ឆ្អឹងកងនោះទេ។
យ៉ាងណាក៏ដោយលោកសាស្ដ្រាចារ្យ ចន ខាំបែលផ្តល់អនុសាសន៍ថា ជនជាប់ចោទដែលជាអតីតប្រធានសភាខ្មែរក្រហមដែលជាគេស្គាល់ថា ជាមេមនោគមវិជ្ជានៃរបបកម្ពុជាប្រជាធិបតេយ្យនោះ គួរតែត្រូវដាក់ឲ្យចូលរួមសវនាការពីបន្ទប់ឃុំខ្លួននៅខាងក្រោមបន្ទប់សវនាការ តាមរយៈការភ្ជាប់ទូរទស្សន៍ ការផ្តល់លំហាត់ប្រាណដើម្បីឲ្យជនជាប់ចោទមានភាពរឹងមាំឡើងវិញនិងគួរតែនាំជនជាប់ចោទរូបនេះមកកាត់បន្ទប់ទទួលការកាត់ទោសកន្លះម៉ោងមុនដំណើរការក្តីចាប់ផ្តើមដើម្បីចៀសវាងបញ្ហាហត់អស់កម្លាំង។
លោកសុន អារុណ សហមេធាវីកម្ពុជារបស់នួន ជានិយាយថា កូនក្តីរបស់ខ្លួននៅមានជំងឺធ្ងន់ធ្ងរជាច្រើន ដូចជាជំងឺលើសឈាមម្តងម្កាល រលាកផ្លូវដង្ហើម រលាកសាច់បេះដូង វិលមុខ ឈឺឆ្អឹងខ្នងធ្ងន់ធ្ងរ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្ចង់អារម្មណ៍និងធ្វើកម្លាំងចុះខ្សោយ។
លោកមេធាវីទាមទារឲ្យតុលាការព្យាបាលកូនក្តីរបស់ខ្លួនឲ្យជាសះស្បើយជាមុន មុននឹងនាំខ្លូនចូលកាត់ទោស។
«ដូច្នេះខ្ញុំសូមបដិសេធរបាយការណ៍របស់អ្នកជំនាញដែលស្នើសុំឲ្យកូនក្តីរបស់ខ្ញុំមកដេកស្តាប់សវនាការ។ ទន្ទឹមនឹងនេះដែរ ខ្ញុំសូមស្នើតុលាការបញ្ជូនកូនក្តីខ្ញុំទៅព្យាបាលរោគទាំងអស់ដែលគាត់មានឲ្យបានជាសះស្បើយត្រឹមត្រូវសិន មុននឹងយកគាត់មកចូលរួមសវនាការ»។
គួររំឭកថា សវនាការនៅថ្ងៃនេះផ្តោតលើការពិភាក្សានៃការបំបែកជនជាប់ចោទក្នុងសំណុំរឿង០០២នេះដែរ ជាពិសេសបំបែកការកាត់ទោសនួន ជាចេញពីខៀវ សំផន។ ក៏ប៉ុន្តែគ្មានភាគីណាមួយក្នុងចំណោមមេធាវី តំណាងដើមបណ្តឹងរដ្ឋប្បវេណីមេធាវីខៀវ សំផន និងសហព្រះរាជអាជ្ញាយល់ស្របនោះទេ។
លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងប្រកាសសេចក្តីសម្រេចរបស់ខ្លួនលើបញ្ហាសុខភាពនិងការបំបែកសំណុំរឿងនេះនៅថ្ងៃសុក្រទី២៩ខែមិនា៕