រដ្ឋ​មន្ត្រី​ការបរទេស​កូរ៉េ​ខាង​ជើង​នឹង​ចូលរួម​ការពិភាក្សា​ក្នុង​តំបន់​នៅ​ខែ​កក្កដា

លោក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងជើង​គ្រោងនឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​វេទិកា​តំបន់​សេដ្ឋកិច្ច​អាស៊ាន។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ​ណាំហុង​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ​ណាំហុង ​បានដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​កាល​ពី​ថ្ងៃ​ទី​៣ ​រហូត​ដល់​ថ្ងៃ​ទី​៧ ​ខែ​មិថុនា​កន្លង​ទៅ​នេះ។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក​ហោ ​ណាំហុង ​បាន​ជួប​ជាមួយ​នឹង​លោក​ ប៉ាកលី ជុន (Pak Ui-chun) រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​កូរ៉េ​ខាងជើង ​និង​លោក​គីម យុង ណាម ​(Kim Yong-nam) ​ប្រធាន​រដ្ឋសភា​នៃ​ប្រជាជន​កូរ៉េ​ខាងជើង។

លោក​ហោ ​ណាំហុង​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​នៅឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​កូរ៉េខាងជើង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​បាន​ហៅ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ការបង្កើត​ទំនាក់​ទំនង​ទ្វេឡើង​ថែមទៀត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ដែល​កាន់​របប​កុម្មុយនីស្ត​កូរ៉េខាងជើង។

លោក​ហោ ​ណាំហុង ​បាន​មាន​ប្រសាសន៍​ថា​លោក​ ប៉ាកលី ជុន ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កូរ៉េ​ខាងជើង ​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ចូលរួម​វេទិកា​តំបន់​អាស៊ាន​នៅ​ក្នុង​ខែ​កក្កដា។

ប្រទេស​ក​ម្ពុជា​នៅ​ក្នុង​អំឡុង​ខែ​កក្កដា​ខាង​មុខ​នេះ​នឹង​មាន​រៀបចំ​វេទិកា​តំបន់​អាស៊ាន​ដែល​រួមមាន​បណ្តា​ប្រទេស​ចំនួន​ ២៧​បាន​ចូលរួម​។ ​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ នឹង​មាន​កិច្ចប្រជុំ​ធំ​ៗ​ ចំនួន​បួន​ គឺ​ការប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤២ ​កិច្ចប្រជុំ​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ ​ក្រោយ​ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​កិច្ចប្រជុំ​វេទិកា​អាស៊ាន​លើក​ទី​១៩​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​លើក​ទី​២ ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូព៌ា ​ព្រមទាំង​កិច្ចប្រជុំ​មេគង្គ​ជប៉ុន ​កូរ៉េ ​និង​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត។

លោក ​កុយ ​គួង ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​មិន​បាន​ដឹងថា​កិច្ចប្រជុំ​វេទិការ​តំបន់​អាស៊ាន​នឹង​លើក​យក​បញ្ហា​វិបត្តិ​នុយក្លេអ៊ែ​នៅ​ឧបទ្វីប​កូរ៉េខាងជើង​យក​មក​ពិភាក្សា​ទេ។

«ខ្ញុំ​មិនទាន់​បាន​ជ្រាប​ទេ។ ​ចាំមើល​សេចក្តី​ជូន​ព័ត៌មាន​បន្ត​បន្ទាប់​ទៀត​ពី​របៀប​វារៈ​នៃ​កិច្ចប្រជុំ​ហ្នឹង​ និង​ដឹង​ច្បាស់​ថា​នឹង​អាច​មាន​អ្វីខ្លះ»។

វិបត្តិ​នុយក្លេអ៊ែ​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងជើង ​បានបង្ក​ឲ្យ​មាន​ការព្រួយបារម្ភ​សន្តិសុខ​ជា​សាកល ​និង​តំបន់​ផងដែរ​ដែល​ជំរុញ​ឲ្យ​មាន​ការពិភាក្សា​ជា​សាកល​ដើម្បី​ជៀងវាង​សង្គ្រាម​នុយក្លេអ៊ែ។

ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់​បានច្រានចោល​ការចរចា​៦​ភាគី ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បារាំង​ ចិន ​អង្គការ​សហ​ប្រជាជាតិ ​កូរ៉េ​ខាងត្បូង ​និង​កូរ៉េ​ខាងជើង​។ ​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ ​បាន​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ដល់​ប្រទេស​កូរ៉េ​ខាងជើង​ឡើងវិញ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​បន្ត​កម្មវិធី​អាវុធ​នុយក្លេអ៊ែ​របស់​ខ្លួន៕