គ្មាន​គម្រោង​យាង​អតីត​ព្រះមហាក្សត្រ​ឡើង​តុលាការ

អ្នក​សារព័ត៌មាន​ម្នាក់​ស្តាប់​ប្រសាសន៍​លោក ខៀវ សំផន (ចំ​កណ្តាល) អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​បង្ហាញ​លើ​អេក្រង់​ទូរទស្សន៍​នៅឯ​មជ្ឈមណ្ឌល​សារព័ត៌មាន​​​​​​​​​នៃ​សាលាក្តីកាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង

សហមេធាវី​មួយ​រូប​របស់​អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេ្យ​បាន​និយាយ នៅ​ថ្ងៃ​ព្រស្បត្តិ៍​នេះ​ថា ​ខ្លួន​មិន​មាន​ផែនការ​យាង​អតីត​ព្រះមហាក្សត្រ​សម្ដេច​ឪ​នរោត្តម ​សីហនុ ​ឲ្យ​ចូល​ផ្តល់​សក្សីកម្ម​នោះ​ទេ​ក្នុង​សវនាការ​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នោះ​ទេ។

កាល​ពី​ថ្ងៃ​ពុធ ​ខៀវ​ សំផន​ បាន​ចោទ​សួរ​ទៅ​កាន់​សហព្រះរាជអាជ្ញា​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ថា ​ហេតុ​ដូចម្ដេច​បាន​ជា​អតីត​ព្រះមហាក្សត្រ ​នរោត្តម​ សីហនុ​ មិន​ត្រូវ​បាន​យាង​ចូល​រួម​សវនាការ ​ខណៈ​ដែល​ការកាត់ក្ដី​ក្នុង​សំណុំ​រឿង​០០២​ ចាប់ផ្ដើម​នោះ ដោយ​ហេតុថា​អតីត​ព្រះមហាក្សត្រ​ក៏​ធ្លាប់​គង់​ជា​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ផង​ដែរ។

មេធាវី​របស់​ខៀវ ​សំផន ​លោក ​គង់ ​សំអុន ​មាន​ប្រសាសន៍​ថា ​ការស្នើសុំ​យាង​អតីត​ព្រះមហាក្សត្រ​នៅ​ពេល​នេះ​ហួស​ពេល​ទៅ​ហើយ ដោយសារ​តែ​តុលាការ​បិទ​បញ្ជី​ទទួល​ពាក្យ​ស្នើសុំ​សាក្សី​រួច​ទៅ​ហើយ។

«ខ្ញុំ​គិត​ថា ​នឹង​មិន​មានសំណើ​នោះ​ទេ។ ​ហើយ​ចំណោទ​គឺ​មិនមែន​ស្ថិត​នៅ​លើ​យើង​ជា​អ្នក​ស្នើសុំ​ទេ​ គឺ​ស្ថិត​លើ​សហព្រះរាជអាជ្ញា ​សហចៅក្រម​ស៊ើប​អង្កេត។ ​ដូច្នេះ​បើ​សិន​ជា​គាត់​យល់​ថា ​សម្ដេច​ឱ​មាន​ប្រយោជន៍ ​ហើយ​ត្រូវយាង​ព្រះអង្គ​មកស្រាយ​បំភ្លឺ អាហ្នឹង​គាត់​ធ្វើ​ទៅ»។

សំណួរ​របស់​អតីត​ប្រមុខរដ្ឋ​សម័យ​ខ្មែរក្រហម​រូប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សហព្រះរាជអាជ្ញា​ទាំង​ពីរ​រូប​គឺ​លោកស្រី ​ជា ​លាង ​និង​លោក​អេនឌ្រូ ​ខេលី ​ចោទ​ប្រកាន់​ថា​ លោក​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​នួន ​ជា ​និង​អៀង​ សារី​ ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​ និង​ការ​កាប់​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់​នៅ​ចន្លោះ​ឆ្នាំ ​១៩៧៥​ ដល់​ឆ្នាំ ​១៩៧៩។

លោក ​នេត្រ​ ភក្ដ្រា ​អ្នក​នាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​មាន​ប្រសាសន៍​ថា ​ដូច​គ្នា​ដែរ​ថា ​នៅ​ពេល​នេះ​ភាគី​នានា​ មិន​អាច​សុំ​សាក្សី​ ឬក៏​ស្នើសុំ​ឲ្យ​មាន​ការ​កោះហៅ​បុគ្គល​ណា​ម្នាក់​បន្ថែម​ទៀត​នោះ​ឡើយ​ ដោយសារ​តែ​បញ្ជី​សាក្សី ​និង​អ្នក​ជំនាញ​ត្រូវ​បាន​បិទ​រួច​ទៅ​ហើយ។

«ចំពោះ​ការ​ស្នើ​សុំ​សាក្សី​បន្ថែមឬ​យ៉ាងណា​នោះ ​អាស្រ័យ​លើ​អង្គជំនុំជម្រះ​សាលាដំបូង​ដែល​មាន​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច»។

មាន​សាក្សី​ និង​អ្នក​ជំនាញ​សរុប​ចំនួន​១.០៩២ ​រូប​នៅ​ក្នុង​សំណុំរឿង​០០២​នេះ ក្នុង​នោះ​បើ​យោង​តាម​លោក​នេត្រ ​ភក្ដ្រា ​សាក្សី​របស់​នួន ​ជា ​មាន​រហូត​ទៅ​ដល់​ជាង​៥០០​នាក់។

សូម​បញ្ជាក់​ថា ​មេធាវី​របស់​ជន​ជាប់​ចោទ​ អៀង ​សារី​ និង​នួន ​ជា ​ក៏​ធ្លាប់​បាន​ស្នើ​ឲ្យ​មាន​ការ​យាង​អតីត​ព្រះមហាក្សត្រ​ រួម​បំភ្លឺ​ក្នុង​តុលាការ​ខ្មែរក្រហម​ដែរ ​ក៏​ប៉ុន្ដែ​សំណើ​នោះ​មិន​បាន​ជោគជ័យ​ទេ៕