មន្ត្រី​មហាផ្ទៃ​កម្ពុជា​ថា​មិនទាន់​មាន​ភស្តុតាង​បញ្ជាក់​ថា​ហ៊ុន តូ​រត់​គ្រឿង​ញៀន

សកម្មភាព​ដុតបំផ្លាញ​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ចន្ទ​នេះ ​បាន​អះអាង​ថា ក្រសួង​មហាផ្ទៃ​កម្ពុជា​នៅ​មិន​ទាន់​បាន​រកឃើញ​ភស្តុងតាង​ណាមួយ​ដែល​បាន​បញ្ជាក់​ថា ​លោក​ឧកញ៉ា ​ហ៊ុន ​តូ ​និង​លោក​ឧកញ៉ា ​គិត ​ម៉េង ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​រត់ពន្ធ​ថ្នាំញៀន ​និង​លាងលុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី ​ដែល​មានតម្លៃ​មួយ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ​ទេ។

កាល​ពី​ចុង​ខែ​មិនា កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​របស់​អូស្ត្រាលី​បាន​រាយការណ៍​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​ដែល​មាន​ខ្លឹមសារ​ថា អាជ្ញាធរ​អូស្រ្តាលី​មាន​គម្រោង​ចាប់​ខ្លួន​លោក​ឧកញ៉ា ​ហ៊ុន តូ។ ​ក៏ប៉ុន្តែ​ត្រូវ​បាន​អាកខាន​ទៅវិញ ​ដោយសារ​តែ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ​មិន​បាន​ផ្តល់​ទិដ្ឋាកា​ដល់​លោក ​ហ៊ុន ​តូ ដោយ​ខ្លាច​ប៉ះពាល់​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា​ និង​អូស្រ្តាលី។

ការ​ប៉ុនប៉ង​ចាប់​ខ្លួន​ឧកញ៉ា ​ហ៊ុន​ តូ ដោយសារ​តែ​អាជ្ញាធរ​សង្ស័យ​ថា លោក​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​រត់ពន្ធ​ថ្នាំញៀន ​និង​លាងលុយ​កង្វក់​ទៅ​កាន់​អូស្ត្រាលី។​ កាសែត​នោះ​ក៏​បាន​បញ្ជាក់​ថា​ក្នុង​ពេល​នោះ​លោក​គិត ម៉េង ក៏​មាន​ទំនាក់​ទំនង​រកស៊ី​ជាមួយ​លោក ហ៊ុន តូ​ដែរ​ប៉ុន្តែ​មិន​បាន​លើក​ឡើង​ថា​លោក​គិត​ ម៉េង ​ពាក់ព័ន្ធ​ក្នុង​សកម្ម​ភាព​ឧក្រិដ្ឋ​នោះ​ទេ។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ ស ​ខេង ​រដ្ឋមន្ត្រី​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯស​ណ្ឋាគារ​ឡឺរ៉ូយាល់ ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​រឿង​នេះ​ជា​រឿង​បុគ្គល​ ហើយ​ក្រសួង​បាន​ធ្វើ​ការ​បដិសេធ​រួច​ហើយ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​មិន​មាន​ឯកសារ​ជា​មូលដ្ឋាន​ណា​មួយ​ ដើម្បី​ស្រាវជ្រាវ​ចំពោះ​ករណី​នេះ​ទេ។

«ខ្ញុំ​គិត​ថា ​មក​ដល់​ពេល​នេះ ​យើង​ពុំទាន់​មាន​ឯកសារ​ណា​ជា​មូលដ្ឋាន​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​នោះ​ទេ។​ នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​កាសែត​មួយ​តែ​ប៉ុណ្ណោះ»។

លោក​ឧកញ៉ា ​ហ៊ុន ​តូ ​ក្មួយ​ប្រុស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​និង​លោក​ឧកញ៉ា ​គិត​ ម៉េង ​បាន​បដិសេធ​ការ​ចុះផ្សាយ​ទាំង​ឡាយ​នៃ​បណ្តាញ​សារព័ត៌មាន​នៃ​ប្រទេស​អូស្រ្តាលី។

លោក ​ហ៊ុន ​តូ អះអាង​ថា​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ ​ប្រឆាំង​ជំទាស់​ទៅ​នឹង​ការ​ចុះផ្សាយ​នៅ​ក្នុង​សារព័ត៌មាន​ទាំង​នោះ។

លោក ​ហ៊ុន ​តូ ​នៅ​ថ្ងៃ​ចន្ទ​នេះ​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​នឹង​វីអូអេ​ទេ​ ដោយ​លោក​បាន​និយាយ​ថា ​លោក​គ្មាន​ពេល​ទំនេរ​ដើម្បី​និយាយ​ជាមួយ​នឹង​អ្នក​កាសែត​ទេ។

«ខ្ញុំ​ឥត​មាន​ពេល​ទេ!»។

ក៏ប៉ុន្តែ​បន្តិច​ក្រោយ​មក​មាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​វីអូអេ​ក្រុង​ភ្នំពេញ​ដោយ​បុគ្គល​នោះ​ បាន​អះអាង​ថា​ ជា​ជំនួយការហើយ​បាន​និយាយ​ថា​ បើ​ចង់​សម្ភាស​សូម​មក​សម្ភាស​នៅ​ផ្ទះ​របស់​លោក ​ហ៊ុន ​តូ។

លោក ​អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ បាន​និយាយ​ថា​ រាល់​ការ​ចុះផ្សាយ​ព័ត៌មាន​អំពី​បុគ្គល​ណាមួយ ​ក្រសួង​មហាផ្ទៃ​ត្រូវ​តែ​មាន​ការ​ស៊ើបអង្គេត​ថា ​បុគ្គល​ណា​ជាប់​ពាក់ព័ន្ធ​ ឬ​មិន​ជាប់​ពាក់ព័ន្ធ។

«ការ​ដែល​ស៊ើបអង្គេត​ដោយ​ហ្មត់ចត់​ណាមួយ ​ហើយ​អព្យាក្រឹត្យ​ណាមួយ ​ដោយ​នីតីរដ្ឋ​ ដោយ​ការ​ស៊ើបអង្គេត​ត្រឹមត្រូវ​ ខ្ញុំ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​យើង ​នឹង​មាន​ទំនុក​ចិត្ត​បន្ថែម​ទៅ​លើ​អាជ្ញាធរ​ ទៅ​លើ​រដ្ឋាភិបាល​។ ​ប៉ុន្តែ​ប្រសិន​ជា​អត់​ទេ​ ខ្ញុំ​មើល​ទៅ​ប្រជាពលរដ្ឋ​ទម្លាក់​កំហុស​នេះ​លើ​គណបក្ស​កាន់​អំណាច»។

លោក រីឈត បេឃ័រ (Richard Beker) អ្នក​និពន្ធ​អត្ថបទ​មួយ​រូប​របស់​កាសែត​ឌឹអេច ​នៃ​ប្រទេស​អូស្ត្រាលី​ បាន​ថ្លែង​ប្រាប់​វីអូអេ​តាមរយៈ​សារអ៊ីម៉ែល​ដោយ​ការពារ​សេចក្តី​រាយការណ៍​របស់​ខ្លួន​ថា​ត្រឹមត្រូវ។

សារព័ត៌មាន​របស់​អូស្ត្រាលី​បាន​និយាយ​ថា អាជ្ញាធរ​អូស្ត្រាលី​បាន​បើក​ការស៊ើប​អង្កេត​សំដៅ​លើ​លោក​ ហ៊ុន​ តូ​ដោយ​ពិនិត្យ​មើល​ឈើ​ហ៊ុប​នាំ​ចូល​ពី​កម្ពុជា​ដែល​មាន​បង្កប់​គ្រឿងញៀន។ ចំណែក​ឯ​ការ​លាងលុយ​កង្វក់​ត្រូវ​បាន​សង្ស័យ​ថា​ធ្វើ​ឡើង​តាម​រយៈ​បនល្បែង​កាស៊ីណូ​មួយ​ឈ្មោះ​ក្រោន​កាស៊ីណូ​នៅ​ក្នុង​ទីក្រុង​ម៉ែលប៊ន​ នៅ​អូស្ត្រាលី។

លោក ដេវ ចច (Dave Gorge) នាយករង​បេសកម្ម​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​ទីក្រុង​ភ្នំពេញ មិន​បាន​ឆ្លើយ​នឹង​សំណូរ​តាម​សារអេឡិចត្រូនិករបស់​វីអូអេ​ទេ ដោយ​សារអេឡិចត្រូនិក​របស់​លោក​បាន​ភ្ជាប់​ប្រព័ន្ធ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​ ថា​ លោក​កំពុង​ឈប់​សម្រាក​ ហើយ​លោក​នឹង​មក​បំពេញ​ការងារ​វិញ​ នៅ​ពីរ​សប្តាហ៍​ទៀត៕