ភ្នំពេញ៖ ទេសចរបរទេសចំនួនប្រាំបួននាក់បានរងរបួសក្នុងការធ្លាក់បាល់ឡុងមួយកាលពីល្ងាចថ្ងៃអង្គារទី២៦ខែមិនាក្បែរក្រុងសៀមរាប។
មន្ត្រីនគរបាលនិងសាក្សីឃើញផ្ទាល់ភ្នែកនិយាយថាឧប្បត្តិហេតុនោះកើតឡើងដោយសារមានខ្យល់បក់បោកខ្លាំងហើយធ្វើឲ្យបាល់ឡុងដែលហោះដោយកំដៅឧស្ម័នដែលគេស្គាល់ថាជារបស់ក្រុមហ៊ុនចិនមួយបានរសាត់ទៅប៉ះទង្គិចនឹងដើមត្នោតរួចក៏ធ្លាក់នៅក្នុងភូមិអារក្សស្វាយដែលស្ថិតនៅចន្លោះផ្សារលើនិងប្រាសាទអង្គរវត្ត។
មន្ត្រីនគរបាលមូលដ្ឋានម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះរៀបរាប់ថាក្នុងចំណោមទេសចរទាំងប្រាំបួននាក់មានរបួសធ្ងន់ចំនួនបួននាក់ត្រង់ផ្នែកដៃនិងចង្កេះ។
«កន្លែងដែលឡើងហ្នឹងពីសង្កាត់ជ្រា ឃុំបោះក្រឡាញ់ ហ្នឹងទៅដែលបង្ហោះរាល់់ថ្ងៃ ដល់ពេលដែលឡើងហ្នឹងទៅ វាជួបប្រទះខ្យល់ហ្នឹង។ ខ្យល់មួយប្រាវហ្នឹងទៅ វាបក់បោក ក៏ធ្លាក់នៅភូមិតាច្រឹប ទៅប៉ះដើមត្នោត នៅភូមិអារក្សស្វាយហ្នឹង ក៏ធ្លាក់ទៅ។ របួសភ្លៀវហ្នឹង ទាំងអស់គឺ១០នាក់រួមទាំងតៃកុង។ មានជនជាតិរុស្សីបី អ៊ុយក្រែនពីរ ចិនពីរ ហ្វីលីពីនពីរ។ យើងសង្គ្រោះបានទាន់ពេលវេលា មិនមានគ្រោះថា្នក់អីទេ»។
ការធ្លាក់នេះបន្ទាប់ពីបាល់ឡុងហោះឡើងបានរយៈកម្ពស់ប្រមាណជា៣០០ម៉ែត្រ។ មន្ត្រីនគរបាលដដែលនិយាយថាបាល់ឡុងនោះត្រូវខូចខាតទាំងស្រុង។
សាក្សីបានឃើញផ្ទាល់ភ្នែកនិយាយថាបាល់ឡុងនេះបានទង្គិចនឹងដើមត្នោតហើយបានធ្វើឲ្យដើមត្នោតមួយដើមបាក់។
«នៅពេលដែលយើងឃើញវាកំពុងហោះហ្នឹង មួយសន្ទុះមក យើងក៏ឃើញខ្យល់រួចវារេតាមខ្យល់ទៅរហូត វាចុះៗរហូតដល់ក្រោម។ ហួសអង្គរ-ឃ្យុងយូ ប្រហែលជាងបីបួនរយម៉ែត្រដែរ»។
នៅក្នុងខេត្តសៀមរាបមានបាល់ឡុងហោះបញ្ជិះទេសចរចំនួនពីរគឺមួយវិនិយោគដោយក្រុមហ៊ុនសុខាអូតែលរបស់លោកឧកញ៉ាសុខ គង់ដែលមានទីតាំងនៅមិនឆ្ងាយប៉ុន្មានពីផ្លូវចូលប្រាសាទអង្គរវត្តនិងមួយទៀតវិនិយោគដោយក្រុមហ៊ុនចិន។ បាល់ឡុងរបស់ក្រុមហ៊ុនចិនដែលអាចហោះផ្លាស់ទីបានដើម្បីទស្សនាទិដ្ឋភាពក្រុងសៀមរាបពីលើអាកាសគឺខុសពីបាល់ឡុងរបស់ក្រុមហ៊ុនសុខាអូតែលដែលគ្រាន់តែហោះឡើងលើត្រង់និងចុះក្រោមវិញតែប៉ុណ្ណោះ។
លោកប៉ាត សំបូរ ប្រធានសហព័ន្ធសហជីពទេសចរណ៍ប្រចាំខេត្តសៀមរាបនិយាយថាបាល់ឡុងហោះដែលបម្លាស់ទីបាននេះធ្លាប់ធ្លាក់ច្រើនដងនាពេលកន្លងមកនៅតំបន់ជិតកន្លែងគ្រោះថ្នាក់កាលពីថ្ងៃអង្គារប៉ុន្តែមិនបានបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិតនោះទេ។
«ភាគច្រើនតែធ្លាក់នៅអង្គរ-ឃ្យុងយូនេះឯង។ ធ្លាក់ញឹកញាប់ដែរហ្នឹង។ ប៉ុន្តែនៅខាងកន្លែងខ្ញុំ មេខ្ញុំ គាត់មិនមិនណែនាំឲ្យភ្ញៀវជិះអីចឹងទេ។ គាត់ដាក់លក្ខខណ្ឌអីចឹង»។
ប្រទេសកម្ពុជាទទួលបានកំណើនទេសចរបរទេសជាងបីលាននាក់កាលពីឆ្នាំ២០១២ហើយខេត្តសៀមរាបដែលសំបូរដោយប្រាង្គប្រាសាទបុរាណបានស្រូបយកទេសចរបរទេសយ៉ាងច្រើនលើសលប់។
ស្នងការនគរបាលខេត្តលោក សត ណាឌី និងលោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តមិនអាចទាក់ទងបានទេនៅថ្ងៃនេះដោយសារតែទូរស័ព្ទរបស់អស់លោករោទិ៍ជាច្រើនដងប៉ុន្តែគ្មានអ្នកទទួល។
កាលពីខែកុម្ភៈបាល់ឡុងដែលប្រើឧស្ម័នដូចគ្នានេះបានផ្ទុះនិងធ្លាក់នៅទីក្រុងបុរាណមួយនៃប្រទេសអេហ្ស៊ីបនិងបណ្តាលឲ្យទេសចរបរទេសចំនួនប្រាំបួននាក់ស្លាប់៕