អង្គការ​ក្រៅ​រដ្ឋាភិបាល​ស្នើ​ឱ្យ​យុវជន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​

ស្ត្រី​ម្នាក់​រកឈ្មោះនៅ​មណ្ឌល​បោះឆ្នោត​មួយកន្លែង។

ដោយ ស៊ុយ ហ៊ា​ម​ខេមរា
ភ្នំពេញ៖ ក្រុមមន្ត្រី​អង្គការ​ក្រៅរដ្ឋាភិបាល​បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ក្រុមយុវជន​កម្ពុជា​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ប្រយោជន៍​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ឲ្យ​បាន​ទូលំទូលាយ​ក្នុង​ចលនា​សង្គម។

សេចក្ដី​អំពាវនាវ​នេះ​ធ្វើឡើង​ក្នុង​ស​ន្និសីទ​កាសែត​ស្តី​អំពី​យុទ្ធនាការ​ផ្សព្វផ្សាយ ​ពី​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ឆ្នាំ២០១២​ ក្នុង​ទីក្រុង​ភ្នំពេញ។
យុទ្ធនាការ​នេះ​ដែល​ធ្វើឡើង​រួមគ្នា​រវាង​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​និង​វិទ្យាស្ថាន​សាធារណ​រដ្ឋ​អន្តរជាតិ (IRI)នឹង​ប្រព្រឹត្ត​ទៅក្នុង​ខេត្ត​និង​រាជធានី​ចំនួន​ប្រាំបួន​និង​មាន​យុវជន​ចូលរួម​ចំនួន​៥៧៦នាក់។ យុវជន​ទាំងនេះ​នឹងធ្វើ​សកម្មភាព​ជាមួយ​យុវជន​ដូចគ្នា​ដោយផ្ទាល់​នៅក្នុង​ឃុំ​សង្កាត់​ចំនួន ១៤៤។

លោក សោម ច័ន្ទ​រតនា ​នាយក​ប្រ​តិប​ត្តិ​អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ និយាយ​ថា ការធ្វេសប្រហែស​របស់​ក្រុមយុវជន​នឹង​បណ្តាល​ឲ្យ​មានការ​ខាតបង់​ដល់​សង្គម។

«បើសិន​យុវជន​ដែលមាន​ប្រហែល​ជិត ៧០% ហ្នឹង​គាត់​អត់​អើពើ គាត់​អត់​បាន​ចូលរួម​ក្នុង​សកម្មភាព​នានា​របស់ ​គជប ឬ​សកម្មភាព​របស់​រដ្ឋាភិបាល មានន័យថា យើង​បាត់បង់​ធនធាន​ សំឡេង​ដ៏​ធំ​ពី​យុវជន ​ពី​ប្រជា​ពលរដ្ឋ ​ដូច្នោះ​ហើយ​បានជា​យើង​ចង់​ឱ្យ​គាត់​ចូលរួម​ក្នុងសង្គម ​ជាពិសេស​យើង​ផ្តោត​ជាសំខាន់​ចំពោះ ​អ្នក​ដែល​បោះឆ្នោត​លើកដំបូង។ គាត់​មិនទាន់មាន​បទពិសោធន៍ ​ក្នុងការ​បោះឆ្នោត ពីព្រោះ​វា​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ធ្វើឱ្យ​ពួកគាត់​ចូលរួម ​ដោយ​ហេតុ​ថា ​ពួកគាត់​ជា​ចំណែក​មួយ​ធំ​ណាស់​ក្នុង​សង្គម»។

អ្នកស្រី ចេ​ស៊ីកា ឃី​ហ្គេ​ន Jessica Keegan នាយិកា​កម្មវិធី ​នៃ​វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ (IRI) បាន​ថ្លែង​ក្នុង​ស​និ្ន​សីទ​កាសែត​នោះដែរ​ថា​ IRI ​បានចាប់ផ្តើម​ដំណើរ​ភាព​ជា​ដៃគូ​របស់​ខ្លួន​ជាមួយ ក្រុមប្រឹក្សា​យុវជន​កម្ពុជា​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​ជួយ​ជំរុញ​ក្រុមយុវជន​ឲ្យ​កាន់តែ​សកម្ម​ក្នុង​ការ​បោះឆ្នោត។

«IRI សហការ​ជាមួយ​ ក្រុមប្រឹក្សា​យុវជន​កម្ពុជា ​ក្នុង​គោលបំណង​ទាញ​ការចូលរួម​ពី​យុវជន​កាន់តែ​ច្រើន​ឡើង​ ទាក់ទង​នឹង​ដំណើ​រវិ​វឌ្ឍន៍​របស់​នយោបាយ។ ហើយ​យើង​បាន​បង្កើត​ជា ​សកម្មភាព​ផ្សេងៗ ផង​ដែរ​ ដើម្បី​ជំរុញ​យុវជន​ឱ្យ​យល់ដឹង​ពី​ការបោះឆ្នោត ​និង​ការចុះឈ្មោះ​បោះឆ្នោត​នាពេល​ខាង​មុខ​នេះ»។

ប្រទេស​កម្ពុជា​នឹង​ធ្វើ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី ២៨​ខែកក្កដា​ ឆ្នាំ២០១៣​ខាងមុខ​នេះ។ អ្នកមាន​សិទ្ធិ​បោះឆ្នោត​កាលពី​ឆ្នាំ២០១២ ​មាន​ចំនួន​៩លាន​២សែននាក់។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គជប) បានចាប់ផ្តើម​ចុះឈ្មោះ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ថ្មី​បន្ថែម​ទៀត​ចាប់តាំងពី​ថ្ងៃទី១ខែកញ្ញា​មក​ហើយ​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី១២ ​ខែតុលា។

គជប រំពឹង​ថា​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ថ្មី​មាន​ចំនួន៦០០.០០០ នាក់​ក្នុងនោះ​ពាក់កណ្តាល​គឺជា​យុវជន​ចាប់ពី​អាយុ១៨ឆ្នាំ។

អង្គការ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា​និង​ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ ​(IRI)ក៏បាន​ជំរុញ​ផងដែរ​ឲ្យ​ក្រុមយុវជន​ចូលរួម​ត្រួតពិនិត្យ​ដំណើរការ​ចុះឈ្មោះ​និង​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ផងដែរ។

លោក ជិន សារិន ​នាយក​ខុទ្ទកាល័យ​អគ្គលេខាធិការ​ គជប ​បាន​សម្តែង​ការគាំទ្រ​ដល់​សកម្មភាព របស់​យុវជន​នេះ។

«ការផ្សព្វផ្សាយ​អំពី ​ការត្រួតពិនិត្យ​បញ្ជី​ឈ្មោះ ​និង​ចុះឈ្មោះ​បោះឆ្នោត​ហ្នឹង​នៅ​មិនទាន់បាន​ទូលំ​លាយ​នៅឡើយ ​វា​មិនទាន់បាន​ជ្រាប​ទៅដល់​ប្រជា​ពលរដ្ឋ​គ្រប់​ទាំងអស់​បាន​ អី​ចឹ​ង​ហើយ ​សកម្មភាព​របស់ ​ក្រុមប្រឹក្សា​យុវជន ​YCC ​ដែល​កំពុង​ធ្វើ​នេះ វា​មិន​ខុស​អ្វី​ពី ​ការចង់បាន​របស់ ​គ ជ ប​ នោះ​ទេ»។

លោក ទឹម សុភ័ក​ជា​និស្សិត​មកពី​សាកល​វិទ្យាល័យ ​វេស​ស្ទើ​ន ​យល់ស្រប​លើ​សារៈសំខាន់​របស់​យុវជន​ក្នុងការ​បោះឆ្នោត​នេះ។

«ខ្ញុំ​ចង់ដឹង​ពី​ព័ត៌​មាន​ដែល​ទាក់ទង​ហ្នឹង​ការបោះឆ្នោត។ ខ្ញុំ​នឹង​ទៅ​ជួយ​បោះឆ្នោត ​ហើយ​វា​នឹង​ជួយ​ដល់​សង្គម​របស់​ខ្ញុំ។ បើ​យើង​មិន​ទៅ​ទេ ​នោះ​បានន័យថា​យើង​មិនបាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​យើង»។

យុទ្ធនាការ​នេះ​នឹងមាន​ការផ្តល់​រង្វាន់​ដល់​យុវជន​ចំនួន​ដប់​រូប​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីពី​ការ​ជំរុញ​ការចុះឈ្មោះ​បោះឆ្នោត​និង​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដល់​យុវជន​ដទៃទៀត​បាន​ច្រើន​ជាង​គេ៕