អគ្គលេខាធិការ​ថ្មីរបស់​អាស៊ាន​ចង់ឲ្យ​មាន​ការ​ពិភាក្សា​អំពី​សមុទ្រ​ចិន​ខាងត្បូង​

  • Sara Schoenhardt

លោក​ Le Luong Minh​ អគ្គលេខាធិការ​ថ្មីរបស់​អាស៊ាន​

ចាកាតា៖ អគ្គលេខាធិការ​ថ្មីរបស់​សមាគម​អាស៊ាន​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ជឿនលឿនដល់​ដំណើរ​ការ​ចរចា​អំពី​ក្រមប្រតិបត្តិ​ក្នុង​សមុទ្រចិន​ភាគ​ខាងត្បូង។​ Sara Schonhard រាយ​ការណ៍ពី​ទីក្រុង ​Jakarta​ ប្រទេស​ឥណ្ឌូនេស៊ី​មក​ថា មេដឹក​នាំអាស៊ាន​រូប​នេះ​ក៏​បាន​ទទួល​ស្គាល់​ថា ការ​ប្រឈម​មុខ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​កំពុង​កើត​មាន​ឡើង​ក្នុង​តំបន់ នៅ​ពេលអាស៊ានកំពុង​ដំណើរការ​សមាហរណកម្ម​កាន់តែខ្លាំង​ឡើង។​ ​
ប្រទេស​សមាគម​អាស៊ាន​បាន​ស្វាគមន៍លោក​ Le Luong Minh​ អគ្គលេខាធិការ​ថ្មីរបស់​អាស៊ាន​កាល​ពីថ្ងៃ​ពុធ​ គឺពេល​ប្រទេស​ក្នុង​តំបន់​នេះ​ប្រឈម​នឹង​បញ្ហា​ប្រឈម​មុខ​ខ្លះ​ដែលជា​បញ្ហា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាស៊ាន​ ក្នុងពេល​៤៦​ឆ្នាំ​មក​នេះ។​
បញ្ហា​ប្រឈមមុខ​ទាំង​នេះ​រួមមាន​ដំណើរ​សេដ្ឋកិច្ច​ពិភព​លោកយឺតយ៉ាវ មហន្តរាយ​ធម្មជាតិ និង​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​កើនឡើង​ ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។​

បញ្ហា​ប្រឈម​មុខ​ដ៏​គន្លឹះ​នោះ​គឺការ​ស្វែងរក​ដំណោះស្រាយ​អំពី​ជម្លោះដែន​ដី​ក្នុង​សមុទ្រ​ចិន​ភាគ​ខាងត្បូង។ ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​ទាមទារ​អធិបតេយ្យ​ភាព​លើដែនទឹក​នោះ ​ហើយ​ប្រទេស​ចិន​ដែល​ជា​មហា​អំណាច​ក្នុង​តំបន់​ក៏អះអាង​ដូច្នេះ​ដែរ។ ​
ភាព​តានតឹង​បានកើត​មាន​ឡើងក្នុង​កិច្ច​ប្រជុំអាស៊ាន​ប្រចាំឆ្នាំ​នៅ​ប្រទេស​កម្ពុជា ដោយ​មេដឹក​នាំ​អាស៊ាន​មិន​មាន​ការ​ព្រមព្រៀង​គ្នា​អំពី​សម្មភាព​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង​ទេ។​ ភាពទ័លច្រក​ហាក់​ដូច​ជាឆ្លុះ​បញ្ចាំង​អំពីការ​បែកបាក់​រវាង​ប្រទេស​ជាសមាជិក​ទាំង​ដប់​របស់​អាស៊ាន ហើយ​បាន​លើក​ពី​កង្វល់​ដែល​ថា ខ្វះ​ការ​រួបរួម​គ្នា។​
អំឡុង​ពេល​លោក​ថ្លែង​សុន្ទរកថា​កាលពី​ថ្ងៃពុធ​ លោក​ Minh លើក​អំពី​ភាព​ចាំបាច់​ក្នុងការ​ស្វែង​រក​ដំណោះស្រាយ​នេះ។​
«ក្នុង​ដំណាក់​កាល​មានការ​បញ្ហា​ប្រឈម​មុខ​ស្មុគ្រស្មាញ​ទាក់ទង​នឹង​សមុទ្រ​ចិនភាគ​ខាងត្បូង​នេះ​ សមាគម​អាស៊ាន​គួរបង្កើន​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឲ្យមាន​ការ​ចាប់ផ្តើម​ឲ្យឆាប់​នូវការ​ចរចា​ជា​មួយ​ប្រទេស​ចិន ដោយ​មាន​បំណង​សម្រេច​ឲ្យបាន​ឆាប់នូវ​ក្រម​ប្រតិបត្តិ​ទាក់ទង​នឹង​សមុទ្រចិន​ភាគ​ខាងត្បូង»។
លោកMinh គឺជា​អតីត​អនុ​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម ដែល​ជា​ប្រទេស​មួយ​នៃ​ប្រទេស​ចំនួន​៤​របស់​សមាគម​អាស៊ាន ដែល​ទាមទារ​អធិបតេយ្យ​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​មាន​ជម្លោះ​នេះ។​
ប្រទេស​ហ្វីលីពីន​ ម៉ាឡេស៊ី និង​ប្រទេស​ប្រ៊ុយណេ​ក៏បាន​និយាយ​ដែរ​ថា គេ​មាន​សិទ្ធិ​កាន់កាប់​ដែន​ទឹក​នេះ ដែល​សម្បូរ​ត្រី​ ដែល​ជា​ផ្លូវទឹក​ដឹក​ជញ្ជូន​ពាណិជ្ជកម្ម​ ហើយ​ត្រូវគេ​គិត​ថា សម្បូរ​ប្រេង និង​ឧស្ម័ន​ធម្មជាតិ។​
អ្នក​វិភាគ​និយាយ​ថា លោក​Minh នឹង​ត្រូវ​រក្សា​ជំហរ​អព្យាក្រិត្យ ព្រោះ​ថា ប្រទេស​របស់​លោក​មាន​ទាក់ទង​ជម្លោះ​នេះ។​
លោក​Marty ​Natalegawa រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ក៏​បាន​និយាយ​ថា​ ភាព​បាច់​នៃ​ជំហរ​អព្យាក្រិត្យ​ និង​ការ​ស្រុះស្រួល​គ្នា​គឺ​ជា​គន្លឹះ​នៃ​សន្តិសុខ​ក្នុង​តំបន់។​
«យើងត្រូវ​បន្ត​ស្ថិត​នៅ​ជួរមុខ​នៃ​រចនា​សម្ព័ន្ធ​អង្គការ​តំបន់ ដែល​លើក​ស្ទួយ​សន្តិភាព និង​ស្ថិរ​ភាព​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ជា​តំបន់​ដែល​ចៀសវាង​អំពើ​ហិង្សា​និង​ជម្លោះ​គឺលើក​ស្ទួយ​ការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិភាព ភាព​ជា​ដៃគូ​មាន​ទស្សន​វិស័យ ដែល​ទទួល​ស្គាល់​ថា សន្តិភាព និង​សន្តិសុខ​គឺជា​កត្តា​សំខាន់ ដែល​ត្រូវចែក​រំលែក និង​ថែរក្សា​ដើម្បី​ប្រយោជន៍​ទាំងអស់​គ្នា»។​
លោកMinh បាន​ចូលកាន់​តំណែង​ជាអគ្គ​លេខាធិការ​អាស៊ាន​ជំនួស​លោក​Surin Pitsuwan ជា​ជនជាតិ​ថៃ ដែល​បម្រើការ​ជា​អគ្គ​លេខាធិការ​អាស៊ាន​ពេល​ក្រុម​នេះ​ប្រឈម​នឹង​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា និង​ពេល​ប្រទេស​ភូមា​ប្តូរ​របៀប​គ្រប់គ្រង​និង​ពេល​មាន​គ្រោះ​មហន្តរាយជាច្រើន​ក្នុង​តំបន់។​
​លោក​Minh ​និយាយ​ថា ​ក្រៅពី​កសាង​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់​អាស៊ាន អាទិភាព​មួយទៀត​គឺ​ការធានា​ថា ​រដ្ឋជា​សមាជិក​ទាំងអស់​ត្រូវត្រៀម​ខ្លួន​សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ​ដែល​គ្រោង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០១៥។​
សហគមន៍​សេដ្ឋកិច្ច​នេះ​មាន​គោល​ដៅ​ធ្វើ​សមាហរណ​កម្ម​ធំឡើង​ក្នុង​តំបន់​អាស៊ាន​ តាម​រយៈ​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទុន​សេរី ​គឺដូច​សហភាព​អឺរ៉ុប​ដែរ។​ ប៉ុន្តែ​មាន​កង្វល់​ថា​ ប្រទេស​សមាជិក​អាស៊ាន​ជាច្រើន​ ដែល​មិនសូវ​មាន​ការ​ជឿនលឿន​ នឹង​មិន​អាច​ត្រៀម​ខ្លួន​ទាន់​ពេល​វេលា​សម្រាប់​លំហូរ​ទំនិញ​ លំហូរ សេវា និង​លំហូរ ពលកម្ម​ដោយ​សារី​នោះ​ទេ។​
លោក​Minh ​បានកត់​សម្គាល់ពី​កង្វល់ទាំង​នោះ​ តែលោក​ក៏បាន​ពន្យល់​ដែរ​ពីផល​ប្រយោជន៍​នានា។​

«ការមាន​ចរន្តវិនិយោគ ​ចរន្តទុន​ ចរន្ត​ពលកម្ម ​និង​ចរន្ត​ទំនិញ​និង​សេវា​កាន់តែច្រើន​នឹង​នាំឲ្យ​មាន​ការ​ប្រឈម​ ក៏ដូចជាមាន​ការផ្តល់​ឱកាស​ផ្សេងទៀត​ សម្រាប់​រដ្ឋ​ជា​សមាជិក។ ប៉ុន្តែវា​ក៏នឹង​ប៉ះ​ពាល់​ច្រើន​សម្បើម​មក​លើ​តំបន់​នេះ​ដែរ»។​

លោកMinh​និយាយ​ថា ការ​បង្រួញ​គម្លាត​សេដ្ឋកិច្ច​រវាង​សមាជិក​ផ្សេង​គ្នា​របស់​អាស៊ាន​នឹង​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​សមភាព​ទូទាំង​តំបន់។​

សមាគម​អាស៊ាន​បាន​រីកធំឡើង ទាំង​ទំហំ​និង​សារៈ​សំខាន់​នៃ​សេដ្ឋកិច្ច​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ប៉ុន្តែ​អ្នកវិភាគ​ខ្លះបន្ត​ខ្វែង​គំនិត​គ្នា​អំពី​លទ្ធភាព​នៃ​ការ​រួបរួម​គ្នា។ ឥឡូវនេះ​អាស៊ាន​នៅតែ​ជា​តំបន់​មួយ​ដែល​មិនទាន់​ស៊ីគ្នា​នៅឡើយ​ទាក់ទង​នឹង​សេដ្ឋកិច្ច​ ដូច​ជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ជឿន​លឿន​ ប្រព័ន្ធ​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​និង​ប្រព័ន្ធ​នយោបាយ ដូចជាវៀតណាមជា​ប្រទេស​កុម្មុយ​និស្ត ​ឡាវ​ជាប្រទេស​សង្គម​និយម ប្រទេសថៃ​និង​ប្រទេស​កម្ពុជា ជារាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ និង​ប្រទេស​ភូមា​ដែល​មាន​ប្រជា​ធិបតេយ្យ​ថ្មីៗ​នេះ។​

ក្នុងឆ្នាំ​កន្លងទៅ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ដឹកនាំ​លើ​ដោះស្រាយ​បញ្ហា​ទ្វេភាគី​មួយចំនួន​ជា​បន្តបន្ទាប់​ ដោយ​លោក ​Marty Netalegawa រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី​ធ្វើជា​អ្នក​សម្រប​សម្រួល​ដ៏សំខាន់​អំពី​ជម្លោះ​នៅ​សមុទ្រចិន​ភាគខាង​ត្បូង។ កាល​ពីថ្ងៃពុធ ​លោក​បានផ្តល់​យោបល់​ទៅ​លោក​ Minh។

«សហគមន៍​អាស៊ាន​មាន​មនោសញ្ចេតនា​គឺ​អារម្មណ៍​ដែល​មិន​អាចចែង​ជា​ច្បាប់បាន ហើយ​មិន​អាច​ដាក់ចូល​ជាធរមាន​ ដោយ​ការ​អនុម័ត​ និង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ផ្លូវការ​នោះ​ទេ។ ​មនោ​សញ្ចេតនា​ទាំង​នេះ​ត្រូវតែ​បណ្តុះ​ឡើង ថែ​ទាំ និង ត្រូវ​អនុវត្ត»។​
លោកMinh គឺជាអ្នក​តំណាង​ទីមួយ​របស់​ប្រទេស​វៀតណាម​ចូលមក​កាន់តំណែង​ជា​អគ្គ​លេខាធិការ​អាស៊ាន។ អាណត្តិ៥​ឆ្នាំនេះ​ត្រូវផ្ទេរ​វេនគ្នា​តាម​លំដាប់​អក្សរ​នៃ​ឈ្មោះ​ប្រទេស​ក្នុង​ចំណោម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំង១០។ តំណែង​អគ្គលេខាធិការ​អាណត្តិ​ក្រោយ​នឹង​បាន​ទៅ​ប្រទេស​ប្រ៊ុយណេ៕​