កម្ពុជា​ត្រូវការ​ភស្តុតាង​បន្ថែម​ពី​ចិន​ដើម្បី​ធ្វើ​បត្យាប័ន​ជនជាតិ​បារាំង​ម្នាក់​ទៅ​ចិន

បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែលប្រឆាំង​នៅ​ក្នុង​ប្រទេស​ចិន (ស្តាំ) ជាមួយ​នឹង​ភរិយា Gu Kailai និង​កូនប្រុស Bo Guagua។

កម្ពុជា​ត្រូវ​ការភស្តុតាង​បន្ថែម​ពី​រដ្ឋាភិបាល​នៃ​ប្រទេសចិន​ ដើម្បី​សម្រច​នៅ​ក្នុង​ការ​ធ្វើ​បត្យាប័ន​ជនជាតិ​បារាំង​ម្នាក់​ទៅ​កាត់ទោស​នៅ​ក្នុង​ប្រទេសចិន​ បន្ទាប់​ពី​អាជ្ញាធរ​កម្ពុជា​ បាន​ចាប់​ខ្លួន​កាល​ពី​ចុង​សប្តាហ៍​មុន។

រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ខ្លួន​លោក ប៉ាទ្រិក ដេវីល្ល័រ (Patrick Devillers) អាយុ​៥២​ឆ្នាំ​ ជនជាតិ​បារាំង​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​នឹង​លោក បូ ស៊ីឡៃ (Bo Xilai) អ្នក​នយោបាយ​ដែលប្រឆាំង​នៅ​ក្នុង​ប្រទេស​ចិន។ កម្ពុជា​មាន​ផែនការ​ធ្វើ​បត្យាប័ន​បុរស​បារាំង​នេះ​ទៅ​ចិន​ ដើម្បី​ប្រឈម​មុខ​ក្នុង​ការ​កាត់ទោស​នៅ​ទីនោះ។

លោក​ឧត្តមសេនីយ៍ឯក​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា កម្ពុជា​បាន​ចុះកិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាមួយ​ប្រទេសចិន​រួច​ហើយ​ ដើម្បី​ធ្វើ​បត្យាប័ន​ជនឧក្រិដ្ឋ​ទៅ​ចិន។ លោក​មានប្រសាសន៍​ថា ​យើង​ត្រូវ​ការ​ឲ្យ​រដ្ឋាភិបាល​ចិន​ផ្តល់​ភស្តុតាង​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​លោក ប៉ាទ្រិក ដេវីល្ល័រ មុននឹងសម្រេចធ្វើបត្យាប័ន​ទៅ​កាត់ទោស​នៅ​ចិន។

ទោះ​ជាយ៉ាង​ណា​ក៏​ដោយ​លោក​ឧត្តមសេនីយ៍ឯក ​ខៀវ សុភ័គ ​មិន​បាន​ផ្តល់ព័ត៌មាន​អ្វី​បន្ថែម​ទៀត​ទេ​ ពាក់ព័ន្ធ​ទៅ​នឹង​ករណីនេះ។

«ទី១ កម្ពុជា ​និង​ចិន​មាន​កិច្ចព្រមព្រៀង​ស្តីពី​ការ​ធ្វើ​បត្យាប័ន។ ​ដូច្នេះ​ជន​ណា​មួយ​ ដែល​ប្រព្រឹត្ត​បទល្មើស​នៅ​ចិន​ ហើយ​គេច​មក​កម្ពុជា ​ហើយ​ផ្ទុយ​ទៅវិញ​ បើ​កម្ពុជា​គេច​ទៅ​ចិន បើ​តាម​សំណូមពរ​ភាគី​ណាមួយ ​ភាគី​ទាំងពីរ​លោក​អាច​ឃាត់​ខ្លួន​ជន​នោះ​តាម​សំណូមពរ​ភាគី​អ្នក​ស្នើរ​។ ​ដូច្នេះ​យើង​អនុវត្ត​តាម​កិច្ចព្រមព្រៀង​បត្យាប័ន​រវាង​កម្ពុជា ​និង​ចិន​។​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ក៏យើង​នៅ​រង់ចាំ​ចំពោះ​ជន​ឈ្មោះ ប៉ាទ្រិក។ ពេលនេះ​យើង​ធ្វើ​តាម​ភស្តុតាង ​ជាក់ស្តែង​ដែល​ចិន​លោក​ផ្តល់​ឲ្យ​ថា​តើ​ត្រូវ​ធ្វើ​បត្យាប័ន​តាម​ណា​ យើង​អាច​និយាយ​បាន​ថា​ រហូត​មក​ដល់​ពេល​នេះ ​យើង​មិន​ទាន់​ឃើញ​ថា​លោក ប៉ាទ្រិក ហ្នឹង​មាន​ទោស​ទណ្ឌ​អី​នៅ​ឡើយ​ទេ»។

លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់​បានរស់​នៅ​ទីក្រុង​ភ្នំពេញ​ ហើយ​លោក​ជា​ម្ចាស់​កម្មសិទ្ធិ​ដីមួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​កែប ដែល​កន្លងមក​លោក​មិន​ធ្លាប់​បាន​ចោទប្រកាន់​អ្វី​ទាំង​អស់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​មិន​បាន​បញ្ជាក់​អំពី​ការចាប់ខ្លួន​ជនជាតិ​បារាំង​នេះ​ទេ ​ហើយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​សួរ​ក្រសួងមហាផ្ទៃ។

«ខ្ញុំ​យល់​ថា​ទៅ​សួរ​ក្រសួងមហាផ្ទៃ​វិញ​ ទូលំទូលាយ​ជាង»។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ត្រូវ​បាន​អ្នក​លើក​ទូរសព្ទ​និយាយ​ថា​លោក​ ស ខេង កំពុង​ជាប់​រវល់​ប្រជុំ។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​មិន​អាច​ស្នើសុំ​ដើម្បី​ទំនាក់ទំនង​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ ​នៅពេល​ដែល​បាន​ផ្ងើសារ​អេឡិចត្រូនិច​ ទៅ​លោក​ទឹង សុលីម មន្ត្រី​ទំនាក់ទំនង​សាធារណៈ​ស្ថានទូត​បារាំង​ តែ​លោក​មិន​បាន​ធ្វើ​ការឆ្លើយ​តប។

លោក ប៉ាទ្រិក ដេវីល្ល័រ ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ​ជាមួយ​នឹង​លោក​អ្នកស្រី ហ្គូ កូឡៃ (Gu Koilai) ភរិយា​លោក​ បូ​ ស៊ីឡៃ អតីត​អ្នក​នយោបាយ​ប្រឆាំង​នឹងរដ្ឋាភិបាល​ចិន​មួយ​រូប​ ហើយ​លោក​កំពុង​ជាប់ឃុំឃាំង​ពី​បទ​ធ្វើ​ចារកម្ម​លើ​មន្ត្រី​ចិន​ជាន់ខ្ពស់​ដោយ​ខុស​ច្បាប់។

អ្នកស្រី​ ហ្គូ កូឡៃ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាល​ពី​អំឡុង​ខែ​មេសា ​ ពី​បទ​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​លោកនៃ​ ហេវូដ (Neil Heywood) ពាណិជ្ជករ​ជនជាតិ​អង់គ្លេស​មួយរូប។

កាសែត ញូយ៉កថែមស៍ (​The New York Time) បានចុះ​ផ្សាយ​ថា​លោក Patrik Devillers បាន​បដិសេធ​ថា​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំង​នោះ​ទេ៕